" ស្នេហាដែលមិនប្រែប្រួល "
ប្រាំពីរឆ្នាំកន្លងផុតទៅ
អារ៉ាន់ អង្គុយលើកៅអីនៅកណ្តាលបន្ទប់ពណ៌សរុំព័ន្ធដោយក្លិនថ្នាំពេទ្យនិងអាល់កុល សម្លឹងតាមសកម្មភាពរបស់រាងក្រាស់ដែលអង្គុយអានសៀវភៅនៅទល់មុខនាង។
« តើសុខសប្បាយជាទេ? » នាងបំបែកភាពស្ងប់ស្ងាត់ក្នុងបន្ទប់ពេលសង្កេតឃើញថាគេបានបញ្ចប់សៀវភៅនៅក្នុងដៃហើយកំពុងដាក់សៀវភៅចុះនៅលើតុ។
« ខ្ញុំសុខសប្បាយជាទេ ចុះ ហេអុីន វិញ? » ថេហ៊ូ ក្នុងសម្លៀកពាក់អ្នកជំងឺញញឹមស្រស់តបមកនាងវិញ។
« ខ្ញុំក៏សុខសប្បាយដែរ » នាងញញឹមតបគេវិញ ទោះដឹងថាគេនៅតែយល់ច្រឡំថានាងជា ហេអុីន ក៏ដោយ។
« ពិតមែនហើយ ពួកយើងនឹងរៀបការជាមួយគ្នានៅប៉ុន្មានថ្ងៃទៀត ហេតុអ្វីខ្ញុំនៅទីនេះ? »
គេស្ទុះក្រោកពីកៅអីដោយប្រញាប់ប្រញាល់ហើយរត់ទៅទូដាក់សម្លៀកបំពាក់បើករើរបស់របបខាងក្នុងភ្លាម សកម្មភាពរបស់គេធ្វើឲ្យ អារ៉ាន់ សម្រេចក្រោកឈរឡើងហើយដើរចេញពីបន្ទប់ដើម្បីឲ្យគ្រូពេទ្យចូលមកមើលគេជំនួយវិញ។
" អ្នកជំងឺ ថេហ៊ូ ឈប់រើទូសម្លៀកបំពាក់ទៅ "
" អត់ទេ ខ្ញុំត្រូវរកឈុនកូនកំលោះ តើខ្ញុំពាក់មួយនេះសង្ហាទេ? ហេអុីន ច្បាស់ជាចូលចិត្ត "
អារ៉ាន់ ទាញទ្វាពីក្រោយបិទហើយដើរចេញទៅខាងក្រៅមន្ទីរពេទ្យពេលសម្លឹងឃើញរាងក្រាស់ឈរនៅក្បែរឡានញញឹមស្រស់ដាក់នាង។
« សួស្តីលោកស្រីប្រធាន » គេដោះវ៉ែនតាខ្មៅចេញហើយញញឹមស្រស់ដើរចូលមករកនាង ពិតមែនហើយនៅក្នុងក្រុមហ៊ុននាងជាប្រធានរបស់គេនៅពេលនេះទើបគេហៅនាងលេងសើចបែបនេះគ្រប់ពេល។
« ហេតុអ្វីអ្នកគ្រប់គ្រងមកនៅទីនេះទៅវិញ? » នាងលេងសើចតបជាមួយគេវិញពេលដៃរបស់នាងនិងដៃរបស់គេចាប់ផ្តើមប៉ះគ្នា ហើយគេក៏ដឹកដៃនាងសំដៅទៅឡានដែលចតនៅលើចិញ្ចើមផ្លូវ។
« បងសុំទោសដែលមិនបានទៅទទួលអូនព្រឹកមិញ ព្រោះស្រាប់តែមានប្រជុំភ្លាមៗ » គេឈប់ដើរហើយងាកមកប្រឈរមុខជាមួយនាងដោយទឹកមុខសុំទោស។ តាមពិតថ្ងៃនេះជាថ្ងៃសម្រាកហើយគេនិងនាងបានសន្យាថានឹងដើរលេងជាមួយគ្នា ប៉ុន្តែព្រឹកមិញគេស្រាប់តែមានប្រជុំបន្ទាន់ទើបគេខកខានមិនបានទៅយកនាងធ្វើឲ្យនាងត្រូវមកទីនេះដោយខ្លួនឯង។
« មិនអីទេ អូនយល់ហើយ » នាងញញឹមហើយលើកដៃទាញថ្ពាល់គេលេង មុននឹងចូលទៅក្នុងឡានដែលគេបើកទ្វាឲ្យនាង។
« តើគេយ៉ាងម៉េចហើយ? » រីកគី សួរពេលកំពុងដែលដាក់ខ្សែក្រវ៉ាត់សុវត្ថិភាពឲ្យនាងនិងខ្លួនឯងត្រៀមចេញដំណើរ។
« គេនៅតែដដែល ច្រឡំអូនថាជា ហេអុីន គ្រប់ពេល ហើយនៅតែគិតថាគេនឹងរៀបការជាមួយនាង » អារ៉ាន់ ដកដង្ហើមធំបន្តិចដោយរក្សាភ្នែកទៅលើផ្លូវដែល រីកគី បើកទៅ។
« ហេអុីន ចេញពីពន្ធនាគារពីរឆ្នាំហើយប៉ុន្តែពួកយើងពិតជាមិនដែរបានជួបនាងនោះទេ បងឆ្ងល់ថាពេលនេះនាងនៅឯណា? »
« នឹករូបរាងមួយនោះទេ? » អារ៉ាន់ សួរដោយសំឡេងប្រច័ណ្ឌធ្វើឲ្យ រីកគី ដកភ្នែកចេញពីផ្លូវបន្តិចហើយងាកមកសម្លឹងមើលនារីដែលគេស្រលាញ់វិញព្រោះចង់ដឹងថានាងពិតជាកំពុងប្រច័ណ្ឌគេពិតមែនឬអត់ ប៉ុន្តែពេលឃើញមុខក្រញូវរបស់នាងហើយគេច្បាស់មួយរយភាគរយថានាងប្រច័ណ្ឌ។
« បងគ្រាន់តែឆ្ងល់ប៉ុណ្ណោះ បងមិននឹករូបរាងនោះទេ ព្រោះបងស្រលាញ់រាងកាយអូនពេលនេះខ្លាំងណាស់ បងនឹងឱបនិងថើបតែរាងកាយមួយនេះតែប៉ុណ្ណោះ » សម្តីរបស់គេធ្វើឲ្យនាងមុខឡើងក្រហមហើយងាកទៅសម្លឹងទេសភាពខាងក្រៅភ្លាមដើម្បីគេចពីគេ ប៉ុន្តែគេនៅតែឃើញច្បាស់ថាមុខរបស់នាងក្រហមប៉ុណ្ណាដោយសារគេ។
YOU ARE READING
♡ប្តូរកាយវង្វេងស្នេហ៍♡ (ចប់)
Mystery / Thrillerសាលាវិទ្យាល័យ សាន់ហ៊ូ គឺជាវិទ្យាល័យលំដាប់លេខមួយក្នុងប្រទេសដែលមានតម្លៃសិក្សាថ្លៃបំផុត សិស្សដែលចូលរៀននៅសាលាមួយនេះភាគច្រើនសុទ្ធសឹងតែជាកូនអ្នកមានលំដាប់ប្រទេសឬក៏ជាសមាជិករបស់ក្រុមហ៊ុន សាន់ហ៊ូ គ្រុប ។ យូន អារ៉ាន់ ជាក្មេងកំព្រាក្រីក្រដែលមានបំណងប្រាថ្នាចង់បា...
