“ ពេលវេលាសន្តិសុខ ”
វិទ្យាល័យសាន់ហ៊ូ
“ លី យេរីន...មីន ហាន់ស៊ូ...ឆយ ដាអេ រួមទាំងសមាជិកក្នុងក្លឹបពិសេសផ្សេងទៀតត្រូវបានបណ្ដេញចេញពីសាលារៀន សាន់ហ៊ូ និងទទួលពិន័យធ្វើការបម្រើសង្គមរយៈពេលប្រាំមួយខែចាប់ពីពេលនេះតទៅ ” គណកម្មការអំពើហិង្សាក្នុងសាលាបានប្រកាសនៅកណ្តាលសាលប្រជុំពីមុខឪពុកម្តាយនិងសិស្សទាំងអស់នៅក្នុងវិទ្យាល័យសាន់ហ៊ូសម្រាប់ការដាក់ទោសដល់ក្រុមសិស្សដែលលួចវិញ្ញាសានិងធ្វើបាបមិត្តរួមថ្នាក់។
ក្រោយការប្រកាសដាក់ទោសរួចរាល់ លោកប៉ានិងអ្នកម៉ាក់របស់ យេរីន ហាន់ស៊ូនិងដាអេ កំពុងដែលលុតជង្គង់នៅក្នុងការិយាល័យនាយកសាលា អង្វរករឲ្យលោកតា សាន់ហ៊ូ ជួយកូនៗពួកគេឲ្យរួចផុតពីការពិន័យលើកនេះ ព្រោះរឿងនេះល្បីល្បាយពេញប្រទេសហើយបើសាលាសាន់ហ៊ូបណ្ដេញពួកគេចេញ ពួកគេប្រហែលជាមិនអាចចុះឈ្មោះរៀននៅសាលាណាបានទៀតទេ។
« លោកប្រធានសូមជួយពួកយើងផង »
« ពិតមែនហើយ លោកប្រធានសូមជួយកូនៗរបស់ពួកយើងផង ពួកគេនៅក្មេងតែងតែធ្វើរឿងខុសអញ្ចឹងហើយ »
« ដោះស្រាយខ្លួនឯង កុំមករកយើងទៀត » លោកតា សាន់ហ៊ូ ក្រោកពីកៅអីទាំងក្រពុលមុខនឹងលោកប៉ាអ្នកម៉ាក់របស់សិស្សទាំងបីនាក់នោះដែរមកយំអង្វរលោកឲ្យជួយ។
« សូមលោកប្រធានជួយពួកយើងម្តងទៀតទៅ ពួកយើងសន្យាថានឹងស្មោះត្រង់ចំពោះក្រុមគ្រួសាររបស់លោក »
លោកតា សាន់ហ៊ូ ញញឹមបន្តិចពេលលឺបែបនេះហើយ ទើបលើកដៃឲ្យលោកនាយកយកសាមីឯកសារមកប្រគល់ឲ្យលោកប៉ាអ្នកម៉ាក់របស់សិស្សទាំងបីនាក់នោះ។
« នេះជាសាលានៅក្រៅប្រទេស បញ្ចូលពួកគេទៅរៀននៅទីនោះបន្ទាប់ពីកាពិន័យបញ្ចប់ » លោកតា សាន់ហ៊ូ និយាយហើយក៏ដើរចេញទៅ។
« អរគុណលោកប្រធាន » លោកប៉ាអ្នកម៉ាក់របស់សិស្សទាំងបីនាក់ឱនគោរពអ្នកដែលដើរចេញទៅដោយការដឹងគុណ ទោះជាកូនៗរបស់ពួកគេត្រូវខាតពេលសិក្សាមួយឆ្នាំក៏ដោយ ប៉ុន្តែក៏ល្អជាងមិនបានបន្តការសិក្សា ហើយមិនមែនថាពួកគេគ្មានលទ្ធភាពបញ្ចូលកូនពួកគេទៅសិក្សានៅបរទេសដោយខ្លួនឯងទេ ប៉ុន្តែដោយសារតែប្រវត្តិរបស់កូនៗពួកគេមិនល្អ ទើបពួកគេមិនសង្ឃឹមថាសាលានៅបរទេសនឹងព្រមទទួលយកកូនពួកគេឲ្យរៀននោះទេ តែបានជំនួយពីមនុស្សមានឥទ្ធិពលដូចជាលោកតា សាន់ហ៊ូ សាលាច្បាស់ជាផ្តល់កន្លែងសម្រាប់កូនៗរបស់ពួកគេមិនខាត។
អ្នកជាប៉ានិងម៉ាក់របស់សិស្សទាំងបីនាក់ចេញមកខាងក្រៅបានឃើញកូនរបស់ពួកគេឈរឱនមុខនៅខាងមុខទ្វា។
« អត់បានការ » លោកប៉ារបស់ ហាន់ស៊ូ ស្រែកឲ្យកូនប្រុសដោយខឹងសម្បារ។
« យើងប្រាប់ឯងឲ្យខំរៀនហេតុអ្វីក៏ឯងទៅលួចវិញ្ញាសាបែបនេះ? » អ្នកម៉ាក់របស់ យេរីន ស្តីបន្ទោសឲ្យកូនស្រីដោយខឹងខ្លាំង។
ផាច់!
សំឡេងទះកំផ្លៀងធ្វើឲ្យគ្រប់គ្នាងាកទៅមើលហើយនៅទីនោះ ដាអេ ដួលនៅលើឥដ្ឋទប់ថ្ពាល់ទាំងកែវភ្នែកក្រហម។
« ធ្វើកិច្ចការសង្គមក្នុងរយៈពេលប្រាំមួយខែនេះឲ្យល្អ ហើយបើឯងបង្ករឿងទៀតយើងនឹងសម្លាប់ឯងដោយផ្ទាល់ដៃ កូនចង្រៃយ៍! » លោកប៉ារបស់ ដាអេ ស្រែកដាក់កូនស្រីដែលយំនៅលើឥដ្ឋដោយសំឡេងហិង្សានិងមិនចេះទប់កំហឹងដែលធ្វើឲ្យអ្នកដែលឈរមើលឃើញហើយភ័យខ្លាចគ្រប់គ្នា តែក៏គ្មាននរណាម្នាក់ហ៊ានចូលទៅជួយក្មេងស្រីដែលកំពុងត្រូវឪពុកវាយធ្វើបាបនោះដែរ។
ក្រោយពីដោះស្រាយបញ្ហានៅខាងក្នុងសាលារួចរាល់ ពួកគេត្រូវត្រឡប់ទៅផ្ទះវិញ ប៉ុន្តែតាមផ្លូវចេញពីសាលាត្រូវចោមរោមដោយអ្នកសារព័ត៌មានដែលថតរូបនិងសួរសំណួរពីពួកគេហើយនៅជុំវិញនោះសំឡេងជេរស្តីពីមិត្តរួមសាលានិងឪពុកម្តាយសិស្សលាន់ត្រហឹងពេញត្រចៀករបស់ពួកគេ ហើយមិនបានប៉ុន្មានកាកសំណល់ផ្សេងៗក៏ត្រូវគប់មកលើពួកគេទាំងបីនាក់ដូចជាពួកគេជាកាកសំណល់សង្គមដែលមនុស្សគ្រប់គ្នាលែងត្រូវការ ធ្វើឲ្យពួកគេទាំងបីស្រក់ទឹកភ្នែកមានអារម្មណ៍សោកស្តាយចំពោះរឿងដែលខ្លួនឯងបានធ្វើជាខ្លាំង។
“ តើអ្នកទាំងបីដឹងទេថាពេលនេះ ហេអុីន លាក់ខ្លួននៅឯណា? ”
“ តើអ្នកទាំងបីគិតថា ហេអុីន នឹងទទួលទោសបែបណា? ព្រោះនាងក៏នៅជាអនីតិជនដូចអ្នកទាំងបីដែរ ប៉ុន្តែនាងជាប់ពាក់ព័ន្ធនឹងបទល្មើសសម្លាប់មិត្តរួមថ្នាក់និងជាមេគំនិតក្នុងរឿងទាំងអស់នេះ ”
ភ្លឹប!
ទូរទស្សន៍រលត់ធ្វើឲ្យរាងស្តើងដែលអង្គុយលើសាឡុនងាកទៅរកអ្នកដែលចុចទូរទស្សន៍បិទមិនឲ្យនាងបន្តមើលភាពចលាចលដែលកំពុងកើតនៅវិទ្យាល័យសាន់ហ៊ូបន្តទៀត។
« ឈប់មើលរឿងទាំងអស់នោះទៀតទៅ ហើយចេញទៅខាងក្រៅដើរលេងជាមួយបងវិញ » គេដើរចូលមករកនាងដោយស្នាមញញឹមលួងលោមហើយក៏ចាប់ដៃនាងឲ្យនាងក្រោកពីសាឡុនដើរតាមគេចេញទៅខាងក្រៅផ្ទះ។
ខ្យល់បរិសុទ្ធស្វាគមន៍នាងធ្វើឲ្យភាពតានតឹងនិងទុក្ខកង្វល់ក្នុងចិត្តរបស់នាងរសាយបាត់មួយរំព្រិច។ នាងសប្បាយចិត្តភ្លេចខ្លួនបន្តិច រហូតនាងសម្លឹងឃើញមនុស្សដើរឆ្លងកាត់ពួកគេធ្វើឲ្យនាងនឹកឃើញថាអាចនឹងមានអ្នកស្គាល់នាងហើយរាយការណ៍ទៅប៉ូលីស ទើបនាងរហ័សលាក់ខ្លួននៅខាងក្រោយខ្នងរបស់គេដោយភ័យខ្លាចមួយរំព្រិច។ រីកគី កត់សម្គាល់ពីភាពភ័យខ្លាចរបស់នាង ទើបគេរហ័សងាកមកឱបនាងហើយអង្អែលខ្នងនាងលួងលោម ដោយទុកឲ្យនាងទប់មុខនៅក្នុងដើមទ្រូងរបស់គេ។ រយៈពេលបីថ្ងៃហើយដែលគេបាននាំនាងមកទីនេះហើយបីថ្ងៃនោះគេសង្កេតឃើញថានាងសម្ងំតែក្នុងផ្ទះមិនហ៊ានចេញទៅណានោះទេ ហើយនាងថែមទាំងបិទបង្អួចទាំងអស់ក្នុងផ្ទះហើយអង្គុយនៅក្នុងភាពងងឹតតែម្នាក់ឯង គេដឹងថានាងមានការភ័យខ្លាច ប៉ុន្តែយូទៅគេពិតបារម្ភពីស្ថានភាពផ្លូវចិត្តរបស់នាងខ្លាំងណាស់ ហើយពេលឃើញនាងភ័យខ្លាចពេលឃើញមនុស្សបែបនេះគេរឹតតែបារម្ភខ្លាំងថែមទៀត។
« មិនអីទេ គ្មាននរណាម្នាក់គត់សម្គាល់អូនទេ » គេលួងលោមនាងទាំងដឹងថានាងកំពុងញ័រនៅក្នុងដៃរបស់គេដោយភាពភ័យខ្លាច។ គេឈរនៅទីតាំងនោះជាមួយនាងអស់មួយសន្ទុះធំរហូតនាងបានស្ងប់ស្ងាត់ ទើបគេដកខ្លួនចេញពីនាងបន្តិចដើម្បីមើលមុខរបស់នាងហើយធ្វើឲ្យគេប្រាកដចិត្តថានាងពិតជាលែងអីពិតមែន។
«...» អារ៉ាន់ ផ្តល់ស្នាមញញឹមធានាដល់គេពេលឃើញគេពិនិត្យមើលនាងដោយកែវភ្នែកបារម្ភ។
គេឃើញនាងញញឹមធានាថាមិនអីហើយ ទើបគេលើកមួកដែលកាន់នៅក្នុងដៃជាយូឡើងមកពាក់ឲ្យនាង ព្រោះទោះជានាងព្យាយាមបង្ហាញប្រាប់គេថានាងលែងភ័យខ្លាចក៏ដោយ ប៉ុន្តែគេនៅតែដឹងថានាងកំពុងតែព្យាយាមលាក់ភាពភ័យខ្លាចនៅខាងក្នុងចិត្ត ទើបគេត្រូវធ្វើឲ្យនាងមានអារម្មណ៍ជឿជាក់ជាងមុនថាពិតជាគ្មានអ្នកណាចំណាំនាងបានមែន។
« ពាក់មួកបែបនេះនឹងគ្មានអ្នកណាគត់សម្គាល់អូនទៀតនោះទេ » គេញញឹមពេលកំពុងរៀបចំមួកឲ្យត្រង់នៅលើក្បាលរបស់នាងហើយស្នាមញញឹមរបស់គេកំពុងធ្វើឲ្យនាងញញឹមដូចគ្នា។
« អញ្ចឹងពួកយើងកំពុងនៅណា? » នាងសួរគេស្របពេលដៃរបស់នាងនិងគេកំពុងចាប់គ្នាយ៉ាងណែនហើយនាងនិងគេបណ្តើរគ្នាដើរចេញពីផ្ទះតាមចិញ្ចើមផ្លូវទៅកាន់កន្លែងមួយដែលនាងមិនដឹង។
« កន្លែងដែលបងតែងតែទៅលេងរាល់ពេលមកទីនេះ ពេលទៅដល់អូននឹងដឹងហើយ » គេងាកមកសម្លឹងមុខនាងពេលនិយាយហើយនាងអាចឃើញថាគេញញឹមដោយក្តីរំភើបពេលប្រាប់នាងពីកន្លែងមួយនោះ។
YOU ARE READING
♡ប្តូរកាយវង្វេងស្នេហ៍♡ (ចប់)
Misterio / Suspensoសាលាវិទ្យាល័យ សាន់ហ៊ូ គឺជាវិទ្យាល័យលំដាប់លេខមួយក្នុងប្រទេសដែលមានតម្លៃសិក្សាថ្លៃបំផុត សិស្សដែលចូលរៀននៅសាលាមួយនេះភាគច្រើនសុទ្ធសឹងតែជាកូនអ្នកមានលំដាប់ប្រទេសឬក៏ជាសមាជិករបស់ក្រុមហ៊ុន សាន់ហ៊ូ គ្រុប ។ យូន អារ៉ាន់ ជាក្មេងកំព្រាក្រីក្រដែលមានបំណងប្រាថ្នាចង់បា...
