ប្ដូរកាយវង្វេងស្នេហ៍ (ផ្តើមរឿង)

1K 19 2
                                        


ផ្តើមរឿង

" សិស្សអាហារូបករណ៍ "

តក់! តក់!
សំឡេងសារ៉ូមស្រក់បន្លឺឡើងជាបន្តបន្ទាប់កាត់ត្រចៀកស្រីក្រមុំដែលគេងបិទភ្នែកនៅលើគ្រែអ្នកជំងឺអស់ជាច្រើនថ្ងៃ ទីបំផុតនាងក៏អាចទទួលដឹងពីសំឡេងជុំវិញខ្លួនឡើងវិញ ហើយត្របកភ្នែកស្តើងពីរជាន់ដ៏ស្រស់ស្អាតក៏បើកឡើងវិញទាំងបេះដូងរបស់នាងនៅលោតញាប់ញ័រភិតភ័យមិនទាន់បាត់ចំពោះហេតុការណ៍គ្រោះថ្នាក់ដែលនាងបានជួបប្រទះមុនពេលនាងបាត់បង់ស្មារតី។
« ខ្ញុំនៅមន្ទីរពេទ្យមែនទេ? » នាងចោលភ្នែកសម្លឹងសព្វបន្ទប់ហើយពោលឡើងទាំងធូរចិត្តបន្តិច ដែលនាងមិនបានភ្ញាក់ឡើងនៅក្នុងឋានសួន។
ក្រាក!
« អ្នកនាង...អ្នកនាងដឹងខ្លួនហើយ »
គិលានុបដ្ឋាយិកាម្នាក់បើកទ្វាចូលមកបានឃើញនាងដឹងខ្លួនហើយក៏រហ័សរត់ចេញទៅវិញស្រែកឆោឡោពេញមន្ទីរពេទ្យ ធ្វើឲ្យ អារ៉ាន់ ភ័យស្ទុះក្រោកអង្គុយមួយរំព្រិច។
« តើមានរឿងអ្វី? » អារ៉ាន់ ចោលភ្នែកទៅមាត់ទ្វាដែលលាន់លឺសម្រិបជើងមនុស្សច្រើននាក់កំពុងដើរមកបន្ទប់របស់នាង។
ក្រាក!
« ចៅស្រី ទីបំផុតឯងដឹងខ្លួនហើយ »
លោកតាចាស់ឫកពារមានអំណាចដូចរាជសីហ៍ ឈរនៅពីមុខ អារ៉ាន់ ដោយនៅក្បែរដៃរបស់លោកមានស្រី្តវ័យប្រហែលសែសិបឆ្នាំទំនងជាកូនស្រីរបស់លោក ហើយនៅខាងក្រោយខ្នងលោកក៏មានលោកដុកទ័រពីរនាក់ទៀតផង។ អារ៉ាន់ បើកភ្នែកធំៗពេលឃើញមនុស្សប្លែកមុខប៉ុន្មាននាក់មកឈរនៅពីមុខនាង ហើយថែមហៅនាងថាចៅទៀតផង ទាំងដែលនាងជាក្មេងកំព្រាមិនធ្លាប់មានសាច់ញាតិទេ។
« ចៅមែនទេ? » អារ៉ាន់ សួរឡើងដោយភាពងឿងឆ្ងល់ ធ្វើឲ្យលោកតា សាន់ហ៊ូ រហ័សងាកទៅសម្លឹងមុខដុកទ័រដែលឈរនៅខាងក្រោយខ្នងរបស់លោក ភ្លាម។
« តើចៅស្រីរបស់ខ្ញុំកើតអី? ហេតុអ្វីនាងដូចជាមិនស្គាល់ខ្ញុំបែបនេះ? » លោកតា សាន់ហ៊ូ ស្រែកសួរគ្រូពេទ្យភ្លាមៗ។
« ហេអុីន ឯងចាំម៉ាក់និងលោកតាបានទេ? » អ្នកស្រី ជីអា ចូលទៅចាប់ដៃកូនស្រីសួរ។
« ហេអុីន! » អារ៉ាន់ បានលឺស្រ្តីចម្លែកមុខហៅឈ្មោះនាងបែបនេះហើយ ទើបនាងចាប់អារម្មណ៍លើកដៃរបស់ខ្លួនឯងមកពិនិត្យមើល។ ដៃរបស់នាងម្តេចនឹងស្រឡូនដូចបន្លាក្រូចស្អាតយ៉ាងនេះទៅ នេះមិនមែនជាដៃរបស់នាងទេ អារ៉ាន់ស្ទុះចុះពីលើគ្រែរត់ទៅឆ្លុះកញ្ចក់នៅជាប់ជញ្ជាំង។
« ហេអុីន! តើមានរឿងអ្វីកើតឡើងចំពោះខ្ញុំ? » អារ៉ាន់ លើកដៃប៉ះមុខដែលមិនមែនជាមុខរបស់នាងពីមុនហើយស្រែកឡើងទាំងតក់ស្លុត។

♡ប្តូរកាយវង្វេងស្នេហ៍♡ (ចប់)Where stories live. Discover now