“ កម្មពៀរមានពិត ”
ពន្លឺព្រះអាទិត្យពេលព្រឹកប្រលឹមចាំងចូលមកតាមបង្អួចមន្ទីរពេទ្យប៉ះត្រូវវង្វង់មុខស្រស់ស្អាតដែលគេងសន្លប់អស់ជាច្រើនម៉ោងនៅលើគ្រែ ហើយនៅសុខៗនាងក៏ចាប់ផ្តើមកម្រើកត្របកភ្នែករួចបើកភ្នែកឡើងមកវិញក្រោយមានការរំខានពីពន្លឺព្រះអាទិត្យហើយ។
« ខ្ញុំនៅមន្ទីរពេទ្យមែនទេ? » ដេលលី ប្រឹងក្រោកអង្គុយហើយលើកដៃជ្រោងសក់ក្បាលដែលរញេរញៃស្រាប់ឲ្យរញេរញៃលើសដើម។ កែវភ្នែកខ្សោយនៅមិនទាន់មានកម្លាំងចោលរកមើលទូដាក់សម្លៀកបំពាក់អ្នកជំងឺហើយក៏ប្រញាប់ដាក់ជើងចុះពីលើគ្រែ ទាញខ្សែសារ៉ូមជាប់នឹងដៃចេញ ព្រោះនាងដឹងថាខ្លួនឯងមិនបានកើតអ្វីទេ គ្រាន់តែអស់កម្លាំងបន្តិចប៉ុណ្ណោះ ហើយពេលនេះនាងមានរឿងសំខាន់ចង់ទៅធ្វើ នាងចង់ទៅជួប ស៊ូជីន សួរឲ្យដឹងរឿងច្បាស់ ទើបនាងប្រញាប់ដើរទៅយកសម្លៀកបំពាក់មកផ្លាស់ហើយចេញទៅខាងក្រៅយ៉ាងលឿន។ខាងមុខមន្ទីរពេទ្យ
ដេរ៍ស៊ី ចេញមកមុខមន្ទីរពេទ្យដើម្បីទទួលស្វាមីដែលត្រឡប់ទៅផ្ទះផ្លាស់សម្លៀកបំពាក់ហើយទើបមកវិញ។
« ឡូវែល » ដេរ៍ស៊ី ប្រញាប់ដើរទៅរកស្វាមីដែលមានទឹកមុខតានតឹងខ្លាំងទាំងព្រឹកប្រលឹម។
« បងបានរកឃើញទូរស័ព្ទដេលលីនៅលើតុទើបយកមកមើលហើយក៏បានឃើញវីដេអូនិងភស្តុតាងមួយចំនួនដែលបង្ហាញថា ស៊ូជីន ជាអ្នកបង្កើតរឿងលួចពិន្ទុនៅសាលាចោទប្រកាន់កូនរបស់យើង ហើយនាងថែមទាំងជាអ្នកចាក់សាប៊ូនៅកាំជណ្តើរធ្វើឲ្យ យូនអា ធ្លាក់ជណ្តើរទៀតផង » ឡូវែល និយាយរៀបរាប់អ្វីដែលខ្លួនបានរកឃើញនៅក្នុងទូរស័ព្ទដៃរបស់ ដេលលី ប្រាប់ ដេរ៍ស៊ី។
« ខ្ញុំមិននឹកស្មានទេថា ស៊ូជីន ជាមនុស្សអាក្រក់បែបនេះ បើអញ្ចឹងតើរឿងដែលកើតឡើងចំពោះកូនស្រីរបស់យើងនៅបារាំងនោះមានពាក់ព័ន្ធនឹង ស៊ូជីន ដែរទេ? » ដេរ៍ស៊ី រន្ធត់ចិត្តជាខ្លាំងក្រោយលឺរឿងមួយនេះហើយ ព្រោះកន្លងមកនាងទុកចិត្ត ស៊ូជីន ឲ្យនៅក្បែរកូនស្រីរបស់នាងរហូត តែពេលនេះបែរជាមកដឹងថា ស៊ូជីន ជាមនុស្សអាក្រក់ធ្វើបាបកូនស្រីរបស់នាង ធ្វើឲ្យនាងសោកស្តាយខ្លាំងណាស់ដែលទុកចិត្ត ស៊ូជីន។
« រឿងនោះបងក៏មិនប្រាកដចិត្តដែរ ព្រោះមានតែ ដេលលី ប៉ុណ្ណោះដែលដឹង ប៉ុន្តែពេលនេះ ដេលលី បាត់បង់ការចងចាំហើយយើងក៏មិនអាចដឹងការពិតដែរ »
« ទោះជារឿងនៅបារាំងយើងមិនទាន់ដឹងការពិត ប៉ុន្តែរឿងដែលនាងបង្កាច់បង្ខូចកូនស្រីយើងនៅសកលវិទ្យាល័យ អូនមិនបណ្ដោយឲ្យនាងរួចខ្លួនទេ »
« បងនឹងចាត់ការគ្រប់យ៉ាងដោយខ្លួនឯង ប៉ុន្តែពេលនេះយើងទៅមើលកូនសិនទៅ » ឡូវែល និយាយឡើងយ៉ាងមុឺងម៉ាត់ហើយក៏ឈោងដៃឱបភរិយាបណ្តើរនាងទៅមើលកូនស្រីដែលគេងនៅបន្ទប់អ្នកជំងឺតែម្នាក់ឯងវិញ។
YOU ARE READING
បញ្ឆោតស្នេហ៍សុភាពបុរសក្លែងក្លាយ(សេរីបញ្ឆោតស្នេហ៍វគ្គ២)ចប់
Romanceក្តីស្រលាញ់ដែលនាងមានចំពោះគេមករាប់ឆ្នាំ តែងតែធ្វើឲ្យនាងទទួលបានអារម្មណ៍ខកបំណងនិងឈឺចាប់ឥតស្បើយ ដល់ថ្នាក់នាងចង់បោះបង់ចោលម្តងៗ ប៉ុន្តែដោយសារតែបេះដូងដែលនៅតែស្រលាញ់គេនិងមានអារម្មណ៍ខុសចំពោះគេ ទើបនាងតស៊ូនៅក្បែរគេទោះបីជាគេតែងតែជេរស្តីថានាងជាមេរំខាននៅក្នុងជីវិ...