ប្តូរកាយវង្វេងស្នេហ៍(២៦)

32 4 0
                                    


ភាគ២៦

" ជាសត្រូវឬមិត្ត? "

អារ៉ាន់ ចូលទៅក្នុងបន្ទប់បិទទ្វាពីក្រោយខ្នងហើយលើកដៃទប់ទ្រូងដែលលោតញាប់ញ័រដោយភាពភ័យព្រួយ។ ហេអុីន កំពុងតែត្រឡប់មកវិញហើយ មានន័យថាមិនយូទៀតទេនាងនឹងចាកចេញពីរាងកាយមួយនេះ ប៉ុន្តែនាងនៅតែឆ្ងល់ថាតើ ហេអុីន ពេលនេះនៅក្នុងរាងកាយអ្នកណា? បើតាមអ្វីដែលនាងបានលឺពេលនិយាយទូរស័ព្ទជាមួយ ហេអុីន មុននេះ ហេអុីន ដឹងច្បាស់ថាមានវិញ្ញាណផ្សេងនៅក្នុងរាងកាយរបស់នាង ហើយមុនពេលទូរស័ព្ទត្រូវបានកាត់ផ្ដាច់នាងបានលឺសំឡេងស្រែកដោយភាពស្លន់ស្លោរបស់ ហេអុីន ដូចជានាងកំពុងតែរងនូវការគំរាមគំហែង។ ទោះបីជានាងកំពុងតែភ័យខ្លាចថានឹងត្រូវស្លាប់ ប៉ុន្តែនាងពិតជាចង់ជួប ហេអុីន ឆាប់ៗព្រោះនាងមិនអាចធ្វើជាមនុស្សអាក្រក់រស់នៅក្នុងរាងកាយអ្នកដទៃអស់មួយជីវិតបានទេ។
ទីង!
សំឡេងសារក្នុងទូរស័ព្ទទាញនាងឲ្យចេញពីពិភពនៃគំនិតរបស់នាង ហើយនាងក៏រហ័សលើកទូរស័ព្ទមកមើលសារដែលលោតចូលមក ពេលបានឃើញថាជាសាររបស់ រីកគី ហើយ នាងក៏ញញឹមស្រស់មួយរំព្រិច ប៉ុន្តែភ្លាមៗនាងក៏ចាប់ផ្តើមមានអារម្មណ៍សោកសៅ ព្រោះនាងប្រហែលជាគ្មានពេលនៅជាមួយគេយូទៀតទេ។
" ចូលគេងហើយឬ? "
ពេលនាងមិនទាន់តបគេក៏ផ្ញើរសារមកមួយទៀត។
" ចូលគេងហើយមែនទេ? បងគេងមិនលក់ទេព្រោះនឹកអូន "
គេបញ្ចប់ប្រយោគជាមួយនឹងរូបបេះដូងពណ៌ក្រហម ធ្វើឲ្យនាងញញឹមដូចឆ្កួត។
« នៅទេ តែក៏រៀបនឹងចូលគេងហើយ » នាងសរសេរតបទៅគេវិញទាំងញញឹមរីករាយ។
" អាចខលវីដេអូបន្តិចបានទេ? " គេបញ្ចប់ប្រយោគដោយរូបដែលមានមុខគួរឲ្យអាណិត។
« យល់ព្រម »
ការខលវីដេអូមានរយះពេលវែងជាងការរំពឹងទុក នាងនិយាយចែករំលែករឿងជាច្រើនជាមួយគេរហូតនាងហត់ហើយគេងលក់ទាំងមិនដឹងខ្លួន។

« រាត្រីសួស្តី » រីកគី ញញឹមតាមអេក្រង់ទូរស័ព្ទដែលឆ្លុះបញ្ចាំងពីទម្រង់ស្រស់ស្អាតដែលគេងយ៉ាងស្ងប់ស្ងាត់។ គេនៅបន្តគេងសម្លឹងមុខនាងតាមអេក្រង់ទូរស័ព្ទរហូតបានលឺសំឡេងគោះទ្វានៅខាងក្រៅ ទើបគេប្រញាប់ទុកទូរស័ព្ទនៅលើគ្រែហើយក្រោកទៅបើកទ្វា។
« លោកប៉ា »
« នៅមិនទាន់គេងទៀតមែនទេ? » លោក ផាក សួរកូនប្រុសហើយលួចចោលភ្នែកទៅសម្លឹងទូរស័ព្ទដែលនៅមានពន្លឺលើអេក្រង់ ដោយសារតែ រីកគី មិនទាន់ចុចបញ្ចប់ការខលវីដេអូជាមួយ ហេអុីន នៅឡើយ។
« លោកប៉ាមានការអ្វីមែនទេ? » រីកគី សួរសំណួរបង្វែរចំណាប់អារម្មណ៍របស់លោកផាកពីទូរស័ព្ទរបស់គេមកវិញ។
« ក្រុមហ៊ុនរបស់យើងប្រហែលជាត្រូវបញ្ចប់ឆាប់ៗនេះហើយ ឯងត្រូវតែសុំឲ្យ ហេអុីន ជួយយើងនៅពេលនេះ យើងគ្មានពេលទៀតទេ យើងនឹងបាត់បង់គ្រប់យ៉ាងឆាប់ៗនេះ » លោកផាកនិយាយឡើងដោយសោកសៅនិងកែវភ្នែកអង្វរក៏ដល់កូនប្រុសដែលលោកជឿជាក់ថាមានតែគេដែលអាចជួយក្រុមហ៊ុនបាននៅពេលនេះ។
« ខ្ញុំនឹងនិយាយជាមួយនាង លោកប៉ាទៅសម្រាកចុះ កុំគិតច្រើនអី » រីកគី ព្យាយាមនិយាយមិនឲ្យលោកប៉ាបារម្ភ ទើបលោក ផាក ព្រមត្រឡប់ទៅសម្រាកវិញ។
ក្រោយលោកផាកចេញទៅបាត់ គេក៏ត្រឡប់មកគ្រែវិញហើយលើកទូរស័ព្ទមកសម្លឹងមុខនាងដោយក្តីកង្វល់ គេដឹងថានាងប្រាកដជាជួយក្រុមហ៊ុនរបស់គេ ប៉ុន្តែគេមិនចង់ធ្វើបែបនោះទេ ព្រោះវាធ្វើឲ្យមើលទៅដូចជាគេទាក់ទងនាងដើម្បីផលប្រយោជន៍ គេមិនចង់ឲ្យនាងគិតថាគេដូចជាអ្នកដ៏ទៃឯទៀតដែលចូលទៅរកនាងព្រោះតែផលប្រយោជន៍នោះទេ គេមិនចង់ឲ្យនាងមានអារម្មណ៍ថាការស្រលាញ់របស់គេគឺក្លែងក្លាយនោះទេ ប៉ុន្តែតើគេត្រូវធ្វើយ៉ាងម៉េចទៅ? គេពិតជាគ្មានជម្រើសនោះទេ?

♡ប្តូរកាយវង្វេងស្នេហ៍♡ Where stories live. Discover now