ភាគ៦០

79 4 0
                                    

“ នុយបញ្ឆោត ”

  កំពង់ផែប្រទេសកូរ៉េ
  រ៉ូណាន់ ព្រមជាមួយប៉ូលីសមួយក្រុមធំកំពុងលាក់ខ្លួននៅកំពង់ផែ ក្រោយទទួលបានដំណឹងពីប៉ូលីសនៅបារាំងមកថាថៅកែម៉ាឡុននិង ស៊ីរ៉ូ លួចឆ្លងដែនដោយខុសច្បាប់តាមកាប៉ាល់ដឹកទំនិញមួយគ្រឿង។
  ង៉ក់!
  កាប៉ាល់ដឹកទំនិញមួយគ្រឿងចូលចតនៅកំពង់ផែហើយកម្មករលើកាប៉ាល់ប្រញាប់ជញ្ចូលអីវ៉ាន់ដែលស្រាលៗចុះពីលើកាប៉ាល់មក។
   « នៅឲ្យស្ងៀម ពួកយើងជាក្រុមប៉ូលីសបង្ក្រាបបទល្មើសអន្តរជាតិ សូមជួយសហការផង ពួកយើងត្រូវការត្រួតពិនិត្យកាប៉ាល់ដឹកទំនិញមួយនេះដើម្បីរកជនរល្មើសដែលរត់គេចខ្លួនមកពីក្រៅប្រទេស » មេក្រុមបង្ក្រាបស្រែកផ្តល់ដំណឹងដល់កម្មករដែលនៅលើកំពង់ផែនិងលើកទូកឲ្យនៅស្ងៀមមួយកន្លែង ហើយក្រុមបង្ក្រាបដប់នាក់ជាងក៏ចាប់ផ្តើមចូលទៅត្រួតពិនិត្យមុខកម្មករគ្រប់គ្នាយ៉ាងយកចិត្តទុកដាក់។
   ថៅកែម៉ាឡុននិងកូនចៅរបស់ ស៊ីរ៉ូ ប៉ុន្មាននាក់នៅឈរលើកាប៉ាល់ ពេលឃើញក្រុមបង្ក្រាបកំពុងដើរសំដៅមករកពួកគេ ពួកគេក៏ដកកាំភ្លើងពីចង្កេះបាញ់ទៅលើក្រុមបង្ក្រាបមុន។
   ផាំងៗ ផាំងៗ
   សំឡេងបាញ់តបតគ្នាលាន់ត្រហឹងពេញកំពង់ផែ កម្មករធម្មតាមិនដឹងរឿងអ្វីរត់គេចគ្រាប់ប្រសាចដោយភាពភិតភ័យ។ រ៉ូណាន់ ជួយការពារសុវត្ថិភាពអ្នកដែលគ្មានកំហុសឲ្យចេញផុតពីកំពង់ផែហើយក៏នាំកងកម្លាំងជំនួយដប់នាក់ជាងទៀតនៅខាងក្រៅចូលទៅឡោមព័ន្ធកាប៉ាល់ដឹកទំនិញនិងជនរល្មើសនៅលើកាប៉ាល់ប្រាំនាក់ជាប់។
  « ដាក់អាវុធចុះហើយប្រគល់ខ្លួនទៅ »
  សំឡេងស្រែកឲ្យចុះចាញ់ពីប៉ូលីស ធ្វើឲ្យថៅកែ ម៉ាឡុន ក្តាប់កាំភ្លើងកាន់តែណែន ជាពិសេសពេលនឹកគិតដល់ពាក្យសម្តីដែលលោកបាននិយាយជាមួយ ស៊ីរ៉ូ នៅពេលចុងក្រោយ។

  បីថ្ងៃមុន
  ពាក់កណ្តាលយប់ងងឹតស្ងាត់សូន្យឈឹង ស៊ីរ៉ូ ស្ពាយកាតាបមួយដើរមករកលោកនៅមាត់ទឹកក្នុងកំពង់ផែមួយកន្លែង។
  « មកដល់ដំណាក់មួយនេះរវាងយើងទាំងពីរនាក់មានតែម្នាក់ប៉ុណ្ណោះដែលអាចនៅរស់រានមានជីវិតបាន »  ស៊ីរ៉ូ និយាយឡើងដោយសំឡេងឃោឃៅបំផុត។
  « លោកមានន័យថាម៉េច? » ថៅកែម៉ាឡុនងាកទៅសួរ ស៊ីរ៉ូ វិញដោយទឹកមុខភ្ញាក់ផ្អើលនិងមិននឹកស្មានដល់ថាលោកអាចលឺប្រយោគនេះចេញពីមាត់របស់ ស៊ីរ៉ូ។
  « ដើម្បីអាចចេញទៅកូរ៉េដោយសុវត្ថិភាពបាន ត្រូវមានមនុស្សម្នាក់ធ្វើជានុយបញ្ឆោតភ្នែកប៉ូលីស ហេតុនេះហើយក្នុងចំណោមពួកយើងទាំងពីរនាក់ មានតែម្នាក់ប៉ុណ្ណោះដែលអាចមានជីវិតរស់នៅបន្តបាន »
   « ដូច្នេះលោកចង់ឲ្យខ្ញុំធ្វើជានុយបញ្ឆោតឲ្យលោកមែនទេ? » គ្រាន់តែសម្លឹងឃើញកែវភ្នែករបស់ ស៊ីរ៉ូ ថៅកែម៉ាឡុនក៏ដឹងបាត់ទៅហើយថាគេគិតយ៉ាងណា។
   « បើខ្ញុំស្លាប់ទោះលោកមានជីវិតទៅដល់កូរ៉េហើយក៏គ្មានន័យអ្វីដែរ លោកបានត្រឹមតែរស់នៅលាក់ខ្លួនអស់មួយជីវិតប៉ុណ្ណោះ ប៉ុន្តែបើខ្ញុំនៅមានជីវិតទៅដល់កូរ៉េ ខ្ញុំអាចប្រមូលកូនចៅរបស់ខ្ញុំដើម្បីសងសឹកជាមួយអ្នកដែលសម្លាប់កូនប្រុសរបស់លោកនិងលោកប៉ារបស់ខ្ញុំបាន នៅមានប្រពន្ធនិងកូនស្រីរបស់លោកដែលបានលែងលះគ្នាហើយនោះទៀត ខ្ញុំដឹងថាលោកនៅគិតពីពួកនាង ខ្ញុំអាចជួយយកចម្ការរបស់លោកប្រគល់ឲ្យពួកនាងវិញបាន »
    « លោកសន្យាហើយណាថានឹងជួយសងសឹកឲ្យកូនប្រុសរបស់ខ្ញុំនិងជួយយកចម្ការរបស់ខ្ញុំប្រគល់ឲ្យទៅប្រពន្ធនិងកូនស្រីរបស់ខ្ញុំវិញ »
    « សម្តីកូនប្រុសម៉ាត់ណាម៉ាត់នឹងមិនក្បត់សម្តីជាដាច់ខាត » ស៊ីរ៉ូ សន្យាច្បាស់ៗដោយទឹកមុខស្មោះត្រង់។ ទើបថៅកែ ម៉ាឡុន ដកដង្ហើមធំហើយងាកទៅសម្លឹងទឹកសមុទ្រធំល្វឹងល្វើយដោយទឹកមុខស្រណោះស្រងោចជាខ្លាំង ព្រោះមិននឹកស្មានថាទីចប់របស់លោកគឺបែបនេះសោះ។
    « ខ្ញុំព្រមធ្វើជានុយបញ្ឆោតឲ្យលោក ស៊ីរ៉ូ » លោកឆ្លើយយល់ព្រមហើយក៏ដើរចេញទៅដោយភាពសោកសៅបំផុត។

បញ្ឆោតស្នេហ៍សុភាពបុរសក្លែងក្លាយ(សេរីបញ្ឆោតស្នេហ៍វគ្គ២)ចប់Where stories live. Discover now