ប្តូរកាយវង្វេងស្នេហ៍(៣៥)

227 3 0
                                        

“ ទំនាក់ទំនងដែលអស់សង្ឃឹម ”

  ការរងចាំនរណាម្នាក់ពិតជាមិនងាយស្រួលនោះទេ ជាពិសេសចំពោះមនុស្សដែលយើងស្រលាញ់ រីកគី អង្គុយនៅហាងកាហ្វេសម្លឹងផ្លូវចូលផ្ទះរបស់ ហេអុីន មិនដាក់ភ្នែក ភាពអន្ទះសារនិងចិត្តនឹករលឹកកំពុងតែវាយលុកចិត្តរបស់គេរៀងរាល់វិនាទី។ មួយនាទីសម្រាប់គេមានអារម្មណ៍ដូចជាម៉ោងហើយមួយម៉ោងមានអារម្មណ៍ដូចជាឆ្នាំ គេក្រឡេកមើលអេក្រង់ទូរស័ព្ទដែលដាក់នៅលើតុរៀងរាល់វិនាទីរងចាំការឆ្លើយតបពីនាង ប៉ុន្តែគេមិនទទួលបានអ្វីសោះ ទើបចិត្តរបស់គេកាន់តែអន្ទះសារលើសដើម។ តើនាងទៅណា? តើនាងកំពុងធ្វើអ្វី? គេពិតជាចង់ដឹងខ្លាំងណាស់។
  តុកៗ
  សំឡេងគោះកញ្ចក់ហាងធ្វើឲ្យគេដកភ្នែកពីទូរស័ព្ទហើយសម្លឹងទៅក្មេងប្រុសដែលឈរនៅខាងក្រៅហាងចំពីមុខរបស់គេ ព្រោះគេអង្គុយនៅតុដែលបែរទៅខាងមុខហាង ដោយសារតែជញ្ជាំងជាកញ្ចក់ទើបគេអាចមើលឃើញទិដ្ឋភាពផ្លូវដ៏មមាញឹកនិងមនុស្សម្នាដែលដើរទៅមកតាមចិញ្ចើមផ្លូវកាត់មុខហាងយ៉ាងច្បាស់។
   « ឯងចង់ឲ្យខ្ញុំជួយទិញផ្កាកុលាបរបស់ឯងមែនទេ? » រីកគី មើលតាមទឹកមុខនិងកាយវិការរបស់ក្មេងដែលលើកបាច់ផ្កាដែលមានកុលាបប៉ុន្មានទងបង្ហាញគេ។ គេមិនដឹងថាក្មេងនៅខាងក្រៅអាចស្តាប់គេបានឬអត់ទេ ព្រោះតែជញ្ជាំងកញ្ចក់ដែលរារាំងសំឡេង ប៉ុន្តែក្មេងនោះស្រាប់តែងក់ក្បាល ប្រហែលគេក៏វិភាគតាមបបូរមាត់និងកាយវិការរបស់គេដូចគ្នា។ រីកគី ក្រោកចេញពីតុដើរទៅកាន់មាត់ទ្វា ហើយក្មេងប្រុសនោះក៏ប្រញាប់កាន់បាច់ផ្កាកុលាបទំហំតូចជាបាច់ចុងក្រោយដែលនៅសល់មកហុចឲ្យគេនៅមាត់ទ្វាហាងកាហ្វេភ្លាម ទើបគេហុចលុយទៅឲ្យក្មេងប្រុសហើយទទួលយកបាច់ផ្កាជាមួយស្នាមញញឹម គេបានអង្អែលក្បាលក្មេងប្រុសដែលឱនអរគុណគេដោយក្តីស្រលាញ់ មុននឹងក្មេងប្រុសលក់ផ្ការត់ចេញទៅ។ គេកាន់បាច់ផ្កាក្នុងដៃហើយចិត្តរបស់គេក៏នឹកឃើញដល់នារីដែលស្រលាញ់ភ្លាម ផ្កាស្រស់ស្អាតបែបនេះសាកសមបំផុតសម្រាប់មនុស្សស្រីពិសេសក្នុងបេះដូងរបស់គេដូចជានាង។ កំពុងតែឈរញញឹមសុខៗគេក៏ក្រឡេកភ្នែកទៅផ្លូវបានឃើញមុខរបស់នាងតាមកញ្ចក់ឡានដែលបើកចូលទៅភូមិគ្រឹះលោកតា សាន់ហ៊ូ។
   « ហេអុីន » គេរហ័សរត់ទៅកាន់ម៉ូតូរបស់គេដែលនៅចិញ្ចើមផ្លូវ។ គេដាក់ផ្កានៅលើម៉ូតូហើយយកមួកមកពាក់មុននឹងឡើងលើម៉ូតូហើយបើកចេញទៅដោយដៃម្ខាង ព្រោះដៃម្ខាងទៀតរបស់គេជាប់កាន់បាច់ផ្កាសម្រាប់នាង។
   ង៉ក់!
   រីកគី ឈប់ម៉ូតូនៅចម្ងាយប្រហែលដប់ម៉ែត្រពីក្រោយឡានដែលឈប់នៅមាត់របងភូមិគ្រឹះលោកតា សាន់ហ៊ូ ទម្រង់ជាឡានមួយគ្រឿងនេះគ្រាន់តែជូននាងមកប៉ុណ្ណោះ  ទើបឈប់នៅខាងក្រៅ។ គេដោះមួកចេញហើយចុះពីលើម៉ូតូឈរមើលពីស្ថានភាពទាំងមូលពីចម្ងាយ។
   “ អរគុណដែលជូនមក ថេហ៊ូ ”
   “ មិនអីទេ ថ្ងៃច័ន្ទជួបគ្នា ” ថេហ៊ូ និយាយហើយក៏ឡើងឡានរបស់គេវិញ។
   រីកគី ឈរកកមួយកន្លែងទាំងបេះដូងឈឺខ្ទោកៗពេលឃើញនាងចេញពីឡានរបស់ ថេហ៊ូ ដោយស្នាមញញឹមរីករាយ។ មើលទៅនាងនិងថេហ៊ូ មានពេលវេលាល្អជាមួយគ្នាខ្លាំងណាស់ ហើយមើលទៅស្និតស្នាលដូចជាគូស្នេហ៍អញ្ចឹង។ តើនាងនៅជាមួយ ថេហ៊ូ ពេញមួយថ្ងៃដែរទេ? តើនាងមិនតបសាររបស់គេព្រោះនាងរវល់ចំណាយពេលជាមួយអនាគតគូដណ្តឹងផ្លូវការមែនទេ?។
   ឡានរបស់ ថេហ៊ូ ចេញទៅបាត់ អារ៉ាន់ ងាកមករកច្រកចូលផ្ទះវិញ ប៉ុន្តែក៏បានប្រទះនឹងរូបរាងអស់សង្ឃឹមរបស់ រីកគី ដែលឈរក្បែរម៉ូតូរបស់គេទាំងមានបាច់ផ្កាកុលាបនៅក្នុងដៃកាន់ទម្លាក់ចុះក្រោមស្ទើរតែដល់ដី។
   « រីកគី » នាងហៅឈ្មោះគេស្ទើរតែខ្សឹប បេះដូងរបស់នាងលោតឡើងដោយក្តីបារម្ភមួយរំព្រិច ទោះនាងនៅតែខឹងនឹងគេជាមួយរឿងកាលពីយប់មិញ ប៉ុន្តែពេលនេះនាងពិតជាភ័យខ្លាចគេឈឺចាប់ព្រោះតែយល់ច្រឡំទំនាក់ទំនងរបស់នាងជាមួយ ថេហ៊ូ ខ្លាំងណាស់។
   គេដកដង្ហើមធំសម្រួលអារម្មណ៍ហើយដើរចូលមករកនាងជាមួយទឹកមុខសោកសៅ។
   « បងសុំទោសចំពោះរឿងកាលពីយប់មិញ ហេអុីន » គេហុចបាច់ផ្កាឲ្យនាងទាំងមិនហ៊ានសម្លឹងមុខរបស់នាងចំ ព្រោះគេមិនចង់ឲ្យនាងបានឃើញកែវភ្នែកសោកសៅរបស់គេនោះទេ។ គេចាប់ផ្តើមអស់សង្ឃឹមនឹងទំនាក់ទំនងមួយនេះក្រោយបានឃើញនាងញញឹមរីករាយជាមួយ ថេហ៊ូ ហើយប្រហែលមិនយូរទៀតទេ គេនឹងបាត់បង់នាងទៅឲ្យ ថេហ៊ូ ។
    « ហេតុអ្វីក៏បងមិនផ្ញើរសារឬក៏ខលមកប្រាប់អូនបន្តិចថាបងចង់រំសាយការណាត់របស់ពួកយើង? ដឹងទេថាអូនបារម្ភប៉ុណ្ណា? អូននៅរងចាំបងរាប់ម៉ោង អូនព្យាយាមគ្រប់មធ្យោបាយដើម្បីទាក់ទងទៅបងព្រោះតែបារម្ភខ្លាចមានរឿងមិនល្អកើតឡើងចំពោះបង ប៉ុន្តែចុងក្រោយអូនបែរជាដឹងថាបងកំពុងរឹករាយជាមួយមិត្តនៅក្នុងក្លឹបទៅវិញ អូនមានអារម្មណ៍ថាខ្លួនឯងគ្មានតម្លៃសម្រាប់បងទៀតទេ អូនខឹង អូនអន់ចិត្ត អូនមិនដែលចង់ហាមឃាត់ជីវិតរបស់បងទេ គ្រាន់តែអូនចង់ឲ្យបងស្មោះត្រង់នឹងអូន រីកគី » នាងស្រែកដាក់គេទាំងកែវភ្នែករលីងរលោង កំហឹងនិងភាពឈឺចាប់ទាំងប៉ុន្មានកាលពីយប់មិញត្រឡប់មករកនាងវិញទាំងអស់ ពេលគេនិយាយពាក្យសុំទោសមកកាន់នាង ធ្វើឲ្យនាងភ្លេចអស់អំពីការព្រួយបារម្ភមុននេះ។
    « សុំទោស » គេទម្លាក់ដៃដែលហុចបាច់ផ្កាឲ្យនាងមុននេះចុះហើយឱនមុខសម្លឹងដីព្យាយាមទប់ទឹកភ្នែកដែលចង់ស្រក់ចុះមកគ្រប់ពេល គេពិតសោកស្តាយខ្លាំងណាស់ពេលដឹងថានាងខឹងនិងឈឺចាប់ដោយសារទង្វើល្ងង់ខ្លៅរបស់គេខ្លាំងប៉ុណ្ណា។ បើនាងទ្រាំនឹងគេលែងបានហើយចាកចេញទៅរក ថេហ៊ូ ក៏គេមិនបន្ទោសនាងដែរ ព្រោះគេជាមិត្តប្រុសមិនល្អ ជាមនុស្សបង្កបញ្ហា នាងសមនឹងបានមនុស្សល្អប្រសើរជាងគេ នាងសមនឹងមនុស្សដែលធ្វើឲ្យនាងរីករាយដូចជា ថេហ៊ូ។
    « អូនមិនត្រូវការពាក្យសុំទោសទេ អូនត្រូវការឲ្យបងប្រាប់អូនពីហេតុផលដែលបងធ្វើបែបនេះ រីកគី » នាងសម្លឹងអ្នកដែលឈរនៅចំពោះមុខទាំងទឹកភ្នែកស្រក់មកលើថ្ពាល់មិនឈប់ទោះនាងខំប្រឹងលើកដៃជូតចេញម្តងហើយម្តងទៀតក៏ដោយ។ នាងចង់ដឹងថាគេកំពុងគិតអ្វី? នាងចង់ដឹងថាគេនៅស្រលាញ់នាងទៀតដែរទេ? នាងចង់ឲ្យគេនិយាយគ្រប់យ៉ាងនៅក្នុងចិត្តរបស់គេប្រាប់នាងដូចដែលគេធ្លាប់ធ្វើពីមុនមក? នាងមិនចង់ឲ្យគេនៅស្ងាត់បែបនេះហើយធ្វើឲ្យនាងចេះតែស្មានផ្តេសផ្តាសពីចិត្តរបស់គេទេ។
    «...» គេព្យាយាមហារមាត់ពីរបីដង ប៉ុន្តែគ្មានពាក្យអ្វីចេញពីមាត់របស់គេឡើយ គេក៏មិនអាចប្រឈរមុខនឹងនាងបានដដែល គេមិនដឹងថាគួរប្រាប់នាងពីត្រង់ណា ។ បើគេប្រាប់នាងថាគេធ្វើបែបនោះព្រោះតែឃើញនាងស្និតស្នាលនឹង ថេហ៊ូ ហើយធ្វើឲ្យគេខឹងនឹងនាងព្រោះភ័យខ្លាចបាត់បង់នាង នោះនឹងធ្វើឲ្យនាងគិតថាគេមិនទុកចិត្តនាង ហើយស្ថានភាពអាចនឹងកាន់តែអាក្រក់លើសដើម គេចង់ស្មោះត្រង់ចំពោះនាងនិងអារម្មណ៍ខ្លួនឯង តែគេពិតជាកំសាកនៅពេលនេះ ។ គេស្រលាញ់នាងខ្លាំងពេកហើយតែងតែភ័យខ្លាចបាត់បង់នាងទៅដោយសារតែគ្រួសារនាងមិនដែលពេញចិត្តគេ ដូច្នេះហើយទើបគេតែងតែព្រួយបារម្ភហួសហេតុ។
   « និយាយជាមួយអូនពេលបងត្រៀមខ្លួនរួច រីកគី » នាងឃើញថាគេមិនព្រមនិយាយអ្វីសោះ ទើបនាងដឹងថាគេមិនទាន់ត្រៀមខ្លួនដើម្បីនិយាយជាមួយនាងនោះទេ ទើបនាងទុកពេលឲ្យគេត្រៀមខ្លួនឲ្យរួចរាល់ ហើយចាំមកនិយាយជាមួយនាងនៅពេលក្រោយ ។ នាងរហ័សដើរឆ្លងកាត់របងភូមិគ្រឹះដ៏មហិមាចូលទៅក្នុងផ្ទះទាំងក្តាប់ដៃណែនទប់ទល់នឹងភាពឈឺចាប់នៅក្នុងទ្រូង មុននេះនាងពិតជាចង់ឱបគេហើយលួងលោមគេហើយប្រាប់គេថាមិនអីទេ នាងនឹងអភិទោសឲ្យគេទោះបីជាគេមិននិយាយគ្រប់យ៉ាងប្រាប់នាងក៏ដោយ ប៉ុន្តែភ្លាមៗនាងស្រាប់តែនឹកឃើញដល់លក្ខខណ្ឌដែលលោកតា សាន់ហ៊ូ បានដាក់ឲ្យនាង។ ដើម្បីជួយក្រុមហ៊ុនលោកប៉ារបស់ រីកគី បាន នាងត្រូវតែយល់ព្រមភ្ជាប់ពាក្យជាមួយ ថេហ៊ូ ហើយមុននិងក្រោយនាងនឹងត្រូវបង្ខំចិត្តបែកគ្នាជាមួយគេ ដូច្នេះហើយលើកនេះជាឱកាសល្អបំផុតដើម្បីរុញច្រានគេឲ្យទៅឆ្ងាយពីនាង។ ម្យ៉ាងទៀតពេលដែលនាងនៅហាងកាហ្វេជាមួយ ថេហ៊ូ មុននេះ គេក៏បានប្រាប់នាងថាគេមិនអាចបញ្ចុះបញ្ចូលឲ្យលោកតារបស់នាងប្តូរចិត្តបានទេគេបានសុំទោសនាងដែលមិនអាចជួយអ្វីនាងបាន ហើយនាងក៏មិនបន្ទោសគេដែរ ហើយពេលនេះនាងមិនអាចធ្វើអ្វីបានក្រៅពីចាកចេញពី រីកគី មុនពេលកំណត់។

♡ប្តូរកាយវង្វេងស្នេហ៍♡ (ចប់)Where stories live. Discover now