ភាគ០២
" មានវិញ្ញាណតែគ្មានរាងកាយ "
ត្របកភ្នែកស្តើងបើកឡើងសម្លឹងពិដានពណ៌សម្តងទៀត ហើយនាងក៏ស្ទុះក្រោកអង្គុយភ្លាមៗក្រោយនឹកឃើញរឿងអាក្រក់ដែលកើតឡើងចំពោះនាងមុននេះហើយ។ អារ៉ាន់ រហ័សឈោងដៃយកកញ្ចក់នៅលើតុក្បែរគ្រែមកឆ្លុះមើលមុខរបស់ខ្លួនឯងម្តងទៀត ហើយក៏បានឃើញថានាងពេលនេះពិតជានៅក្នុងរាងកាយរបស់ ហេអុីន ពិតមែន គ្រប់យ៉ាងមិនមែនជាសុបិន្តអាក្រក់នោះទេ ប៉ុន្តែគឺជាការពិត ។
« ខ្ញុំពិតជានៅក្នុងរាងកាយរបស់ ហេអុីន ពិតមែន? មិនគួរឲ្យជឿទេ » អារ៉ាន់ ទម្លាក់ដៃដែលកាន់កញ្ចក់ឆ្លុះមុខចុះហើយលាន់មាត់ឡើងទាំងតក់ស្លុតមិនគួរឲ្យជឿចំពោះរឿងដែលកើតលើនាងនៅក្នុងខណៈនេះ។
ក្រាក!
« ឯងដឹងខ្លួនហើយមែនទេ? »
សំឡេងស្រ្តីចំណាស់បន្លឺឡើងនៅមាត់ទ្វា ធ្វើឲ្យ អារ៉ាន់ រហ័សងាកទៅសម្លឹងរូបរាងរបស់ម្ចាស់សំឡេងទាំងភ័យព្រួយ ព្រោះបើគេចាប់បានថានាងមិនមែនជា ហេអុីន នាងច្បាស់ជាស្លាប់មិនខាន។
" មើលតាមរូបរាងរបស់អ្នកមីងម្នាក់នេះ ប្រហែលជាអ្នកម៉ាក់របស់ ហេអុីន ហើយ " អារ៉ាន់ គិតក្នុងចិត្តហើយមិនហ៊ាននិយាយអ្វីចេញមកផ្តេសផ្តាសឡើយព្រោះខ្លាចនាងនិយាយខុស។
« គ្រូពេទ្យប្រាប់ថាឯងប្រហែលជាបាត់បង់ការចងចាំ ប៉ុន្តែយើងដូចជាមិនជឿទេថាឯងពិតជាបាត់បង់ការចងចាំពិតមែននោះ » អ្នកស្រី ជីអា ឱនមុខចូលមកជិតកូនស្រីហើយសម្លឹងមុខកូនស្រីដូចជាកំពុងសម្លឹងមុខអ្នកទោស។
« គឺខ្ញុំ...ចាំអ្វីមិនបានពិតមែន? តើមានរឿងអ្វីកើតឡើងចំពោះខ្ញុំ? » នាងមិនមែនជា ហេអុីន នាងច្បាស់ជាមិនដឹងរឿងរបស់ ហេអុីន ហើយ ដូច្នេះមិនខុសពីនាងបាត់បង់ការចងចាំទេ ព្រោះពេលនេះនាងនៅក្នុងរាងកាយរបស់ ហេអុីន ដូច្នេះនាងត្រូវសួរអ្នកម៉ាក់របស់ ហេអុីន ឲ្យដឹងរឿងខ្លះជាមុនសិន។
« ឯងបានបើកឡានទៅបុកឡានតាក់ស៊ី ធ្វើឲ្យមនុស្សពីរនាក់បានស្លាប់បាត់បង់ជីវិត...ដោយសារតែរឿងដែលឯងបង្កឡើងដឹងទេថាក្រុមហ៊ុនជួបបញ្ហាធំប៉ុណ្ណា? »
អារ៉ាន់ ងាកមុខចេញតក់ស្លុតនិយាយអ្វីមិនចេញ តាមពិតអ្នកដែលបើកឡានបុកឡានតាក់ស៊ីរបស់នាងគឺជា ហេអុីន។ ស្រីម្នាក់នេះបានសម្លាប់មនុស្សហើយបែរជាមិនមានទោសអ្វីសោះ អញ្ចឹងព័ត៌មានដែលនាងឃើញនោះគឺគ្រួសាររបស់នាងជួលអ្នកដទៃឲ្យទទួលទោសជំនួសកូនស្រីមែនទេ? ពិតជាអាក្រក់ណាស់។
« ឈប់សិន! ចុះ មីនយូ? » អារ៉ាន់ ទើបតែនឹកឃើញ មីនយូ ដែលនៅក្នុងឡានតាក់ស៊ីជាមួយនាងដែរ នៅក្នុងព័ត៌មាននាងមិនបានឃើញគេផ្សាយពី មីនយូ ទេ ឬក៏នាងនៅមានជីវិតនៅឡើយ?។
« មីនយូ ជាអ្នកណា? » អ្នកស្រី ជីអា សម្លឹងមុខកូនស្រីដោយការសង្ស័យព្រោះនាងដឹងថា ហេអុីន មានអាថ៌កំបាំងជាច្រើនលាក់ជាមួយនាងនិងលោកតា។
« គឺ មីនយូ មិនបាននៅក្នុងឡានតាក់ស៊ីនោះទេឬ? » អារ៉ាន់ សួរបន្តដោយងឿងឆ្ងល់។
« ជនរងគ្រោះដែលរកឃើញនៅក្នុងឡានមានតែពីរនាក់ប៉ុណ្ណោះ ម្នាក់ជាអ្នកបើកតាក់ស៊ីហើយម្នាក់ទៀតជាសិស្សអាហារូបករណ៍ឈ្មោះថា យូន អារ៉ាន់ ឯងស្គាល់ដែរទេ? » អ្នកស្រី ជីអា ប្រែទឹកមុខជាគួរឲ្យខ្លាចកាន់តែខ្លាំងពេលនិយាយដល់ឈ្មោះ អារ៉ាន់ ហើយថែមទាំងឱនមកចាប់ដៃនាងច្របាច់ខ្លាំងៗសួរដោយកែវភ្នែកខឹងខ្លាំងទៀតផង។
« ខ្ញុំ...អត់ទេ! អារ៉ាន់ គឺពេលនេះរាងកាយ អារ៉ាន់ នៅកន្លែងណា? » អារ៉ាន់ មិនចាប់អារម្មណ៍នឹងការខឹងខ្លាំងរបស់អ្នកស្រី ជីអា ឡើយ ព្រោះនាងរវល់តែចង់ដឹងថារាងកាយរបស់នាងនៅឯណា នាងចង់ចូលរាងកាយរបស់នាងវិញ។
« បុណ្យសពរបស់នាងបានបញ្ចប់ការពីម្សិលមិញហើយ ធាតុរបស់នាងត្រូវយកទៅទុកនៅកន្លែងតម្កល់ធាតុបាត់ទៅហើយ » អ្នកស្រី ជីអា លែងដៃពីនាងហើយដើរទៅយកសៀវភៅនៅលើសាឡុនវិញ។
« មានន័យថារាងកាយរបស់...មិនពិតទេ! » អារ៉ាន់ ឱនមុខចុះទាំងតក់ស្លតនិងមិនអាចទទួលយកបានទេថារាងកាយរបស់នាងត្រូវបូជាហើយនោះ អញ្ចឹងតើនាងចូលរាងកាយវិញបានយ៉ាងម៉េចទៅ? តើនាងត្រូវនៅក្នុងរាងកាយរបស់អ្នកដទៃមួយជីវិតមែនទេ? ។
" ឈប់សិន បើរាងកាយខ្ញុំបូជារួចហើយ វិញ្ញាណរបស់ខ្ញុំក៏កំពុងនៅក្នុងរាងកាយរបស់ ហេអុីន ហើយចុះវិញ្ញាណរបស់ ហេអុីន នៅឯណា? ហើយបើវិញ្ញាណ ហេអុីន នៅចាំចូលរាងកាយរបស់នាងវិញ អញ្ចឹងបើនាងចូលរាងកាយនាងវិញបាន មានន័យថាខ្ញុំត្រូវស្លាប់ហើយមែនទេ? » អារ៉ាន់ គិតវិភាគរកការពិតហើយក៏កាន់តែមានអារម្មណ៍ពិបាកទទួលយកលើសដើម ហេតុអ្វីបានជាមានរឿងឆ្កួតៗបែបនេះកើតឡើងចំពោះនាង?។
ប្រូស!
សៀវភៅសិក្សាប៉ុន្មានក្បាលធ្លាក់នៅលើជើងរបស់នាង ទើបនាងមានស្មារតីមកវិញ។ អារ៉ាន់ សម្លឹងសៀវភៅនៅពីលើជើងហើយក៏ងាកទៅសម្លឹងមុខអ្នកស្រី ជីអា រកចម្លើយ។
« ឯងខាតពេលវេលារៀនមកពីរសប្តាហ៍ហើយ ទាំងនេះជាមេរៀនពីរសប្តាហ៍កន្លងមកនេះ ត្រូវតែរៀនឡើងវិញទាំងអស់ មុននឹងត្រឡប់ទៅសាលារៀនវិញ ឯងដឹងហើយមែនទេថាឯងត្រូវតែបានពិន្ទុខ្ពស់បំផុតជារៀងរាល់ខែ ទើបសាកសមជាអ្នកស្នងមរតករបស់ សាន់ហ៊ូ គ្រុប លោកតាឯងមិនចង់លឺពាក្យដែលគ្រប់គ្នារិះគន់ថាឯងមិនសាកសមជាទាយាទរបស់ សាន់ហ៊ូ គ្រុបទេ ដូច្នេះឯងខំប្រឹងបន្តិចទៅ » អ្នកស្រី ជីអា រៀបរាប់ហើយក៏ដើរចេញទៅវិញបាត់។
« តើនេះជាអ្វីនឹង? កូនឈឺធ្ងន់ដល់ថ្នាក់នេះហើយនៅត្រៀមមេរៀនឲ្យរៀនទៀតមែនទេ? កើតក្នុងគ្រួសារអ្នកមានក៏មិនងាយស្រួលដែរ » អារ៉ាន់ លើកសៀវភៅមកមើលហើយរអ៊ូឡើងទាំងហួសចិត្តនឹងសកម្មភាពចម្លែករបស់គ្រួសារអ្នកមានមួយនេះជាខ្លាំង។
« ប៉ុន្តែតើខ្ញុំត្រូវរៀនមេរៀនទាំងអស់នេះដែរមែនទេ? នេះខ្ញុំមិនទាំងដឹងផងថាខ្លួនឯងនៅរស់ឬក៏ស្លាប់ឲ្យពិតប្រាកដនោះ អើយ! » អារ៉ាន់ ស្រែកឡើងទាំងមួរម៉ៅគិតអ្វីមិនចេញហើយគ្មានអារម្មណ៍ចង់រៀនយកពិន្ទុល្អទៅសកលវិទ្យាល័យអីទៀតទេ ព្រោះពេលនេះនាងវង្វេងអស់ហើយ ។
YOU ARE READING
♡ប្តូរកាយវង្វេងស្នេហ៍♡
Misterio / Suspensoសាលាវិទ្យាល័យ សាន់ហ៊ូ គឺជាវិទ្យាល័យលំដាប់លេខមួយក្នុងប្រទេសដែលមានតម្លៃសិក្សាថ្លៃបំផុត សិស្សដែលចូលរៀននៅសាលាមួយនេះភាគច្រើនសុទ្ធសឹងតែជាកូនអ្នកមានលំដាប់ប្រទេសឬក៏ជាសមាជិករបស់ក្រុមហ៊ុន សាន់ហ៊ូ គ្រុប ។ យូន អារ៉ាន់ ជាក្មេងកំព្រាក្រីក្រដែលមានបំណងប្រាថ្នាចង់បា...