ភាគ២១
" មិត្តភាពឬគូស្នេហ៍ "
ព្រះសូរិយាចាប់ផ្តើមបន្ទាបខ្លួននៅជើងមេឃម្ខាងទៀត ផ្តល់ពន្លឺស្រទន់ពណ៌មាសប៉ះស្បែកពណ៌សរបស់អ្នកដែលដើរលើឆ្នេរខ្សាច់ដោយដោះស្បែកជើង។ កម្តៅបន្តិចបន្តួចនៅលើដីខ្សាច់ជួយសម្រួលចរន្តឈាមឲ្យរត់បានស្រួល ធ្វើឲ្យអារម្មណ៍តានតឹងរលាយបាត់ដូចជាពពកស្តើងដែលរសាត់នៅផ្ទៃមាឃម្ខាងទៀត។
« អា៎! » អារ៉ាន់ លាន់មាត់ឡើងទាំងលើកដៃបាំងមុខពីតំណក់ទឹកប្រៃដែលហោះមកប៉ះមុខនាង ពេលនាងដកដៃចេញហើយក្រឡេកទៅមើលប្រភពដែលធ្វើឲ្យទឹកត្រូវខ្ទាតមកលើនាង ទើបនាងបានប្រទះនឹងស្នាមញញឹមពេញផ្ទៃមុខរបស់រាងក្រាស់ដែលចូលទៅក្នុងទឹកត្រឹមជង្គង់ធ្វើឲ្យខោជើងវែងពណ៌ខ្មៅរបស់គេសើមអស់ពាក់កណ្តាល។
« រីកគី ពួកយើងគ្មានសម្លៀកបំពាក់ផ្លាស់ទេ » អារ៉ាន់ ស្រែកដាស់តឿនអ្នកដែលចូលលេងទឹកជាមួយភាពរំភើបមិនគិតអ្វីនោះ។
« ពួកយើងអាចទិញនៅហាងក្បែរនេះបាន ឆាប់ចុះមក » រីកគី ស្រែកតបនាងវិញហើយបក់ដៃហៅនាងឲ្យចុះមកលេងទឹកជាមួយគ្នា ទោះដឹងថានាងមិនព្រមចុះមកក៏ដោយ។
« អត់ទេ » អារ៉ាន់ បដិសេធទាំងញ័រខ្លួនខ្លាចភាពត្រជាក់ហើយក៏ប្រញាប់រត់យ៉ាងលឿនចេញពីក្បែរទឹក ប៉ុន្តែល្បឿនរបស់នាងនៅតែយឺតជាងអ្នកដែលមានជើងវែងៗនោះ គេឈានតែពីរបីជំហានក៏មកទាន់ពីក្រោមនាង ហើយក៏ឈោងឱបចង្កេះមួយក្តាប់របស់នាងជាប់។
ដោយកម្លាំងខ្លាំងដូចដំរី រីកគី ឱបចង្កេះតូចលើកនាងឡើងផុតពីដីហើយដើរចូលទៅក្នុងទឹកវិញ ធ្វើឲ្យ អារ៉ាន់ ស្រែកចាចទាំងអង្រួនជើងប្រឹងរើចេញពីក្នុងដៃរបស់គេ។ ពេលដែល រីកគី ប្រុងបោះនាងចូលទឹកនាងក៏ប្រញាប់ប្រែខ្លួនមកឱបកគេជាប់ស្អិត។
« ឈប់...ឈប់សិន! » អារ៉ាន់ សម្លឹងមុខរបស់គេនិយាយទាំងសំឡេងញ័រព្រោះខ្លាចគេមិនស្តាប់នាងហើយបោះនាងចូលទៅក្នុងទឹកទាំងនាងមិនបានត្រៀមខ្លួន។
«...» រីកគី នៅស្ងៀមសម្លឹងមុខដ៏ស្រស់ស្អាតរបស់អ្នកដែលនៅក្នុងដៃរបស់គេមិនដាក់ភ្នែក។ បេះដូងរបស់គេលោតស្ទើផ្ទុះ អារម្មណ៍រំភើបបុកមកពេញពោះពេលត្រូវមកមានទំនាក់ទំនងរាងកាយយ៉ាងជិតស្និតជាមួយនាងបែបនេះ ប៉ុន្តែគេព្យាយាមទប់អារម្មណ៍ដែលពុះកញ្ជ្រោលហើយផ្តោតលើអ្វីដែលនាងកំពុងតែចង់និយាយជាមួយគេវិញ។
« តើត្រជាក់ដែរទេ? » អារ៉ាន់ សួរដោយសំឡេងភ័យខ្លាច។
« អត់ទេ »
ប្រូង!
អារ៉ាន់ មិនទាន់បានត្រៀមខ្លួនផង រាងកាយរបស់នាងក៏ត្រូវលិចនៅក្រោមទឹកប្រៃបាត់ទៅហើយ ពេលដែលនាងងើបពីទឹកមកវិញ រួចវែកសក់ដែលគ្របលើមុខរបស់នាងចេញ នាងក៏បានជួបប្រទះនឹងសំណើចក្អាកក្អាយរបស់អ្នកដែលចាប់នាងទម្លាក់ទឹកមុននេះ។ ដោយការខឹងសម្បារចង់សងសឹក នាងក៏ជះទឹកពេញមុខរបស់គេ ធ្វើឲ្យអ្នកដែលកំពុងហាមាត់សើចឈ្លក់ទឹកបន្តិច។
« ខក់ៗ »
« ហាសហា » អារ៉ាន់ សើចខ្លាំងៗសប្បាយចិត្តដែលបានសងសឹកជាមួយគេ តែសង្គ្រាមមិនបានបញ្ចប់ត្រឹមនេះទេ ព្រោះការសងសឹកមិនដែលបញ្ចប់ឡើយ រីកគី ជះទឹកដាក់នាងវិញហើយនាងក៏ជះដាក់ទឹកដាក់គេវិញដូចគ្នា គេព្យាយាមចូលមកឱបចង្កេះនាងដើម្បីបោះចូលទឹកម្តងទៀត តែនាងព្យាយាមរត់គេចពីគេ។
ជាមួយសំណើចសើចក្អាកក្អាយនៅក្នុងទឹកត្រឹមចង្កេះក្រោមផ្ទៃមាឃពណ៌ក្រហមស្រអាប់លាយឡំនឹងពណ៌ដែលគូសវាសជារូបភាពប្លែកៗបង្កើតបានទិដ្ឋភាពដ៏ស្រស់ស្អាតដូចជាផ្ទាំងគំនូរដែលវិចិត្រករល្បីដាក់តាំងនៅសារះមន្ទីរ។ អារ៉ាន់ រត់ឡើងគោកដកខ្លួនចេញពី រីកគី ហើយទៅយកកាំមេរ៉ានៅក្នុងកាបូបរបស់នាងដែលទុកនៅលើឆ្នេរខ្សាច់ជិតស្បែកជើងមកចុចថតរូបភាពរបស់ រីកគី។
« ធ្វើអីនឹង? » រីកគី លើកដៃបាំងដងខ្លួនដែលមានដោយសាច់ដុំលេចចេញតាមសាច់ក្រណាត់អាវសើមស្អិតជាប់ខ្លួនដោយភាពខ្មាស់អៀន។
« ធ្វើស្ទាយ! » អារ៉ាន់ បញ្ជាយ៉ាងមុឺងម៉ាត់ហើយគេក៏ព្រមដកដៃចេញពីខ្លួនមកលើកដៃពីរញញឹមដាក់កាំមេរ៉ាវិញ។
រីកគី បានលឺសំឡេងចុចថតរួចរាល់ហើយទើបរត់ឡើងមកទាញកាំមេរ៉ាពីដៃរបស់នាងហើយយកមកដាក់ជាប់ភ្នែករបស់គេចុចថតរូបនាងវិញ។
« ខ្ញុំមិនទាន់បានត្រៀមខ្លួនទេ! » អារ៉ាន់ លើកដៃទប់មុខ ទោះនាងដឹងថាមុខរបស់ ហេអុីន ស្អាតដោយគ្មានគ្រឿងសម្អាងក៏ដោយ ប៉ុន្តែនាងនៅតែខ្មាស់អៀន។
« ដកដៃចេញ! » រីកគី ចូលមកឱបស្មាតូចហើយទាញនាងឲ្យមកអឹបនឹងខ្លួនរបស់គេ មុននឹងដាក់ថ្ពាល់ត្រជាក់របស់គេប៉ះនឹងថ្ពាល់របស់នាងហើយចាប់លើកាំមេរ៉ាឡើងថតរូបស្និទ្ធស្នាលរបស់ពួកគេ។
ពេលនេះ អារ៉ាន់ មានអារម្មណ៍ថារាងកាយដែលត្រជាក់មុននេះរបស់នាងចាប់ផ្តើមក្តៅបន្តិចម្តងៗដោយសារតែការប៉ះនឹងរាងមាំដែលឱបនាង។ នាងសម្លឹងមើលដៃមាំដែលកាន់ស្មានាងកាន់តែណែនហើយរុញរាងកាយនាងឲ្យចូលកាន់តែជិតគេ ជាមួយកាំមេរ៉ានៅក្នុងដៃរបស់គេ មិនដឹងថារូបថតប៉ុន្មានសន្លឹកដែលនាងនិងគេបានថតជាមួយគ្នានោះទេ។ ក្រោយពេលថតរូប គេបានថតវីដេអូដែលនាងនិងគេលេងជាមួយគ្នានៅលើឆ្នេរក្រោមផ្ទៃមាឃពណ៌ស្វាយស្រអាប់ហើយកំពុងចាប់ផ្តើមប្រែជាងងឹតបន្តិចម្តងៗក្រោយព្រះសូរិយាបានលិចបាត់ទៅ។ វីដេអូត្រូវបានថតអំឡុងពេលវេលាដ៏ស្រស់ស្អាតបំផុតនៅឆ្នេរសមុទ្របានបង្កើតការចងចាំដែលនឹកស្មានមិនដល់ ជាវីដេអូអនុស្សាវរីយ៍ដែលពិបាកនឹងបំភ្លេច។
YOU ARE READING
♡ប្តូរកាយវង្វេងស្នេហ៍♡
Misterio / Suspensoសាលាវិទ្យាល័យ សាន់ហ៊ូ គឺជាវិទ្យាល័យលំដាប់លេខមួយក្នុងប្រទេសដែលមានតម្លៃសិក្សាថ្លៃបំផុត សិស្សដែលចូលរៀននៅសាលាមួយនេះភាគច្រើនសុទ្ធសឹងតែជាកូនអ្នកមានលំដាប់ប្រទេសឬក៏ជាសមាជិករបស់ក្រុមហ៊ុន សាន់ហ៊ូ គ្រុប ។ យូន អារ៉ាន់ ជាក្មេងកំព្រាក្រីក្រដែលមានបំណងប្រាថ្នាចង់បា...