ភាគ២៤" បដិសេធពិធីមង្គលការ "
អារ៉ាន់ ដើរចេញពីអាហារដ្ឋានក្រោយញុំអាហារថ្ងៃត្រង់រួច ជាមួយទូរស័ព្ទនៅក្នុងដៃ នាងកំពុងតែទាក់ទងទៅ ដាអេ ដែលមិនបានមករៀននៅថ្ងៃនេះ ព្រោះនាងចង់សួរ ដាអេ ទាក់ទងនឹងរឿងក្លឹបសិក្សាពិសេសដែល ដាអេ បាននិយាយនៅថ្ងៃមុន ប៉ុន្តែ ដាអេ មិនព្រមចូលមើលសាររបស់នាងសោះ។
អារ៉ាន់ ដាក់ទូរស័ព្ទចុះពេលដើរមកដល់មាត់ទ្វាថ្នាក់រៀនដែលមានសភាពស្ងាត់ព្រោះសិស្សទាំងអស់នៅមិនទាន់ត្រឡប់មកពីអាហារដ្ឋានវិញនៅឡើយ។
ដុក!
សំឡេងធ្លាក់សៀវភៅបន្លឺឡើងស្របពេល អារ៉ាន់ ឈប់ជើងមួយកន្លែង ក្រោយបានឃើញអ្នកនៅខាងក្នុងថ្នាក់កំពុងតែឈរឱបគ្នាយ៉ាងជិតស្និទ្ធ។
« ហេអុីន! »
សំឡេងរបស់ រីកគី បន្លឺឡើងដោយភាពភ្ញាក់ផ្អើលហើយ យេរីន ក៏ងាកមកសម្លឹងមុខរបស់នាងជាមួយស្នាមញញឹមគួរឲ្យស្អប់។ នាងមិនដឹងថាគួរតែប្រឈមមុខជាមួយពួកគេយ៉ាងណាទេ ទើបនាងប្រញាប់ឈានជើងថយក្រោយហើយរត់ចេញពីទីនេះទៅ។ នាងរត់ទៅមុខដោយមិនងាកក្រោយឡើង ទោះដឹងថាមានអ្នកកំពុងតែរត់តាមពីក្រោយនាងក៏ដោយ ពេលនេះនាងគ្រាន់តែមិនចង់ជួបមុខរបស់គេ តើគេមិនយល់ទេឬ?។
ក្រាក!
អារ៉ាន់ ឈប់ជើងលើដំបូលអាគារដែលជាកន្លែងប្រចាំដែលនាងនិងរីកគីតែងតែជួបគ្នានៅម៉ោងសម្រាក នាងក៏មិនដឹងថាជើងរបស់នាងនាំនាងមកដល់ទីនេះដោយរបៀបណាដែរ ពេលដែលនាងគ្រប់គ្រងអារម្មណ៍ច្របូកច្របល់របស់ខ្លួនឯងបាន នាងក៏មកដល់ទីនេះបាត់ទៅហើយ ។ សំឡេងជើងឈប់នៅខាងក្រោយខ្នង ធ្វើឲ្យនាងស្រូបខ្យល់ដង្ហើមចូលជ្រៅៗហើយងើយសម្លឹងផ្ទៃមាឃអាប់អួលចង់ភ្លៀង ដើម្បីសម្រួលអារម្មណ៍ត្រៀមប្រឈមមុខនឹងអ្នកដែលឈរនៅខាងក្រោយខ្នងរបស់នាង។ នាងដឹងច្បាស់ថានាងនិងគេមិនមានអ្វីលើសពីមិត្តទេ ប៉ុន្តែហេតុអ្វីនាងតានតឹងយ៉ាងនេះពេលត្រូវមកប្រឈមមុខជាមួយគេក្រោយបានឃើញគេនៅជាអតីតសង្សារបស់គេហើយ?។
« ហេអុីន! » សំឡេងរបស់គេបន្លឺឡើងតិចៗស្ទើរតែខ្សឹបបញ្ជាក់ថាគេកំពុងតែភ័យខ្លាចក្នុងការប្រឈមមុខជាមួយនាងដូចគ្នា។
អារ៉ាន់ ដកដង្ហើមចូលជ្រៅម្តងទៀតមុននឹងងាកមកប្រឈមមុខជាមួយគេ។
« ហេតុអ្វីក៏តាមខ្ញុំមក? » នាងសួរគេធ្វើពើជាមិនដឹងរឿងហេតុពិត ធ្វើដូចជាខ្លួនឯងរត់ចេញមកទីនេះមិនមែនដោយសារតែឃើញគេឱបអតីតសង្សារបស់គេមុននេះទេ។
« ខ្ញុំមកតាមនាងព្រោះចង់បញ្ជាក់រឿងមុននេះឲ្យច្បាស់ ខ្ញុំនឹង យេរីន មិនបានមានអ្វីនឹងគ្នាទេ មុននេះនាងស្ទើរតែដួលហើយខ្ញុំក៏ជួយទប់នាង » គេនិយាយទាំងទឹកមុខភ័យព្រួយខ្លាចនាងយល់ច្រឡំ។
ពេលលឺគេនិយាយបែបនេះនាងហាក់ធូរស្រាលក្នុងចិត្តបន្តិច ប៉ុន្តែរូបភាពដែល រីកគី ឱប យេរីន នៅតែរំខានចិត្តរបស់នាងម្តងម្កាល ប៉ុន្តែនាងក៏ជ្រើសរើសមិនអើពើព្រោះនាងមិនត្រូវជាអ្វីនឹងគេទេ នាងមិនអាចប្រច័ណ្ឌគេបានឡើយ។
« រឿងរបស់លោកខ្ញុំមិនចង់ដឹងទេ » នាងនិយាយធ្វើហីៗហើយក៏ដើរជៀសគេ បើកទ្វាចុះជណ្តើរទៅថ្នាក់រៀនវិញយ៉ាងលឿន ធ្វើឲ្យអ្នកដែលឈរនៅលើដំបូលញញឹមហួសចិត្តម្នាក់ឯង។
YOU ARE READING
♡ប្តូរកាយវង្វេងស្នេហ៍♡
Mystery / Thrillerសាលាវិទ្យាល័យ សាន់ហ៊ូ គឺជាវិទ្យាល័យលំដាប់លេខមួយក្នុងប្រទេសដែលមានតម្លៃសិក្សាថ្លៃបំផុត សិស្សដែលចូលរៀននៅសាលាមួយនេះភាគច្រើនសុទ្ធសឹងតែជាកូនអ្នកមានលំដាប់ប្រទេសឬក៏ជាសមាជិករបស់ក្រុមហ៊ុន សាន់ហ៊ូ គ្រុប ។ យូន អារ៉ាន់ ជាក្មេងកំព្រាក្រីក្រដែលមានបំណងប្រាថ្នាចង់បា...