“ កញ្ញាស៊ីអ៊ីអូនិងកំលោះជនបទ ”
អេវីល កាន់បាច់ផ្កាពណ៌សដើរកាត់ទីវាលធំល្វឹងល្វើយដែលមានស្លាកឈ្មោះអ្នកដែលបានចែកឋានទៅរាប់មិនអស់ រហូតទៅដល់ស្លាកឈ្មោះមួយដែលមានស្មៅដុះព័ន្ធស្លាកឈ្មោះជិតស្ទើរមើលមិនឃើញ ទើបគេដាក់ខ្លួនអង្គុយចុះហើយបោចស្មៅនិងបោសដីចេញពីលើស្លាកឈ្មោះលោកប៉ារបស់គេរហូតភ្លឺស្អាតឡើងវិញ ទើបគេយកបាច់ផ្កាដែលកាន់មកដាក់នៅលើស្លាកឈ្មោះលោកប៉ារបស់គេទាំងទឹកមុខក្រៀមក្រំ។
« លោកប៉ាកូនមកសួរសុខទុក្ខលោកប៉ាហើយ សុំទោសដែលកន្លងមកកូនមិនដែលមកមើលលោកប៉ា » អេវីល ឱនមុខចុះដោយអារម្មណ៍សោកស្តាយ ព្រោះកន្លងមកគេតែងតែបន្ទោសខ្លួនឯងដែលមិនអាចជួយលោកប៉ារបស់គេបាន គេគ្មានមុខមកជួបលោកប៉ារបស់គេទេ ព្រោះគេគ្មានបានការមិនអាចមកជួយលោកប៉ាទាន់ពេលបាន ប៉ុន្តែពេលនេះគេដឹងហើយថាអ្នកណាដែលជាអ្នកធ្វើឲ្យលោកប៉ារបស់គេស្លាប់ពិតប្រាកដ អ្នកដែលយកទូរស័ព្ទពីដៃលោកប៉ារបស់គេនិងអង្គុយមើលលោកប៉ារបស់គេឈឺចាប់រហូតដល់ស្លាប់ នាងសម្លាប់លោកប៉ារបស់គេហើយសម្តែងធ្វើល្អដាក់គេមកម្ភៃឆ្នាំជាង ធ្វើឲ្យគេខ្លាចជាមនុស្សល្ងង់មករហូត ប៉ុន្តែពេលនេះនាងក៏បានទទួលកម្មពៀររបស់នាងវិញហើយ។
« មនុស្សដែលបានធ្វើបាបលោកប៉ា ពេលនេះនាងបានស្លាប់ហើយ នាងបានទទួលកម្មពៀររបស់នាងហើយ ថ្ងៃនេះខ្ញុំក៏ចង់មកលាលោកប៉ាត្រឡប់ទៅផ្ទះយើងនៅបារាំងវិញដែរ ចម្ការលីអូណាដែលលោកប៉ាស្រលាញ់កូនមើលថែបានល្អខ្លាំងណាស់ លោកប៉ាកុំបារម្ភអី » អេវីល ញញឹមស្រាលៗដាក់ស្លាកឈ្មោះលោកប៉ារបស់គេហើយលើកដៃអង្អែលថ្នមៗដោយក្តីនឹករលឹក។
« អេវីល! »
សំឡេងស្រួលបន្លឺឡើងនៅក្បែរគេ ទើបគេងើយសម្លឹងមើលមុខនាង ពេលបានឃើញមុខរបស់នាងហើយគេក៏ក្រោកឈរឡើងពេញជំហរ។
ដេលលី យកបាច់ផ្កាដែលកាន់ជាប់ដៃមក ទៅដាក់នៅក្បែរបាច់ផ្ការបស់ អេវីល នៅលើស្លាកឈ្មោះលោកប៉ារបស់គេដែរ រួចទើបងើបមកសម្លឹងមុខរបស់ អេវីល វិញ។
« ថ្ងៃស្អែកបងត្រូវត្រឡប់ទៅចម្ការលីអូណាវិញហើយ ដេលលី អូនព្រមត្រឡប់ទៅវិញជាមួយបងទេ » អេវីល លូកដៃទៅចាប់ប្រអប់ដៃស្រឡូនទាំងសងខាងជាមួយស្នាមញញឹមលើផ្ទៃមុខ។
« អេវីល សុំទោសផង ពេលនេះអូនមិនទាន់អាចត្រឡប់ទៅចម្ការលីអូណាជាមួយបងវិញបានទេ » ដេលលី ឱនមុខបដិសេធជាមួយគេទាំងសោកសៅបន្តិច នាងសុំទោសដែលមិនអាចត្រឡប់ទៅវិញជាមួយគេនៅក្នុងពេលនេះបាន។
«...» អេវីល ញញឹមលែងសូវស្រស់ហើយក៏ដកដៃចេញពីនាងទាំងអស់សង្ឃឹមបន្តិច ព្រោះគេគិតថានាងប្រហែលជាលែងស្រលាញ់គេហើយ។
ឃើញគេប្រែជាអស់សង្ឃឹមញញឹមលែងសមបែបនេះ ទើប ដេលលី ឈោងដៃមកចាប់ដៃរបស់គេវិញដើម្បីបកស្រាយឲ្យគេយល់ពីពាក្យសម្តីរបស់នាងមុននេះឲ្យកាន់តែច្បាស់ហើយឲ្យគេឈប់យល់ច្រឡំតទៅទៀត។
« អូនមិនមែនមិនស្រលាញ់បងទើបមិនត្រឡប់ទៅវិញជាមួយបងទេ ប៉ុន្តែអូនចង់នៅរៀនឲ្យចប់ហើយធ្វើការងារដែលខ្លួនឯងស្រលាញ់សិន » ដេលលី ឱនមុខចុះបន្តិច ព្រោះខ្លាចគេមិនយល់ពីអ្វីដែលនាងកំពុងតែចង់ប្រាប់ដល់គេ។
« បងយល់ហើយ » អេវីល លូកដៃមកអង្អែលក្បាលនាងហើយញញឹមឡើងស្រស់ដាក់នាង ទើបនាងព្រមងើបមុខញញឹមតបមកគេវិញ។
« មិនថាអូនសម្រេចចិត្តបែបណាទេ បងនឹងគោរពតាមការសម្រេចចិត្តរបស់អូនទាំងអស់ ដេលលី »
« អរគុណណាស់ដែលបងយល់ អេវីល »
« អូនក៏ធ្វើមកដើម្បីបងច្រើនណាស់ទៅហើយដល់ពេលដែលអូនគួរតែធ្វើអ្វីដើម្បីខ្លួនឯងម្តងហើយ បងនឹងត្រឡប់ទៅចម្ការលីអូណាចាំអូននៅទីនោះមុន » អេវីល និយាយហើយក៏ទាញនាងមកឱបជាប់ដើមទ្រូងដោយក្តីស្រលាញ់។
« អេវីល » ដេលលី លើកដៃឱបតបគេវិញយ៉ាងមានក្តីសុខបំផុត ព្រោះនាងមិនដែលគិតទេថារវាងនាងនិងគេអាចមានថ្ងៃដើរមកដល់ចំណុចមួយនេះ។
YOU ARE READING
បញ្ឆោតស្នេហ៍សុភាពបុរសក្លែងក្លាយ(សេរីបញ្ឆោតស្នេហ៍វគ្គ២)ចប់
Romanceក្តីស្រលាញ់ដែលនាងមានចំពោះគេមករាប់ឆ្នាំ តែងតែធ្វើឲ្យនាងទទួលបានអារម្មណ៍ខកបំណងនិងឈឺចាប់ឥតស្បើយ ដល់ថ្នាក់នាងចង់បោះបង់ចោលម្តងៗ ប៉ុន្តែដោយសារតែបេះដូងដែលនៅតែស្រលាញ់គេនិងមានអារម្មណ៍ខុសចំពោះគេ ទើបនាងតស៊ូនៅក្បែរគេទោះបីជាគេតែងតែជេរស្តីថានាងជាមេរំខាននៅក្នុងជីវិ...