ភាគ៥១

135 6 0
                                    

“ មានតែអ្នកចងចាំប៉ុណ្ណោះដែលឈឺចាប់ ”

  ហាងអាហារមួយកន្លែង

  ដាយ៉ែល ទៅទទួល ដេលលី ពីសកលវិទ្យាល័យមកហើយក៏នាំមកញុំអាហារជាមួយគ្នានៅហាងអាហារមួយ។
  « ខ្ញុំលឺមកថា ដេលលី មានរឿងឈ្លោះគ្នានៅសកលវិទ្យាល័យមែនទេ? »
  « ចាស គឺថានៅសុខៗនាងក៏ចូលមករករឿងខ្ញុំហើយនិយាយស្តីប្លែកៗថែមទៀត ទើបខ្ញុំអង្គុយនឹកគិតពីរឿងដែលស្រីម្នាក់នោះនិយាយមកមួយថ្ងៃហើយ ប៉ុន្តែនឹកមិនឃើញអ្វីសោះ » ដេលលី និយាយប្រាប់ ដាយ៉ែល ទាំងមួរម៉ៅ។
  « បើនឹកមិនឃើញកុំបង្ខំខ្លួនឯងឲ្យគិតច្រើនអី ព្រោះបើអាការៈឈឺក្បាលរើឡើងមកទៀត និងយ៉ាប់មិនខានណា » ដាយ៉ែល និយាយលួងលោមនាងជាមួយស្នាមញញឹម។
  « ពិតមែនហើយ ពេលចេញមកលោកប្រាប់ថាមានរឿងចង់និយាយជាមួយខ្ញុំមែនទេ? តើជារឿងអ្វីទៅ? » ដេលលី ស្តាប់តាមគេឈប់គិតរឿងកាលពីថ្ងៃ ហើយក៏មកសួររឿងដែល ដាយ៉ែល ចង់ប្រាប់ដល់នាងវិញ។
  « ចាំបន្តិចណា » ដាយ៉ែល ក្រោកឈរឡើងដើរចេញទៅអស់ប៉ុន្មាននាទី គេក៏ដើរត្រឡប់មកវិញព្រមជាមួយបាច់ផ្កាកុលាបពណ៌ក្រហមមួយបាច់ធំ។
  ដេលលី ឃើញហើយក៏លើកចិញ្ចើមងឿងឆ្ងល់ ព្រោះព្រឹកមិញគេទើបតែឲ្យផ្កានាងមួយបាច់ហើយទេ។
  « ដេលលី តើពួកយើងអាចធ្វើជាសង្សានឹងគ្នាបានទេ? » ដាយ៉ែល លុតជង្គង់នៅពីមុខនាងហើយហុចបាច់ផ្កាកុលាបពណ៌ក្រហមមួយបាច់ធំឲ្យនាង ដើម្បីសុំនាងទាក់ទងគ្នាជាផ្លូវការ ព្រោះមួយរយៈពេលមកនេះនាងនិងគេជិតស្និទ្ធនឹងគ្នាណាស់ ហើយថែមទាំងមានអារម្មណ៍ល្អៗជាមួយគ្នារាប់មិនអស់ទៀតផង ទើបថ្ងៃនេះគេចង់ប្តូរឈ្មោះពីមិត្តធម្មតាមកជាមិត្តប្រុសរបស់នាងវិញ ។
  ដេលលី ឈរធ្មឹងធ្វើខ្លួនមិនត្រូវ ពេលគេសុំនាងទាក់ទងគ្នាភ្លាមៗបែបនេះ ក្នុងខណៈពេលដែលនាងមិនដឹងថាគួរឆ្លើយតបជាមួយគេបែបណា នាងក៏ចាប់អារម្មណ៍នឹងបាច់ផ្កាកុលាបធំដែលគេហុចមកឲ្យនាងនាពេលនេះ។ នាងមានអារម្មណ៍ថាដូចជាធ្លាប់ឃើញបាច់ផ្កាបែបនេះនៅកន្លែងណាម្តងហើយ ប៉ុន្តែនាងនឹកមិនឃើញអ្វីច្រើនទេក្រៅពីរូបភាពព្រិលៗរបស់បុរសម្នាក់ដែលឈរនៅមាត់ទឹកបែរខ្នងដាក់នាង នៅពេលគេបែរមុខមកក្នុងដៃរបស់គេគឺមានកាន់បាច់ផ្កាកុលាបពណ៌ក្រហមដល់ធំមួយនៅក្នុងដៃដូចជាបាច់ផ្កាដែល ដាយ៉ែល កាន់នៅពេលនេះអញ្ចឹង។
   « លោកធ្លាប់យកបាច់ផ្កាកុលាបធំបែបនេះមកឲ្យខ្ញុំពីមុនដែរទេ? » ដេលលី សួរទៅកាន់ ដាយ៉ែល ទាំងកែវភ្នែករលីងរលោងមិនដឹងខ្លួន នាងមានអារម្មណ៍ថាឈឺចាប់សោកសៅយ៉ាងម៉េចក៏មិនដឹង អារម្មណ៍មួយនេះនាងប្រាប់មិនត្រូវនោះទេ។
    “ ឬក៏ អេវីល ធ្លាប់សុំ ដេលលី ទាក់ទងគ្នាដែរ? ប៉ុន្តែគេបរាជ័យមែនទេ? ទើបគេនិងដេលលី មិនបានទាក់ទងគ្នា ” ដាយ៉ែល គិតក្នុងចិត្តហើយក៏ងាករេបន្តិច មិនដឹងថាគួរឆ្លើយតបជាមួយ ដេលលី បែបណា បើគេប្រាប់នាងតាមត្រង់ នាងអាចនឹងព្យាយាមស្វែងរកការពិតទាក់ទងនឹងការចងចាំបន្តិចបន្តួចរបស់នាងនោះ ដូច្នេះពេលនេះគេមានតែជ្រើសរើសកុហកនាងប៉ុណ្ណោះ។
    « ពិតមែនហើយ បងធ្លាប់សុំអូនទាក់ទងគ្នាម្តងហើយ ប៉ុន្តែអូនបានបដិសេធជាមួយបង »
    «...» ហេតុអ្វីក៏គេនិយាយថានាងបដិសេធជាមួយគេ? ទោះនាងចាំរឿងនៅពេលនោះមិនបាន ប៉ុន្តែនាងអាចដឹងពីអារម្មណ៍របស់ខ្លួនឯងនៅពេលនោះបាន គ្រាន់តែនាងចាំរឿងនោះបានបន្តិចអារម្មណ៍របស់នាងក៏បញ្ជាក់ច្បាស់ថានាងមានអារម្មណ៍រំភើបនិងត្រេកអរខ្លាំងប៉ុណ្ណា ពេលនោះនាងស្រលាញ់គេច្បាស់ណាស់ ហេតុអ្វីនាងបដិសេធជាមួយគេ?។
   « រឿងកន្លងហួសហើយទុកឲ្យវាហួសទៅចុះ ពេលនេះពួកយើងមកសាកល្បងមើលចិត្តគ្នាម្តងទៀតបានទេ? ដេលលី ផ្តល់ឱកាសឲ្យបងម្តងទៀតបានទេ? »
   « យល់ព្រម » ដេលលី ឆ្លើយយល់ព្រមទាំងចិត្តនៅច្របូកច្របល់មិនទាន់បាត់ ប៉ុន្តែបើរឿងដែលគេនិយាយជាការពិតនាងក៏គួរតែទុកឱកាសឲ្យគេ ថាមិនត្រូវការដែលបានទាក់ទងជាមួយគេកាន់តែជិតស្និទ្ធ អាចធ្វើឲ្យនាងចងចាំរឿងដែលភ្លេចទៅម្តងទៀតក៏ថាបាន ហើយគេអាចជាមនុស្សសំខាន់ដែលនាងបានភ្លេចនោះផងក៏មិនដឹង ពេលនេះនាងគ្មានជម្រើសអ្វីក្រៅពីសាកល្បងទាក់ទងជាមួយគេនោះទេ។
   « អរគុណណាស់ ដេលលី » ដាយ៉ែល ក្រោកឈរឡើងស្ទុះមកឱបរាងស្តើងក្នុងដៃដោយភាពត្រេកអរ។
   « ចាស » ដេលលី លើកដៃឱបតបជាមួយគេវិញ ទាំងមានអារម្មណ៍ខុសឆ្គងយ៉ាងម៉េចក៏មិនដឹង មានអារម្មណ៍ដូចជាខ្លួនឯងកំពុងតែសម្រេចចិត្តខុសអញ្ចឹង។

បញ្ឆោតស្នេហ៍សុភាពបុរសក្លែងក្លាយ(សេរីបញ្ឆោតស្នេហ៍វគ្គ២)ចប់Where stories live. Discover now