ប្តូរកាយវង្វេងស្នេហ៍(១៤)

62 5 0
                                    

" បញ្ហាដែលត្រូវដោះស្រាយ "

គ្លីនិក
គ្រូពេទ្យរុញរទេះដែលមានអ្នកជំងឺរូបស្រស់អង្គុយស្ងៀមចេញពីបន្ទប់សង្គ្រោះមកវិញ។ រីកគី គ្រាន់តែក្រឡេកឃើញនាងភ្លាម ក៏ស្ទុះពីកៅអីរងចាំទៅរកនាងយ៉ាងលឿនដោយលើមុខពេញដោយក្តីបារម្ភ។
« តើយ៉ាងម៉េចហើយ? » រីកគី សម្លឹងមើលនាងហើយងាកទៅសួរគ្រូពេទ្យដែលចេញមកជាមួយនាង។
« ក្រៅពីរបួសរលាត់ស្បែកលើជើងនិងដៃបន្តិចបន្តួច គ្មានអ្វីធ្ងន់ធ្ងរទេ »
« ហើយពោះរបស់នាងវិញ? មុននេះនាងស្រែកថាឈឺពោះខ្លាំងណាស់? »
« បានពិនិត្យរួចហើយឃើញថាមិនមានបញ្ហាអ្វីទេ » គ្រូពេទ្យតបរួចក៏ដើរចេញទៅ។
រីកគី ងាកមកសម្លឹងមុខនាងដោយគិតថាមុននេះនាងកុហកថាឈឺពោះព្រោះមិនចង់ឲ្យគេស្តីបន្ទោសនាងដែលឡេឡឺទៅអង្គុយកណ្តាលផ្លូវឲ្យឡានបុក។
« គឺមុននេះខ្ញុំឈឺពោះពិតមែន ហើយឈឺខ្លាំងទៀតផង » អារ៉ាន់ លើកដៃឱបពោះរាបស្មើព្យាយាមនិយាយាធ្វើឲ្យគេជឿថានាងមិនបាននិយាយកុហកទេ។
រីកគី សម្លឹងមើលនាងឱបពោះខ្លួនឯងហើយក៏ក្រវីក្បាល រួចដើរចេញទៅគិតលុយនឹងអាងបានត្រឡប់ទៅផ្ទះ។
« លោកមិនជឿខ្ញុំទេឬ? ខ្ញុំនិយាយពិតមែនណា មុននេះខ្ញុំឈឺពោះស្ទើរតែសន្លប់ទៅហើយ វាឈឺខ្លាំងដូចជាគេយកកាំបិតមកចាក់អញ្ចឹង » អារ៉ាន់ ក្រោកពីរទេះរត់ទៅនិយាយប្រាប់គេដល់កន្លែងគិតលុយ តែគេមិនខ្ចីយកត្រចៀកស្តាប់នាងសោះ។
រីកគី គិតលុយរួចក៏ដើរចេញពីគ្លីនិកទៅកន្លែងម៉ូតូរបស់គេវិញទាំងមានស្រីក្រមុំរត់តាមគេត្រុកៗ ព្យាយាមនិយាយឲ្យគេជឿនាងថានាងឈឺពោះពិតមែនមិនធ្វើពុតទេ។
« គឺខ្ញុំស្រាប់តែឈឺពោះខ្លាំងឡើងមកពិតមែន បើមិនអញ្ចឹងខ្ញុំម្តេចនឹងអាចទៅដួលកណ្តាលថ្នល់នោះ »
« បើអញ្ចឹងហេតុអ្វីពេទ្យពិនិត្យមិនឃើញអ្វី? » រីកគី ហុចមួកការពារឲ្យនាងហើយនៅតែមិនព្រមជឿដដែលថាមុននេះនាងឈឺពោះទើបដួលកណ្តាលផ្លូវ តែមិនមែនមានចេតនាទៅអង្គុយកណ្តាលផ្លូវឲ្យឡានបុកនោះទេ។
« ពិតមែនហើយ ខ្ញុំបានសុំឲ្យគ្រូពេទ្យពិនិត្យច្រើនដងទៀតផង តើមានរឿងអ្វីកើតឡើងចំពោះរាងកាយរបស់ ហេអុីន ទៅ? » អារ៉ាន់ ឈរភ្លឹកគិតបន្តិច ព្រោះនាងក៏ងឿងឆ្ងល់ដូចគ្នាថាហេតុអ្វីនៅសុខៗនាងក៏ឈឺពោះខ្លាំងឡើងមក? ហើយបន្ទាប់មកក៏បាត់ទៅវិញយ៉ាងចម្លែក។
« ទៅផ្ទះឬអត់ទេ? » រីកគី មិនចាប់អារម្មណ៍នឹងសម្តីរបស់នាងទេ គេឡើងម៉ូតូហើយស្រែកសួរនាង។
« ទៅៗ » នាងលើកមួកមកពាក់នឹងក្បាលហើយរត់ទៅរកគេ។
« ឈប់សិន! » រីកគី សម្លឹងឃើញសំពត់របស់នាងខ្លី ទើបគេដោះអាវក្រៅរបស់គេយកទៅចងបិទបាំងផ្នែកខាងក្រោយឲ្យនាង។
« អរគុណ » នាងញញឹមអរគុណគេទាំងបេះដូងលោតស្ទើរផ្ទុះចេញមកខាងក្រៅ ព្រោះតែគេពូកែមើលថែមនុស្សស្រីបែបនេះសោះទើបស្រីៗស្រលាញ់គេ ដូចជានាងនៅពេលនេះទោះព្យាយាមហាមឃាត់ចិត្តខ្លួនឯងបែបណាក៏នៅតែភ្លេចខ្លួនម្តងៗ។
« ឆាប់ឡើងមក »
អារ៉ាន់ រហ័សឡើងលើម៉ូតូហើយស្រវ៉ាឱបចង្កេះគេណែន ព្រោះនាងធ្លាប់ជិះម៉ូតូជាមួយគេច្រើនដងហើយថាគេបើកលឿនកម្រិតណា បើនាងមិនឱបគេច្បាស់ជាបានធ្លាក់ម៉ូតូចូលពេទ្យម្តងទៀតមិនខានទេ។
រីកគី ឱនសម្លឹងមើលដៃស្រឡូនដែលឱបចង្កេះគេណែនហើយក៏លួចញញឹមឡើងយ៉ាងសប្បាយចិត្ត រួចទើបបញ្ឆេះម៉ូតូបើកចេញទៅដោយអារម្មណ៍ល្អកម្ររកបាន។

♡ប្តូរកាយវង្វេងស្នេហ៍♡ Where stories live. Discover now