ប្ដូរកាយវង្វេងស្នេហ៍(៣០)

39 3 0
                                    


  ភាគ៣០

  “ ការឈឺចាប់ដ៏ចម្លែក ”

   អារ៉ាន់ រៀបចំកាតាបក្រោយបញ្ចប់ម៉ោងសិក្សាចុងក្រោយនៅថ្ងៃនេះហើយ។ អារ៉ាន់ លើកកាតាបស្ពាយលើស្មាហើយក្រោកឈរឡើងស្របពេល រីកគី ឈររងចាំនាងនៅក្បែរតុ។
   « តោះទៅ » គេបន្លឺសំឡេងឡើងខណៈភ្នែកទាំងគូចោលសម្លឹងទៅមនុស្សម្នាក់ទៀតដែលដើរចូលមករកមិត្តស្រីរបស់គេ។
   « ហេអុីន តើខ្ញុំអាចនិយាយជាមួយនាងបានទេ? » ថេហ៊ូ សួរទៅកាន់រាងស្តើងដោយមិនខ្វល់ពីការសម្លឹងរបស់ រីកគី ដែលនៅក្បែរនោះ។
  « ហេ...» រីកគី ចង់ហៅឈ្មោះនាងដើម្បីឲ្យនាងជំទាស់នឹង ថេហ៊ូ ប៉ុន្តែនាងក៏ងាកមកសម្លឹងមុខគេហើយងក់ក្បាលបញ្ជាក់ថាមិនអី។
  « មិនអីទេ យើងអាចនិយាយគ្នាបាន...រីកគី ទៅមុនបានទេ? ចាំខ្ញុំតាមទៅពេលក្រោយ » អារ៉ាន់ តបជាមួយ ថេហ៊ូ ហើយក៏ងាកមកប្រាប់ឲ្យ រីកគី ចេញទៅមុននាងវិញ។
  « ប៉ុន្តែ...មិនអីទេ ខ្ញុំនឹងទៅ » រីកគី ចង់ប្រកែក ប៉ុន្តែពេលនាងលូកដៃមកប៉ះដៃគេហៅអង្អែលថ្នមៗដោយអង្វរករ គេក៏យល់ព្រមទុកពេលឲ្យនាងនិយាយគ្នាជាមួយ ថេហ៊ូ ។
   ក្រោយពី រីកគី ចាកចេញទៅបាត់ ថេហ៊ូ ក៏ចូលមកកាន់តែជិតនាង។
   « ដឹងហើយថាគេបោកប្រាស់ ហេតុអ្វីនៅតែល្អជាមួយគេទៀត? » ថេហ៊ូ សួរដោយសំឡេងមួរម៉ៅ និងខឹងខ្លាំង។
   « គេមានហេតុផលដែលធ្វើបែបនោះ...»
   « ហេតុផលដែលចង់បានប្រយោជន៍ពីនាងនឹងមែនទេ? » ថេហ៊ូ ស្រែកកាត់នាងទាំងខឹងខ្លាំង គេនៅតែមិនយល់ពីនាងហេតុនេះហើយទើបគេនៅតែខឹងខ្លាំង។
   « ថេហ៊ូ ប្រហែលជាលោកដឹងរឿងគ្រប់យ៉ាងទាក់ទងនឹងស្ថានភាព រីកគី នៅពេលនេះ ប៉ុន្តែមានរឿងមួយដែលលោកមិនដឹង »
   « រឿងអ្វី? » គេសួរដោយសំឡេងរំខាន។
   « រឿងដែល រីកគី មិនដែលបង្ហាញអ្នកណាក្រៅពីខ្ញុំ  ហេតុអ្វីបានជាខ្ញុំមិនខឹងនឹងគេដែលបោកប្រាស់ខ្ញុំតាំងពីដំបូង? ព្រោះតែគេជាអ្នកសារភាពគ្រប់យ៉ាងប្រាប់ខ្ញុំដោយខ្លួនឯង គេបញ្ជាក់ឲ្យខ្ញុំឃើញថាគេស្មោះត្រង់ពិតប្រាកដនៅពេលនេះ »
    « តើនាងជឿជាក់បានយ៉ាងម៉េចទៅថាគេពិតជាស្មោះត្រង់ពិតមែននោះ? »
    « ខ្ញុំជឿជាក់គេព្រោះបេះដូងរបស់ខ្ញុំជឿជាក់គេ »
    « ហេតុអ្វី? នាងស្រលាញ់គេហើយ » ថេហ៊ូ សួរដោយខកចិត្ត។
    « ចាស...អរគុណថេហ៊ូ ដែលព្យាយាមការពារខ្ញុំ ប៉ុន្តែពួកយើងពិតជាមិនអាចលើសពីមិត្តបានទេ ហើយរឿងមង្គលការឬពិធីភ្ជាប់ពាក្យក៏គ្មានថ្ងៃកើតឡើងដែរ ដរាបណាខ្ញុំនៅទីនេះ » ដរាបណានាងនៅទីនេះ ដរាបណានាងនៅក្នុងរូបរាងកាយមួយនេះ នាងនឹងមិនបណ្ដោយឲ្យមានពិធីណាមួយកើតឡើងឡើយ។ ថេហ៊ូ អស់ពាក្យនិយាយហើយឈរធ្មឹងមួយកន្លែងដោយទឹកមុខខកបំណងខ្លាំង នាងមិនចង់ឃើញទឹកមុខឈឺចាប់របស់គេ ទើបនាងទាញកាតាបលើតុមកស្ពាយលើស្មាហើយប្រញាប់ចាកចេញទៅ។

You've reached the end of published parts.

⏰ Last updated: Nov 07 ⏰

Add this story to your Library to get notified about new parts!

♡ប្តូរកាយវង្វេងស្នេហ៍♡ Where stories live. Discover now