“ ការលួងលោម ”
អារ៉ាន់ កំពុងដើរចេញពីអគារសិក្សាដើម្បីត្រឡប់ទៅផ្ទះវិញក្រោយម៉ោងសិក្សាពេញមួយថ្ងៃបានបញ្ចប់។ អំឡុងពេលធ្វើដំណើរទៅកាន់ឡានដែលចតចាំខាងមុខ ភ្នែកទាំងគូរបស់នាងចោលសម្លឹងគ្រប់ទីកន្លែងដើម្បីរកវត្តមានរបស់អ្នកដែលនាងតែងតែចង់ឃើញមុនពេលត្រឡប់ទៅផ្ទះ ព្រោះនាងនឹងមានអារម្មណ៍ថាខ្វះខាតអ្វីមួយប្រសិនជានាងមិនបានឃើញគេមុនពេលទៅផ្ទះទេ។ កំពុងតែរកមើលគេមិនយូប៉ុន្មាននាងក៏បានឃើញគេដើរចេញពីកន្លែងមួយព្រមជា អារ៉ាន់ ក្លែងក្លាយគឺ ហេអុីន ដែលកំពុងតែនៅក្នុងរូបរាងរបស់នាងនោះ មើលទៅពួកគេជជែកគ្នាយ៉ាងសប្បាយរីករាយ នាងមិនចាំទេថានាងស្និតស្នាលជាមួយ រីកគី នៅពេលដែលនាងនៅក្នុងរាងកាយរបស់នាងនោះ តែពេលមកឃើញ ហេអុីន ប្រើរាងកាយរបស់នាងស្និតស្នាលជាមួយ រីកគី បានយ៉ាងងាយបែបនេះចាប់ផ្តើមធ្វើឲ្យនាងច្រណែន។ នាងឈរមើលពួកគេជជែកគ្នាហើយដើរទៅក្បែរ ម៉ូតូ របស់ រីកគី រួចគេក៏ហុចមួកការពារឲ្យ ហេអុីន ពេលនាងពាក់មួកហើយពួកគេក៏ឡើងម៉ូតូហើយជិះចេញទៅជាមួយគ្នា ដែលធ្វើឲ្យនាងដកដង្ហើមធំដោយការធុញថប់ ហេតុអ្វីនាងមានអារម្មណ៍ខឹងបែបនេះ? បើអាចនាងចង់តែចាប់បោចសក់របស់ ហេអុីន ទាញទម្លាក់ម៉ូតូនោះទេ ប៉ុន្តែនាងមិនអាចធ្វើបានឡើងក្រៅពីឈរក្តាប់ដៃទប់ចិត្តច្រណែននៅទីនេះ។
« ការប្រឡងនៅសល់តែបីថ្ងៃទៀតប៉ុណ្ណោះ តើត្រៀមខ្លួនហើយឬនៅ? »
សំឡេងរបស់ ថេហ៊ូ ធ្វើឲ្យនាងភ្ញាក់លោតបន្តិច ព្រោះមិនដឹងថាគេមកឈរនៅក្បែរនាងតាំងពីពេលណា។
« តើកើតអ្វីដែរទេ? » គេសួរដោយក្តីបារម្ភពេលឃើញទឹកមុខក្រៀមក្រំរបស់នាង។
« មិនមានអ្វីទេ គ្រាន់តែព្រួយបារម្ភពីការប្រឡងប៉ុណ្ណោះ » នាងឆ្លើយតបជាមួយគេហើយក៏ចាប់ផ្តើមដើរទៅមុខ។
« ដឹងទេថាពិធីភ្ជាប់ពាក្យរបស់ពួកយើងនឹងធ្វើឡើងបន្ទាប់ពីការប្រឡងបញ្ចប់បានបីថ្ងៃ »
« ហា៎! » អារ៉ាន់ លាន់មាត់ឡើងទាំងតក់ស្លុតហើយងាកមកសម្លឹងមុខអ្នកឈរក្បែរដៃទាំងនឹកស្មានមិនដល់។
« លឿនពេកហើយមែនទេ? »
« ពិតមែនហើយលឿនខ្លាំងណាស់ » អារ៉ាន់ ស្រែកដោយសំឡេងមិនគួរឲ្យជឿចេញមក។
« ទោះយ៉ាងណាក៏ដោយ នេះគ្រាន់តែពិធីភ្ជាប់ពាក្យប៉ុណ្ណោះ ដរាបណាមិនទាន់មានពិធីមង្គលការកើតឡើងយើងនៅតែមានលទ្ធភាពចែកផ្លូវគ្នាបាន » ថេហ៊ូ ព្យាយាមនិយាយបញ្ចូលភាពតានតឹងរបស់នាង។
« ពិតមែនហើយ វាគ្រាន់តែពិធីភ្ជាប់ពាក្យប៉ុណ្ណោះ » អារ៉ាន់ រអ៊ូរទាំតបជាមួយគេវិញដោយព្យាយាមធ្វើឲ្យខ្លួនឯងស្ងប់អារម្មណ៍ព្រោះពេលនេះ ហេអុីន បង្ហាញខ្លួនហើយនៅតែព្យាយាមរកមធ្យោបាយដើម្បីប្តូររាងកាយគ្នាវិញប៉ុណ្ណោះ ដល់ពេលនោះរឿងច្របូកច្របល់ទាំងអស់នេះនឹងត្រូវបានបញ្ចប់ ហើយនាងនឹងត្រឡប់ទៅជីវិតធម្មតារបស់នាងវិញ ប៉ុន្តែទោះជានាងព្យាយាមប្រាប់ខ្លួនឯងមិនឲ្យបារម្ភប៉ុណ្ណា ក៏ចិត្តរបស់នាងនៅតែវិលវល់ទៅរកក្តីកង្វល់មួយចំនួនដដែល ចុះបើនាងត្រឡប់ទៅរាងកាយរបស់នាងមិនបាន? ចុះបើនាងនៅក្នុងរាងកាយមួយនេះអស់មួយជីវិត?។

YOU ARE READING
♡ប្តូរកាយវង្វេងស្នេហ៍♡ (ចប់)
Mystery / Thrillerសាលាវិទ្យាល័យ សាន់ហ៊ូ គឺជាវិទ្យាល័យលំដាប់លេខមួយក្នុងប្រទេសដែលមានតម្លៃសិក្សាថ្លៃបំផុត សិស្សដែលចូលរៀននៅសាលាមួយនេះភាគច្រើនសុទ្ធសឹងតែជាកូនអ្នកមានលំដាប់ប្រទេសឬក៏ជាសមាជិករបស់ក្រុមហ៊ុន សាន់ហ៊ូ គ្រុប ។ យូន អារ៉ាន់ ជាក្មេងកំព្រាក្រីក្រដែលមានបំណងប្រាថ្នាចង់បា...