ប្តូរកាយវង្វេងស្នេហ៍(៣៦)

211 4 0
                                        

  “ កំហឹងនិងភាពឈឺចាប់ ”

ង៉ក់!
ឡានទំនើបឈប់នៅមុខច្រកចូលសាលាតាមទម្លាប់ ខណៈ អារ៉ាន់ ស្ពាយកាតាបលើស្មាចេញពីក្នុងឡានចូលទៅក្នុងសាលាដោយទទួលបានការចាប់អារម្មណ៍ពីសិស្សដទៃដូចរាល់ដង ខុសតែត្រង់ថាថ្ងៃនេះលើមុខរបស់នាងពេញដោយភាពសោកសៅក្រៀមស្រពោនហើយភ្នែករបស់នាងបង្ហាញយ៉ាងច្បាស់ពីភាពនឿយហត់ ពិតមែនហើយយប់មិញនាងពិតជាមិនបានគេងទេហើយយំពេញមួយយប់ដោយសារតែការពិតដែលនាងកំពុងតែចាកចេញពីមនុស្សដែលនាងស្រលាញ់។ ពេលមកដល់ថ្នាក់រៀននាងក៏ត្រូវផ្អាកដំណើរបន្តិច ព្រោះអ្នកដែលដើរមកពីផ្លូវម្ខាងទៀត នាងបានឃើញគេហារមាត់ប្រុងនិយាយអ្វីមួយប៉ុន្តែនាងមិនផ្តល់ឱកាសឲ្យគេបាននិយាយអ្វីឡើយហើយក៏ប្រញាប់ចូលទៅក្នុងថ្នាក់អង្គុយនៅតុរបស់នាងភ្លាម។ នាងឱនមុខចុះរើសៀវភៅចេញពីកាតាបរៀនដោយព្យាយាមមិនមើលរាងក្រាស់ដែលដើរឆ្លងកាត់តុរបស់នាងទៅកាន់តុរបស់គេឡើយ រហូតគេទៅផុតទើបនាងងើបមុខឡើងវិញ។
   « ហេអុីន វិញ្ញាសារនិងកំណែសម្រាប់ការប្រឡងនៅសប្តាហ៍ក្រោយនឹងត្រូវផ្តល់ឲ្យយើងនៅល្ងាចនេះ ដូច្នេះល្ងាចនេះយើងនឹងជួបជុំគ្នាម្តងទៀតនៅក្លឹបសិក្សាពិសេស » ដាអេ អង្គុយនៅជាប់នាងដើម្បីរាយការណ៍ព័ត៌មានពីក្លឹបសិក្សាពិសេសដោយទឹកមុខរីករាយ។
   « តើល្ងាចនេះគេមកទេ? » អារ៉ាន់ មិនបាច់បញ្ជាក់ឲ្យច្បាស់ថានាងចង់សំដៅដល់អ្នកណា ក៏ ដាអេ អាចយល់បានដែរ។
   « ខ្ញុំក៏មិនដឹងដែរ មានអារម្មណ៍ថាមួយរយៈនេះគេកំពុងតែព្យាយាមដកខ្លួនចេញពីពួកយើង »
   អារ៉ាន់ ពិតជាចង់សួរ ដាអេ ត្រង់ៗថាអនុប្រធានក្លឹបម្នាក់នោះជានរណាខ្លាំងណាស់ ប៉ុន្តែនាងខ្លាចធ្វើឲ្យ ដាអេ លែងទុកចិត្តនាងហើយចាប់ផ្តើមងាកទៅរកក្រុមរបស់អនុប្រធានក្លឹបវិញហើយពួកគេចាប់ផ្តើមលាក់បាំងគ្រប់យ៉ាងពីនាងម្តងទៀត។
   « មិនអីទេ ខ្ញុំនឹងរងចាំរហូតគេសម្រេចចិត្តថាបង្ហាញខ្លួន » អារ៉ាន់ និយាយចប់គ្រូក៏ចូលមកល្មម ទើបនាងផ្តោតទៅលើការសិក្សាវិញ។

    ម៉ោងអាហារថ្ងៃត្រង់

    រីកគី កាន់ថាសអាហារក្នុងដៃហើយព្យាយាមចោលភ្នែករបស់មើលមិត្តស្រីរបស់គេ ប៉ុន្តែគ្មានស្រមោលរបស់នាងសោះ នាងរំលងអាហារម្តងទៀត។ ហេតុអ្វីបានជាមួយរយៈនេះនាងចេះតែរំលងអាហារ? ហើយថែមទាំងធ្វើអ្វីលាក់លៀមទៀតផង លើកមុនពេលនាងប្រាប់គេថានាងនៅធ្វើលំហាត់ក្នុងថ្នាក់អំឡុងពេលម៉ោងអាហារនោះ គេដឹងថានាងកុហកព្រោះពេលនោះគេបានចេញពីអាហារដ្ឋានទៅរកនាងនៅក្នុងថ្នាក់ប៉ុន្តែមិនបានឃើញនាងទេ តើនាងកំពុងតែចាប់ផ្តើមធ្វើរឿងមិនល្អដូចពីមុនទៀតមែនទេ? តើនាងនៅតែជា ហេអុីន ដែលគិតតែពីខ្លួនឯងដូចពីមុនមែនទេ? តើទង្វើល្អដែលគេឃើញពីនាងមួយរយៈមកនេះជាការបោកប្រាស់មែនទេ?។
   « រីកគី អង្គុយជាមួយខ្ញុំបានទេ? »
   សំឡេងរបស់ យេរីន បំបែកគេចេញពីគំនិតផ្តេសផ្តាសហើយធ្វើឲ្យគេងាកមកប្រឈរមុខនឹងស្រីក្រមុំដែលឈរនៅជិតគេវិញ។ នាងបានដាក់ថាសអាហាររបស់នាងនៅលើតុក្បែរនោះរួចហើយក៏មកអូសដៃគេឲ្យទៅអង្គុយតុជាមួយនាង ដោយខ្ចិលប្រកែក គេក៏ទៅតាមការអូសទាញរបស់នាងហើយអង្គុយតុជាមួយនាង ប៉ុន្តែគេមិនអង្គុយជិតនាងទេ គេជ្រើសរើសកៅអីនៅទល់មុខនាងជំនួសវិញ ហើយសំណាងល្អដែល យេរីន មិនទាមទារឲ្យគេអង្គុយជិតនាង ទើបគេមិនចាំបាច់ប្តូរតុផ្សេងទៀត។
    « ឈ្លោះគ្នាជាមួយ ហេអុីន មែនទេ? »
    « មិនមែនជារឿងរបស់នាងទេ » គេឆ្លើយតបទាំងមិនសម្លឹងមុខរបស់នាង។
    « ហេអុីន មានការចងចាំឡើងវិញហើយ រីកគី ដឹងទេ? »
    សម្តីររបស់ យេរីន ធ្វើឲ្យគេផ្អាកដៃដែលកាយសម្លរក្នុងថាសអាហារហើយងើយសម្លឹងមុខរបស់ យេរីន ស្វែងរករឿងរ៉ាវទាក់ទងនឹង ហេអុីន បន្ថែមទៀតពី យេរីន។ ហេអុីន មានការចងចាំឡើងវិញហើយហេតុអ្វីនាងមិនប្រាប់គេ? នោះហើយជាមូលហេតុដែលនាងលាក់លៀមមួយរយះនេះមែនទេ?។
    « នាងមិនប្រាប់លោកទេឬ? » យេរីន សួរគេដោយស្នាមញញឹមចំអក ទើបគេដឹងថា យេរីន កំពុងតែព្យាយាមធ្វើឲ្យគេមានអារម្មណ៍មិនល្អចំពោះ ហេអុីន។
    « ខ្ញុំគិតថាខ្ញុំត្រូវប្តូរតុ » រីកគី និយាយហើយក៏កាន់ថាសរបស់គេហើយក្រោកឈរឡើងដើម្បីចាកចេញពី យេរីន ប៉ុន្តែពាក្យសម្តីបន្តរបស់ យេរីន ធ្វើឲ្យគេផ្អាកដំណើរ។
    « ហេអុីននិងថេហ៊ូ នឹងភ្ជាប់ពាក្យជាមួយគ្នាឆាប់ៗខាងមុខនេះ »
     គេកកមួយកន្លែងហើយក្តាបថាសអាហារក្នុងដៃណែនទាំងតក់ស្លុត មិនជឿលើរឿងដែល យេរីន ព្យាយាមប្រាប់គេនៅពេលនេះ។
     ផាំង!
     រីកគី ទម្លាក់ថាសអាហារនៅលើតុមួយទំហឹងបង្កសំឡេងផ្អើលដល់សិស្សក្នុងអាហារដ្ឋានឲ្យងាកមកសម្លឹងគេនិងយេរីន គ្រប់គ្នា។ រីកគី ខាំថ្គាមណែនរហូតលេចសរសៃរនៅលើថ្ងាសរបស់គេ ដៃមាំលេចសរសៃរវាមច្រត់នៅលើផ្ទៃតុពីមុខរាងស្តើងដែលញ័រខ្លួនភ័យខ្លាចព្រោះកាយវិការហិង្សារបស់គេ។
     « នាងបានដឹងរឿងនោះមកពីណា? » រីកគី សួរដោយសំឡេងតិចតែជ្រៅគួរឲ្យខ្លាច ហើយគេកំពុងសម្លឹងមុខរបស់នាងដូចជាចង់ស៊ីសាច់នាងទាំងរស់ ។
     « គឺ...គឺ...» យេរីន ញ័រខ្លួនពេលត្រូវ រីកគី គំរាមគំហែងនាងបែបនេះ។
     « ឆាប់និយាយមក! » គេស្រែកគំហកដាក់នាងខ្លាំងៗធ្វើឲ្យនាងកាន់តែញ័រហើយក៏ធ្វើឲ្យសិស្សផ្សេងទៀតងាកមកសម្លឹងគេម្តងទៀតដោយទឹកមុខតក់ស្លុត។
     « គឺខ្ញុំបានទទួលសារពីអ្នកម៉ាក់មុននេះប្រាប់ឲ្យខ្ញុំត្រៀមឈុនសម្រាប់ពិធីភ្ជាប់ពាក្យរបស់ពួកគេទាំងពីរ ខ្ញុំគិតថាព័ត៌មានមានកំពុងតែចែកចាយពេញមនុស្សក្នុងសម្ព័ន្ធ សាន់ហ៊ូ នៅពេលនេះ » យេរីន និយាយប្រាប់ រីកគី ទាំងញ័រទទ្រើក។
     រីកគី ឈរពេញកម្ពស់ជាមួយទឹកមុខពេញដោយកំហឹងនិងភាពឈឺចាប់ គេចាប់ផ្តើមក្រឡេកភ្នែកមើលជុំវិញខ្លួនហើយពេលសម្គាល់ឃើញសិស្សដែលហាក់ដូចជាមានឪពុកម្តាយធ្វើការឲ្យសាន់ហ៊ូគ្រុបកំពុងតែចុចទូរស័ព្ទរបស់គេ រីកគី ក៏ស្ទុះទៅឆក់យកទូរស័ព្ទនោះមកពិនិត្យមើលសារភ្លាម។
    ” សំណព្វចិត្តរបស់ម៉ាក់ ដឹងទេថា ហេអុីននិងរៀបការជាមួយ ថេហ៊ូ ហើយតំណែងអនាគតអ្នកស្នងមរតករបស់នាងលែងមានហានិភ័យទៀតហើយចាប់ពីពេលនេះតទៅ កូនត្រូវតែចូលទៅជិតនាងបន្តទៀតហើយយកចិត្តនាងឲ្យបានច្រើនណា ចេញពីរៀនម៉ាក់នឹងនាំកូនទៅមើលឈុនសម្រាប់ចូលរួមពិធីជាមួយគ្នា ”
     រីកគី ក្តាប់ទូរស័ព្ទណែនដៃហើយប្រុងបោកចោលភ្លាមៗក្រោយបានឃើញអត្ថបទពីម៉ាក់របស់សិស្សម្នាក់នោះហើយ។
    « រីកគី កុំបោកទូរស័ព្ទខ្ញុំអី »
    សិស្សប្រុសពាក់វ៉ែនតាដែលជាម្ចាស់ទូរស័ព្ទសុំអង្វរ រីកគី ធ្វើឲ្យ រីកគី សម្លឹងមុខគេហើយញញឹមយ៉ាងអាក្រក់ ហើយគេក៏លើកដៃដែលក្តាប់ទូរស័ព្ទឡើងចង់បោកចោល ប៉ុន្តែសំឡេងមួយបានផ្អាកគេ។
    « មានរឿងអី? » ថេហ៊ូ ស្រែកមកពីចម្ងាយពេលឃើញក្នុងអាហារដ្ឋានមានបញ្ហាកំពុងកើតឡើង ហើយក្នុងនាមគេជាប្រធានសាលាគេត្រូវតែមើលការខុសត្រូវបញ្ហានេះ។
    រីកគី រុញទូរស័ព្ទទៅឲ្យសិស្សប្រុសពាក់វ៉ែនតាវិញហើយក៏ក្តាប់ដៃណែនដើរយ៉ាងលឿនទៅរក ថេហ៊ូ វិញ។
    « មាន...»
    ឌឹប!
    ថេហ៊ូ ត្រូវបានកាត់ដោយកណ្តាប់ដៃធ្ងន់របស់ រីកគី ដាល់គេចំថ្ពាល់ធ្វើឲ្យគេដួលទៅលើកម្រាលឥដ្ឋទាំងមានឈាមនៅលើគែមមាត់។ គេជូតឈាមនឹងខ្នងដៃហើយប្រុងក្រោកឡើងតែក៏ត្រូវ រីកគី អង្គុយពីលើគេហើយចាប់ផ្តើមដាល់មុខគេដោយកណ្តាប់ដៃធ្ងន់ៗម្តងទៀត ទើបគេត្រូវលើកដៃការពារហើយវាយបកទៅវិញ។
    « ចង្រៃយ៍! » រីកគី ត្រូវបានកំហឹងនិងភាពឈឺចាប់គ្រប់គ្រងទាំងស្រុង គេមានអារម្មណ៍ថាត្រូវក្បត់និងបោកប្រាស់ជាយ៉ាងខ្លាំង។ គេពិតជាឈឺចាប់និងខឹងខ្លាំងណាស់ពេលគិតថានារីដែលខ្លួនឯងស្រលាញ់កំពុងតែបោកប្រាស់គេ ប៉ុន្តែគេមិនអាចបញ្ចេញកំហឹងទាំងនេះទៅលើនាងបានទេ ទើបគេបញ្ចេញទៅលើមនុស្សម្នាក់ទៀតដែលលួចនាងពីគេទៅ មនុស្សដែលគេគិតថាជាមូលហេតុដែលនាងបោកប្រាស់គេ។ ដូច្នេះអ្វីដែលគេឃើញនៅក្នុងថ្នាក់កាលពីថ្ងៃមុនគឺជាការពិតដែល ថេហ៊ូនិងហេអុីន កំពុងតែក្បត់គេ ពួកគេរួមដៃគ្នាធ្វើឲ្យគេខ្លាចជាមនុស្សល្ងង់។
    « ឈប់! ឈប់ភ្លាម! » លោកគ្រូស្រែកខ្លាំងៗហើយព្យាយាមទាញរាងក្រាស់ទាំងពីរចេញពីគ្នា។
    រីកគី លើកដៃជូតបបូរមាត់ដែលហូរឈាមទាំងកែវភ្នែកពេញដោយកំហឹងសម្លឹងមុខរបស់ ថេហ៊ូ ដែលបែកមុខបែកមាត់ដូចគេដែរនោះ គេនៅមិនទាន់សមចិត្តចំពោះរបួសលើមុខរបស់ ថេហ៊ូ នៅឡើយ ព្រោះរបួសត្រឹមប៉ុណ្ណោះនៅស្ទើរខ្លាំងណាស់បើប្រៀបនឹងការឈឺចាប់នៅក្នុងបេះដូងរបស់គេនាពេលនេះ ប៉ុន្តែគេមិនអាចប្រយុទ្ធបានទៀតទេ ព្រោះគ្រូបួនប្រាំនាក់កំពុងតែនៅទីនេះរួចហើយ។
    « ទៅការិយាល័យរបស់ខ្ញុំ » លោកគ្រូបន្ទុកថ្នាក់ស្រែកឡើងដោយកំហឹងហើយលោកគ្រូ មីនយ៉ុង ក៏រុញខ្នងពួកគេទាំងពីរឲ្យដើរចេញពីអាហារដ្ឋាន។

♡ប្តូរកាយវង្វេងស្នេហ៍♡ (ចប់)Where stories live. Discover now