ប្តូរកាយវង្វេងស្នេហ៍(៤៤)

222 2 0
                                        

  “ ពិធីភ្ជាប់ពាក្យ ”

  ក្លិនគ្រឿងសម្អាតភាយចូលពេញច្រមុះរបស់រាងស្តើងដែលស្លៀករ៉ូបពណ៌សបើកចំហរស្មាតូចស្រស់ស្អាតអង្គុយនៅមុខកញ្ចក់កំពុងត្រូវរុំព័ន្ធដោយអ្នកផាត់មុខសម្រាប់កម្មវិធីភ្ជាប់ពាក្យនៅថ្ងៃនេះ។
   “ នៅខាងក្នុងពិធីមានអ្នកសារព័ត៌មានច្រើនណាស់ ” សំឡេងអ្នករៀបចំសម្លៀកបំពាក់នៅចំហៀងបន្ទប់ជជែកគ្នាដោយក្តីរំភើបមុនពេលទ្វាខាងមុខបើក បង្ហាញបុគ្គលិកម្នាក់ទៀត។
    « លោកប្រធានឲ្យមកសួរថារួចរាល់ហើយឬនៅ? ព្រោះលោកចង់ឲ្យអ្នកនាង ហេអុីន ចុះទៅទទួលភ្ញៀវជាមួយកូនកំលោះនៅក្នុងកម្មវិធី »
    « កំពុងតែរួចរាល់ហើយ » អ្នកផាត់មុខឆ្លើយតបជាមួយបុគ្គលិកនៅមាត់ទ្វាហើយចាប់បន្ថែមក្រែមលើបបូរមាត់តូចរាងបេះដូងជាលើកចុងក្រោយ មុននឹងដកខ្លួនចេញទៅឈរចំហៀងជាមួយស្នាមញញឹម។
    « រួចរាល់ហើយអ្នកនាង »
    អារ៉ាន់ ក្រោកឈរពីកៅអីយ៉ាងលឿនហើយងាកដើរទៅមាត់ទ្វាជាមួយបុគ្គលិកដែលរងចាំដោយមិនចាំបាច់ត្រួតពិនិត្យការតុកតែងមុខដែលទើបនឹងធ្វើរួចនៅលើកញ្ចក់នោះទេ។ សំឡេងកែងស្បែកជើងបន្លឺតាមសាលទទេលាន់ខ្ទរប្រណាំងនឹងសំឡេងបេះដូងនៅក្នុងទ្រូងរបស់នាងរាល់វិនាទី បេះដូងរបស់នាងមិនមែនកំពុងលោតដោយក្តីរំភើបនោះទេ ប៉ុន្តែកំពុងលោតដោយក្តីព្រួយបារម្ភនិងភ័យខ្លាច។ នាងសង្ឃឹមថាគ្រប់យ៉ាងនៅយប់នេះនឹងដំណើរការទៅយ៉ាងល្អ នាងសង្ឃឹមថានាងនឹងភ្ញាក់ពីគេងនៅថ្ងៃស្អែកជាមួយនឹងរូបរាងពិនិត្យប្រាកដរបស់ខ្លួនឯង ហើយចាកចេញពីបញ្ហាទាំងអស់នៅក្នុងពេលនេះ។
   « អ្នកនាង ហេអុីន! »
   សំឡេងហៅរបស់បុគ្គលិកស្រីដែលដើរនាំផ្លូវនាងជួយទាញចិត្តដែលវង្វេងរបស់នាងឲ្យត្រឡប់មកពិភពលោកពិតវិញ ហើយនាងក៏បានឃើញថាខ្លួនឯងកំពុងឈរនៅក្នុងកម្មវិធីដែលមានមនុស្សអ៊ូអរដែលសុទ្ធសឹងជាអ្នកជំនួញដែលមានឥទ្ធិពល អ្នកខ្លះកំពុងតែឈរជជែកគ្នាពីរឿងជំនួញហើយអ្នកខ្លះកំពុងអួតពីភាពមានបានរបស់ខ្លួនឯង ចំណែកអ្នកខ្លះទៀតកំពុងតែចែចង់គ្នាជាមួយនឹងកែវស្រាក្នុងដៃ។ អារ៉ាន់ ដើរកាត់សំណើចនិងសំឡេងជជែកគ្នារបស់អ្នកជំនាញទៅរកគ្រួសាររបស់ ហេអុីន ពេលនាងចូលទៅដល់ក៏ឃើញថា ថេហ៊ូនិងក្រុមគ្រួសាររបស់គេក៏នៅទីនោះដែរ ទើបនាងប្រញាប់បន្ទន់ខ្លួនគោរពចាស់ទុំយ៉ាងគួរសម។
   « កូនក្រមុំរបស់យើងមកដល់ហើយ » លោកតា សាន់ហ៊ូ សើចសប្បាយពេលបានឃើញរូបរាងចៅស្រីក្នុងរ៉ូបពណ៌សហើយ ធ្វើឲ្យគ្រប់គ្នានៅជុំវិញនេះនាំគ្នាញញឹមដោយទឹកមុខមានសុភមង្គល។
   «  ថ្ងៃនេះ ហេអុីន របស់យើងស្អាតខ្លាំងណាស់ »  អ្នកម៉ាក់របស់ ថេហ៊ូ លាន់មាត់សរសើរនាងភ្លាម។
   « អរគុណ » នាងប្រញាប់អរគុណអនាគតម៉ាក់ក្មេកវិញភ្លាម។
    « ខ្ញុំគិតថាយើងគួរតែទុកឲ្យក្មេងៗនៅតែពីរនាក់ »  លោក ណាមឆុល ផ្តល់យោបល់ល្អហើយគ្រប់គ្នាក៏យល់ស្រប។
    « ថេហ៊ូ មើលថែ ហេអុីន ឲ្យល្អ » លោកប៉ារបស់ ថេហ៊ូ ងាកមកផ្ដាំកូនប្រុសជាលើកចុងក្រោយមុននឹងដើរចេញទៅជាមួយអ្នកដទៃឯទៀត។
    ថេហ៊ូ ឈរញញឹមបិទមាត់មិនជិតពេលមើលចាស់ទុំទាំងសងខាងដើរចេញទៅជាមួយគ្នាដោយទឹកមុខញញឹមសប្បាយចិត្តចំពោះពិធីភ្ជាប់ពាក្យរបស់គេនិងនាង។
    « សប្បាយចិត្តណាស់មែនទេ? »
    សំឡេងរបស់នាងធ្វើឲ្យគេងាកមករកនាងវិញទាំងផ្លាស់ប្តូរទឹកមុខយ៉ាងរហ័សព្រោះគេដឹងថានាងមិនសប្បាយចិត្តសម្រាប់ពិធីនេះទេ តែគេមិនអាចកុហកនាងបានទេថាគេមិនសប្បាយចិត្តនោះ ព្រោះគេពិតជាសប្បាយចិត្តសម្រាប់ពិធីនេះ ហើយគេមានអារម្មណ៍ខុសពេលឃើញនាងសោកសៅ។
    « សុំទោស » គេបង្ហាញទឹកមុខសុំទោសដាក់នាង តែនាងក៏លើកដៃទះស្មារបស់គេធានា។
    « មិនអីទេ លោកអាចសប្បាយចិត្តបាន ថេហ៊ូ » នាងញញឹមស្រាលៗដាក់គេហើយក៏ដកភ្នែកទៅសម្លឹងជុំវិញខ្លួនរបស់មើលនរណាម្នាក់វិញ។
     « ១៥នាទីទៀតនឹងមានការចាក់ផ្សាយវីដេអូទាក់ទងនឹងសាន់ហ៊ូគ្រុបមុនពេលពិធីបំពាក់ចិញ្ចៀនរបស់ពួកយើងប្រារព្ធឡើង ដូច្នេះចង់ទៅរកអ្វីញុំសិនទេ » ថេហ៊ូ សួរដោយក្តីបារម្ភ ទើបនាងងក់ក្បាលយល់ព្រម។

♡ប្តូរកាយវង្វេងស្នេហ៍♡ (ចប់)Where stories live. Discover now