ភាគ១៣
" សង្ស័យ "
អារ៉ាន់និងថេហ៊ូ អង្គុយធ្វើលំហាត់ជាមួយគ្នាហើយសួរគ្នាទៅវិញទៅមកនិងពិភាក្សាគ្នារកដំណោះស្រាយចំពោះលំហាត់ដែលពួកគេធ្វើមិនចេញ។
« រកឃើញចម្លើយហើយ » អារ៉ាន់ លាន់មាត់ឡើងដោយសប្បាយចិត្តពេលអាចដោះស្រាយលំហាត់ដែលពិបាកចេញ។
« ឲ្យខ្ញុំមើលបន្តិច » ថេហ៊ូ យកសៀវភៅរបស់នាងនៅមើលលំហាត់ដែលនាងដោះស្រាយរួច។
អារ៉ាន់ ធ្វើលំហាត់អស់ហើយទើបចាប់អារម្មណ៍ងាកមកមើលមុខអ្នកដែលអង្គុយស្ងាត់នៅក្បែរនាង ប៉ុន្តែក៏ឃើញថាគេគេងលង់លក់យ៉ាងប្រងើយ។
« មករៀនឬមកគេងឲ្យប្រាកដទៅ? » អារ៉ាន់ សម្លឹងមុខស្រស់សង្ហារអ៊ូរទាំតិចៗហើយទើបងាកមករក ថេហ៊ូ វិញ។
« ហេតុអ្វីពេលនេះនាងពូកែបែបនេះ? » ថេហ៊ូ សម្លឹងមុខនាងជាមួយស្នាមញញឹមតិចៗ។
« ក្រែង ហេ...ក្រែងខ្ញុំពូកែតាំងពីដើមហើយតើ » អារ៉ាន់ ស្ទើរតែនិយាយខុសទៅហើយ ប៉ុន្តែក៏កែពាក្យទាន់ កុំអី ថេហ៊ូ សង្ស័យមិនខានថានាងមិនមែនជា ហេអុីន។
« ពិតមែនហើយ នាងពូកែតាំងពីដើមមកម្លេះ មិនអញ្ចឹងនាងម្តេចនឹងបានលេខមួយប្រចាំសាលារាល់ខែនោះ » ថេហ៊ូ សើចតិចៗ។
« ដូចជាយប់ណាស់ហើយ ពួកយើងបញ្ចប់ត្រឹមនេះចុះ » អារ៉ាន់ ប្រមូលសៀវភៅប៊ិកបន្ទាត់ដាក់កាតាបវិញ ប៉ុន្តែប៊ិករបស់នាងមួយទៀតនៅក្នុងដៃរបស់អ្នកដែលកំពុងគេងទើបនាងទាញយកប៊ិកពេលគេមួយទំហឹងមិនខ្លាចធ្វើឲ្យគេភ្ញាក់សោះ។
រីកគី ភ្ញាក់ពីគេងពេលត្រូវនាងទាញយកប៊ិកទៅមួយទំហឹងធ្វើឲ្យគេរង្គើអស់ទាំងតួខ្លួន។
« ដល់ម៉ោងទៅផ្ទះហើយមែនទេ? » រីកគី សួរគេឯងទាំងឡេឡឺមិនដឹងអ្វី ព្រោះគេមិនទាន់បានសរសេរអ្វីមួយតួផង ក៏ដល់ម៉ោងបំបែកគ្នាទៅផ្ទះទៅហើយ។
អារ៉ាន់ ស្ពាយកាតាបក្រោកឈរឡើង ទើប ថេហ៊ូ ក្រោកឈរតាមនាងដែរ។
« ចាំខ្ញុំជូននាងទៅផ្ទះ » ថេហ៊ូ និយាយជាមួយ អារ៉ាន់ ដោយមិនទុក រីកគី ក្នុងភ្នែកសោះ។ ពួកគេឈរសម្លឹងមុខគ្នាធ្វើដូចជា រីកគី មិនបានមានវត្តមាននៅទីនេះដែរ។
« មិនបាច់ឲ្យពិបាកលោកទេ ខ្ញុំទៅវិញជាមួយគេក៏បាន » អារ៉ាន់ ឈោងដៃទៅទាញអាវអ្នកដែលអង្គុយសម្លឹងមើល នាងនិងថេហ៊ូ ដោយការមិនពេញចិត្តឲ្យក្រោកឈរឡើង។
« នាងទៅវិញជាមួយខ្ញុំបានហើយ ឯងទៅសម្រាកចុះ » រីកគី ឈោងទៅទះស្មាមាំរបស់ ថេហ៊ូ ហើយក៏លូកចាប់ប្រអប់ដៃស្រឡូនដឹកដៃនាងចេញទៅជាមួយស្នាមញញឹមឡើងវិញ។
« លែងដៃទៅ ខ្ញុំអាចដើរខ្លួនឯងបាន » នាងព្យាយាមទាញដៃចេញពីគេ តែគេនៅតែកាន់ដៃនាងណែន។
« នៅឲ្យស្ងៀម! » គេប្រាប់នាងឲ្យឈប់រើហើយក៏អូសដៃនាងចេញទៅខាងក្រៅផ្ទះរបស់ ថេហ៊ូ យ៉ាងលឿន រហូតមកដល់ម៉ូតូរបស់គេដែលចតនៅមុខរបងផ្ទះរបស់ ថេហ៊ូ ទើបគេប្រលែងដៃនាងហើយឈោងទៅយកមួកមកហុចឲ្យនាង។
« ប្រាប់មកលោកតាមដានខ្ញុំមែនទេ? » អារ៉ាន់ ឱបមួកក្នុងដៃសម្លុតសួរគេដូចជាជនសង្ស័យដែលប្រព្រឹត្តបទល្មើសខុសច្បាប់។ បើគេមិនតាមដាននាង គេដឹងបានយ៉ាងម៉េចថានាងមករៀនជាមួយ ថេហ៊ូ ។
« ខ្ញុំមិនបានតាមដាននាងទេ គ្រាន់តែចៃដន្យលឺមិត្តរបស់នាងនិយាយរឿងនាងមករៀនជាមួយ ថេហ៊ូ ហើយក៏តាមមកប៉ុណ្ណោះ »
គេឆ្លើយទាំងមិនហ៊ានសម្លឹងមុខរបស់នាងចំ បញ្ជាក់ថាពាក្យដែលគេនិយាយមិនពិតទេ ប៉ុន្តែ អារ៉ាន់ ក៏ធ្វើជាជឿសិន។
« តាមមកមើលខ្ញុំមែនទេ? » នាងសួរចំៗចំណុចធ្វើឲ្យគេងាកមកសម្លឹងមុខនាងវិញ។
« គឺពិតមែនហើយ ស្រីនិងប្រុសនៅតែពីរនាក់មិនល្អទេ ទើបខ្ញុំមកបានជាគ្នានឹងនាងនោះអី »
« ថេហ៊ូ គេជាសុភាពបុរសមិនដូចលោកទេ នៅជាមួយលោកទើបទុកចិត្តមិនបាន »
« បើខ្ញុំទុកចិត្តមិនបានហេតុអ្វីមុននេះមិនឲ្យគេជាអ្នកជូននាងទៅផ្ទះទៅ? » រីកគី ខឹងអន់ចិត្តជាមួយនាងមួយរំព្រិច ពេលលឺនាងសរសើរបុរសដទៃល្អជាងគេ។
« គឺខ្ញុំមិនចង់ឲ្យគេធ្វើដំណើរទៅមកនាំតែពិបាកនោះអី...ហើយមួករបស់លោកយកទៅវិញទៅ ព្រោះខ្ញុំមិនទៅជាមួយលោកទេ » អារ៉ាន់ រុញមួកឲ្យទៅគេវិញហើយក៏ដើរចេញទៅដោយអារម្មណ៍ល្អ។
« ឈប់សិន! នេះនាងខឹងនឹងខ្ញុំមែនទេ? » រីកគី ឱបមួករត់ទៅតាមទាក់មុខនាង ព្រោះគិតថានាងមិនព្រមត្រឡប់ទៅវិញជាមួយគេ ដោយសារតែខឹងនឹងគេដែលសម្តីមិនពិរោះដាក់នាងពេលដែលលឺនាងសរសើរ ថេហ៊ូ មុននេះ ។
« ខ្ញុំខឹងនឹងលោកធ្វើអ្វីទៅ »
« អញ្ចឹងហេតុអ្វីនាងមិនទៅវិញជាមួយខ្ញុំ? »
« គឺខ្ញុំចង់ត្រឡប់ទៅវិញដោយខ្លួនឯងនោះអី មិនចង់ពឹងលោកទេ » អារ៉ាន់ និយាយចប់ហើយក៏ដើរជៀសគេទៅ ប៉ុន្តែគេក៏ឈោងចាប់ដៃនាងជាប់ ទាញនាងឲ្យងាកមករកគេវិញ។
« ឲ្យខ្ញុំជូននាងត្រឡប់ទៅផ្ទះទៅ » រីកគី និយាយឡើងដោយសំឡេងស្រាលស្រទន់ជាងមុន ហើយនេះក៏ជាលើកទីមួយហើយដែលគេអង្វរសុំជូនមនុស្សស្រីត្រឡប់ទៅផ្ទះបែបនេះ រាល់ដងមានតែមនុស្សស្រីតែមកអង្វរឲ្យគេជូននាងទៅផ្ទះប៉ុណ្ណោះ។
អារ៉ាន់ ងើយសម្លឹងមុខរបស់គេជាប់ប៉ុន្មានវិនាទី ព្រោះនេះជាលើកទីមួយហើយដែលនាងឃើញកែវភ្នែករបស់ស្រាលស្រទន់និងមានភាពស្មោះត្រង់បែបនេះ។ នៅពេលដែលគេមើលទៅស្មោះត្រង់បែបនេះ នាងស្រាប់តែចង់សួរសំណួរសំខាន់ទាក់ទងនឹង មីនយូ ទៅកាន់គេ។
« ខ្ញុំឲ្យលោកជូនទៅផ្ទះវិញក៏បាន ប៉ុន្តែខ្ញុំមានសំណួរចង់សួរលោកសិន »
« នាងចង់សួរអ្វីឆាប់សួរមក » រីកគីរំភើបត្រេកអរជាខ្លាំងពេលបានលឺថានាងព្រមឲ្យគេជូនទៅផ្ទះហើយ ទើបគេមិនស្ទាក់ស្ទើរនឹងឲ្យនាងសួរគេនោះទេ។
« លោកនិងមីនយូ ធ្លាប់ទាក់ទងគ្នាដែរទេ? » អារ៉ាន់ សម្លឹងមើលមុខរបស់គេមិនដាក់ភ្នែក ចាំសង្កេតមើលថាគេមានទឹកមុខគួរឲ្យសង្ស័យអ្វីដែរទេ។
« ហេតុអ្វីក៏សួររឿងនោះ? ឬនាងមិនចូលចិត្តដែលខ្ញុំទៅទាក់ទងនឹងសិស្សអាហារូបករណ៍? » រីកគី សម្លឹងមុខនាងដោយការសង្ស័យវិញ។
« លោកគ្រាន់តែឆ្លើយមកថាធ្លាប់ឬអត់? »
« ធ្លាប់ តែមួយរយះពេលខ្លីប៉ុណ្ណោះ » រីកគី ឆ្លើយយ៉ាងស្មោះត្រង់។
« ចឹងលោកជាអ្នកបានជួប មីនយូ ចុងក្រោយគេ មុនពេលនាងបាត់ខ្លួនមែនទេ? » អារ៉ាន់ សម្លឹងមុខគេដោយការសង្ស័យ។
« ហេអុីន មិនមែននាងកំពុងតែសង្ស័យថាខ្ញុំមានទាក់ទងនឹងការបាត់ខ្លួនរបស់ មីនយូ ទេឬ? » រីកគី សួរទៅកាន់នាងដោយការហួសចិត្តវិញ ព្រោះមិននឹកស្មានថានាងគិតថាគេអាក្រក់ដល់ថ្នាក់នោះ។
« លោកឆ្លើយមក »
« ខ្ញុំបានជួបនាងនៅយប់ចុងក្រោយមុនពេលនាងបាត់ខ្លួនមែន តែខ្ញុំមិនដឹងឡើយថា មីនយូ បាត់ខ្លួនទៅណា »
« លោកនិយាយពិតដែរទេ? » នាងនៅតែសម្លឹងមុខគេដោយការសង្ស័យដដែល។
« បើនាងមិនជឿខ្ញុំទេ កុំទៅផ្ទះជាមួយខ្ញុំអី » រីកគី ទាំងខឹងទាំងឈឺចាប់ពេលនាងសង្ស័យគេបែបនេះ ទើបគេកាន់មួកដើរចេញពីនាងទៅឡើងម៉ូតូរបស់គេបើកចេញទៅយ៉ាងលឿន។
« រីកគី...លោក! » អារ៉ាន់ បានត្រឹមរត់ជៀសទៅចិញ្ចើមផ្លូវព្រោះខ្លាចគេបុកនាងស្លាប់ ព្រោះគេខឹងនឹងនាងខ្លាំង រហូតឡើងម៉ូតូបើកចេញទៅលឿនដូចហោះ។
« ពេលគេខឹងពិតជាគួរឲ្យខ្លាច...គិតថាខ្ញុំចង់ទៅផ្ទះវិញជាមួយលោកណាស់មែនទេ? ខ្ញុំទៅវិញខ្លួនឯងក៏បាន » នាងឈរស្រែកឲ្យគេម្នាក់ឯង ទាំងដែលគេបើកម៉ូតូចេញបាត់ទៅឆ្ងាយដល់ផ្លូវធំខាងមុខទៅហើយ ។ អារ៉ាន់ ដើរចេញទៅផ្លូវធំទាំងខឹងមួរម៉ៅនឹង រីកគី ដែលទុកនាងចោលជាខ្លាំង បើគេមិនមកអង្វរករនាងឲ្យជិះម៉ូតូជាមួយគេតាំងពីដំបូង នាងក៏មិនខឹងខ្លាំងដែរ ប៉ុន្តែគេជាអ្នកមកធ្វើដូចជាចង់ជូននាងទៅផ្ទះ តែគេក៏ទៅចោលនាងបែបនេះ ពិតជាធ្វើឲ្យនាងខឹងខ្លាំងណាស់។
YOU ARE READING
♡ប្តូរកាយវង្វេងស្នេហ៍♡
Mystery / Thrillerសាលាវិទ្យាល័យ សាន់ហ៊ូ គឺជាវិទ្យាល័យលំដាប់លេខមួយក្នុងប្រទេសដែលមានតម្លៃសិក្សាថ្លៃបំផុត សិស្សដែលចូលរៀននៅសាលាមួយនេះភាគច្រើនសុទ្ធសឹងតែជាកូនអ្នកមានលំដាប់ប្រទេសឬក៏ជាសមាជិករបស់ក្រុមហ៊ុន សាន់ហ៊ូ គ្រុប ។ យូន អារ៉ាន់ ជាក្មេងកំព្រាក្រីក្រដែលមានបំណងប្រាថ្នាចង់បា...