“ ខ្ញុំជាអ្នកណា? ”
មួយសប្តាហ៍មុន
អេវីល ដើរត្រឡប់មកផ្ទះវិញទាំងអស់សង្ឃឹមគ្មានកម្លាំងក្នុងខ្លួន ប្រៀបដូចមនុស្សគ្មានវិញ្ញាណ។
« អេវីល! ពួកគេចាកចេញទៅពិតមែនដែរទេ? » រ៉េណា ដែលបានទទួលដំណឹងតាមរយះទូរស័ព្ទពី អេវីល មុនពេលគេត្រឡប់មកវិញ រត់ចេញពីក្នុងផ្ទះមកសួរគេទាំងទឹកមុខសោកសៅ។ មកដល់ពេលនេះទើបនាងដឹងថាតាមពិត ថេរ៉ុន មករកនាងគឺដើម្បីលានាងជាលើកចុងក្រោយប៉ុណ្ណោះ។
«...» អេវីល មិនមាត់តបតហើយដើរសំដៅទៅបន្ទប់ដែល ដេលលី ធ្លាប់ស្នាក់នៅដូចមនុស្សគ្មានវិញ្ញាណ។
« ហ៊ឹក...ហ៊ឺ! » គេមិនបាច់ឆ្លើយតបក៏នាងអាចទទួលបានចម្លើយច្បាស់នៅក្នុងចិត្តដែរ ទើបនាងយំឡើងយ៉ាងសោកសៅអាឡោះអាល័យដ៏គូស្នេហ៍ដែលចាកចេញទៅឆ្ងាយ គ្មានថ្ងៃអាចត្រឡប់មកថ្នមថែនាងបានម្តងទៀតឡើយ។បន្ទប់របស់ ដេលលី
ក្រាក!
រាងក្រាស់ឈានជើងគ្មានកម្លាំងចូលទៅក្នុងបន្ទប់របស់នាង កែវភ្នែកក្រហមឆ្អៅចោលសម្លឹងមើលបន្ទប់ដែលល្ហល្ហេវគ្មានរបស់ប្រើប្រាស់ទាំងឈឺអួលពេញដើមទ្រូង។ បើពេលនេះនាងនៅទីនេះ គេប្រាកដជាមិនយល់ថាស្ងប់ស្ងាត់និងឯកាបែបនេះទេ។
ប្រូស!
អេវីល ដើរទៅទម្លាក់ខ្លួនគេងលើគ្រែទន់ៗដែលនៅជាប់ក្លិនខ្លួននាងទាំងបេះដូងកំពុងឈឺចាប់ហើយទឹកភ្នែកក៏ស្រក់មកតាមចុងភ្នែកទាំងមិនដឹងខ្លួន។
« លាហើយ ដេលលី » គេសម្លឹងមើលពិដានពណ៌សហើយពោលពាក្យលានាងពីចម្ងាយ មុននឹងបិទភ្នែកសម្ងំមួយសន្ទុះដើម្បីឲ្យអារម្មណ៍ដែលកំពុងឈឺនាពេលនេះបានធូរស្រាលឡើងវិញខ្លះ។ត្របកភ្នែកក្រាស់បើកឡើងសម្លឹងពិដានពណ៌សក្នុងបន្ទប់របស់ ដេលលី ។ មួយសប្តាហ៍ហើយដែលនាងបានចាកចេញទៅ ប៉ុន្តែអារម្មណ៍របស់គេនៅតែឈឺចាប់មិនខុសពីថ្ងៃនោះដដែល គេព្យាយាមបំភ្លេចនាង ព្យាយាមមិនគិតពីនាងរាល់ថ្ងៃ ប៉ុន្តែគេធ្វើមិនបានសោះ ហើយបែរជាយល់ថារឹតតែនឹកដល់នាងលើសដើមទៅវិញ តើគេគួរធ្វើបែបណាទៅទើបអាចបំភ្លេចនាងបាន? ហើយតើគេអាចទ្រាំរស់នៅជាមួយអារម្មណ៍សោកសៅបែបនេះបានយូប៉ុណ្ណាទៀតទៅ? ។
តុកៗ
“ ចៅហ្វាយ អ្នកស្រីឲ្យមកតាមទៅបន្ទប់ទទួលភ្ញៀវ ” អ្នកមីង យូមី គោះទ្វាបន្ទប់ហើយស្រែកប្រាប់អ្នកខាងក្នុងពីខាងក្រៅទៅ។
« ខ្ញុំដឹងហើយ » អេវីល ឆ្លើយតបជាមួយអ្នកមីង យូមី ហើយក៏ក្រោកអង្គុយឡើង។ មុននឹងគេចុះពីលើគ្រែ គេអង្អែលកម្រាលពូកថ្នមៗដោយក្តីនឹករលឹកដល់អ្នកដែលធ្លាប់គេងនៅលើពូកមួយនេះ។
« បងនឹងព្យាយាមធ្វើគ្រប់យ៉ាងឲ្យល្អបំផុត ដេលលី អូនក៏ដូចគ្នាត្រូវតែដឹងខ្លួនមកវិញហើយរស់នៅឲ្យបានល្អ » អេវីល ញញឹមស្រាលៗដាក់កម្រាលពូកហើយទើបព្រមចុះពីលើគ្រែចេញពីបន្ទប់ទៅតាមការហៅរបស់អ្នកមីង រ៉ាវ៉ាន់។
YOU ARE READING
បញ្ឆោតស្នេហ៍សុភាពបុរសក្លែងក្លាយ(សេរីបញ្ឆោតស្នេហ៍វគ្គ២)ចប់
Romanceក្តីស្រលាញ់ដែលនាងមានចំពោះគេមករាប់ឆ្នាំ តែងតែធ្វើឲ្យនាងទទួលបានអារម្មណ៍ខកបំណងនិងឈឺចាប់ឥតស្បើយ ដល់ថ្នាក់នាងចង់បោះបង់ចោលម្តងៗ ប៉ុន្តែដោយសារតែបេះដូងដែលនៅតែស្រលាញ់គេនិងមានអារម្មណ៍ខុសចំពោះគេ ទើបនាងតស៊ូនៅក្បែរគេទោះបីជាគេតែងតែជេរស្តីថានាងជាមេរំខាននៅក្នុងជីវិ...