ប្តូរកាយវង្វេងស្នេហ៍(៥២)

228 5 0
                                        

“ អនុប្រធានក្លឹបសិក្សាពិសេសជានរណា? ”

  គ្រឹប!
  អ្នកស្រី ជីអា បិទទ្វាពីខាងក្រោយខ្នងពេលចូលមកដល់ការិយាល័យទទេរបស់នាយកសាលា នាងឈរកណ្តាលបន្ទប់ស្ងប់ស្ងាត់ហើយបញ្ចេញខ្យល់ដង្ហើមធំព្រោះទីបំផុតនាងអាចគេចចេញពីភាពច្របូលច្របល់នៅខាងក្រៅបាន។
  ក្រាក!
  សំឡេងទ្វាបើកនៅខាងក្រោយខ្នងម្តងទៀត ធ្វើឲ្យរាងចំណាស់ប្រញាប់ងាកទៅរកអ្នកដែលចូលមករំខានភាពស្ងប់សុខរបស់នាងភ្លាម ហើយក៏បានជួបនឹងមុខរបស់សិស្សប្រុសដែលធ្លាប់ស្គាល់ម្នាក់ដែលដើរចូលមករកនាងដោយភាពក្លាហាន។
   « អ្នកស្រី...»
   « ហេតុអ្វីក៏ចូលមក? » អ្នកស្រី ជីអា សួរកាត់រាងក្រាស់ដែលចង់និយាយជាមួយនាងយ៉ាងអន្ទះសារ។
   « ខ្ញុំមានរឿងចង់និយាយជាមួយអ្នកស្រី ទាក់ទងនឹង អារ៉ាន់និងហេអុីន » រីកគី សម្លឹងមុខរបស់រាងចំណាស់អង្វរសុំឱកាសដើម្បីនិយាយជាមួយនាង។
    « តើជារឿងអ្វី? » នាងសួរដោយទឹកមុខសង្ស័យនិងប្រុងប្រយ័ត្នចំពោះ រីកគី។
    « អារ៉ាន់ ដែលនៅជាមួយអ្នកស្រីរាល់ថ្ងៃនេះ មិនមែនជាអារ៉ាន់ពិតប្រាកដ...»
    « ឈប់! ឯងចង់និយាយប្រាប់ខ្ញុំដូចជាគ្រូមន្តអាគមមុននេះដែរមែនទេ? » អ្នកស្រី ជីអា សើចចំអកឲ្យគេព្រោះមិនជឿ ប៉ុន្តែគេដឹងថាអ្នកស្រី ជីអា មិនប្រាកដចិត្តមួយរយភាគរយទេ មានន័យថាមានភាគរយតិចតួចដែលនាងលួចជឿសម្តីរបស់គេនិងគ្រូមន្តអាគមមុននេះ គ្រាន់តែនាងមិនហ៊ានទទួលស្គាល់។
     « ស្តាប់ខ្ញុំសិន ខ្ញុំដឹងថារឿងនេះហួសពីការជឿ ប៉ុន្តែវាពិតជាបានកើតឡើងមែន ហេអុីននិងអារ៉ាន់ បានផ្លាស់ប្តូររាងកាយគ្នាបន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍ ហេតុនេះហើយទើបយើងបានឃើញ ហេអុីន មានអាកប្បកិរិយាផ្សេងបន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍ » រីកគី ព្យាយាមពន្យល់អ្នកស្រី ជីអា យ៉ាងខ្លាំង។
     « ខ្ញុំមិនជឿទេ ព្រោះតែឯងស្រលាញ់ ហេអុីន ទើបឯងបង្កើតរឿងនេះឡើងដើម្បីជួយ ហេអុីន គេចពីការចាប់ខ្លួនឯងមែនទេ? » អ្នកស្រី ជីអា បញ្ចេញទឹកមុខចំអកឲ្យគេម្តងទៀត។
      « មនុស្សដែលខ្ញុំស្រលាញ់គឺ អារ៉ាន់ មិនមែន ហេអុីន ទេ ប៉ុន្តែពេលនេះនាងនៅក្នុងរាងកាយរបស់ ហេអុីន នាងកំពុងតែរងទុក្ខជំនួស ហេអុីន ទើបខ្ញុំកំពុងព្យាយាមជួយនាងឲ្យបានត្រឡប់ទៅរាងកាយរបស់នាងវិញ ដោយសារតែអ្នកស្រីជាអ្នកម៉ាក់របស់នាង ខ្ញុំគិតថាអ្នកស្រីសមនឹងដឹងរឿងនេះ ហើយដឹងថាពេលនេះកូនស្រីពិតប្រាកដរបស់អ្នកស្រីកំពុងព្យាយាមតស៊ូខ្លាំងប៉ុណ្ណាដើម្បីអាចត្រឡប់ទៅរាងកាយរបស់នាងវិញហើយអាចមានឱកាសមានសុភមង្គលជាមួយគ្រួសារពិតប្រាកដបានម្តង » ពាក្យសម្ដីររបស់គេហាក់ប៉ះពាល់ដល់ចិត្តជាម្តាយរបស់អ្នកស្រី ជីអា ទើបគេបានឃើញថារាងចំណាស់ឈរស្ងៀមកំពុងតែគិតពិចារណាចំពោះសម្តីរបស់គេយ៉ាងខ្លាំង។
     « ខ្ញុំដឹងថាវាពិបាកនឹងជឿ ប៉ុន្តែយើងអាចសាកល្បងពិសោធន៍ជាមួយគ្នាបាន » រីកគី និយាយឡើងដោយសំឡេងខ្សោយជាងមុននិងស្ងប់ស្ងាត់ជាងមុនដែលអ្នកស្តាប់អាចដឹងថាគេកំពុងតែលួងលោមនិងអង្វរករជាខ្លាំង។
      « តើយើងនឹងពិសោធន៍បែបណា? »
      « ពីរថ្ងៃទៀតជាយប់ដែលមានព្រះច័ន្ទពេញវង់ ពេលនោះអ្នកស្រីគ្រាន់តែនាំ ហេអុីន ទៅកាន់ទីតាំងដែលខ្ញុំផ្ញើរឲ្យអ្នកស្រី ហើយយើងនឹងធ្វើការពិសោធន៍គ្រប់យ៉ាងជាមួយគ្នា »
      « តើខ្ញុំអាចជឿបានយ៉ាងម៉េចថាឯងមិនបោកយើងឲ្យទៅកន្លែងស្ងាត់ហើយក៏ចាប់ជំរិតយើង? »
      « អ្នកស្រីអាចនាំអង្គរក្សដែលពូកែទៅជាមួយបានបើអ្នកស្រីមិនទុកចិត្ត ប៉ុន្តែត្រូវដែលប្រាកដថាពួកគេមិនរញេរញៃជាមួយនឹងការពិសោធន៍របស់ពួកយើង » រីកគី ប្រុងដើរចេញប៉ុន្តែគេក៏ឈប់ជើងហើយងាកមករកអ្នកដែលឈរគិតពិចារណានៅខាងក្រោយខ្នងម្តងទៀត។
      « មួយទៀតបើអ្នកស្រីតាមសង្កេតមើលអារ៉ាន់ដែលនៅជាមួយអ្នកស្រីរាល់ថ្ងៃនេះ អ្នកស្រីនឹងឃើញថានាងមានអាកប្បកិរិយាដូចជា ហេអុីន ពីមុន ហើយនេះជាលេខទូរស័ព្ទរបស់ខ្ញុំ ទាក់ទងមកខ្ញុំពេលដែលអ្នកស្រីសម្រេចចិត្តហើយ ម្យ៉ាងទៀតត្រូវរក្សាការសម្ងាត់កុំឲ្យអ្នកណាដឹងក្រៅពីពួកយើងពីរនាក់ » រីកគី ហុចក្រដាសដែលមានលេខទូរស័ព្ទរបស់គេឲ្យអ្នកស្រី ជីអា ហើយគេក៏យកមួកមកពាក់ហើយប្រញាប់គេចខ្លួនចេញទៅបាត់។
        អ្នកស្រី ជីអា កំពុងឈរសម្លឹងក្រដាសដែលមានលេខទូរស័ព្ទរបស់ រីកគី នៅក្នុងដៃហើយចាប់ផ្តើមគិតពីសម្តីរបស់គេម្តងហើយម្តងទៀតដែលធ្វើឲ្យការចង់ដឹងចង់ឃើញរបស់នាងកាន់តែកើនឡើង។ នាងចាប់ផ្តើមប្រមូលព័ត៌មានតូចៗកន្លងមកចូលគ្នាហើយចាប់ផ្តើមរកឃើញចំណុចសង្ស័យជាច្រើនចំពោះអាកប្បកិរិយារបស់ អារ៉ាន់និងហេអុីន ដែលហាក់ដូចជាផ្ទុយគ្នាដូចនឹងអ្វីដែល រីកគី បាននិយាយមុននេះមែន។ ការពិតទាំងអស់កំពុងតែវាយប្រហារចិត្តរបស់នាងជាខ្លាំង ធ្វើឲ្យនាងកាន់តែពិបាកសម្រេចចិត្ត ព្រោះបើរឿងទាំងអស់នេះមិនមែនជាការពិត ចឹងនាងសង្ស័យកូនស្រីរបស់ខ្លួនឯងគឺខុសហើយ ថាមិនត្រូវនាងអាចចាញ់ល្បិចកល ហេអុីន ហើយធ្វើឲ្យនាងបាត់បង់កូនស្រីទៅម្តងទៀត ប៉ុន្តែបើរឿងនោះជាការពិតអញ្ចឹងមានន័យថាកូនស្រីរបស់នាងកំពុងរងទុក្ខក្នុងរូបរាងកាយរបស់ ហេអុីន នៅពេលនេះ អារ៉ាន់ នឹងត្រូវទទួលទោសដែលខ្លួនឯងមិនបានធ្វើ។ តើនាងគួរសម្រេចចិត្តបែបណាទៅ? ។
   ក្រាក!
   សំឡេងបើកទ្វាម្តងទៀតធ្វើឲ្យរាងចំណាស់រហ័សលាក់ក្រដាសលេខទូរស័ព្ទចូលទៅក្នុងហោប៉ៅអាវហើយលើកដៃជូតតំណក់ទឹកដែលស្រក់ចុះមកលើថ្ពាល់យ៉ាងលឿន។
    « អ្នកម៉ាក់នៅទីនេះរហូតមែនទេ? » ហេអុីន ចូលមករកអ្នកស្រី ជីអា ដោយទឹកមុខសង្ស័យពេលឃើញអ្នកស្រី ជីអា ដូចជាកំពុងតែលាក់បាំងអ្វីមួយពីនាង។
    « ម៉ាក់នៅទីនេះមួយសន្ទុះហើយព្រោះខាងក្រៅច្របូកច្របល់ពេក » អ្នកស្រី ជីអា ឆ្លើយតបពេលកំពុងគេចមុខពីកូនស្រី។
    « តើមានបានឃើញអ្នកណាមកទីនេះទេ? » ហេអុីន ចូលទៅជិតហើយចាប់ដៃអ្នកស្រី ជីអា សួរដោយទឹកមុខសង្ស័យនិងសំឡេងជ្រៅគំរាមគំហែង។
    « គ្មានអ្នកណាទេ មានតែម៉ាក់ប៉ុណ្ណោះ » ពេលនេះអ្នកស្រី ជីអា ព្រមងាកមកសម្លឹងមុខរបស់កូនស្រីហើយការឃើញអាកប្បកិរិយាអាក្រក់របស់កូនស្រីកំពុងតែធ្វើឲ្យនាងជឿសម្តីមុននេះរបស់ រីកគី កាន់តែខ្លាំង។
    « ខ្ញុំប្រាកដថាមុននេះខ្ញុំបានឃើញនរណាម្នាក់ដើរចេញពីទីនេះពីចម្ងាយ អ្នកម៉ាក់កំពុងកុហកខ្ញុំឲ្យសោះ » សំឡេងរបស់នាងកាន់តែជ្រៅនិងគួរឲ្យខ្លាច ស្របពេលដៃរបស់នាងក្តាប់កដៃរាងចំណាស់កាន់តែខ្លាំងឡើយ។
     « ម៉ាក់បានប្រាប់កូនហើយថាគ្មានអ្នកណាទេ » អ្នកស្រី ជីអា ស្រែកដាក់កូនស្រីដោយអស់ភាពអត់ធ្មត់ហើយរុញកូនស្រីចេញពីខ្លួន ទើបកូនស្រីរបស់នាងព្រមលែងដៃនាងហើយសម្លឹងមកនាងដោយកែវភ្នែកដែលនាងធ្លាប់ស្គាល់ពីមុនមក ហើយភ្លាមៗនាងបានឃើញកូនស្រីរបស់នាងនៅចំពោះប្រែទៅជា ហេអុីន ។
      « អ្នកម៉ាក់ស្រែកដាក់ខ្ញុំមែនទេ? អ្នកម៉ាក់មិនស្រលាញ់ខ្ញុំទេ? ដឹងទេថាខ្ញុំស្រលាញ់អ្នកម៉ាក់ប៉ុណ្ណា » ហេអុីន និយាយទាំងកំហឹងនិងអន់ចិត្តហើយក៏ដើរចេញពីការិយាល័យទៅ ហើយចំណុចនេះធ្វើឲ្យអ្នកស្រី ជីអា នឹកឃើញដល់ ហេអុីន ម្តងទៀត ព្រោះ ហេអុីន តែងតែនិយាយប្រយោគទាំងនេះរាល់ពេលដែលនាងមិនបានអ្វីដែលនាងសុំពីលោកតា សាន់ហ៊ូ និងនាងដែលជាម្តាយ ហើយគ្រប់ពេល ហេអុីន តែងតែរត់ចេញទៅខាងក្រៅផ្ទះបន្ទាប់ពីនិយាយប្រយោគនេះហើយ នាងតែងយកសោឡានហើយបើកចេញទៅខាងក្រៅទាំងកណ្តាលយប់ក៏មាន ហើយពេលខ្លះនាងមិនមកផ្ទះវិញពេញមួយបន្ទាប់ពីអន់ចិត្តនិងខឹងបែបនេះហើយ ប៉ុន្តែលើកនេះនាងសង្ឃឹមថាកូនស្រីរបស់នាងមិនប្រព្រឹត្តសកម្មភាពដូច ហេអុីន ដោយទៅណាបាត់មួយយប់ឬមួយថ្ងៃបន្ទាប់ពីនិយាយប្រយោគនេះហើយនោះទេ ព្រោះបើកូនស្រីរបស់នាងធ្វើបែបនោះមែន នាងនឹងជឿសម្តីរបស់ រីកគី មុននេះមួយរយភាគរយថាអ្នកដែលនៅក្នុងរាងកាយ អារ៉ាន់ ពេលនេះជា ហេអុីន ។

♡ប្តូរកាយវង្វេងស្នេហ៍♡ (ចប់)Where stories live. Discover now