" ដំណើរកម្សាន្ត "
ង៉ក់!
រីកគី ឈប់ម៉ូតូហើយបើកកញ្ចក់មួកសុវត្ថិភាពញញឹមលឹបភ្នែកដាក់ស្រីក្រមុំដែលស្ពាយកាបូបដើរចេញពីរបងភូមិគ្រឹះដ៏ធំស្កឹមស្កៃមក។
« តោះទៅ! » រីកគី ហុចមួកទៅឲ្យនាង។
អារ៉ាន់ ទទួលយកមួកពី រីកគី មកពាក់ជាមួយទឹកមុខរីករាយមុននឹងឡើងកន្ទុយម៉ូតូរបស់គេ។
ម៉ាស៊ីនម៉ូតូបន្លឺឡើងដោយក្តីរំភើបហើយរត់ទៅមុខយ៉ាងលឿនដូចជាចិត្តអន្ទះសាររបស់អ្នកបើកដែលចង់ទៅដល់គោលដៅឲ្យបានឆាប់រហ័សតាមដែរអាចធ្វើបាន។ ជិះបានមួយសន្ទុះទើប អារ៉ាន់ សង្កេតឃើញពីភាពខុសប្លែកនៅមួកសុវត្ថិភាពដែលនាងកំពុងពាក់ គឺពេលនេះនាងមិនបាត់អផ្សុកពេលជិះម៉ូតូពីក្រោយគេទៀតទេ ព្រោះគេបានភ្ជាប់កាសអាចឲ្យនាងនិយាយទាក់ទងជាមួយគេអំឡុងពេលធ្វើដំណើរបាន។
« តើពួកយើងទៅណា? »
សំឡេងស្រួលរបស់នាងបន្លឺឡើងក្នុងត្រចៀករបស់ រីកគី ធ្វើឲ្យគេញញឹមស្រស់ភ្លាម។
« ខ្ញុំគិតថានាងមិនចាប់អារម្មណ៍នឹងកាសដែលខ្ញុំបានភ្ជាប់ទេ ហាហា » រីកគី និយាយហើយសើចតិចៗមុននឹងឆ្លើយនឹងសំណួរនាងវិញ « ពេលទៅដល់នឹងដឹងហើយ »
« ខ្ញុំក៏ទើបតែចាប់អារម្មណ៍នៃភាពខុសប្លែករបស់មួកមុននេះដែរ ប៉ុន្តែបែបនេះនឹងល្អព្រោះនឹងមិនអផ្សុកពេលជិះម៉ូតូ »
« មានន័យថាកន្លងមកការជិះម៉ូតូជាមួយខ្ញុំគួរឲ្យធុញទ្រាន់ណាស់មែនទេ? » រីកគី បន្លឺសំឡេងដោយអន់ចិត្តមកវិញក្នុងន័យលេងសើច។
« អត់ទេ មិនមែនមានន័យបែបនោះទេ ខ្ញុំគ្រាន់តែចង់មានន័យថាវាស្ងាត់ពេលដែលយើងមិនបាននិយាយគ្នា » អារ៉ាន់ រហ័សបកស្រាយមិនឲ្យអ្នកបើកម៉ូតូយល់ច្រឡំហើយមានអារម្មណ៍មិនល្អ។
« ហាសហា មានន័យថានាងចង់និយាយជាមួយខ្ញុំឲ្យបានច្រើន » រីកគី សើចបន្តិចយ៉ាងសប្បាយចិត្ត ទើប អារ៉ាន់ ដឹកថាមុននេះគេធ្វើអន់ចិត្តបោកប្រាស់នាងទេ។
« ខ្ញុំស្អប់លោក! » អារ៉ាន់ វាយស្មាគេពីក្រោយបន្តិច សំឡេងរបស់នាងបញ្ជាក់ច្បាស់ថានាងចាញ់គេ។
« ហាសហា » រីកគី សើចឡើងពេលអាចយកឈ្នះនាងបានបែបនេះ។ក្រោយពីភាពស្ងប់ស្ងាត់មួយសន្ទុះធំ ម៉ូតូធំរបស់ រីកគី ក៏បើកមកដល់ផ្លូវកោងតាមជើងភ្នំដែលផ្នែកម្ខាងទៀតជាសមុទ្រពណ៌ខៀវធំល្វឹងល្វើយ។ ខ្យល់សមុទ្របក់ប៉ះដងខ្លួនអ្នកជិះម៉ូតូទាំងពីរនាក់ធ្វើឲ្យអារម្មណ៍ស្រស់ស្រាយមួយរំព្រិច។
« វ៉ាវ! » អារ៉ាន់ ក្តាប់សាច់ក្រណាត់អាវស្បែកពណ៌ខ្មៅរបស់អ្នកបើកម៉ូតូបន្លឺសំឡេងឡើងដោយក្តីរំភើបពេលបានឃើញផ្ទៃសមុទ្រដ៏ស្រស់ស្អាត រួមនឹងខ្យល់បរិសុទ្ធហើយ។
« ចូលចិត្តទេ? » រីកគី ដឹងហើយថានាងចូលចិត្តប៉ុណ្ណាព្រោះសំឡេងដែលនាងបន្លឺឡើងនិងដៃដែលនាងក្តាប់ក្រណាត់អាវនៅនឹងចង្កេះរបស់គេនោះបញ្ជាក់ច្បាស់ណាស់ គ្រាន់តែគេចង់លឺភាពរំភើបបន្ថែមទៀតចេញពីមាត់របស់នាង។
« ហ៊ឹម...ចូលចិត្តណាស់ » នាងតបជាមួយគេវិញដោយសំឡេងស្រទន់ដឹងគុណទាំងភ្នែកចោលសម្លឹងទៅទឹកសមុទ្រមិនដាក់ភ្នែក។
« ពួកយើងឈប់នៅទីនេះបន្តិចទៅ » រីកគី និយាយហើយក៏បង្អង់ម៉ូតូឈប់លើចិញ្ចើមផ្លូវ។
YOU ARE READING
♡ប្តូរកាយវង្វេងស្នេហ៍♡
Mystery / Thrillerសាលាវិទ្យាល័យ សាន់ហ៊ូ គឺជាវិទ្យាល័យលំដាប់លេខមួយក្នុងប្រទេសដែលមានតម្លៃសិក្សាថ្លៃបំផុត សិស្សដែលចូលរៀននៅសាលាមួយនេះភាគច្រើនសុទ្ធសឹងតែជាកូនអ្នកមានលំដាប់ប្រទេសឬក៏ជាសមាជិករបស់ក្រុមហ៊ុន សាន់ហ៊ូ គ្រុប ។ យូន អារ៉ាន់ ជាក្មេងកំព្រាក្រីក្រដែលមានបំណងប្រាថ្នាចង់បា...