ប្តូរកាយវង្វេងស្នេហ៍(៥១)

47 4 0
                                    


“ ពិធីបណ្ដេញគ្រោះ ”

  រីកគីនិងអារ៉ាន់ កាន់ដៃគ្នាដើរត្រឡប់មកផ្ទះវិញដោយសុភមង្គល ពេលមកដល់ផ្ទះទ្វាខាងមុខផ្ទះបានបើកចំហរ ធ្វើឲ្យអ្នកទាំងពីរងាកមើលមុខគ្នាដោយភ័យព្រួយ ព្រោះពួកគេចាំបានច្បាស់ថាបានបិទទ្វាយ៉ាងត្រឹមត្រូវមុនពេលចាកចេញទៅ។
   រីកគី ទាញរាងស្តើងឲ្យមកនៅពីខាងក្រោយខ្នងរបស់គេ ហើយប្រញាប់ដើរយឺតៗចូលទៅជិតទ្វាផ្ទះយ៉ាងប្រុងប្រយ័ត្ន។
   ក្រាក!
   ទ្វាបើកចំហរធំជាងមុនពីកម្លាំងអ្នកខាងក្នុងធ្វើឲ្យ រីកគី ត្រៀមកណ្ដប់ដៃជាស្រេចដើម្បីវាយប្រហារអ្នកដែលលុកលុយផ្ទះរបស់គេ ប៉ុន្តែគេក៏ត្រូវផ្អាកវិញពេលបានឃើញថាជាអ្នកមីងរបស់គេ។
    « ឯងចង់ដាល់យើងមែនទេ? » អ្នកមីង ស៊ូហ៊ី សួរដោយទឹកមុខគ្មានកំហុសនិងលេងសើច។
    « អត់ទេ...ខ្ញុំគិតថាជាចោរ ប៉ុន្តែអ្នកមីងមកទីនេះរកពួកយើងមែនទេ? » រីកគី ដាក់ដៃចុះទាំងធូរស្រាលក្នុងចិត្តហើយសួរទៅអ្នកដែលឈរនៅមាត់ទ្វា។
    « តើរកវិធីផ្លាស់ប្តូររាងកាយឃើញហើយមែនទេ? » អារ៉ាន់ បន្ថែមមួយសំណួរទៀតទៅកាន់រាងចំណាស់រកតែរាងចំណាស់ឆ្លើយសំណួរមុនមិនទាន់។
     « ពិតមែនហើយយើងមករកពួកឯង ព្រោះតែមានដំណឹងល្អពីរមកប្រាប់ » អ្នកមីង ស៊ូហ៊ី និយាយឡើងពេលសម្លឹងមុខកំលោះក្រមុំទាំងពីរនាក់។
     « ដំណឹងអ្វី? » រីកគី សួរ។
     « ទីមួយដូចសំណួររបស់ អារ៉ាន់ ខ្ញុំរកឃើញតម្រុយខ្លះពីការផ្លាស់ប្តូររាងកាយគ្នា ហើយចំណែកទីពីរពួកឯងច្បាស់ជាមិននឹកស្មានដល់ទេថាខ្ញុំត្រូវបាន សាន់ហ៊ូ អញ្ជើញទៅធ្វើពិធីដេញគ្រោះចង្រៃនៅឯវិទ្យាល័យសាន់ហ៊ូ នៅថ្ងៃស្អែកនេះ »
      “ ថាម៉េច? ពិធីដេញគ្រោះចង្រៃ? ” រីកគីនិងអារ៉ាន់ លាន់មាត់ឡើងដំណាលគ្នា ដោយភ្ញាក់ផ្អើល។
      « ឆាប់ចូលខាងក្នុងមកខ្ញុំនឹងរៀបរាប់រឿងទាំងអស់ប្រាប់ពួកឯងឲ្យច្បាស់ »

      ប៉ុន្មាននាទីក្រោយមក

      អារ៉ាន់ ហាមាត់ញុំនំដែល រីកគី បញ្ចុកនាងពេលកំពុងស្តាប់ការនិយាយពន្យល់របស់អ្នកមីង ស៊ូហ៊ី ពីតម្រុយដែលនាងរកបានទាក់ទងនឹងការផ្លាស់ប្តូររាងកាយរបស់មនុស្សពីរនាក់។
      « ចឹងអ្នកមីងចង់និយាយថាយើងត្រូវឲ្យ អារ៉ាន់និងហេអុីន បង្កគ្រោះថ្នាក់ចរាចរណ៍ជាមួយគ្នាម្តងទៀតនៅរាត្រីដែលមានព្រះច័ន្ទពេញវង់ចឹងមែនទេ? » រីកគី សួរបញ្ជាក់ពេលកំពុងដាក់នំនៅក្នុងមាត់មិត្តស្រីរបស់គេ។
       « ពិតមែនហើយ ព្រោះនៅយប់ដែលពួកនាងផ្លាស់ប្តូរគ្នាក៏ជារាត្រីដែលព្រះច័ន្ទពេញវង់ដែរ » អ្នកមីង ស៊ូហ៊ី ដកដង្ហើមធំដោយតានតឹងព្រោះមិនដឹងថាវិធីនេះបានផលឬអត់ទេ ប៉ុន្តែយ៉ាងណាក៏ត្រូវតែសាកល្បង។
        « មិនអីទេ ពួកយើងអាចសាកល្បងវិធីមួយនេះបាន ប៉ុន្តែរាត្រីច័ន្ទពេញវង់តើនៅសល់ប៉ុន្មានថ្ងៃទៀត? » អារ៉ាន់ សួរពេលកំពុងត្រដុសដៃខ្លួនឯងដើម្បីបន្ធូរអារម្មណ៍ភ័យព្រួយ។ រីកគី សង្កេតឃើញបែបនេះ គេលូកចាប់ដៃនាងណែន ធ្វើឲ្យនាងឈប់ត្រដុសដៃហើយមកច្របាច់ដៃមាំដើម្បីសម្រួលអារម្មណ៍វិញ។ ពីរបៀបដែលគេប្រើមេដៃអង្អែលខ្នងដៃរបស់នាងស្រាលៗបានជួយសម្រាលបន្ទុកក្នុងចិត្តរបស់នាងជាខ្លាំង។ នាងស្ទើរតែមិនជឿថាគេអាចជួយលួងលោមចិត្តរបស់នាងឲ្យធូរស្រាលបានត្រឹមតែទង្វើរតូចមួយបែបនេះ ហើយក្រៅពីគេប្រហែលជាគ្មានអ្នកណាអាចធ្វើបាននោះទេ។
       « បីថ្ងៃទៀត » អ្នកមីង ស៊ូហ៊ី ឆ្លើយតប។
       « ប៉ុន្តែយើងអាចយក ហេអុីន ឲ្យមកជាមួយយើងបានយ៉ាងម៉េច? » រីកគី សួរចំចំណុចធ្វើឲ្យ អារ៉ាន់និងអ្នកមីង ស៊ូហ៊ី តានតឹង។
       « ពិតមែនហើយ ពេលនេះយើងមិនអាចសូម្បីតែបង្ហាញខ្លួននៅខាងក្រៅ តើយើងទៅជិត ហេអុីន បានយ៉ាងម៉េចទៅ? » អារ៉ាន់ ឱនមុខចុះដោយតានតឹង។
       « ហេតុអ្វីមិនព្យាយាមប្រាប់ការពិតដល់គ្រួសាររបស់នាង? » អ្នកមីង ស៊ូហ៊ី សួរ។
       « ពួកគេនឹងមិនជឿនោះទេ » អារ៉ាន់ ឆ្លើយ ។
       « មិនទាន់សាកល្បងហេតុអ្វីគិតថាពួកគេមិនជឿ? បើពួកគេគ្មានជំនឿសោះពួកគេមិនអញ្ជើញខ្ញុំទៅបណ្ដេញគ្រោះចង្រៃពីសាលារៀននោះទេ » អ្នកមីង ស៊ូហ៊ី។
       « អ្នកណាមកអញ្ជើញអ្នកមីងឲ្យពួកគេ? » រីកគី សួរ។
       « លោកប៉ារបស់ឯង » អ្នកមីង ស៊ូហ៊ី ឆ្លើយដោយទឹកមុខគ្មានកំហុស តែបែរជាទទួលបានកាយវិការមិនសមហេតុផលពី រីកគី ទៅវិញ។
      រីកគី ទះថ្ងាសខ្លួនឯងដោយហួសចិត្តមុននឹងនិយាយឡើង។
       « ខ្ញុំជឿមួយរយភាគរយថានេះជាគំនិតរបស់លោកប៉ា មិនមែនជាគំនិតរបស់សមាជិកណាម្នាក់នៃសាន់ហ៊ូគ្រុបនោះទេ លោកប៉ាច្បាស់ជាបានស្នើរវិធីនេះដល់លោកតា សាន់ហ៊ូ ដើម្បីបង្ក្រាបភាពចលាចលក្នុងវិទ្យាល័យសាន់ហ៊ូ ហើយកសាងជំនឿចិត្តរបស់ឪពុកម្តាយសិស្សចំពោះវិទ្យាល័យសាន់ហ៊ូឡើងវិញ » រីកគី រអ៊ូរទាំដាក់អ្នកមីងរបស់គេទាំងឈឺក្បាល។
        « ទោះយ៉ាងណាក៏ដោយ ពួកយើងត្រូវទៅ សេអ៊ូល វិញថ្ងៃនេះ ដើម្បីរកវិធីយក ហេអុីន ឲ្យមកផ្លាស់ប្តូររាងកាយជាមួយ អារ៉ាន់ វិញឲ្យបាន  » អ្នកមីង ស៊ូហ៊ី និយាយ។
        « តោះរៀបចំផែនការមុនចេញដំណើរ » រីកគី ស្នើរឡើងធ្វើឲ្យអ្នកទាំងពីរយល់ស្របជាមួយគេ។

♡ប្តូរកាយវង្វេងស្នេហ៍♡ (ចប់)Where stories live. Discover now