ភាគ៤៩

96 8 0
                                    

“ ភ័ន្តច្រឡំ ”

  រាងស្តើងគេងនៅលើគ្រែអ្នកជំងឺសម្លឹងខ្សែដៃប្រាក់ដែលមានបណ្ដោងរូបស្លឹកខ្លូវឺរ៍នៅលើកដៃមិនដាក់ភ្នែក តើខ្សែដៃមួយខ្សែនេះមកនៅលើកដៃរបស់នាងតាំងពីពេលណា? អ្នកណាជាអ្នកយកមកពាក់ឲ្យនាង ហើយនាងធ្លាប់ទិញខ្សែដៃមានរូបស្លឹកខ្លូវឺរ៍មកពីមុនដែរឬ? បើនាងមិនដែលជឿទេថាស្លឹកនេះនាំសំណាងមកពិតមែននោះ។
  ក្រាក!
  ទ្វាបន្ទប់បើកឡើង ទើប ដេលលី ដកភ្នែកពីខ្សែដៃទៅញញឹមដាក់អ្នកម៉ាក់ដែលចូលមករកនាងវិញ។
  « ម៉ាក់បានទៅជួបគ្រូពេទ្យរួចហើយ ពេទ្យថាអាការៈរបស់កូនបានល្អច្រើនណាស់ មិនយូទៀតទេកូនបានត្រឡប់ទៅផ្ទះវិញហើយ » ដេរ៍ស៊ី ញញឹមដាក់កូនស្រីយ៉ាងសប្បាយចិត្តនិងលើកដៃអង្អែលក្បាលកូនស្រីថ្នមៗព្រោះទីបំផុតកូនស្រីរបស់នាងក៏បានផុតគ្រោះថ្នាក់ហើយ។
  « អ្នកម៉ាក់ ខ្សែដៃនេះអ្នកម៉ាក់ជាអ្នកពាក់ឲ្យខ្ញុំមែនទេ? » ដេលលី លើកដៃបង្ហាញខ្សែដៃឲ្យអ្នកម៉ាក់មើលហើយសួរដោយទឹកមុខងឿងឆ្ងល់។
  « អត់ទេ ម៉ាក់មិនបានពាក់ខ្សែដៃឲ្យកូនទេ ឬក៏...» ដេរ៍ស៊ី ស្ងាត់មាត់ទឹកមុខក៏ប្រែភ្លាមៗពេលនឹកសង្ស័យថាខ្សែដៃនៅលើដៃរបស់ ដេលលី គឺ អេវីល ជាអ្នកពាក់ឲ្យពេលនៅមន្ទីរពេទ្យក្នុងប្រទេសបារាំង ដោយសារតែរវល់តែបារម្ភពីកូនស្រី ទើបនាងមិនបានពិនិត្យមើលទេថានៅលើកដៃកូនស្រីមានខ្សែដៃ។
  « ឬក៏អ្វីទៅម៉ាក់? »
  « គឺប្រហែលជាលោកប៉ាកូនពាក់ឲ្យទេដឹង »
  « ពិតដែរទេ? » ដេលលី នៅតែសម្លឹងខ្សែដៃដោយមិនអស់ចិត្តដដែល។
  « កូនឃ្លានដែរទេ? ម៉ាក់ចុះទៅទិញអីមកឲ្យណា »
  ក្រាក!
  « អ្នកមីងជម្រាបសួរ » ដាយ៉ែល បើកទ្វាមកបានឃើញ ដេរ៍ស៊ី ត្រៀមចេញទៅខាងក្រៅរល្មម ទើបគេរហ័សគោរពមនុស្សចាស់។
  « ដាយ៉ែលមកល្អណាស់ មីងផ្ញើរ ដេលលី ផងណា » ដេរ៍ស៊ី ផ្ញើរកូនស្រីជាមួយ ដាយ៉ែល ហើយក៏ប្រញាប់ចេញទៅបាត់។

  ដាយ៉ែល ដើរចូលមកអង្គុយកៅអីជិតគ្រែអ្នកជំងឺ។
  « នៅឈឺមុខរបួសទេ? » គេសួរនាងដោយក្តីបារម្ភ។
  « មិនសូវឈឺទេ ប៉ុន្តែពួកយើងស្គាល់គ្នាយូហើយមែនទេ? » ដេលលី សម្លឹងមុខរបស់ ដាយ៉ែល សួរដោយចិត្តសង្ស័យ នៅក្នុងខណៈនាងសង្ស័យគ្រប់រឿងព្រោះនាងចាំអ្វីមិនបាន ទើបចេះតែចង់ដឹងនេះដឹងនោះមិនឈប់។
  « ពួកយើងស្គាល់គ្នាតាំងពីនៅក្មេងមកម្លេះ ដេលលី បែរជាចាំខ្ញុំមិនបានបែបនេះ ខ្ញុំអន់ចិត្តណាស់ដឹងទេ »
  « គឺសុំទោសផង ខ្ញុំចាំគ្រប់យ៉ាងមិនបានពិតមែន » ដេលលី រហ័សសុំទោស ដាយ៉ែល ព្រោះនាងធ្វើឲ្យគេមិនសប្បាយចិត្ត។
  « មិនបាច់សុំទោសទេ ដេលលី មិនបានខុសឡើយ » ដាយ៉ែល ឈោងចាប់ប្រអប់ដៃស្រឡូន ធ្វើឲ្យនាងត្រូវឱនទៅសម្លឹងដៃរបស់គេដែលចាប់ដៃរបស់នាងទាំងមានអារម្មណ៍ប្រហាក់ប្រហែលខ្លាំងណាស់។
  “ ដេលលី...ដេលលី! ”
  ភ្លាមៗសំឡេងគ្រលរដែលហៅឈ្មោះនាងដូចដែល ដាយ៉ែល ហៅនាងនៅពេលនេះក៏បន្លឺឡើងក្នុងត្រចៀករបស់នាង ប៉ុន្តែនាងមិនដឹងថាជាសំឡេងរបស់អ្នកណាទេ។
  « តើកើតអ្វីដែរទេ? » ដាយ៉ែល ឃើញទឹកមុខនាងមិនល្អទើបរហ័សសួរនាំ។
  « ខ្ញុំមិនអីទេ ប៉ុន្តែពួកយើង...»
  ក្រាក!
  « ដេលលី! » ស៊ូជីន ចូលមកកាត់សម្តីរបស់ ដេលលី មួយរំព្រិច។
  « ស៊ូជីន! » ដាយ៉ែល ខិតទៅមួយចំហៀងផ្តល់កន្លែងឲ្យ ស៊ូជីន ចូលមកអង្គុយជិត ដេលលី ដែរ។
  « កំពុងនិយាយគ្នារឿងអ្វីនឹង? ខ្ញុំសូមស្តាប់ដែរ ក្រែងអាចជួយឯងឲ្យមានការចងចាំឡើងវិញបាន » ស៊ូជីន សួរទៅកាន់អ្នកទាំងពីរ។
  « គឺខ្ញុំដូចជាចាំបានថាខ្ញុំបានជួបក្មេងប្រុសម្នាក់កាលពីក្មេង ហើយខ្ញុំដូចជាចូលចិត្តគេណាស់ ខ្ញុំហៅគេថាបង...» ដេលលី ព្យាយាមនឹកពីឈ្មោះក្មេងម្នាក់នោះប៉ុណ្ណោះនាងនឹកមិនឃើញសោះ។
  « គេគឺជា ដាយ៉ែល នេះហើយ ឯងនៅគិតថាអ្នកណាទៀត » ស៊ូជីន ឆ្លើយទទួលស្គាល់ជំនួសម្ចាស់ខ្លួនគេ រហូត ដាយ៉ែល ក៏មិនដឹងប្រកែកយ៉ាងម៉េច។
  « គឺលោកពិតមែនឬ? »
  « គឺ...បាទពិតមែនហើយ » ដាយ៉ែល មិនចង់ធ្វើឲ្យ ដេលលី ពិបាកចិត្តគិតច្រើន ទើបព្រមទទួលស្គាល់ថាជាគេសិន។

បញ្ឆោតស្នេហ៍សុភាពបុរសក្លែងក្លាយ(សេរីបញ្ឆោតស្នេហ៍វគ្គ២)ចប់Where stories live. Discover now