“ ធ្វើគ្រប់យ៉ាងដើម្បីតែសងសឹក ”
ឡូវែល ចូលទៅពិនិត្យមើលសពរបស់ ស៊ីរ៉ូ ដែលត្រូវប៉ូលីសបាញ់ស្លាប់នៅនឹងកន្លែងដោយសារតែគេព្យាយាមតដៃ។
« ខ្ញុំអហោសិកម្មឲ្យឯង ស៊ីរ៉ូ » ឡូវែល លើកដៃទៅបិទភ្នែករបស់ស៊ីរ៉ូដែលស្លាប់ទាំងបើកភ្នែក ហើយទើបក្រោកឈរឡើងពេញជំហរដឹកដៃភរិយាមករកកូនស្រីដែលនៅជាមួយ អេវីល វិញ។
« អ្នកម៉ាក់ មិនអីទេឬ? » ដេលលី រហ័សរត់មករកអ្នកម៉ាក់ដោយក្តីបារម្ភ។
« ម៉ាក់មិនអីទេ ប៉ុន្តែកូនបាត់ទៅណា? ដឹងទេថាម៉ាក់បារម្ភខ្លាំងណាស់ » ដេរ៍ស៊ី ចាប់ដៃកូនស្រីអង្រួនសួរដោយក្តីបារម្ភ។
« គឺខ្ញុំបានអ្នកមីង យូមី ជួយ ទើបមិនត្រូវពួកគេចាប់ខ្លួនបាន ខ្ញុំសុំទោសដែលជួយអ្នកម៉ាក់មិនបាន »
« សុំទោសអី្វទៅ ឲ្យតែកូនមិនបានកើតអ្វីម៉ាក់សប្បាយចិត្តណាស់ហើយ » ដេរ៍ស៊ី លើកដៃអង្អែលក្បាលកូនស្រីដោយក្តីស្រលាញ់។
« ប៉ុន្តែអ្នកមីង យូមី ដឹងបានយ៉ាងម៉េចថា ស៊ីរ៉ូ នឹងចាប់ខ្លួន ដេលលីនិងអ្នកមីង ដេរ៍ស៊ី » អេវីល ងាកទៅសួរអ្នកមីង យូមី ដែលឈរនៅខាងក្រោយខ្នងវិញទាំហងងឿងឆ្ងល់។
« អ្នកនាង ដេលលី នឹងនិយាយគ្រប់យ៉ាងប្រាប់អ្នកប្រុសនិងគ្រប់គ្នាដោយខ្លួនឯង » អ្នកមីង យូមី តបជាមួយ អេវីល ហើយងាកទៅសម្លឹងមុខ ដេលលី ទើបគ្រប់គ្នាងាកមកមើលមុខ ដេលលី គ្រប់គ្នា។
« អ្នកម៉ាក់លោកប៉ាគឺពេលនេះខ្ញុំមានការចងចាំឡើងវិញហើយ »
« ពិតមែនទេ? ល្អណាស់កូន » ដេលលីនិងឡូវែលសប្បាយឡើងពេលដឹងថាកូនស្រីរបស់ពួកគេអាចចងចាំរឿងទាំងអស់មកវិញហើយ។
« នៅមុនពេលដែលខ្ញុំបាត់បង់ការចងចាំ ខ្ញុំបានប្រទះឃើញរឿងមួយគួរឲ្យសង្ស័យ ហើយខ្ញុំក៏បានឲ្យ ដាយ៉ែល ជួយស៊ើបឲ្យ » ដេលលី បើកចូលទូរស័ព្ទរបស់នាងហើយចូលគណនីអាយជីចាស់របស់នាងដែលមានរូបថតនិងឯកសារមួយចំនួនដែល ដាយ៉ែលនិងនាងផ្ញើរឲ្យគ្នាទៅវិញទៅមក។ ដេលលី ចុងបើករូបថតរបស់ យូរ៉ាន់ បង្ហាញឲ្យអ្នកម៉ាក់លោកប៉ានិងអេវីល មើល។
« នេះគឺរូបថតរបស់យូរ៉ាន់ » ឡូវែល លាន់មាត់ឡើងទាំងភ្ញាក់ផ្អើល។
« កូនបានជួប យូរ៉ាន់ មែនទេ? » ដេរ៍ស៊ី សួរកូនស្រីដោយក្តីបារម្ភ ព្រោះនាងដឹងថា យូរ៉ាន់ ខឹងស្អប់នាងប៉ុណ្ណា បើ យូរ៉ាន់ បានជួប ដេលលី ច្បាស់ជាធ្វើបាប ដេលលី មិនខាន។
« យូរ៉ាន់ ជាអ្នកណា? » អេវីល មិនស្គាល់ យូរ៉ាន់ ទើបសួរឡើងដោយការចង់ដឹងនិងសង្ស័យថា យូរ៉ាន់ ម្នាក់នេះមានអ្វីពាក់ព័ន្អនឹងរឿងដែលកើតឡើងទាំងអស់នេះ។
« គីម យូរ៉ាន់ គឺជាជនរល្មើសដែលព្យាយាមសម្លាប់អ្នកម៉ាក់របស់ខ្ញុំ នាងបានរត់គេចខ្លួនកាលពីម្ភៃឆ្នាំមុន » ដេលលី និយាយពីប្រវត្តិ យូរ៉ាន់ ខ្លះប្រាប់ អេវីល។
« ហើយចុះស្រីម្នាក់នេះមានអ្វីពាក់ព័ន្ធនឹងរឿងដែលកើតឡើងទាំងអស់នេះដែរ? » អេវីល សួរបន្តដោយការចង់ដឹង។
« នាងបានរួមដៃជាមួយថៅកែ ម៉ាឡុននិងស៊ីរ៉ូ រហូតមក នាងជាអ្នកបង្កើតរឿងយល់ច្រឡំជាច្រើនកន្លងមកនៅចម្ការលីអូណា ហើយនាងក៏ជាអ្នកដែលចាំជួយ ស៊ីរ៉ូនិងថៅកែម៉ាឡុនចាត់ការខ្ញុំនិងក្រុមគ្រួសារមករហូតដែរ »
« ហើយចុះពេលនេះស្រីម្នាក់នោះនៅឯណា? » អេវីល សួរឡើងដោយចិត្តអន្ទះសារនិងមានអារម្មណ៍មិនស្រួល ព្រោះបើស្តាប់តាមសម្តីរបស់ ដេលលី និយាយនាពេលនេះ យូរ៉ាន់ ច្បាស់ជាមនុស្សដែលនៅជិតខ្លួនរបស់គេមិនខាន។
« អេវីល បងស្តាប់ឲ្យច្បាស់ណាស់ យូរ៉ាន់ ពេលនេះគឺជាអ្នកមីងរបស់បង អ្នកស្រី រ៉ាវ៉ាន់! » ដេលលី បង្ខំចិត្តប្រាប់ការពិតដល់ អេវីល ទាំងដឹងហើយថាគេនឹងខូចចិត្តខ្លាំងពេលបានដឹងរឿងមួយនេះហើយ។
« មិនពិតទេ អ្នកមីងម្តេចនឹងអាចជា យូរ៉ាន់ នោះ ដេលលី អូនកុហកមែនទេ? »
« ខ្ញុំមិនបានកុហកទេ ខ្ញុំក៏មានភស្តុតាងពីមន្ទីរពេទ្យកែសម្ផស្សដែល យូរ៉ាន់ បានធ្វើការកែសម្ផស្សប្តូរអត្តសញ្ញាណកាលពីម្ភៃឆ្នាំមុនដែរ » ដេលលី បើកភស្តុតាងនៅក្នុងទូរស័ព្ទដៃបង្ហាញឲ្យ អេវីល មើលដើម្បីឲ្យគេព្រមទទួលយកការពិត។
« ដូច្នេះមានន័យថាអ្នកដែលដាក់ថ្នាំក្នុងទឹកក្រូចធ្វើឲ្យកូនសន្លប់ហើយត្រូវចាប់ខ្លួនទៅនៅបារាំងនោះគឺជាថ្វីដៃរបស់ យូរ៉ាន់ ហើយ នាងលាក់ខ្លួននៅក្នុងសំបកកាយមួយទៀតបានយូយ៉ាងនេះ ពិតជាមិនធម្មតាទេ » ឡូវែល និយាយឡើងទាំងខឹងសម្បារ ព្រោះបើគេមើលមិនដឹងថាអ្នកស្រី រ៉ាវ៉ាន់ ជា យូរ៉ាន់ តាំងពីដំបូង កូនស្រីនិងប្រពន្ធរបស់គេក៏មិនធ្លាក់ក្នុងគ្រោះថ្នាក់ម្តងហើយម្តងទៀតបែបនេះ។
« នាងស្ទើរតែធ្វើឲ្យកូនស្រីរបស់យើងបាត់បង់ជីវិតទៅហើយ នាងនៅតែកាចសាហាវមិនខុសពីម្ភៃឆ្នាំមុនទេ » ដេរ៍ស៊ី ភ័យខ្លាចឡើងញ័រដៃពេលបានលឺរឿងរបស់ យូរ៉ាន់ហើយ។
« ហេតុអ្វីក៏អ្នកមីងធ្វើបែបនោះ? » អេវីល តក់ស្លុតជាខ្លាំងពេលបានមើលភស្តុតាងទាំងអស់ហើយ គេមិនចង់ជឿទេថាអ្នកមីងដ៏ល្អរបស់គេគឺជាមនុស្សដែលកាចសាហាវបែបនេះ។
« នៅមានរឿងមួយទៀតដែលបងគួរតែដឹង » ដេលលី និយាយហើយក៏ងាកទៅសម្លឹងមុខអ្នកមីង យូមី ទើបរាងចំណាស់យកទូរស័ព្ទដៃដែលមានវីដេអូពីកាំមេរ៉ាសុវត្ថិភាពក្នុងផ្ទះមកប្រគល់ឲ្យ អេវីល។
« សុំទោសដែលកន្លងមក ខ្ញុំកំសាកភ្នែកសហើយលាក់រឿងមួយនេះនឹងអ្នកប្រុស » អ្នកមីង យូមី សម្លឹងមុខ អេវីល ដោយកែវភ្នែកមានកំហុស។
អេវីល ងឿងឆ្ងល់បន្តិចហើយក៏មើលវីដេអូក្នុងទូរស័ព្ទទើបដឹងថាអ្នកណាដែលសម្លាប់លោកប៉ារបស់គេនោះ លោកប៉ារបស់គេមិនអាចស្លាប់ទេ បើអ្នកស្រី រ៉ាវ៉ាន់ ជួយសង្គ្រោះ ប៉ុន្តែនាងបែរជាសុខចិត្តអង្គុយមើលលោកប៉ារបស់គេឈឺរហូតដល់ស្លាប់ នាងពិតជាកាចសាហាវខ្លាំងណាស់ នាងជាអ្នកសម្លាប់លោកប៉ារបស់គេ កោតតែកន្លងមកគេគោរពស្រលាញ់នាងយ៉ាងនេះទៅកើត គេពិតជាមិនគប្បីនឹងលោកប៉ាដែលស្លាប់ទៅទេ។
« អ្នកមីង រ៉ាវ៉ាន់! » អេវីល មើលវីដេអូចប់ហើយក៏រហ័សរត់ឡើងឡានបើកចេញទៅយ៉ាងលឿន រកតែអ្នកផ្សេងហាមឃាត់មិនទាន់។
« អេវីល » ដេលលី ស្រែកហៅគេមិនទាន់ ព្រោះគេឡើងឡានបើកចេញទៅហើយ។
« គេច្បាស់ជាទៅផ្ទះរបស់ យូរ៉ាន់ មិនខានទេ យើងឆាប់ទៅតាមទៅ » ឡូវែល រហ័សរត់ឡើងឡានដោយមានស្រីៗរត់តាមពីខាងក្រោយ។
« ប្រញាប់ចេញឡានទៅ » ដេរ៍ស៊ី តឿនស្វាមីដោយចិត្តអន្ទះសារ ព្រោះនាងឃើញកូនស្រីបារម្ភពី អេវីល ខ្លាំង។
« បងបានខលប្រាប់ រ៉ូណាន់និងថេរ៉ុន ឲ្យនាំប៉ូលីសទៅផ្ទះនោះមុនហើយ ច្បាស់ជាមិនមានរឿងអ្វីកើតឡើងទេ » ឡូវែល ងាកមកតបជាមួយភរិយាដើម្បីមិនឲ្យភរិយានិងកូនស្រីបារម្ភខ្លាំងពេក ហើយទើបគេចេញឡានទៅ។
YOU ARE READING
បញ្ឆោតស្នេហ៍សុភាពបុរសក្លែងក្លាយ(សេរីបញ្ឆោតស្នេហ៍វគ្គ២)ចប់
Romanceក្តីស្រលាញ់ដែលនាងមានចំពោះគេមករាប់ឆ្នាំ តែងតែធ្វើឲ្យនាងទទួលបានអារម្មណ៍ខកបំណងនិងឈឺចាប់ឥតស្បើយ ដល់ថ្នាក់នាងចង់បោះបង់ចោលម្តងៗ ប៉ុន្តែដោយសារតែបេះដូងដែលនៅតែស្រលាញ់គេនិងមានអារម្មណ៍ខុសចំពោះគេ ទើបនាងតស៊ូនៅក្បែរគេទោះបីជាគេតែងតែជេរស្តីថានាងជាមេរំខាននៅក្នុងជីវិ...