ប្តូរកាយវង្វេងស្នេហ៍(៥៥)

259 7 2
                                        

“ ល្បិចកល ”

  ក្រាក!

  អ្នកស្រី ជីអា ស្ទុះចេញពីបន្ទប់មកដោយភាពប្រញាប់ប្រញាល់ធ្វើឲ្យក្រុមគ្រួសារដែលអង្គុយរងចាំនៅតុអាហារពេលល្ងាចក្រោកឈរឡើងភ្លាមៗរងចាំស្តាប់ដំណឹងដែលអ្នកស្រី ជីអា ទើបតែទទួលបានមក។
  « ហេអុីន មកផ្ទះកាលពីពេលរសៀល តែខ្ញុំទើបទទួលបានទូរស័ព្ទពីអ្នកបម្រើមុននេះ ដូច្នេះខ្ញុំទៅត្រឡប់ទៅផ្ទះវិញ » អ្នកស្រី ជីអា និយាយហើយក៏រៀបចំខ្លួនចេញទៅភ្លាម។
   « បើមានដំណឹងអ្វីខលប្រាប់ខ្ញុំផងអ្នកស្រី » រីកគី ស្រែកឡើងពីក្រោយខ្នងអ្នកស្រី ជីអា ទើបរាងចំណាស់ងាកមកងក់ក្បាលតបយល់ព្រមជាមួយគេវិញ។

    ទីលានប្រណាំងឡាន
    ក្រាក!
     ថេហ៊ូ រុញទ្វាឃ្លាំងនៅទីលានប្រណាំងឡានបើកចំហរហើយក៏ដើរនាំរាងស្តើងចូលទៅខាងក្នុង។ ឆ្លងកាត់ឡានទំនើបជាច្រើនគ្រឿងរហូតទៅដល់ទ្វាមួយទៀត ទើប ថេហ៊ូ ចាក់សោបើកទ្វាចូលទៅក្នុងបន្ទប់មួយទៀតដែលមានទំហំស្មើនឹងបន្ទប់ខុនដូមួយ ទាស់តែការតុកតែងបន្ទប់មួយនេះមានសភាពងងឹតបន្តិច សម្ភារៈខាងក្នុងភាគច្រើនជាពណ៌ខ្មៅហើយអំពូលមានពន្លឺស្រាលខ្លាំង ដែលធ្វើឲ្យបន្ទប់ទាំងមូលមានពន្លឺតិចជាងបន្ទប់ធម្មតា។
     « ចាំពេលដែលខ្ញុំប្រាប់ថាខ្ញុំអាចជួយនាំនាងទៅកន្លែងលាក់ខ្លួនដែលមានសុវត្ថិភាពបានទេ? គឺកន្លែងនេះហើយ ទីនេះជាកម្មសិទ្ធិផ្ទាល់ខ្លួនរបស់ សាន់ហ៊ូ គ្រុប តែស្ថិតនៅក្រោមការគ្រប់គ្រងរបស់គ្រួសារខ្ញុំ ហើយនៅទីនេះគ្មានអ្នកណាមកក្រៅពីខ្ញុំនោះទេ ដូច្នេះនាងមានសុវត្ថិភាពទាំងស្រុងនៅទីនេះ » គេញញឹមដាក់នាងហើយលើកដៃណែនាំឲ្យនាងអង្គុយលើសាឡុនកណ្តាលបន្ទប់ នៅពេលដែលគេដើរទៅយកភេសជ្ជៈពីទូទឹកកកមកឲ្យនាង។
     « ប៉ុន្តែហេតុអ្វីលោកចង់ជួយខ្ញុំ? » អារ៉ាន់ សួរដោយភាពងឿងឆ្ងល់រួមជាមួយភាពភ័យព្រួយដែលកំពុងតែអុកឡុកចិត្តរបស់នាងពេលនាងតាមមើលគ្រប់សកម្មភាពដែលគេធ្វើនៅពេលនេះ។
      គេបញ្ចេញស្នាមញញឹមអាថ៍កំបាំងបន្តិចពេលកំពុងចាក់ភេសជ្ជៈចូលកែវដែលដាក់នៅពេលមុខនាង មុននឹងត្រឡប់មកអង្គុយធម្មតាវិញហើយលើកែវភេសជ្ជៈរបស់គេមកផឹកដូចជាគេស្រេកទឹកមកជាយូមកហើយ។
      « ខ្ញុំប្រហែលជាកំពុងតែវង្វេងបន្តិចនៅពេលនេះ » គេសម្លឹងមុខនាងហើយបញ្ចេញស្នាមញញឹមចម្លែកនោះដាក់នាងម្តងទៀត ធ្វើឲ្យនាងចាប់ផ្តើមភ័យកាន់តែខ្លាំង ទើបនាងលើកកែវភេសជ្ជៈមកផឹកដើម្បីគេចមុខពីភ្នែករបស់គេនិងសម្រួលអារម្មណ៍ខ្លួនឯងមិនឲ្យភ័យខ្លាំងពេក។
       « នោះមានន័យយ៉ាងម៉េច? » នាងសួរបន្តពេលមានអារម្មណ៍ប្រសើរជាមុនខ្លះហើយ។
       « ខ្ញុំស្រលាញ់ ហេអុីន ប៉ុន្តែ ហេអុីន កំពុងតែនៅចំពោះមុខខ្ញុំហើយ តែបែរជាមានគេប្រាប់ថានាងមិនមែនជា ហេអុីន ទេ ប៉ុន្តែបែរជាមនុស្សស្រីដែលមានរូបរាងផ្សេងអះអាងថានាងជា ហេអុីន ទៅវិញ បែបនេះហើយទើបធ្វើឲ្យចិត្តខ្ញុំច្របូកច្របល់ »
       « លោកនៅមិនទាន់ជឿរឿងមួយនេះទាំងស្រុងទេ? »
       « អត់ទេ ខ្ញុំជឿហើយថាពួកនាងប្តូររាងកាយគ្នា »
       « ប៉ុន្តែហេតុអ្វីលោកនៅតែមានអារម្មណ៍ច្របូកច្របល់ពេលនេះ? »
       « ព្រោះខ្ញុំមិនដឹងថាខ្ញុំកំពុងស្រលាញ់អ្នកណាទេ...តើខ្ញុំស្រលាញ់ ហេអុីន ដែលនៅពីមុខខ្ញុំក្នុងពេលនេះឬក៏ ហេអុីន ដែលនៅក្នុងរាងកាយអ្នកដទៃនោះ? ខ្ញុំមិនដឹងទេ » គេសារភាពទាំងក្រវីក្បាលច្របូកច្របល់។
        « ដូច្នេះហើយទើបលោកជួយខ្ញុំ »
        « ពិតមែនហើយប្រហែលជាខ្ញុំនៅតែមិនទម្លាប់នឹងមុខមាត់ថ្មីរបស់ ហេអុីន ខ្ញុំចង់និយាយថាខ្ញុំនៅតែចូលចិត្តរូបរាងកាយនិងមុខមាត់របស់ហេអុីនមួយនេះជាង ហើយខ្ញុំមិនចង់ឲ្យរាងកាយមួយនេះត្រូវកាប់ចោលនៅក្នុងដីនោះទេ » គេចង្អុលមុខនាងហើយញញឹមឡើងយ៉ាងចម្លែក ធ្វើឲ្យនាងព្រឺសម្បុរ។
         « ហេអុីន មានគម្រោងសម្លាប់ខ្ញុំទេ? » អារ៉ាន់ សួរដោយទឹកមុខតក់ស្លុតស្របពេលចង្វាក់បេះដូងរបស់នាងលោតរៀបនឹងផ្ទុះចេញមកខាងក្រៅ។
         « ហេអុីន កំពុងតែរកវិធីដ៏ល្អមួយដើម្បីសម្លាប់នាងហើយកប់សាកសពរបស់នាងនៅក្នុងដីដោយគ្មានអ្នកណាដឹង ព្រោះ ហេអុីន មិនចង់ឃើញមុខនាងម្តងទៀតបន្ទាប់ពី៥ឬ៦ឆ្នាំទៀតនោះទេ បើតាមអ្វីដែលពួកយើងគិតទោសរបស់ហេអុីនប្រហែលជាត្រូវជាប់គុកតែរយះពេល៥ទៅ៦ឆ្នាំប៉ុណ្ណោះ ដូច្នេះមានន័យថា៥ទៅ៦ឆ្នាំក្រោយនាងនឹងចេញមកហើយគំរាមគំហែងដល់ជីវិតរបស់ ហេអុីន ម្តងទៀត ដូច្នេះទើប ហេអុីន មានគម្រោងសម្លាប់នាងនៅពេលនេះឲ្យហើយ » ថេហ៊ូ និយាយរឿងសម្លាប់មនុស្សដូចជារឿងធម្មតាហើយគេក៏ក្រោកឡើងប្រមូលកែវពីលើតុទៅលាងទុកយ៉ាងប្រងើយដូចជាគ្មានអារម្មណ៍តក់ស្លុតអ្វីសោះ ទុកឲ្យរាងស្តើងនៅអង្គុយភិតភ័យស្លេកមុខតែម្នាក់ឯងនៅលើសាឡុន។

♡ប្តូរកាយវង្វេងស្នេហ៍♡ (ចប់)Where stories live. Discover now