ភាគ៥៧

137 4 0
                                    

“ ភស្តុតាងដែលបញ្ជាក់ពីអំពើអាក្រក់របស់ ស៊ូជីន ”

  ផ្ទះរបស់ អេវីល

  អេវីល ត្រឡប់មកពីហាងអាហារវិញ ព្រមជាមួយ រ៉េណានិងថេរ៉ុន។ រាងក្រាស់ទម្លាក់ខ្លួនអង្គុយលើសាឡុនដោយអារម្មណ៍តានតឹងជាទីបំផុត។
  « តើពួកយើងគួរតែធ្វើយ៉ាងណាទៀតទៅ? ព្រោះរឿងនៅថ្ងៃនេះចាប់ផ្តើមធ្វើឲ្យអ្នកនាង ដេលលី កាន់តែប្រុងប្រយ័ត្នជាមួយពួកយើងហើយណា » រ៉េណា និយាយឡើងទាំងតឹងទ្រូងជំនួស អេវីល។
  « ចាប់ពីថ្ងៃនេះទៅ ដេលលី ប្រហែលជាលែងស្តាប់លែងជឿសម្តីអ្នកណាទៀតហើយ ខ្ញុំក៏នឹងពិបាកចូលទៅជិតនាងទៀតដែរ » អេវីល ដកដង្ហើមធំតឹងទ្រូងជាពន់ពេក ពេលនឹកឃើញដល់រឿងនេះ។ គេជាអ្នកធ្វើឲ្យរឿងរ៉ាវប្រែជាពិបាកបែបនេះ បើគេព្រមស្រលាញ់នាងតាំងពីដំបូងប្រហែលពេលនេះមិនពិបាកបែបនេះទេ។
   « ខ្ញុំថាយើងគួរតែទុកពេលឲ្យអ្នកនាងសិនទៅ អ្នកនាងជាមនុស្សឆ្លាតនាងច្បាស់ជាស្វែងរកការពិតដោយខ្លួនឯងបាន ហើយដល់ពេលនោះអ្នកនាងនឹងបានដឹងថាអ្នកណាជាអ្នកនិយាយកុហក » ថេរ៉ុន និយាយឡើងយ៉ាងជឿជាក់ ព្រោះគេជឿលើអ្នកនាងរបស់គេ។

  ភូមិគ្រឹះរ៉ូប៊ីនសុន

  ដេលលី មកដល់បន្ទប់គេងក៏ទម្លាប់ខ្លួនលើគ្រែទាំងមានអារម្មណ៍នឿយហត់ជាខ្លាំង នាងព្យាយាមគិតពីសម្តីរបស់ ដាយ៉ែលនិងអេវីល ដែលនិយាយនៅហាងនោះច្រើនដងហើយ ប៉ុន្តែនាងនៅតែបែងចែកមិនដាច់ថាអ្នកណានិយាយកុហកហើយអ្នកនិយាយការពិត ទើបពេលនេះនាងវិលវល់គិតអ្វីមិនចេញទេ មួយរយៈនេះនាងមានអារម្មណ៍ប្លែកៗចំពោះមនុស្សជុំវិញខ្លួនជាញឹកញាប់ តើការពិតមានរឿងអ្វីទៅ? នាងចង់ដឹងណាស់ បើនាងអាចចូលលេងគណនីអាយជីចាស់បានប្រហែលអាចមានតម្រុយទាក់ទងនឹងពួកគេទាំងពីរនាក់នោះខ្លះក៏ថាបាន ប៉ុន្តែធ្វើម្តេចទៅនាងចាំ password មិនបានទេ។
   « អើយ...» ដេលលី ដកដង្ហើមធំទាំងតឹងទ្រូង ហើយទើបងើបចុះពីលើគ្រែចូលទៅបន្ទប់ទឹកដើម្បីងូតទឹកសម្អាតកាយនឹងបានចូលគេង។

   បន្ទប់ធ្វើការរបស់ ឡូវែល

   « អើយ...» ដេរ៍ស៊ី ទម្លាក់ខ្លួនអង្គុយលើសាឡុនក្នុងបន្ទប់ធ្វើការរបស់ស្វាមីទាំងទឹកមុខតប់ប្រមល់ ទើប ឡូវែល ប្រញាប់ក្រោកចេញពីកៅអីធ្វើការមកអង្គុយជិតភរិយាវិញ។
   « តើមានរឿងអ្វី? ហេតុអ្វីអូនមើលទៅតប់ប្រមល់យ៉ាងនេះ? » ឡូវែល ឈោងដៃឱបស្មាតូចទាញភរិយាឲ្យមកជិតខ្លួន ដើម្បីងាយនិយាយគ្នា។
   « គឺថ្ងៃនេះអូនលឺកូនប្រាប់ថាទៅញុំអាហារពេលល្ងាចនៅខាងក្រៅជាមួយ ថេរ៉ុន ប៉ុន្តែពេលល្ងាននេះស្រាប់តែជិះតាក់ស៊ីត្រឡប់មកវិញតែម្នាក់ឯង ហើយទឹកមុខមើលទៅមិនល្អសោះ ទើបអូនព្រួយបារម្ភ »
   « អាចនឹងគ្មានរឿងអ្វីក៏ថាបាន កូនប្រហែលគ្រាន់តែតានតឹងនឹងការសិក្សាប៉ុណ្ណោះ » ឡូវែល និយាយលួងលោមភរិយា។
   « ប៉ុន្តែអូនសង្កេតឃើញ កូនស្រីរបស់យើងមួយរយះមកនេះដូចជាពិបាកចិត្តខ្លាំងណាស់ ហើយថែមទាំងចូលចិត្តរើអីវ៉ាន់ក្នុងវ៉ាលីកាលនៅបារាំងនោះមើលមិនឈប់ មិនមែនកូនកំពុងតែសង្ស័យអ្វីទេដឹង? »
   « អូនកុំគិតច្រើនអី ប្រហែលកូនគ្រាន់តែរើអីវ៉ាន់មើលធម្មតាប៉ុណ្ណោះ »
   ក្រាក!
   សំឡេងបើកទ្វាដោយមិនឲ្យសញ្ញាជាមុន ធ្វើឲ្យប្តីប្រពន្ធងាកទៅសម្លឹងមាត់ទ្វារងចាំអ្នកដែលដើរចូលមកដោយមិនមានភាពភ្ញាក់ផ្អើល ព្រោះ ឡូវែលនិងដេរ៍ស៊ី ដឹងក្នុងចិត្តហើយថាអ្នកដែលចូលមកជាអ្នកណា ដោយសារតែនៅទីនេះមានតែគេម្នាក់ប៉ុណ្ណោះដែលចេញចូលបន្ទប់ធ្វើការរបស់ ឡូវែល មិនចេះគោះទ្វា។
   « អ្នកទាំងពីរនៅទីនេះល្អណាស់ ខ្ញុំបានដំណឹងពីប៉ូលីសបារាំងទៀតហើយ » រ៉ូណាន់ កាន់អាយផេតចូលមកអង្គុយទល់មុខបងប្រុសនិងបងស្រីថ្លៃ។
   « ឆាប់និយាយមក » ឡូវែល ប្រាប់ឲ្យប្អូនប្រុសរាយការណ៍ដោយទឹកមុខនឹងធឹង។
   « កាលពីប៉ុន្មានម៉ោងមុននេះប៉ូលីសនៅបារាំងបានទៅដល់កន្លែងលាក់ខ្លួនរបស់ ស៊ីរ៉ូនិងថៅកែម៉ាឡុនហើយ »
   « តើប៉ូលីសចាប់ខ្លួនពួកគេបានទេ? » ដេរ៍ស៊ី សួរឡើងយ៉ាងអន្ទះសារ។
   « គឺប៉ូលីសទៅដល់ទីនោះយឺតពេលមួយជំហាន ព្រោះ ស៊ីរ៉ូនិងថៅកែ ម៉ាឡុន បាននាំបក្សពួកគេចខ្លួនអស់ទៅហើយ ពេលនេះប៉ូលីសនៅបារាំងគិតថាពួកគេប្រហែលជារត់គេចខ្លួនចេញទៅក្រៅប្រទេស ប៉ុន្តែមិនទាន់រកតម្រុយបាននៅឡើយថាពួកគេនឹងទៅប្រទេសណា »
   « ឲ្យប៉ូលីសបារាំងស្វែងរកពួកគេតាមមធ្យោបាយធ្វើដំណើរគ្រប់ប្រភេទដែលមកប្រទេសកូរ៉េ ខ្ញុំជឿជាក់ថាពួកគេច្បាស់ជាមកកូរ៉េ » ឡូវែល អាចទាយដឹងចិត្តគំនិតរបស់សត្រូវបានយ៉ាងងាយ ទើបគេផ្តល់យោបល់ឲ្យ រ៉ូណាន់ ផ្តល់ដំណឹងមួយនេះឲ្យប៉ូលីសនៅបារាំងវិញ។
   « ល្អណាស់ខ្ញុំនឹងទៅធ្វើភ្លាម មែនហើយគួរតែមានការសហការណ៍ពីប៉ូលីសកូរ៉េផង ម្តងនេះប្រាកដជាអាចចាប់ពួកគេបានទាំងអស់មិនខាន » រ៉ូណាន់ នឹកឃើញគំនិតល្អហើយក៏រហ័សចេញទៅធ្វើការយ៉ាងសប្បាយចិត្ត។
   « សង្ឃឹមថាអាចចាប់មនុស្សអាក្រក់ទាំងអស់នោះបានឆាប់ទៅចុះ » ដេរ៍ស៊ី ពោលឡើងដោយក្តីបារម្ភខ្លាំង ទើប ឡូវែល លើកដៃអង្អែលខ្នងនាងធ្វើការលួងលោមនាងបន្តិច។

បញ្ឆោតស្នេហ៍សុភាពបុរសក្លែងក្លាយ(សេរីបញ្ឆោតស្នេហ៍វគ្គ២)ចប់Where stories live. Discover now