ភាគ៥០

152 6 0
                                    

“ ការពិតកំពុងត្រូវលាក់បាំង ”

  ងក់!
  ឡានទំនើបឈប់នៅមុខភូមិគ្រឹះធំស្កឹមស្កៃ ស្របពេលដែល ដេលលី ស្លៀកពាក់ស្អាតបាតរត់ចេញពីក្នុងផ្ទះជាមួយស្នាមញញឹមមករកអ្នកដែលចេញពីក្នុងឡានមកឈររងចាំនាងដោយក្នុងដៃមានកាន់បាច់ផ្កាកុលាបពណ៌ក្រហមមួយបាច់។
  « អបអរចំពោះការចូលរៀនវិញណា » ដាយ៉ែល ហុចបាច់ផ្កាឲ្យ ដេលលី ជាមួយស្នាមញញឹមស្រស់។
   ដេលលី ទទួលយកផ្កាកុលាបពណ៌ក្រហមពីក្នុងដៃរបស់គេដោយអារម្មណ៍រំភើបរីករាយយ៉ាងចម្លែក នាងមានអារម្មណ៍ថាដូចជានាងរងចាំទទួលយកបាច់ផ្កាកុលាបពណ៌ក្រហមបែបនេះពីមនុស្សម្នាក់មកយូហើយ ទើបគ្រាន់តែដៃនាងប៉ះដល់បាច់ផ្កាកុលាបដែល ដាយ៉ែល យកមកឲ្យ នាងក៏មានអារម្មណ៍រីករាយខ្លាំងយ៉ាងនេះ។
   « អរគុណសម្រាប់បាច់ផ្កា ហើយក៏អរគុណដែល ដាយ៉ែល មកជូនខ្ញុំទៅសកលវិទ្យាល័យ តាមពិតលោកមិនបាច់ពិបាកបែបនេះក៏បានដែរ ខ្ញុំអាចឲ្យ ថេរ៉ុន បើកឡានជូនទៅបាន »
   « មិនពិបាកអ្វីទេ សម្រាប់ ដេលលី ខ្ញុំស្ម័គ្រចិត្តធ្វើគ្រប់យ៉ាងណា  » ដាយ៉ែល ញញឹមស្រស់ដាក់ ដេលលី ហើយក៏ឈោងដៃបើកទ្វាឡានឲ្យនាងថែមទៀត។
   « អរគុណ » ដេលលី ញញឹមអរគុណគេចេញពីចិត្តម្តងទៀត កាន់តែស្និទ្ធស្នាលជាមួយគេ នាងកាន់តែមានអារម្មណ៍ថាគេជាមនុស្សប្រុសម្នាក់ដែលនៅក្នុងចិត្តរបស់នាងនោះ ព្រោះតាំងពីរឿងរ៉ាវដែលនាងនិងគេស្គាល់គ្នាតាំងពីក្មេងមកនិងសកម្មភាពរបស់គេគឺស្រដៀងនឹងការចងចាំស្រពិចស្រពិលដែលនាងចាំបានខ្លាំងណាស់។

   សកលវិទ្យាល័យសេអ៊ូល

   ដេលលី ដើរជាមួយ ស៊ូជីន ដើម្បីទៅកាន់់បន្ទប់រៀនរបស់នាង ប៉ុន្តែនៅតាមផ្លូវ ដេលលី សង្កេតឃើញពួកនិស្សិតសម្លឹងមើលមកនាងប្លែកៗហើយខ្សឹបខ្សៀវគ្នានិយាយរឿងមិនល្អពីនាងមិនឈប់។
   “ ពិតជាមុខក្រាស់ណាស់ ធ្វើរឿងអាក្រក់ដល់ថ្នាក់នេះហើយហ៊ានត្រឡប់មកទីនេះវិញទៀត ”
   “ ក្រែងនាងត្រូវបណ្ដេញចេញហើយមែនទេ? ”
   “ គ្រួសាររបស់នាងជាសេដ្ឋីពាន់លាន គិតថាសកលវិទ្យាល័យអាចបណ្ដេញនាងចេញបានមែនទេ? ”
   ” ស្រីបិសាច ”
   ដេលលី ឈប់ជើងមួយកន្លែងដោយអារម្មណ៍មិនល្អ ព្រោះនាងមិនយល់ទេថាហេតុអ្វីគ្រប់គ្នាមើលទៅហាក់ដូចជាស្អប់នាងដល់ថ្នាក់នេះ? តើពីមុននាងបានធ្វើអ្វីខ្លះទៅ? ក្រែងលោកប៉ាប្រាប់ថាគ្រាន់តែមានរឿងឈ្លោះប្រកែកជាមួយមិត្តរួមជំនាន់បន្តិចបន្តួចប៉ុណ្ណោះ ប៉ុន្តែបើតាមអ្វីដែលនាងបានលឺនិងឃើញនៅពេលនេះ នាងគិតថាមិនមែនជារឿងតិចតួចទេ។
   « ស៊ូជីន តើពីមុនខ្ញុំបានបង្ករឿងអ្វីខ្លះនៅទីនេះ? » ដេលលី ងាកមកសួរអ្នកដែលដើរជាមួយដោយអារម្មណ៍អន្ទះសារចង់ដឹង។
  « គឺគ្មានរឿងអ្វីធំដុំទេ គ្រាន់តែឈ្លោះគ្នាជាមួយមិត្តរួមជំនាន់បន្តិចប៉ុណ្ណោះ ឯងកុំទៅស្តាប់សម្តីផ្តេសផ្តាសរបស់និស្សិតទាំងអស់នោះអី អូ!មែនហើយ ឯងអាចដើរទៅបន្ទប់រៀននៅខាងនោះខ្លួនឯងបានទេ? ខ្ញុំមានការត្រូវទៅធ្វើបន្តិច » ស៊ូជីន និយាយដោយភាពប្រញាប់ប្រញាល់ហើយក៏រត់ចេញទៅបាត់។
  « ឈប់...» ដេលលី ហៅ ស៊ូជីន មិនទាន់ ទើបបានត្រឹមមកឈរសម្លឹងរកផ្លូវទៅបន្ទប់រៀនខ្លួនឯងវិញ។

បញ្ឆោតស្នេហ៍សុភាពបុរសក្លែងក្លាយ(សេរីបញ្ឆោតស្នេហ៍វគ្គ២)ចប់Where stories live. Discover now