ប្តូរកាយវង្វេងស្នេហ៍(០៧)

91 9 1
                                    

" នាងនៅតែមិនទាន់អាចលុបគេចេញពីបេះដូងបាន "

អារ៉ាន់ ផ្លាស់ប្ដូរសម្លៀកបំពាក់សិស្សសាលារៀនចេញហើយមកស្លៀកពាក់យ៉ាងសាមញ្ញាវិញ នាងពាក់មួកបិទបាំងមុខរួចលួចផ្លោះរបងសាលាចេញមកខាងក្រៅ។ តាមពិតនាងមិនបានគេចម៉ោងរៀនទេ ព្រោះម៉ោងរៀនបានបញ្ចប់ហើយ ប៉ុន្តែនាងមកផ្លោះរបងបែបនេះគឺចង់គេចពីអង្គរក្សដែលលោកប៉ាអ្នកម៉ាក់របស់ ហេអុីន ឲ្យមកទទួលនាងនៅមុខសាលានោះ ដរាបណានាងជិះឡានថ្លៃមួយគ្រឿងនោះ នាងមិនអាចមានសេរីភាពដើរហើរដោយសេរីបានទេ ហើយនាងក៏មិនមានឱកាសទៅមើលកន្លែងដាក់ធាតុខ្លួនឯងដែរ។ អារ៉ាន់ យកទូរស័ព្ទមកឆែកមើលទីតាំងដាក់ធាតុរបស់នាងដែលនាងបានសាកសួរពីអ្នកគ្រូនៅមណ្ឌលកុមារកំព្រាដែលនាងធ្លាប់រស់នៅកាលពីតូច នាងពិតជាដឹងគុណអ្នកគ្រូណាស់ដែលបានជួយធ្វើពិធីបុណ្យសពនិងយកធាតុនាងទៅទុកដាក់យ៉ាងល្អ។ អារ៉ាន់ មើលទីតាំងនៅលើអេក្រង់ទូរស័ព្ទហើយក៏ហៅឡានតាក់ស៊ីជិះចេញទៅ។

មួយសន្ទុះក្រោយមក

អារ៉ាន់ កាន់ផ្កាកុលាបពណ៌សមួយទងដែលនាងទិញមកតាមផ្លូវ ក្នុងចិត្តរបស់នាងប្រែជាតក់ស្លុតរហូតធ្វើឲ្យនាងស្ទាក់ស្ទើរក្នុងការបោះជំហានទៅកាន់កន្លែងដែលធាតុរបស់នាងស្ថិតនៅ ព្រោះនាងមិនជឿទេថានាងបានស្លាប់ហើយ នាងមិននឹកស្មានទេថានាងអាចមកឈរមើលធាតុរបស់ខ្លួនឯងបានបែបនេះ ប្រសិនបើពេលនេះនាងមិននៅក្នុងរាងកាយរបស់ ហេអុីន ទេ កន្លែងធាតុរបស់នាងប្រហែលគ្មានផ្កាសូម្បីមួយទង។ អារ៉ាន់ ព្យាយាមសម្រួលអារម្មណ៍ហើយដើរទៅកាន់កន្លែងដាក់ធាតុរបស់នាងទាំងកែវភ្នែករលីងរលោងស្រណោះខ្លួនឯង ព្រោះជីវិតរបស់នាងឯកាមកតាំងពីតូច រហូតដល់ធំក៏ត្រូវមកស្លាប់យ៉ាងកំសត់បែបនេះទៀត សាច់ញាតិក៏គ្មាន បើមិនបានអ្នកគ្រូនៅមណ្ឌលជួយធ្វើបុណ្យឲ្យនាង ប្រហែលពេលនេះសពរបស់នាងត្រូវគេយកដុតចោលហើយបោះឆ្អឹងក្នុងទន្លេបាត់ទៅហើយ។
« ហ៊ឹក...ហ៊ឺ » អារ៉ាន់ យំចេញមកខ្លាំងៗពេលបានឃើញធាតុដែលដាក់លើធ្នើរមានកញ្ចក់បិទជិត ហើយក៏មានរូបថតពេញដោយស្នាមញញឹមរបស់នាងផងដែរ។ ក្រឡេកទៅមើលធាតុផ្សេងទៀតដែលនៅជុំវិញខ្លួន គេសុទ្ធតែមានរូបថតគ្រួសារនិងវត្ថុអនុស្សាវរីយ៍ពីមនុស្សសំខាន់ លើកលែងតែនាងដែលគ្មានអ្នកណាសោះ ឃើញហើយពិតជាអាណិតខ្លួនឯងខ្លាំងណាស់។
« ហ៊ឹក...ហ៊ឺ...ផ្កា? តើអ្នកណាយកផ្កាមកដាក់ឲ្យខ្ញុំ? » អារ៉ាន់ ភ្ញាក់ផ្អើលពេលក្រឡេកឃើញផ្កាពណ៌សនៅស្រស់ៗដាក់នៅមុខធាតុរបស់នាង មើលទៅសភាពផ្កាដូចជាគេទើបតែយកមកដាក់មុននេះបន្តិចទេ ព្រោះផ្កានៅស្រស់ល្អណាស់ ទើប អារ៉ាន់ ដាក់ផ្កាដែលកាន់មកនៅមុខធាតុរបស់ខ្លួនឯងហើយ ក៏រហ័សដើរចេញទៅរកមើលអ្នកដែលយកផ្កាមកដាក់មុខធាតុនាង ព្រោះនាងចង់ដឹងណាស់ថាមនុស្សម្នាក់នោះជាអ្នកណា? ។
អារ៉ាន់ រត់ចេញមកដល់ខាងក្រៅ នាងព្យាយាមក្រឡេកមើលឆ្វេងស្តាំរកមើលមនុស្សដែលសង្ស័យថាជាអ្នកយកផ្កាមកដាក់ឲ្យនាង ប៉ុន្តែជុំវិញនេះគឺគ្មានមនុស្សសូម្បីតែម្នាក់។
« តើអ្នកណាទៅដែលនៅចងចាំក្មេងស្រីម្នាក់ដែលមានឈ្មោះ អារ៉ាន់ បាន ? » អារ៉ាន់ សួរឡើងយ៉ាងអន្ទះសា នាងពិតជាចង់ដឹងចង់ឃើញមនុស្សម្នាក់នោះខ្លាំង តើគេជាអ្នកណា? ហេតុអ្វីគេនៅចាំនាងទាំងដែលមនុស្សគ្រប់គ្នាសុទ្ធតែបំភ្លេចនាងចោលអស់ទៅហើយ?។
ឌឹប!
« អា៎! » អារ៉ាន់ ភ្ញាក់ព្រើតក្រោយត្រូវកម្លាំងដៃមាំរុញនាងទប់ទៅនឹងជញ្ជាំងមួយទំហឹង។
បុរសពាក់អាវខ្មៅមានម៉ាស់បិទបាំងមុខជិតរុញនាងទប់នឹងជញ្ជាំងហើយដកកាំបិតមកភ្ជង់ករបស់នាងធ្វើឲ្យនាងភ័យខ្លាចញ័រខ្លួនទទ្រើក។ នាងមើលមិនឃើញមុខមាត់របស់គេទេ ប៉ុន្តែនាងមើលឃើញកែវភ្នែកពេញដោយកំហឹងនិងភាពឈឺចាប់ទាំងគូរបស់គេដែលកំពុងសម្លឹងមកកាន់នាងដូចជាចង់សម្លាប់នាងឲ្យស្លាប់នៅត្រង់នេះ។
« មីនយូ ប្អូនស្រីរបស់ខ្ញុំនៅឯណា? នាងយក មីនយូ ទៅទុកឯណា? »
គេស្រែកគំហកដាក់នាងទាំងកំហឹងហើយសង្កត់មុខកាំបិតលើ ករបស់នាងខ្លាំងៗរហូតនាងមានអារម្មណ៍ឈឺផ្សាឡើងមក។
« ខ្ញុំ...ខ្ញុំមិនដឹងទេ » អារ៉ាន់ ឆ្លើយតបយ៉ាងរដាក់រដុប សំឡេងរបស់នាងឡើងញ័រអស់ នាងភ័យឡើងស្លេកបបូរមាត់ ព្រោះបើគេបន្ថែមកម្លាំងដៃតែបន្តិចទៀត បំពង់ខ្យល់របស់នាងនឹងត្រូវគេកាត់ផ្ដាច់ហើយ។
« កុហក! មុនពេលប្អូនរបស់ខ្ញុំបាត់ខ្លួនមួយថ្ងៃ នាងជាអ្នកបញ្ចូលមនុស្សមករុករើក្នុងផ្ទះរបស់យើង ព្រោះតែនាងខ្លាចរឿងអាក្រក់ក្នុងក្លឹបសិក្សាពិសេសរបស់នាងបែកធ្លាយ ទើបនាងធ្វើបាបប្អូនស្រីរបស់ខ្ញុំ បើនាងមិននាំប្អូនស្រីរបស់ខ្ញុំមកឲ្យខ្ញុំវិញទេ ខ្ញុំនឹងសម្លាប់នាងមិនខានទេ »
« គឺខ្ញុំមិនដឹងថាប្អូនស្រីរបស់លោកបាត់ខ្លួនទៅណាពិតមែន ទោះលោកសម្លាប់ខ្ញុំចោលក៏ខ្ញុំនៅតែមិនដឹងដែរ ហ៊ឹក! ខ្ញុំមិនដឹងពិតមែន » អារ៉ាន់ ភ័យឡើងយំទៅហើយ នាងព្យាយាមនិយាយអស់ហើយថានាងមិនដឹងរឿងដែល មីនយូ បាត់ខ្លួនមែន បើគេមិនជឿទៀតនាងក៏មិនដឹងធ្វើយ៉ាងណាដែរ។
« ចាំមើលថានាងនៅមាត់រឹងដល់ណាទៀត » គេដកកាំបិតចេញពីករបស់នាងហើយមកចាប់ដៃស្រឡូនស្អាតរបស់នាងដាក់ទប់នឹងជញ្ជាំងវិញ គេនឹងធ្វើទារុណកម្មនាងរហូតនាងព្រមនិយាយការពិតប្រាប់គេ។
« លោកចង់ធ្វើអី? » អារ៉ាន់ សួរឡើងទាំងភ័យលើសដើម។
« ខ្ញុំចង់កាត់ម្រាមស្រឡូនរបស់នាងនេះចេញម្តងមួយៗចាំមើលនាងនៅទ្រាំនិយាយកុហកដល់ណាទៀត »
« អត់ទេៗ សុំអង្វរកុំធ្វើបែបនេះអី ខ្ញុំពិតជាមិនដឹងពិតមែន » អារ៉ាន់ ព្យាយាមយំអង្វរគេ តែគេមិនជឿនាងសោះហើយក៏លើកកាំបិតឡើងចង់កាត់ដៃរបស់ ហេអុីន។
ឌឹប!
« អួយ! »
នៅសុខៗក៏មានអ្នកយករបស់រឹងមកវាយក្បាលរបស់គេពីក្រោយធ្វើឲ្យគេដួលទៅម្ខាង។
« នាងកើតអ្វីដែរទេ? » រីកគី កាន់មួកសុវត្ថិភាពដែលវាយក្បាលរបស់ជនល្មើសមុននេះជាប់ដៃ រហ័សចូលទៅជិតស្រីក្រមុំដែលឈរភ័យញ័រខ្លួននៅជិតជញ្ជាំងសួរនាំនាងដោយក្តីបារម្ភ។
« ខ្ញុំ...ខ្ញុំមិនអីទេ » នាងឆ្លើយតបជាមួយគេទាំងនៅភិតភ័យស្របពេលភ្នែកទាំងគូនៅសម្លឹងជនល្មើសដែលស្រវេស្រវ៉ាក្រោកឈរឡើងមកវិញដោយមានកាំបិតកាន់នៅក្នុងដៃ។
« កាន់ដៃរបស់ខ្ញុំមក » រីកគី ហុចដៃទៅឲ្យនាង ទើបនាងព្រមដកភ្នែកពីជនល្មើសហើយមកសម្លឹងដៃរបស់គេវិញ ។
" ហេតុអ្វីបានជានាងមានអារម្មណ៍ថាកក់ក្តៅនិងលែងសូវភ័យខ្លាចពេលសម្លឹងឃើញប្រអប់ដៃរបស់គេហើយ? " អារ៉ាន់ មិនបង្អង់យូក៏ចាប់ដៃរបស់គេណែន ទើបគេអូសដៃនាងរត់ចេញទៅយ៉ាងលឿន ដោយមានជនល្មើសដេញតាមពីក្រោយមិនឈប់។

♡ប្តូរកាយវង្វេងស្នេហ៍♡ (ចប់)Where stories live. Discover now