“ ដំណាក់កាលដំបូងនៃការប្រមូលភស្តុតាង ”
ក្លឹបសិក្សាពិសេស
ប្រអប់រាងការ៉េបួនជ្រុងដែលចាក់សោយ៉ាងជាប់ត្រូវ ហាន់ស៊ូ យកមកដាក់នៅលើតុពីមុខ ហេអុីន ហើយធ្វើការប្រគល់កូនសោឲ្យនាង។
« ទាំងនេះជាវិញ្ញាសានិងចម្លើយគ្រប់មុខវិជ្ជាដែលត្រូវប្រឡងនៅប្រចាំខែនេះ » ហាន់ស៊ូ ថយក្រោយមួយជំហានមុននឹងនិយាយទៅកាន់ ហេអុីន។
« ឆេមី យកកេសវិញ្ញាសាទៅដាក់ឡាន » អារ៉ាន ប្រាប់ទៅកាន់ ឆេមី ទើប ឆេមី រហ័សលើកេសវិញ្ញាសាចេញពីផ្ទះលំហែរសំដៅទៅឡានដែលចតនៅខាងក្រៅ។
« តើ ឆេមី អាចទុកចិត្តបានទេ? » ដាអេ រអ៊ូរទាំពេលភ្នែកទាំងគូសម្លឹងតាម ឆេមី មិនឈប់។
« ឯងមិនទុកចិត្តមនុស្សរបស់ខ្ញុំទេឬ? » អារ៉ាន់ បញ្ចេញសំឡេងមានសិទ្ធិអំណាចសួរទៅកាន់ ដាអេ ទើប ដាអេ ញ័រខ្លួនបន្តិច។
« អត់ទេ...អត់មានទេ »
អារ៉ាន់ សម្លឹងមុខគ្រប់គ្នាក្នុងបន្ទប់ជាលើកចុងក្រោយហើយក៏ដើរចេញទៅ ប៉ុន្តែពេលទៅដល់មាត់ទ្វានាងក៏ងាកមករកពួកគេវិញ។
« ផ្ដាំប្រាប់អនុប្រធានក្លឹបផងថាគេធ្វើបានល្អណាស់ ហើយសង្ឃឹមថាពួកយើងបានជួបគ្នាម្តងទៀតឆាប់ៗនេះ » អារ៉ាន់ ញោចមាត់ញញឹមបែបអ្នកឈ្នះហើយក៏ដើរចេញទៅ។
ពេលនេះដល់ពេលដែលនាងនិងឆេមី ធ្វើការប្រមូលភស្តុតាងហើយ។ ឆេមី ណែនាំនាងទៅកាន់ឃ្លាំងទុកចោលមួយកន្លែងដែលជាកម្មសិទ្ធិរបស់លោកគ្រូ មីនយ៉ុង ដើម្បីធ្វើការថតសកម្មភាពនៃការចែកចាយវិញ្ញាសារទាំងអស់នេះ។
ង៉ក់!
ឡានឈប់នៅមុខឃ្លាំងដែលងងឹត ហើយ ឆេមីនិងអារ៉ាន់ ក៏ជួយគ្នាលើកកេសវិញ្ញាសាចូលទៅខាងក្នុង។ ពេលចូលទៅដល់ក្នុងឃ្លាំងដែលធំទូលាយមានត្រឹមតុធំល្មមមួយនិងកៅអីបីនៅកណ្តាលកន្លែងទាំងមូល ក្នុងឃ្លាំងបំភ្លឺដោយពន្លឺភ្លើងពណ៌ទឹកក្រូចស្រាលមួយគ្រាប់នៅលើពិដានចំកន្លែងដែលតុនិងកៅអីស្ថិតនៅ។
« សូមស្វាគមន៍ » សំឡេងគ្រលរបន្លឺចេញមកពីជ្រុងងងឹតនៃឃ្លាំងហើយសំឡេងជើងបន្លឺឡើងមកកាន់តែជិតកន្លែងត្រូវអំពូលភ្លើងបំភ្លឺ ធ្វើឲ្យ អារ៉ាន់ ព្យាយាមបង្រួមភ្នែកសម្លឹងស្រមោលខ្មៅរហូតដល់បានឃើញច្បាស់ថាជាអ្នកណា។
« លោកគ្រូ មីនយ៉ុង » អារ៉ាន់ លាន់មាត់ឡើងទាំងនឹកស្មានមិនដល់ថាមានគ្រូបង្រៀនម្នាក់កំពុងតែជួយក្នុងផែនការរបស់ពួកគេ។
« គាត់ជាបងប្រុសរបស់ មីនយូ » ឆេមី ប្រាប់អ្នកដែលឈរនឹកស្មានមិនដល់ ហើយនាងក៏លើកកេសវិញ្ញាសាទៅដាក់លើតុ។
អារ៉ាន់ នៅតែមិនទាន់ដំណើរការព័ត៌មានដែលនាងទទួលបានពីលោកគ្រូ មីនយ៉ុង បានពេញលេញ ។ បើលោកគ្រូ មីនយ៉ុង ជាអ្នកបងប្រុសរបស់ មីនយូ ចឹងអ្នកដែលព្យាយាមសម្លាប់នាងកាលពីលើកមុនគឺជាលោក មីនយ៉ុង។
« ខ្ញុំដឹងថានាងកំពុងគិតអ្វី ពិតមែនហើយអ្នកដែលព្យាយាមសម្លាប់នាងលើកមុនគឺជាខ្ញុំ ព្រោះខ្ញុំគិតថានាងជាអ្នកចាប់ប្អូនស្រីរបស់ខ្ញុំទៅ »
« ខ្ញុំមិនបានចាប់ មីនយូ ទេ » អារ៉ាន់ បដិសេធសំឡេងរបស់ស្ទើរតែខ្សឹបព្រោះនាងមិនប្រាកដចិត្តដូចគ្នា ធ្វើឲ្យលោកគ្រូ មីនយ៉ុង សើចចំអកដាក់នាង។
« មិនអីទេ ព្រោះពេលនេះយើងកំពុងតែសហការណ៍គ្នាដើម្បីស្វែងរកការពិតហើយ មិនយូទៀតទេនឹងដឹងហើយថាអ្នកណាជាអ្នកចាប់ប្អូនស្រីរបស់ខ្ញុំ ហើយខ្ញុំសង្ឃឹមថាមិនមែនជានាង » លោកគ្រូ មីនយ៉ុង បញ្ចេញស្នាមញញឹមគំរាមគំហែងដាក់នាង ធ្វើឲ្យនាងព្រឺឆ្អឹងខ្នងមួយរំព្រិច។
« បានហើយៗ ឥឡូវនេះពួកយើងមកផ្តោតលើការងារនៅចំពោះមុខសិនបានទេ? ដំបូងខ្ញុំនឹងធ្វើការថតរូបសន្លឹកហើយលោកគ្រូសូមធ្វើការថតជាវីដេអូ »
« យល់ព្រម » លោកគ្រូ មីនយ៉ុង ឆ្លើយតបជាមួយ ឆេមី ហើយក៏ចាប់ផ្តើមធ្វើការ។ ពួកគេត្រូវប្រមូលផ្តុំវីដេអូនិងរូបថតរបស់វិញ្ញាសាទាំងអស់នេះទុកហើយបញ្ជាក់វានៅពេលដែលការប្រឡងចប់ ដល់ពេលនោះលោកគ្រូ មីនយ៉ុង មានតួនាទីប្រមូលរូបថតក្រដាសប្រឡងម្តងទៀតដើម្បីផ្ទៀងផ្ទាត់នឹងក្រដាសវិញ្ញាសាទាំងអស់នេះហើយបញ្ជាក់ថាវិញ្ញាសាត្រូវបាបបែកធ្លាយមែន។
« វីដេអូពីកាំមេរ៉ានៅក្លឹបសិក្សាពិសេសនោះច្បាស់ទេ »
ពេលកំពុងថតរូប ឆេមី ស្រាប់តែសួរទៅកាន់លោកគ្រូ មីនយ៉ុង ពីរឿងវីដេអូម្យ៉ាង ដែលធ្វើឲ្យ អារ៉ាន់ សម្លឹងមុខអ្នកទាំងពីរដោយងឿងឆ្ងល់។
« ច្បាស់ល្អណាស់ ឯងដាក់កាំមេរ៉ាចំទីតាំងល្អ ពួកយើងបានទាំងរូបភាពនិងសំឡេងយ៉ាងពេញលេញ »
“ ឆេមី លួចដាក់កាំមេរ៉ានៅក្នុងផ្ទះលំហែរមែនទេ? ” អារ៉ាន់ គិតក្នុងចិត្តដោយព្រួយបារម្ភបន្តិច ព្រោះមើលទៅការសហការណ៍នេះហាក់ដូចជា ឆេមីនិងលោកគ្រូ មីនយ៉ុង លាក់រឿងជាច្រើនជាមួយនាង ពួកគេមិនទុកចិត្តនាងទេ។
« សុំទោសដែលមិនបានប្រាប់ឯងរឿងកាំមេរ៉ានៅក្លឹបសិក្សាពិសេសជាមុន ប៉ុន្តែយើងគ្រាន់តែចង់បានភាពជាក់ស្តែង » ឆេមី ងាកមកសុំទោសនាង ។
« មិនអីទេ » មាត់របស់នាងនិយាយថាមិនអីដែលក្នុងចិត្តរបស់នាងពិតជាមិនមែនមិនអីនោះទេ នាងពិតជាភ័យព្រួយខ្លាំងណាស់នៅពេលនេះ ហាក់ដូចជាមានសំឡេងប្រកាសអាសន្នមួយស្រែកប្រាប់នាងឲ្យដកខ្លួនចេញឆ្ងាយពី ឆេមីនិងលោកគ្រូ មីនយ៉ុង គ្រប់ពេល ប៉ុន្តែនាងសម្រេចចិត្តមិនអើពើនឹងសំឡេងអាសន្ននៅក្នុងចិត្តហើយធ្វើតាមផែនការបន្តយ៉ាងស្ងៀមស្ងាត់ នាងគ្រាន់តែសង្ឃឹមថានាងអាចរក ហេអុីន ឃើញមុនពេលនេះគ្រប់យ៉ាងត្រូវបានលាតត្រដាង។
YOU ARE READING
♡ប្តូរកាយវង្វេងស្នេហ៍♡ (ចប់)
Детектив / Триллерសាលាវិទ្យាល័យ សាន់ហ៊ូ គឺជាវិទ្យាល័យលំដាប់លេខមួយក្នុងប្រទេសដែលមានតម្លៃសិក្សាថ្លៃបំផុត សិស្សដែលចូលរៀននៅសាលាមួយនេះភាគច្រើនសុទ្ធសឹងតែជាកូនអ្នកមានលំដាប់ប្រទេសឬក៏ជាសមាជិករបស់ក្រុមហ៊ុន សាន់ហ៊ូ គ្រុប ។ យូន អារ៉ាន់ ជាក្មេងកំព្រាក្រីក្រដែលមានបំណងប្រាថ្នាចង់បា...
