“ មានការចងចាំឡើងវិញ ”
អេវីល ចេញពីនិយាយការងារជាមួយអតិថិជនរបស់ចម្ការ លីអូណា រួចក៏ប្រញាប់ឡើងឡានដើម្បីទៅកន្លែងមួយទៀត ហើយកន្លែងដែលគេចង់ទៅបន្ទាប់នោះគឺគេចង់ទៅរក ដេលលី ទើបគេលើកទូរស័ព្ទដែលបិទទុកក្នុងឡានមកបើកដំណើរការឡើងវិញ ដើម្បីខលទៅ ដេលលី ណាត់ជួបជាមួយនាង ប៉ុន្តែគ្រាន់តែបើកទូរស័ព្ទមកភ្លាម គេក៏បានឃើញសារដែលនាងផ្ញើរមកកាលពីកន្លះម៉ោងមុនលោតមកលើអេក្រង់ខាងមុខ។
« ហេតុអ្វីអ្នកមីងណាត់ជួប ដេលលី ? » អេវីល បានឃើញសារនិងទីតាំងដែល ដេលលី ផ្ញើរមកហើយក៏រហ័សបើកឡានចេញទៅដោយព្យាយាមខលទូរស័ព្ទទៅនាងវិញមិនឈប់។
“ លេខទូរស័ព្ទដែលលោកអ្នកកំពុងហៅមិនអាចទាក់ទងបានទេនៅពេលនេះ ”
« ហេតុអ្វីបានជាមិនលើកទូរស័ព្ទ? ឬកំពុងនិយាយជាមួយអ្នកមីងហើយ » អេវីល រអ៊ូរទាំទាំងព្រួយបារម្ភហើយក៏ប្រញាប់បន្ថែមល្បឿនឡានកាន់តែលឿន ព្រោះគេបារម្ភខ្លាចអ្នកមីងរបស់គេនិយាយអ្វីធ្វើឲ្យប៉ះអារម្មណ៍របស់នាង ទោះបីជាអ្នកមីងរបស់គេធ្លាប់សន្យាថានឹងមិនធ្វើឲ្យទំនាក់ទនងរបស់គេនិងនាងល្អក់កករទៀតក៏ដោយ ប៉ុន្តែគេនៅតែមិនបារម្ភមិនបាន។ក្រឡេកមកមើលអ្នកដែលកាន់ទូរស័ព្ទ ដេលលី នៅក្នុងដៃវិញ។ យូមី អង្គុយនៅកៅអីអ្នកបើកឡានកាន់ទូរស័ព្ទរបស់ ដេលលី ហើយកំពុងចុចផ្ញើរវីដេអូដែលនាងយកទូរស័ព្ទ ដេលលី ថតមុននេះទៅឲ្យ អេវីលនិងឡូវែល ។
“ អ្នកម៉ាក់ត្រូវចាប់ខ្លួនហើយ ទៅជួយអ្នកម៉ាក់ផង ” យូមី សរសេរសារហើយក៏ផ្ញើរចេញទៅ ហើយក៏ងាកទៅខាងក្រោយដើម្បីយកទូរស័ព្ទទុកឲ្យ ដេលលី វិញ។
ផឹប!
ភ្លាមៗដៃរបស់នាងក៏ត្រូវដៃស្រឡូនរបស់អ្នកដែលសន្លប់ជាយូចាប់ជាប់។
« នាងដឹងខ្លួនហើយមែនទេ? » អ្នកមីង យូមី សួរទៅកាន់ ដេលលី ដែលបើកភ្នែកឡើងមកដោយកែវភ្នែកខុសប្លែកស្រឡះពីពេលមុន។
« ខ្ញុំចាំរឿងកាលពីមុនបានហើយ » ដេលលី សម្លឹងមុខរាងចំណាស់ហើយនិយាយឡើងដោយកែវភ្នែកពេញដោយក្តីកង្វល់រាប់មិនអស់។ តាមពិតពេលចងចាំរឿងទាំងអស់ឡើងវិញធ្វើឲ្យនាងមានអារម្មណ៍រន្ធត់ចិត្តនិងពិបាកទទួលយកយ៉ាងនេះសោះ ហេតុនេះហើយទើបកន្លងមកគ្រប់គ្នាតែងនិយាយថាមិនចាំរឿងអ្វីសោះគឺជារឿងល្អបំផុតសម្រាប់នាង។
« នាងចាំគ្រប់យ៉ាងបានហើយ អញ្ចឹងខ្ញុំមិនចាំបាច់បកស្រាយការពិតប្រាប់នាងទៀតទេ »
« តាមពិតអ្នកមីងដឹងយូហើយថាអ្នកស្រី រ៉ាវ៉ាន់ គឺជា យូរ៉ាន់ ហើយអ្នកមីងក៏ដឹងដែលមែនទេថាអ្នកស្រី រ៉ាវ៉ាន់ បានធ្វើរឿងអាក្រក់ជាច្រើនកន្លងមក ហេតុអ្វីអ្នកមីងនៅតែព្យាយាមលាក់បាំងរឿងពីគ្រប់គ្នាទៀត? ឬអ្នកមីងក៏ជាគ្នារបស់អ្នកស្រី រ៉ាវ៉ាន់ ដែរ? » ដេលលី ចាប់ដៃជ្រួញណែនអង្រួនសួររាងចំណាស់ដោយការសង្ស័យ។
« បើខ្ញុំធ្វើដូចពាក្យសម្តីរបស់នាងពេលនេះ ប្រហែលខ្ញុំត្រូវសម្លាប់បំបិទមាត់យូហើយ មានតែធ្វើជាមិនដឹងមិនលឺប៉ុណ្ណោះទើបអាចមានជីវិតនៅក្បែរស្រីបិសាចដូចជា យូរ៉ាន់ បាន »
« ដោយសារតែអ្នកមីងភ័យខ្លាច ទើបលាក់រឿងទាំងអស់មករហូត ប៉ុន្តែអ្នកមីងក៏គិតចង់បកអាក្រាតធាតុពិតរបស់អ្នកស្រី រ៉ាវ៉ាន់ ដែរមែនទេ? ទើបអ្នកមីងលាក់ភស្តុតាងជាងច្រើននៅក្នុងបន្ទប់ដាក់អីវ៉ាន់ក្រោយចម្ការ ម្យ៉ាងទៀតកន្លងមកពាក្យសម្តីរបស់អ្នកមីងមកកាន់ខ្ញុំ មិនមែនជាការគំរាម ប៉ុន្តែជាការជួយទៅវិញទេ » ដេលលី គិតយល់គ្រប់យ៉ាងហើយទើបព្រមប្រលែងដៃរបស់អ្នកមីង យូមី។
« ខ្ញុំនៅមានអ្វីមួយទៀតចង់ឲ្យនាងមើល » អ្នកមីង យូមី និយាយហើយក៏លើកទូរស័ព្ទដៃមកបើកវីដេអូមួយឲ្យ ដេលលី មើល។
« នេះគឺជាវីដេអូកាំមេរ៉ាសុវត្ថិភាពក្នុងផ្ទះរបស់ អេវីល មែនទេ? តាំងពី៥ឆ្នាំមុនម្លេះ » ដេលលី ភ្ញាក់ផ្អើលពេលបានឃើញវីដេអូកាំមេរ៉ាក្នុងផ្ទះរបស់ អេវីល កាលពីប្រាំឆ្នាំមុនហើយ។
« នៅថ្ងៃនោះលោកម្ចាស់បានស៊ើបដឹងពីប្រវត្តិរបស់អ្នកស្រី រ៉ាវ៉ាន់ ថានាងគឺជាជនរល្មើសរត់គេចខ្លួន គីម យូរ៉ាន់ ទើបមានការឈ្លោះប្រកែកគ្នាជាខ្លាំង រហូតធ្វើឲ្យជំងឺបេះដូងរបស់លោកម្ចាស់រើឡើង ប៉ុន្តែពេលនោះអ្នកស្រី រ៉ាវ៉ាន់ មិនបានជួយសង្គ្រោះលោកម្ចាស់ទេ បែរជានៅឈរមើលរហូតលោកម្ចាស់ដាច់ខ្យល់ស្លាប់ »
សកម្មភាពក្នុងវីដេអូកាំមេរ៉ាសុវត្ថិភាព
“ ចង់ខលទៅកូនប្រុសឲ្យជួយមែនទេ? កុំសង្ឃឹមឲ្យសោះ ” អ្នកស្រី រ៉ាវ៉ាន់ ទាញយកទូរស័ព្ទពីក្នុងដៃរាងចំណាស់មកចុចបិទហើយក៏ក្រោកឈរឡើងដើរទៅអង្គុយលើសាឡុនមើលអ្នកដែលគេងត្រដរខ្យល់ដោយឈាមត្រជាក់បំផុត។
នៅពេលដែលឃើញលោកប៉ារបស់ អេវីល ស្លាប់ហើយទើបនាងយកទូរស័ព្ទទៅទុកនៅក្នុងដៃរបស់រាងចំណាស់វិញហើយក៏ងាកមកសម្លឹងមើលកាំមេរ៉ាសុវត្ថិភាព ហើយវីដេអូក៏ចប់ត្រឹមនេះ។
« ស្រីម្នាក់នេះពិតជាសាហាវពេកហើយ » ដេលលី ពោលឡើងទាំងព្រឺឆ្អឹងខ្នង ពេលនេះនាងដឹងហើយថាហេតុអ្វីអ្នកមីង យូមី សុខចិត្តលាក់ភស្តុតាងទាំងអស់យូយ៉ាងនេះ? ប្រហែលអ្នកមីង យូមី ខ្លាចត្រូវសម្លាប់យ៉ាងព្រៃផ្សៃបែបនេះដែរហើយ។
« ថ្ងៃនោះខ្ញុំសុំច្បាប់ទៅលេងបងប្អូន ប៉ុន្តែដោយសារតែភ្លេចរបស់ទើបខ្ញុំមកយកវិញ អ្នកស្រីនិងលោកម្ចាស់មិនដឹងទេថាពេលនោះខ្ញុំនៅក្នុងផ្ទះដែរ ខ្ញុំបានយកវីដេអូពីកាំមេរ៉ាសុវត្ថិភាពហើយធ្វើដូចជាកាំមេរ៉ានៅក្នុងផ្ទះខូច នៅពេលដែលអ្នកស្រី រ៉ាវ៉ាន់ គិតចូលទៅបំផ្លាញ់ភស្តុតាងក៏ឃើញថាកាំមេរ៉ាខូច ទើបនាងព្រមស្ងប់ចិត្ត »
« យូយ៉ាងនេះហើយអ្នកមីងគួរតែរកឱកាសយកវីដេអូនេះទៅឲ្យ អេវីល »
« ខ្ញុំត្រូវអ្នកស្រី រ៉ាវ៉ាន់ ចាំមើលគ្រប់ជំហាន ខ្ញុំធ្វើអ្វីមិនកើតទេ »
« ចុះហេតុអ្វីពេលនេះអ្នកមីងហ៊ានយកវីដេអូមកឲ្យខ្ញុំ? » ដេលលី សួរបន្តដោយការសង្ស័យ។
« មួយរយៈនេះស្រីម្នាក់នោះចាប់ផ្តើមសង្ស័យខ្ញុំហើយ បើខ្ញុំនៅស្ងៀមតទៅទៀត ខ្ញុំនឹងត្រូវគេសម្លាប់នៅថ្ងៃណាមួយមិនខាន ម្យ៉ាងទៀតពេលនេះអ្នកស្រី រ៉ាវ៉ាន់ រួមដៃជាមួយ ស៊ីរ៉ូ ដើម្បីចាត់ការនាងនិងអ្នកម៉ាក់របស់នាងហើយ »
« ពិតមែនហើយ អ្នកម៉ាក់! » ដេលលី នឹកឃើញអ្នកម៉ាក់ទើបរហ័សចេញពីក្នុងឡានយ៉ាងលឿន ហើយក៏គិតថានឹងរត់ទៅរកមើលអ្នកម៉ាក់របស់នាងក្នុងហាងកាហ្វេដែលនៅមិនឆ្ងាយពីកន្លែងឡានរបស់អ្នកមីង យូមី នោះ ប៉ុន្តែក៏ត្រូវអ្នកមីង យូមី ចេញពីក្នុងឡានមកចាប់ដៃនាងទុក។
« អ្នកម៉ាក់របស់នាងត្រូវពួកគេចាប់ទៅបាត់ហើយ ចំណែកម្ចាស់ហាងនោះគេគឺជាកូនចៅរបស់ ស៊ីរ៉ូ បើនាងទៅនឹងត្រូវពួកគេចាប់ម្នាក់ទៀតមិនខាន »
« បើអ្នកមីងបានដឹងហើយថាអ្នកស្រី រ៉ាវ៉ាន់និងស៊ីរ៉ូ បញ្ចូលមនុស្សឲ្យមកចាប់ពួកយើងហេតុអ្វីអ្នកមីងជួយតែខ្ញុំម្នាក់? ហេតុអ្វីមិនជួយអ្នកម៉ាក់របស់ខ្ញុំផង? »
« ខ្ញុំក៏ចង់ជួយទាំងពីរនាក់ដែរ ប៉ុន្តែហួសពេលទៅហើយទើបខ្ញុំជួយបានតែនាងម្នាក់ »
« អ្ហើយ! » ដេលលី លើកដៃជ្រោងសក់ឡើង
រញេរញៃអស់ព្រោះគិតអ្វីមិនចេញមិនដឹងថាគួរទៅជួយអ្នកម៉ាក់របស់នាងបានយ៉ាងម៉េច មកពីនាងទើបធ្វើឲ្យអ្នកម៉ាក់ត្រូវជួបរឿងបែបនេះ។
« កុំបារម្ភពេកអី ខ្ញុំបានផ្ញើរសារឲ្យលោកប៉ានិងអេវីលទៅជួយអ្នកម៉ាក់របស់នាងហើយ » អ្នកមីង យូមី ទាញទូរស័ព្ទពីក្នុងដៃស្រឡូនមកបើកវីដេអូសកម្មភាពរបស់ជនរល្មើសចាប់អ្នកម៉ាក់របស់នាងដាក់ឡានឲ្យនាងមើល ។
« ឆាប់ឲ្យសោឡានមក » ដេលលី បានឃើញវីដេអូហើយក៏ទារយកសោឡានពីរាងចំណាស់។
« នាងចង់ទៅតាមមែនទេ? »
« ខ្ញុំមិនអាចនៅស្ងៀមៗបានទេ បើអ្នកម៉ាក់កើតអ្វីទៅ ខ្ញុំនឹងមានអារម្មណ៍សោកស្តាយអស់មួយជីវិតមិនខាន » ដេលលី យកទូរស័ព្ទនិងសោឡានពីអ្នកមីង យូមី ហើយក៏រត់ឡើងឡានភ្លាម។
« ចាំខ្ញុំផង » រាងចំណាស់រហ័សរត់ឡើងឡានទៅជាមួយ ដេលលី ដែរ ព្រោះរឿងនេះប្រែជាកាន់តែអាក្រក់យ៉ាងនេះដោយសារតែភាពកំសាករបស់នាង។
ដេលលី បើកឡានបណ្តើរព្យាយាមខលទៅ អេវីល បណ្តើរ ព្រោះពេលនេះគេអាចប្រហែលជាកំពុងតាមឡានដែលចាប់អ្នកម៉ាក់របស់នាងនោះទៅហើយ ទើបនាងត្រូវខលសួរគេ។
“ ហាឡូ! ដេលលី តើនាងយ៉ាងម៉េចហើយ? ” អេវីល លើកទូរស័ព្ទហើយសួរដោយសំឡេងព្រួយបារម្ភ។
« ពេលនេះខ្ញុំមិនអីទេ ប៉ុន្តែតើបងមានបានតម្រុយពីឡានដែលចាប់អ្នកម៉ាក់ទៅទេ? » ដេលលី រហ័សសួរទៅកាន់ អេវីល វិញទាំងភ្នែកនៅនឹងផ្លូវខាងមុខ។
“ ខ្ញុំកំពុងបើកទៅតាមតម្រុយដែលមិត្តជាប៉ូលីសផ្តល់ឲ្យមក ”
« បងផ្ញើរឲ្យខ្ញុំផង ខ្ញុំនឹងតាមទៅដែរ »
“ ឈប់សិន! ហេតុអ្វីនៅសុខៗដេលលី ស្រាប់តែប្តូរមកហៅខ្ញុំថាបងដូចពីមុនវិញ? ” អេវីល សួរដោយសំឡេងងឿងឆ្ងល់ ព្រោះគេមានអារម្មណ៍ថានាងដូចជាប្រែទៅ ដេលលី ពីមុនវិញហើយ សំឡេងរបស់នាងដែលនិយាយមកកាន់គេស្តាប់ទៅជិតស្និទ្ធមិនដូចជាពេលមួយរយះមកនេះដែលស្តាប់ទៅដូចជាមនុស្សមិនស្គាល់គ្នាទេ។
« គឺការចងចាំរបស់ខ្ញុំត្រឡប់មកវិញហើយ អេវីល ខ្ញុំក៏មានរឿងសំខាន់មួយចង់ប្រាប់បងដែរ ប៉ុន្តែខ្ញុំមិនអាចនិយាយពេលនេះបានទេ ចាំជួយអ្នកម៉ាក់បានហើយ ចាំខ្ញុំប្រាប់បង » ដេលលី និយាយចប់ហើយក៏រហ័សបិទទូរស័ព្ទមិនឲ្យ អេវីល សួរដេញដោលនាងទាន់ឡើយ ព្រោះនាងដឹងថាគេច្បាស់ជាអន្ទះសារចង់ដឹងរឿងដែលនាងចង់ប្រាប់គេមិនខាន ប៉ុន្តែនាងមានអារម្មណ៍មិនល្អទេដែលត្រូវនិយាយរឿងនេះប្រាប់គេ ព្រោះគេច្បាស់ជាខូចចិត្តខ្លាំងមិនខាន បើបានដឹងថាអ្នកមីងដែលគេគោរពស្រលាញ់ដូចម្តាយកន្លងមកជាអ្នកសម្លាប់លោកប៉ារបស់គេនោះ។
YOU ARE READING
បញ្ឆោតស្នេហ៍សុភាពបុរសក្លែងក្លាយ(សេរីបញ្ឆោតស្នេហ៍វគ្គ២)ចប់
Romanceក្តីស្រលាញ់ដែលនាងមានចំពោះគេមករាប់ឆ្នាំ តែងតែធ្វើឲ្យនាងទទួលបានអារម្មណ៍ខកបំណងនិងឈឺចាប់ឥតស្បើយ ដល់ថ្នាក់នាងចង់បោះបង់ចោលម្តងៗ ប៉ុន្តែដោយសារតែបេះដូងដែលនៅតែស្រលាញ់គេនិងមានអារម្មណ៍ខុសចំពោះគេ ទើបនាងតស៊ូនៅក្បែរគេទោះបីជាគេតែងតែជេរស្តីថានាងជាមេរំខាននៅក្នុងជីវិ...