“ អតីតកាលនិងការក្លែងបន្លំ ”
១២ឆ្នាំមុន
មណ្ឌលកុមារកំព្រា យូន
រាងស្តើងអង្គុយនៅលើសាឡុនពណ៌ប្រផេះក្បែរបុរសចំំណាស់ជាឪពុកក្នុងបន្ទប់ដែលហ៊ុមព័ន្ធដោយជញ្ជាំងពណ៌ខៀវ។ ខណៈពេលកូនស្រីកំពុងមានអារម្មណ៍រំភើបលាយឡំនឹងភាពភ័យព្រួយ លោកប៉ារបស់នាងហាក់មានទឹកមុខខឹងបន្តិចព្រោះតែកូនស្រីលាក់បាំងរឿងមួយនេះអស់រយះពេលប្រាំមួយឆ្នាំពីលោក។ កាលពីប្រាំមួយឆ្នាំមុន អំឡុងពេលលោក សាន់ហ៊ូ ធ្វើដំណើរអាជីវកម្មទៅក្រៅប្រទេសរយៈពេលពីរឆ្នាំ ទុកឲ្យកូនស្រីដែលកំពុងជ្រួលជ្រើមនឹងភាពយុវវ័យមានសេរីនៅក្រោមភ្លើងទីក្រុងដ៏ឆើតឆាយនេះតែម្នាក់ឯង ហើយនោះគឺជាពេលវេលាដែលលោកសោកស្តាយបំផុតក្នុងជីវិតដែលបណ្ដោយឲ្យកូនស្រីប្រឡូកចូលក្នុងសង្គមយុវវ័យដែលភ្លើតភ្លើនទាំងអស់នោះ ព្រោះកូនស្រីរបស់លោកបានធ្វើរឿងផ្តេសផ្តាសលាក់បាំងពីក្រោយខ្នងលោកជាច្រើន។ កូនស្រីរបស់លោកធ្វើខ្លួនផ្តេសផ្តាសរហូតធ្វើឲ្យខ្លួនឯងមានផ្ទៃពោះ អំឡុងពេលនោះនាងរស់នៅជាមួយមិត្តប្រុសរបស់នាងរហូតពួកគេឈ្លោះគ្នាហើយមិត្តប្រុសរបស់នាងក៏សម្រេចចិត្តទៅចោលនាងពេលដែលកូនរបស់ពួកគេទើបតែមានអាយុបីខែ មុនពេលដែលលោក សាន់ហ៊ូ ត្រឡប់មកកូរ៉េវិញ កូនស្រីរបស់លោកបានយកកូនរបស់ខ្លួនឯងបោះចោលនៅមុខមណ្ឌលកុមារកំព្រា ព្រោះមិនហ៊ានប្រឈរមុខនឹងលោកប៉ាដែលនឹងខឹងជាមួយនាងខ្លាំងបើបានដឹងរឿងមួយនេះ ព្រោះនាងដឹងច្បាស់ថាសម្រាប់លោកប៉ារបស់នាងកេរ្តិ៍ឈ្មោះគ្រួសារសំខាន់ខ្លាំងប៉ុណ្ណា ហើយបើមានព័ត៌មានបែកធ្លាយទៅខាងក្រៅថាកូនស្រីតែម្នាក់របស់ម្ចាស់អាជីវកម្មលំដាប់ប្រទេសមានកូនមុនរៀបការនោះ លោកប៉ារបស់នាងច្បាស់ជាសម្លាប់នាងមិនខាន ទើបនាងសម្រេចចិត្តលាក់បាំងរឿងនេះ រហូតដល់ពេលនាងរៀបការជាមួយស្វាមីដែលជាម្ចាស់ក្រុមហ៊ុនច្បាប់ដ៏ល្បីល្បាយបានបីឆ្នាំ ទើបនាងសម្រេចចិត្តប្រាប់រឿងនេះដល់លោកប៉ានិងស្វាមីព្រោះនាងចង់យកកូនទៅចិញ្ចឹមវិញ ។
ក្រាក!
ទ្វាបន្ទប់បានបើកហើយបង្ហាញបុរសវ័យសាមសិបឆ្នាំម្នាក់ចូលមកព្រមជាមួយសាមីឯកសារមួយច្បាប់។ បុរសប្រធានមណ្ឌលឱនគោរពអ្នកមានសិទ្ធិអំំណាចជាងខ្លួនបន្តិច មុននឹងអង្គុយលើសាឡុនទំនេរនៅចំហៀងតុ។
« ដោយសារតែខ្ញុំទើបតែមកជំនួសដំណែងលោកប៉ារបស់ខ្ញុំបានរយះពេលពីរឆ្នាំចុងក្រោយនេះដូច្នេះខ្ញុំមិនដឹងច្រើនអំពីប្រវត្តិក្មេងៗដែលចូលមកទីនេះមុនពេលខ្ញុំមកធ្វើការនោះទេ យ៉ាងណាមិញខ្ញុំបានរកឃើញឯកសារមួយដែលកត់ត្រាពីពេលវេលាដែលក្មេងៗបាននាំយកមកទីនេះ នៅក្នុងនេះមានក្មេងពីរនាក់បានរកឃើញនៅមុខមណ្ឌលនៅក្នុងថ្ងៃដែលអ្នកស្រី ជីអា បានប្រាប់មក » លោកប្រធានបានដាក់ឯកសារនៅលើតុដើម្បីឲ្យឪពុកកូនទាំងពីរត្រួតពិនិត្យមើលថ្ងៃខែឆ្នាំម្តងទៀត។
« គឺនៅថ្ងៃនោះហើយ ប៉ុន្តែម៉េចក៏មានក្មេងដល់ទៅពីរនាក់? » អ្នកស្រី ជីអា សួរដោយងឿងឆ្ងល់។
« ប្រហែលជាចៃដន្យមានអ្នកដែលយកកូនមកទុកចោលនៅយប់នោះដែរហើយ » លោកប្រធានមណ្ឌលញញឹមស្រាលៗជួយបន្ធូរអារម្មណ៍អ្នកដែលតានតឹង។
« គ្មានអ្វីពិបាករកទេ គ្រាន់តែយកក្មេងទាំងពីរនាក់នោះទៅពិនិត្យ DNA ទៅដឹងហើយថាកូនរបស់ឯងម្នាក់ណា » លោកតា សាន់ហ៊ូ បញ្ចេញយោបល់ឆ្លាតវៃនិងរហ័សឡើងមកភ្លាមធ្វើឲ្យអ្នកស្រី ជីអានិងប្រធានមណ្ឌលងក់ក្បាលយល់ស្រប។
« តើអ្នកស្រីចង់ជួបក្មេងទាំងពីរនាក់នេះជាមុនទេ? » ប្រធានមណ្ឌលសួរទៅកាន់អ្នកស្រី ជីអា។
« កុំអីល្អជាង ព្រោះខ្ញុំមិនចង់ធ្វើក្មេងម្នាក់ក្នុងចំណោមពួកគេទាំងពីរខកបំណងពេលលទ្ធផលចេញមកនោះទេ »
« បាទ អញ្ជឹងខ្ញុំនឹងរៀបចំយកសរសៃសក់ក្មេងសម្រាប់ការពិនិត្យនៅថ្ងៃក្រោយ »
« អរគុណដែលលោកបានជួយ ហើយក៏សូមសោកស្តាយចំពោះការស្លាប់របស់លោកប្រធានមណ្ឌលមុនផង » តាមពិតទៅបើប្រធានមណ្ឌលមុននៅមានជីវិត គ្រប់យ៉ាងនឹងងាយស្រួលជាងនេះហើយនាងនឹងបានជួបកូនស្រីកាន់តែលឿនផងដែរ ព្រោះប្រធានមណ្ឌលចាស់នឹងប្រាប់នាងបានថាក្មេងមួយណាដែលមានរុំក្រណាត់ពណ៌ដូចក្រណាត់ដែលនាងរុំឲ្យកូនរបស់នាងនៅយប់នោះ ប៉ុន្តែដោយសារលោកស្លាប់បាត់ហើយថែមទាំងគ្មានរូបថតទារកនៅយប់ដំបូងដែលរកឃើញនោះទៀត ទើបមិនអាចធ្វើការបញ្ជាក់បានភ្លាមៗថាក្នុងចំណោមក្មេងទាំងពីរនាក់ម្នាក់ណាជាកូនស្រីរបស់នាង។
មួយខែមុន
នៅក្នុងទីធ្លាមណ្ឌលកុមារកំព្រា
YOU ARE READING
♡ប្តូរកាយវង្វេងស្នេហ៍♡ (ចប់)
Mistério / Suspenseសាលាវិទ្យាល័យ សាន់ហ៊ូ គឺជាវិទ្យាល័យលំដាប់លេខមួយក្នុងប្រទេសដែលមានតម្លៃសិក្សាថ្លៃបំផុត សិស្សដែលចូលរៀននៅសាលាមួយនេះភាគច្រើនសុទ្ធសឹងតែជាកូនអ្នកមានលំដាប់ប្រទេសឬក៏ជាសមាជិករបស់ក្រុមហ៊ុន សាន់ហ៊ូ គ្រុប ។ យូន អារ៉ាន់ ជាក្មេងកំព្រាក្រីក្រដែលមានបំណងប្រាថ្នាចង់បា...
