“ ច្រណែន ”
ប្រូស!
រីកគី បោះកាតាបរៀនទៅលើឥដ្ឋហើយទម្លាក់ខ្លួនលើគ្រែគេងដោយភាពនឿយហត់ ការប្រឡងប្រចាំខែនឹងចូលមកដល់ឆាប់ៗប៉ុន្តែគេគ្មានអារម្មណ៍រៀននោះទេ។
ទីងៗ
សំឡេងសារលោតចូលមកបន្តបន្ទាប់ហើយពេលគេលើកទូរស័ព្ទមកបើកមើលក៏បានឃើញថាជាសារមកពីក្នុងគ្រុបក្លឹបសិក្សាពិសេសដែលដឹកនាំដោយ ហេអុីន អតីតមិត្តស្រីរបស់គេនោះ។ តាំងពីនាងប្រែប្រួលមកគេមិនដែលគិតថានាងនឹងត្រឡប់ទៅធ្វើរឿងបែបនោះម្តងទៀតទេ ប៉ុន្តែមើលទៅគេស្គាល់នាងតិចពេកហើយ នាងនៅតែជា ហេអុីន ពីមុនមិនដែលប្រែនោះទេ។ រីកគី ចុចលើពាក្យចាកចេញពីគ្រុបហើយក៏ទម្លាក់ទូរស័ព្ទចោលក្បែរខ្លួន គេលើកដៃគងថ្ងាសហើយគេងសម្លឹងពិដានដោយដកដង្ហើមធំរៀងរាល់នាទី។ ហេតុអ្វីគេបំភ្លេចនាងមិនបាន? ហេតុអ្វីពេលនេះគេមិនខឹងស្អប់នាងដូចជាប៉ុន្មានថ្ងៃមុន? ហេតុអ្វីក៏គេចេះតែបារម្ភនិងខ្វល់ខ្វាយពីនាងមិនឈប់?។
« រីកគី ឯងឆ្កួតហើយ » គេស្តីបន្ទោសខ្លួនឯងព្រោះគេខឹងនឹងខ្លួនឯងដែលនៅតែស្រលាញ់មនុស្សស្រីដែលក្បត់គេ។
ទីងៗ
សំឡេងរោទិ៍ពីទូរស័ព្ទដៃធ្វើឲ្យគេស្រវេស្រវ៉ាលើកមកដាក់ស្តាប់នឹងត្រចៀក។
« រីកគី ហេតុអ្វីក៏ចាកចេញពីគ្រុប? តើមិនចង់បានចម្លើយវិញ្ញាសាសម្រាប់ខែនេះទេឬ? » សំឡេងរបស់ យេរីន បន្លឺឡើងតាមរយះខ្សែទូរស័ព្ទ ពេញដោយភាពខ្វល់ខ្វាយពីគេ។
« ខ្ញុំមិនចង់នៅក្នុងគ្រុបនោះទៀតទេ ខ្ញុំធុញ យេរីន » គេត្រៀមដាក់ទូរស័ព្ទចុះប៉ុន្តែអ្នកម្ខាងទៀតក៏និយាយត។
« ខ្លាច ហេអុីន ដឹងមែនទេ? ខ្ញុំធានាថានាងមិនដឹងនោះទេ...មិនអីទេ ចាំខ្ញុំទាញលោកចូលម្តងទៀត »
« កុំអី យេរីន ខ្ញុំធុញទ្រាន់នឹងរឿងនោះពិតមែន ខ្ញុំមិនចង់នៅទីនោះទៀតទេ បានហើយខ្ញុំងងុយគេងហើយ » រីកគី និយាយចប់ក៏ប្រញាប់ចុចបិទការហៅរបស់ យេរីន ភ្លាម ហើយគេក៏ត្រឡប់មកគេងសម្លឹងពិដានដូចដើម ហើយយប់នេះនឹងក្លាយជាយប់មួយទៀតដែលគេងមិនលក់ព្រោះនឹកដល់នាង។
ការប្រឡងប្រចាំខែនឹងធ្វើឡើងនៅថ្ងៃនេះ មុនពេលសិស្សចូលទៅក្នុងបន្ទប់ប្រឡងលោកគ្រូបានធ្វើការត្រួតពិនិត្យតាមតុនីមួយៗដើម្បីប្រាកដថានឹងគ្មានការលាក់ក្រដាសចម្លើយនោះទេ។ ក្រោយពិនិត្យគ្រប់យ៉ាងនៅក្នុងបន្ទប់ប្រឡងរួចរាល់លោកគ្រូក៏ចាប់ផ្តើមឈរនៅមាត់ទ្វាពិនិត្យសិស្សម្នាក់ៗដែលចូលទៅក្នុងថ្នាក់ បន្ទាប់ពីសិស្សទាំងអស់ចូលទៅតុរៀងខ្លួនអស់ហើយ លោកគ្រូក៏ចាប់ផ្តើមចែកវិញ្ញាសាហើយពិតណាស់វិញ្ញាសាដូចគ្នាទាំងស្រុងនឹងវិញ្ញាសាដែលក្លឹបសិក្សាពិសេសទទួលបាន ពួកគេគ្រាន់តែសរសសេរចម្លើយដែលពួកគេទន្ទេញចាំដាក់លើកក្រដាសជាការស្រេច។
ការប្រឡងពេញមួយថ្ងៃត្រូវបានបញ្ចប់ហើយ អារ៉ាន់ ស្ពាយកាតាបដើរចេញពីសាលាដូចរាល់ដង ប៉ុន្តែមុនពេលចេញពីអគារសិក្សា នាងក៏បានជួបនឹង ហេអុីន ដែលឈររងចាំនាងនៅមាត់បន្ទប់ដែលពួកនាងជួបគ្នារាល់ដង។
« សូមអញ្ជើញ » ហេអុីន លើកដៃធ្វើសញ្ញាស្វាគមន៍នាងទៅកាន់បន្ទប់នោះ ទើបនាងរហ័សដើរចូលទៅជិតហើយបើកទ្វាចូលក្នុងបន្ទប់នោះយ៉ាងលឿន។
« ការប្រឡងបានបញ្ចប់ហើយ តោះយើងនិយាយគ្នាពីវិធីប្តូររាងកាយគ្នា » អារ៉ាន់ ដោះតាកាបចេញពីស្មាទុកនៅលើសាឡុនហើយនាងរហ័សអង្គុយចុះរងចាំ ហេអុីន ដើម្បីនិយាយគ្នា។
« មិនទាន់ដល់ពេលទេ »
« ស្អី? » អារ៉ាន់ លាន់មាត់ឡើងទាំងខឹង ព្រោះនាងមានអារម្មណ៍ថា ហេអុីន កំពុងតែប្រើនាងដើម្បីជាប្រយោជន៍។
« ពិធីភ្ជាប់ពាក្យជាមួយ ថេហ៊ូ គឺជាការបង្ហាញដល់សំខាន់ពីឥទ្ធិពលនិងអំណាចរបស់ខ្ញុំក្នុងនាមជាអ្នកស្នងមរតករបស់ សាន់ហ៊ូ គ្រុប ដូច្នេះរហូតដល់ពិធីចប់ទើបខ្ញុំព្រមផ្លាស់ប្តូររាងកាយជាមួយនាង » ហេអុីន និយាយឡើងខណៈពេលនាងឈរនៅមាត់បង្អួចសម្លឹងទិដ្ឋភាពដែលសិស្សកំពុងដើរចេញពីសាលារៀន។
« ឯងមិនខ្លាចខ្ញុំនៅក្នុងរូបរាងនេះជារៀងរហូតហើយមិនព្រមប្តូរជាមួយឯងវិញទេឬ? »
« ហិ...បើឯងគិតចង់នៅក្នុងរាងកាយរបស់ខ្ញុំរហូតមែន ឯងប្រហែលមិនមកសុំខ្ញុំឲ្យរកវិធីប្តូររាងកាយគ្នារាល់ថ្ងៃទេ ម្យ៉ាងទៀតខ្ញុំដឹងថាឯងចង់ប្រើរូបរាងកាយខ្លួនឯងដើម្បីជួបជាមួយ រីកគី ម្តងទៀត » ហេអុីន សើចចំអកនឹងសំណួររបស់ អារ៉ាន់ ហើយចាប់ផ្តើមនិយាយការពិតដែលនាងបានដឹងពីចិត្តគំនិត អារ៉ាន់ យ៉ាងច្បាស់។
« ពួកយើងអាចប្តូររាងកាយគ្នាបន្ទាប់ពីពិធីភ្ជាប់ពាក្យបញ្ចប់បានទេ? » អារ៉ាន់ ក្រោកឈរឡើងដើរចូលទៅជិត ហេអុីន ដោយបញ្ចេញសំឡេងដែលមិនអាចបដិសេធបានសួរទៅកាន់ ហេអុីន។
« ប៉ុន្តែ...»
« បើមិនយល់ព្រមទេ អញ្ចឹងខ្ញុំមិនទៅពិធីភ្ជាប់ពាក្យនោះទេ ខ្ញុំនឹងបំផ្លាញ់ពិធីភ្ជាប់ពាក្យនោះ » អារ៉ាន់ ចាប់ផ្តើមគំរាមបំផ្លាញ់ពិធីភ្ជាប់ពាក្យ ធ្វើឲ្យ ហេអុីន សម្លឹងមុខនាងដោយកែវភ្នែកមុតស្រួចពិបាកស្មាន។
« យល់ព្រម »
« អញ្ជឹងយើងអាចនិយាយពីវិធីប្តូររាងកាយគ្នាបានហើយឬនៅ? » អារ៉ាន់ ញញឹមដាក់ ហេអុីន ហើយក៏ដើរទៅអង្គុយលើសាឡុនវិញហើយលើដៃអញ្ជើញអ្នកដែលឈរសម្លឹងនាងឲ្យអង្គុយចុះដែរ។
« ដំបូងគិតពីពេលដែលយើងផ្លាស់ប្តូររាងកាយគ្នា ខ្ញុំនៅក្នុងឡានតាក់ស៊ីហើយនាងក៏បានបើកឡានទៅបុកចំពាក់កណ្តាលឡានតាក់ស៊ីនោះ ហើយពួកយើងក៏សន្លប់ពេលភ្ញាក់ឡើងក៏បានផ្លាស់ប្តូររាងកាយគ្នា អញ្ចឹងលើកនេះយើងនឹងបើកឡានបុកគ្នាម្តងទៀតមែនទេ? » អារ៉ាន់ សួរយោបល់ពី ហេអុីន។
« ឯងអាចបើកឡានបានទេ? » ហេអុីន សួរត្រឡប់មកវិញធ្វើឲ្យនាងលើកចិញ្ចើមឡើង។
« អត់...អត់ទេ ហេតុអ្វី? »
« នៅទីលានប្រណាំឡានដែលជាកម្មសិទ្ធិរបស់សាន់ហ៊ូគ្រុបគឺជាទីតាំងល្អបំផុត ឯងគួរតែបើកឡានទៅទីនោះដោយខ្លួនឯងបន្ទាប់ពីពិធីភ្ជាប់ពាក្យបានបញ្ចប់ ហើយខ្ញុំនឹងចាំនៅទីនោះ » ហេអុីន និយាយហើយក៏ក្រោកឈរឡើងយកកាតាបរបស់នាងមកស្ពាយលើស្មា។
« ប៉ុន្តែខ្ញុំមិនចេះបើកឡានទេ » អារ៉ាន់ ប្រញាប់ប្រាប់ ហេអុីន ច្បាស់ៗម្តងទៀតថានាងមិនចេះបើកឡាននោះទេ។
« គ្រាន់តែសុំជំនួយពីគូដណ្តឹងរបស់ឯង »
« តើប្រាកដទេ? »
« បើមានគេនៅទីនោះនឹងកាន់តែល្អ ព្រោះនឹងមានអ្នកហៅឡានពេទ្យឲ្យពួកយើងទាន់ពេល » ហេអុីន ញញឹមលេងសើចហើយក៏ដើរចេញទៅ។
YOU ARE READING
♡ប្តូរកាយវង្វេងស្នេហ៍♡ (ចប់)
Mystery / Thrillerសាលាវិទ្យាល័យ សាន់ហ៊ូ គឺជាវិទ្យាល័យលំដាប់លេខមួយក្នុងប្រទេសដែលមានតម្លៃសិក្សាថ្លៃបំផុត សិស្សដែលចូលរៀននៅសាលាមួយនេះភាគច្រើនសុទ្ធសឹងតែជាកូនអ្នកមានលំដាប់ប្រទេសឬក៏ជាសមាជិករបស់ក្រុមហ៊ុន សាន់ហ៊ូ គ្រុប ។ យូន អារ៉ាន់ ជាក្មេងកំព្រាក្រីក្រដែលមានបំណងប្រាថ្នាចង់បា...
