“ វាសនាធ្វើបាបមនុស្ស ”
ផ្ទះចម្ការលីអូណា
អេវីល រៀបចំខ្លួនស្អាតបាតកាន់ផ្កាឡាវេនឌ័រដែលគេក្រោកទៅកាត់តាំងពីព្រឹកប្រលឹមមុនថ្ងៃរះទុកយកទៅឲ្យ ដេលលី នៅឯមន្ទីរពេទ្យ។ ជើងមាំទាំងគូចុះមកដល់កម្រាលឥដ្ឋខាងក្រោមគេក៏ត្រូវឈរធ្មឹងជាមួយទឹកមុខភ្ញាក់ផ្អើល ព្រោះថ្ងៃនេះទាំងអ្នកមីង រ៉ាវ៉ាន់ ទាំងអ្នកម៉ាក់របស់ រ៉េណា និងរ៉េណា មកអង្គុយលើសាឡុនជុំគ្នារងចាំគេជាស្រេច។
« ខ្ញុំមិនព្រមទេណា កូនស្រីរបស់ខ្ញុំត្រូវខូចខាតដល់ថ្នាក់នេះហើយ យ៉ាងណាពិធីរៀបការត្រូវតែកើតមានឡើង ខាងអ្នកស្រីមិនអាចធ្វើជាបំភ្លេចគ្រប់យ៉ាងចោលបែបនេះទេ បើកូនស្រីរបស់ខ្ញុំស្រាប់តែមានផ្ទៃពោះឡើងមកតើធ្វើយ៉ាងម៉េច? » អ្នកម៉ាក់របស់ រ៉េណា និយាយឡើងទាំងលួចចោលភ្នែកទៅសម្លឹងមុខរបស់ អេវីល ដែលគេកំពុងតែគិតចេញទៅរកស្រីផ្សេងទៀត ទាំងដែលខ្លួនជិតរៀបការជាមួយកូនស្រីរបស់នាងហើយនោះ។
« អ្នកស្រី...»
« ខ្ញុំមិនដែលគិតថាបំភ្លេចរឿងគ្រប់យ៉ាងចោលហើយរត់យកខ្លួនអ្វីទេ រឿងដែលកើតឡើងខ្ញុំនឹងទទួលខុសត្រូវ គ្រាន់តែពេលនេះមានរឿងកើតឡើងច្រើនពេក ទើបខ្ញុំចង់ពន្យាពេលបន្តិចប៉ុណ្ណោះ » អេវីល ដើរចូលមកតបជាមួយអ្នកម៉ាក់របស់ រ៉េណា កាត់សម្តីអ្នកស្រី រ៉ាវ៉ាន់។
« បាន ប៉ុន្តែកុំយូពេក ព្រោះខ្ញុំមិនចង់ឲ្យកូនស្រីរបស់ខ្ញុំរងការប្រមាថមើលងាយលើសនេះទៀតទេ » នាងយល់ដល់រឿងគ្រោះថ្នាក់ដែលមិត្តរបស់កូនស្រីនាងបានជួបនាពេលថ្មីៗនេះ ទើបនាងព្រមទុកពេលឲ្យ អេវីល បន្តិចទៀត។អេវីល ដោះស្រាយជាមួយអ្នកម៉ាក់របស់ រ៉េណា រួច ក៏រហ័សចេញមកខាងក្រៅដើម្បីឡើងឡានទៅមើល ដេលលី ។
« អេវីល ឈប់សិន! » រ៉េណា រត់ចេញមកតាម អេវីល ហៅគេឲ្យឈប់ ទើប អេវីល ព្រមឈប់ចាំនាង។
« រ៉េណា » អេវីល ហៅឈ្មោះនាងជាមួយសំឡេងពេញដោយកំហុសដដែល ទោះជារឿងដែលកើតឡើងកន្លងទៅជិតមួយសប្តាហ៍ហើយ ប៉ុន្តែគេនៅតែបន្ទោសខ្លួនឯងចំពោះរឿងនោះដដែល គេជាអ្នកបំផ្លាញ់អនាគតរបស់នាងនិងធ្វើឲ្យនាងរងការប្រមាថខ្លាំងបំផុតនៅក្នុងជីវិត ដូច្នេះគេមិនអាចអភិទោសឲ្យខ្លួនឯងបានឡើយ។
« អេវីល តើពួកយើងមិនរៀបការជាមួយគ្នាបានទេ? » រ៉េណា បង្ខំចិត្តសួរគេបែបនេះ ព្រោះនាងពិតជាមិនអាចទ្រាំមើលមនុស្សជុំវិញខ្លួនឈឺចាប់បានទៀតទេ ទោះជាធ្វើបែបនេះនាងអាចរងការប្រមាថពីមនុស្សជុំវិញខ្លួននៅថ្ងៃក្រោយ ប៉ុន្តែនាងសុខចិត្តទទួលយកការឈឺចាប់ទាំងអស់នេះតែម្នាក់ឯងទៅចុះ។
« អត់ទេ ខ្ញុំជាអ្នកបង្ករឿងមួយនេះឡើង រ៉េណា ជាជនរងគ្រោះមិនសមទទួលយកការឈឺចាប់ទាំងអស់នេះតែម្នាក់ឯងទេ ខ្ញុំនឹងជួយចែករំលែកការឈឺចាប់ទាំងអស់នេះជាមួយនាង »
« អេវីល » រ៉េណា ហៅឈ្មោះគេដោយក្តីរំភើបនឹងទឹកចិត្តរបស់គេបន្តិច ប៉ុន្តែក៏ឈឺចាប់ខ្លាំងព្រោះតែរឿងឆ្កួតៗដែលកំពុងកើតឡើងលើរូបនាងនិងគេនៅពេលនេះដូចគ្នា។
«...» អេវីល ប្រឹងញញឹមបន្លប់ទុក្ខសោកក្នុងចិត្តដាក់នាង គេលើកដៃអង្អែលក្បាលនាងដូចដែលធ្លាប់ធ្វើកន្លងមកហើយទើបលានាងឡើងឡានចេញទៅ។ ទោះជាត្រូវរៀបការជាមួយនាង ជារឿងចៃដន្យ ជាការបង្ខំចិត្ត ប៉ុន្តែគេសន្យាថានឹងមើលថែនាងឲ្យបានល្អបំផុតដូចដែលធ្លាប់ធ្វើកន្លងមក គេមិនអាចឲ្យនាងរងការប្រមាថពីមនុស្សជុំវិញខ្លួនទៀតទេ។
YOU ARE READING
បញ្ឆោតស្នេហ៍សុភាពបុរសក្លែងក្លាយ(សេរីបញ្ឆោតស្នេហ៍វគ្គ២)ចប់
Romanceក្តីស្រលាញ់ដែលនាងមានចំពោះគេមករាប់ឆ្នាំ តែងតែធ្វើឲ្យនាងទទួលបានអារម្មណ៍ខកបំណងនិងឈឺចាប់ឥតស្បើយ ដល់ថ្នាក់នាងចង់បោះបង់ចោលម្តងៗ ប៉ុន្តែដោយសារតែបេះដូងដែលនៅតែស្រលាញ់គេនិងមានអារម្មណ៍ខុសចំពោះគេ ទើបនាងតស៊ូនៅក្បែរគេទោះបីជាគេតែងតែជេរស្តីថានាងជាមេរំខាននៅក្នុងជីវិ...