ភាគ៥៣

132 6 0
                                    

“ មនោសញ្ចេតនាក្នុងចិត្តគ្មានថ្ងៃរលុបបាត់ដូចការចងចាំឡើយ”

   មុខសកលវិទ្យាល័យ

   ដាយ៉ែល ឈរនៅក្បែរឡានដែលចតនៅមុខសកលវិទ្យាល័យរងចាំ ដេលលីនិងស៊ូជីន បណ្តើរគ្នាចេញពីសកលវិទ្យាល័យមក។
   « ដាយ៉ែល ហេតុអ្វីក៏មកបាន? » ដេលលី ចេញមកបានឃើញ ដាយ៉ែល ភ្ញាក់ផ្អើលបន្តិច ព្រោះគេមិនបានខលប្រាប់នាងមុនទេថាគេនឹងមកទទួលនាង។
   « គឺបងចប់ការងារក៏មក ទើបមិនបានខលប្រាប់មុន   » ដាយ៉ែល ញញឹមស្រស់ដាក់ ដេលលី។
   « ចឹងឯងទៅជាមួយ ដាយ៉ែល ចុះ ព្រោះខ្ញុំក៏មានណាត់ជាមួយរៀមច្បងដែរ » ស៊ូជីន រហ័សដកខ្លួន ព្រោះតាំងពី ដេលលី រំលឹករឿងខ្សែដៃកាលពីថ្ងៃមិញមកនាងមានអារម្មណ៍មិនល្អសោះ។
   «...» ដេលលី ងក់ក្បាលតបជាមួយ ស៊ូជីន ដោយស្នាមញញឹមមិនសូវស្រស់ខុសពីរាល់ដង ព្រោះនាងនៅគិតសង្ស័យរឿងកាលពីថ្ងៃមិញមិនទាន់បាត់ទេ តើស៊ូជីនកំពុងតែលាក់បាំងនាងពីរឿងអ្វីទៅ? ។
   « ពួកយើងប្រញាប់ទៅៗល្អជាង » ដាយ៉ែល រហ័សហៅ ដេលលី ឡើងឡាន ហើយក៏បើកចេញទៅ។

    តាមផ្លូវ

    « ចង់ញុំអ្វីដែរទេ? » ដាយ៉ែល បើកឡានបណ្តើរឆ្លៀតសួរស្រីក្រមុំដែលអង្គុយមិននិយាយអ្វីជិតខ្លួនបណ្តើរ។
    « អ្វីក៏បានដែរ បងជាអ្នករើសទៅ » ដេលលី តបជាមួយ ដាយ៉ែល ហើយក៏មកអង្គុយគិតរឿងទាក់ទងនឹង ស៊ូជីន បន្ត។
    ទីងៗ
    ភ្លាមៗសំឡេងទូរស័ព្ទនៅក្នុងកាបូបរបស់នាងក៏រោទិ៍ឡើង ទើប ដេលលី រហ័សលើកទូរស័ព្ទមកមើលលេខដែលខលចូលមកទាំងជ្រួញចិញ្ចើមចូលគ្នា ព្រោះលេខចាស់របស់នាងនេះខានមានអ្នកខលមកយូហើយ មនុស្សជុំវិញខ្លួននាងភាគច្រើនខលមកតែលេខថ្មីប៉ុណ្ណោះ ទើបនាងងឿងឆ្ងល់ពេលឃើញលេខប្លែកខលចូលមកទូរស័ព្ទដៃចាស់របស់នាង។
    « អ្នកណានឹង? » ដេលលី រអ៊ូដោយងឿងឆ្ងល់ហើយចុចទទួលមកដាក់ស្តាប់នឹងត្រចៀក។
    « ហាឡូ! នាងខ្ញុំ ដេលលី...»
    “ ដេលលី អូនដឹងខ្លួនហើយមែនទេ? ល្អណាស់ ”
   សំឡេងគ្រលរហាក់ដូចជាធ្លាប់ស្គាល់បន្លឺឡើងដោយភាពរីករាយដូចជាជិតស្និតនឹងនាងខ្លាំងណាស់ ប៉ុន្តែនាងបែរជានឹកមិនឃើញទេថាគេជាអ្នកណា គ្រាន់តែយល់ថាប្រហែលសំឡេងមួយនេះប៉ុណ្ណោះ។
   « លោកស្គាល់ខ្ញុំមែនទេ? » ដេលលី សួរបន្តដោយងឿងឆ្ងល់កាន់តែខ្លាំង ទើបធ្វើឲ្យ ដាយ៉ែល ងាកមកចាប់អារម្មណ៍ជាមួយនាងដែរ។
   « តើមានរឿងអ្វីឲ្យបងជួយដែរទេ? » ដាយ៉ែល សួរដោយក្តីបារម្ភ ព្រោះបើនាងត្រូវការជំនួសគេអាចជួយនិយាយទូរស័ព្ទជំនួសនាងបាន ដើម្បីមិនឲ្យអ្នកដែលខលមករំខានធ្វើឲ្យនាងមានអារម្មណ៍មិនល្អតទៅទៀត។
   « មិនអីទេ អូនអាចចាត់ការបាន បងផ្ដោតតែលើការជ្រើសរើសហាងអាហារទៅបានហើយ » ដេលលី ងាកមកតបជាមួយ ដាយ៉ែល ដោយសំឡេងសប្បាយរីករាយវិញ ធ្វើឲ្យលឺទៅដល់ត្រចៀកអ្នកនៅខ្សែទូរស័ព្ទម្ខាងទៀត ទើបគេចុចបិទទូរស័ព្ទទាំងតក់ស្លុត។
   អេវីល អង្គុយនៅកៅអីរងចាំក្នុនប្រលានយន្តហោះ ព្យាយាមផ្ទៀងផ្ទាត់មើលលេខទូរស័ព្ទរបស់អ្នកដែលគេខលទៅមុននេះម្តងហើយម្តងទៀតទាំងអន្ទះសារតប់ប្រមល់ពិបាកចិត្តខ្លាំង។ គេព្យាយាមពិនិត្យមើលហើយ គេមិនបានខលច្រឡំលេខទេ ហើយសំឡេងមុននេះក៏ជាសំឡេងរបស់នាងដែរ ប៉ុន្តែអ្វីដែលគេយល់ថាប្លែកមិនមែនជានាងនោះ គឺនាងហាក់ដូចជាមិនស្គាល់សំឡេងគេទេ ហើយថែមទាំងនិយាយឆ្លើយឆ្លងជាមួយមនុស្សប្រុសម្នាក់ទៀតដោយសំឡេងផ្អែមល្ហែមដូចជាគូស្នេហ៍ទៀតផង ទើបធ្វើឲ្យគេពិបាកចិត្តខ្លាំងណាស់ គេចង់ទៅឲ្យដល់កូរ៉េឆាប់ៗដើម្បីបានទៅជួបនាងផ្ទាល់ ហើយដឹងថាអ្វីដែលគេស្តាប់លឺតាមទូរស័ព្ទនេះពិតឬអត់?។
   « អេវីល តោះដល់ម៉ោងឡើងយន្តហោះហើយ » រ៉េណា មកពីបន្ទប់ទឹកវិញ រហ័សហៅអ្នកដែលអង្គុយភ្លឹកឲ្យមានស្មារតីមកវិញ។
   « តោះ » អេវីល ប្រឹងញញឹមលាក់បាំងក្តីកង្វល់ក្នុងចិត្តដាក់ រ៉េណា ហើយក៏ដើរចេញទៅ។

បញ្ឆោតស្នេហ៍សុភាពបុរសក្លែងក្លាយ(សេរីបញ្ឆោតស្នេហ៍វគ្គ២)ចប់Where stories live. Discover now