“ កំហុស ”
ពន្លឺព្រះអាទិត្យចាំងចូលតាមបង្អួចប៉ះត្របកភ្នែកហើមរបស់ស្រីក្រមុំដែលយំពេញមួយយប់ហើយទើបតែបិទភ្នែកគេងបានប៉ុន្មានម៉ោង។ អារ៉ាន់ បើកភ្នែកឡើងប៉ះត្រូវពន្លឺថ្ងៃធ្វើឲ្យនាងងងឹតភ្នែកពីរបីវិនាទីទម្រាំតែភ្នែករបស់នាងអាចសម្របនឹងពន្លឺបាន។ សំណាងល្អដែលថ្ងៃនេះជាឈប់សម្រាក បើមិនអញ្ចឹងទេនាងនឹងទៅរៀនយឺតមិនខាន។ រាងស្តើងស្ទុះក្រោកឡើងមួយរំព្រិចពេលនឹកឃើញអ្វីមួយ នាងរត់ទៅយកទូរស័ព្ទដែលសាកថ្មចោលនៅលើតុមកបើកមើលយ៉ាងរហ័សដោយរំពឹងថានឹងទទួលបានសារអ្វីមួយពី រីកគី ប៉ុន្តែពេលមិនបានឃើញមានសារឬការហៅចូលអ្វីសោះ នាងក៏អស់សង្ឃឹមហើយបោះទូរស័ព្ទទៅលើគ្រែវិញ។
« គេមិនគិតផ្ញើរសារឬខលមកសុំទោសចំពោះការខកខានពេលណាត់ជួបកាលពីយប់មិញទេ? គេមិនសុំទោសឬក៏គិតបកស្រាយអ្វីខ្លះទេឬ? គេពិតជាមិនខ្វល់ពីខ្ញុំសូម្បីបន្តិចសោះមែនទេ? » នាងឈរច្រត់ដៃនឹងចង្កេះរអ៊ូរទាំដាក់ទូរស័ព្ទនៅលើគ្រែ ខឹងមួរម៉ៅទាំងព្រឹកម្តងទៀត។ កំហឹងនិងភាពឈឺចាប់កំពុងអុកឡុកពេញចិត្តរបស់នាងធ្វើឲ្យនាងតាំងចិត្តថាមិននិយាយរកគេមុនឡើយ។ អារ៉ាន់ ដកដៃចេញពីចង្កេះហើយចាប់ទូរស័ព្ទមកមើលគម្រោងសម្រាប់នាងថ្ងៃនេះវិញ ពិតមែនហើយថ្ងៃនេះនាងត្រូវទៅមើលទីតាំងទូរស័ព្ទដែល ហេអុីន បានខលមកថ្ងៃមុន នាងអាចនឹងបានជួប ហេអុីន នៅថ្ងៃនេះក៏ថាបាន។ អារ៉ាន់ សោកសៅកាន់តែខ្លាំងពេលគិតរឿងនេះ ព្រោះពេលវេលារបស់នាងនៅមិនច្រើនទៀតទេ ហើយនាងពិតជាចង់ចំណាយពេលចុងក្រោយបន្តិចបន្តួចនេះជាមួយគេ ប៉ុន្តែគេបែរជាទុកនាងចោលទៅវិញ។
តុកៗ
“ អ្នកនាងអាហារពេលព្រឹករួចរាល់ហើយ ”
អារ៉ាន់ ដកខ្លួនចេញពីពិភពគំនិតពេលលឺសំឡេងគោះទ្វាពីអ្នកបម្រើប្រាប់ថាអាហារពេលព្រឹករបស់នាងបានរៀបចំរួចរាល់ហើយ ទើបនាងប្រញាប់ក្រោកទៅងូតទឹកដើម្បីចុះទៅញុំអាហារមិនឲ្យគ្រប់គ្នារងចាំយូ។ និយាយតាមត្រង់ទៅ ទោះបីជានាងរស់នៅទីនេះមួយរយះពេលហើយក៏ដោយ ក៏នាងនៅតែមិនទាន់ទម្លាប់ខ្លួននឹងជីវិតជាសេដ្ឋីបែបនេះដដែល នាងនៅតែក្រែងចិត្តមនុស្សគ្រប់គ្នានៅក្នុងផ្ទះនេះ សូម្បីអ្នកបម្រើក៏នាងមិនដែលឲ្យពួកគេរងចាំនាងយូដែរ។
YOU ARE READING
♡ប្តូរកាយវង្វេងស្នេហ៍♡ (ចប់)
Misterio / Suspensoសាលាវិទ្យាល័យ សាន់ហ៊ូ គឺជាវិទ្យាល័យលំដាប់លេខមួយក្នុងប្រទេសដែលមានតម្លៃសិក្សាថ្លៃបំផុត សិស្សដែលចូលរៀននៅសាលាមួយនេះភាគច្រើនសុទ្ធសឹងតែជាកូនអ្នកមានលំដាប់ប្រទេសឬក៏ជាសមាជិករបស់ក្រុមហ៊ុន សាន់ហ៊ូ គ្រុប ។ យូន អារ៉ាន់ ជាក្មេងកំព្រាក្រីក្រដែលមានបំណងប្រាថ្នាចង់បា...
