“ ក្តីស្រលាញ់ក្លែងក្លាយ ”
“ អ្នកស្រី ជីអា នៅផ្ទះរបស់យើង នាងដូចជាដឹងរឿងដែលឯងបានធ្វើហើយ...”
ក្រាក!
ទ្វាបន្ទប់ទឹករបើកធ្វើឲ្យអ្នកស្រី កាង ដាក់ទូរស័ព្ទចុះទាំងទឹកមុខស្លេកស្លាំង។
« និយាយជាមួយ ថេហ៊ូ មែនទេ? » អ្នកស្រី ជីអា ស្ទុះចូលកញ្ឆក់យកទូរស័ព្ទពីអ្នកស្រី កាង យកមកមើលភ្លាម ឃើញថាជាលេខរបស់ ថេហ៊ូ ទើបនាងប្រញាប់ចុចទៅវិញតែអ្នកម្ខាងទៀតមិនព្រមទទួលប្រហែលជាបានដឹងខ្លួនហើយ។ នាងមិនគួរទុកចិត្តហើយអនុញ្ញាតឲ្យអ្នកស្រី កាង ចូលបន្ទប់ទឹកនោះទេ ពេលនេះ ថេហ៊ូ ដឹងខ្លួនហើយច្បាស់ជារឹតតែពិបាកតាមរកគេ។ អ្នកស្រី ជីអា លើកដៃជ្រោងសក់ហើយដកដង្ហើមធំដោយតានតឹង។
« និយាយគ្រប់យ៉ាងចេញមកឥឡូវនេះឬចាំដល់ពេលប៉ូលីសមកដល់? » អ្នកស្រី ជីអា សម្លឹងមុខអ្នកដែលឈរភិតភ័យនៅចំពោះមុខដោយទឹកមុខគំរាមគំហែងទើបអ្នកស្រី កាង ងក់ក្បាលតិចៗយល់ព្រមថានឹងនិយាយគ្រប់យ៉ាងចេញមកប្រាប់អ្នកស្រី ជីអា។
ផ្ទះលោកផាក
អ្នកស្រី ជីអា អង្គុយនៅសាឡុនទាំងបិទភ្នែកសម្រាកក្បាលទៅចំហៀងទាំងនឿយហត់ព្រោះមិនបានគេងពេញមួយយប់ដោយសារតែរវល់តាមរកតម្រុយរបស់ ថេហ៊ូ និងការបាត់ខ្លួនរបស់ អារ៉ាន់។
« តើអ្នកស្រី កាងនិងលោកនាយកពិតជាសារភាពថាបានដឹងរឿងដែល ថេហ៊ូ ធ្វើពិតមែនឬ? » រីកគី សួរដោយភ្ញាក់ផ្អើល ហើយទទួលបានការងក់ក្បាលតបដោយភាពតានតឹងពីអ្នកស្រី ជីអា មកវិញ។
« តើអ្នកស្រីបានប្រាប់រឿងនេះដល់លោកអគ្គនាយក សាន់ហ៊ូ ហើយឬនៅ? » លោកប៉ារបស់ រីកគី សួរទៅអ្នកស្រី ជីអា ដោយក្តីបារម្ភ។
« នៅទេ ខ្ញុំគិតថាខ្ញុំនឹងដោះស្រាយរឿងនេះដោយខ្លួនឯង » អ្នកស្រី ជីអា ទីបំផុតព្រមបើកភ្នែកឡើងនិយាយតបជាមួយលោក ផាក ដែលទឹកមុខរបស់នាងបញ្ជាក់ថានឿយហត់ខ្លាំង។
« អ្នកស្រីគួរតែទៅសម្រាកសិនទៅ ខ្ញុំបានរៀបចំបន្ទប់ឲ្យរួចរាល់ហើយ » អ្នកមីង ស៊ូហ៊ី និយាយឡើងពេលយកចាននំចំណីមកដាក់នៅលើតុឲ្យភ្ញៀវ។
« ពេលនេះមិនដឹងថា អារ៉ាន់ យ៉ាងម៉េចហើយទេ? » រីកគី រអ៊ូរទាំដោយក្តីបារម្ភ ធ្វើឲ្យអ្នកស្រី ជីអា ងាកមកចាប់អារម្មណ៍គេម្តងទៀត។
« ខ្ញុំទើបតែទាក់ទងទៅផ្ទះមុននេះហើយអ្នកបម្រើប្រាប់ថាកូនស្រីរបស់ខ្ញុំមិនទាន់មកផ្ទះទេតាំងពីម្សិលមិញ ខ្ញុំគិតថានាងច្បាស់ជានៅជាមួយ ថេហ៊ូនិងអារ៉ាន់ ប៉ុន្តែពួកយើងពិតជាមិនដឹងថាពួកគេនៅទីណាទេ » អ្នកស្រី ជីអា និយាយឡើងទាំងតានតឹង ពេលនេះនាងជឿស្ទើរតែទាំងស្រុងហើយថាអ្នកដែលនៅជាមួយនាងរាល់ថ្ងៃក្នុងរាងកាយរបស់ អារ៉ាន់ គឺជា ហេអុីន ព្រោះការប្រព្រឹត្តរបស់នាងដូចគ្នានឹង ហេអុីន ( មិនមកផ្ទះបន្ទាប់ពីមានរឿងអន់ចិត្ត ) ។
« ខ្ញុំក៏បានព្យាយាមទាក់ទងទៅ ហាន់ស៊ូ ដាអេនិងយេរីន ដើម្បីសួរដែរ ប៉ុន្តែគេប្រាប់ថាយើងអាចនិយាយទូរស័ព្ទជាមួយពួកគេបានតែម៉ោងទំនេរប៉ុណ្ណោះ ពេលនេះយើងប្រហែលត្រូវរងចាំរហូតដល់ម៉ោងសម្រាករបស់ពួកគេ ទើបអាចសួរពួកគេបាន » រីកគី ដកដង្ហើមធំដោយភាពតានតឹង។
« អំឡុងពេលរងចាំនេះអ្នកស្រីគួរតែទៅសម្រាកសិន » អ្នកមីង ស៊ូហ៊ី ក្រោកឈរឡើងដើរនាំផ្លូវអ្នកស្រី ជីអា ទៅបន្ទប់សម្រាកក្នុងផ្ទះដែលនាងបានរៀបចំ ទើបអ្នកស្រី ជីអា ក្រោកដើរតាមនាងទៅទាំងនឿយហត់។
ពេលអ្នកស្រី ជីអា ទៅបាត់ រីកគី ក៏លើកដៃឈ្លីថ្ងាសដោយភាពតានតឹងកាន់តែខ្លាំង។
« ខ្ញុំស្ទើរមិនជឿថា ថេហ៊ូ ធ្វើរឿងទាំងអស់នេះ ហើយកាន់តែហួសចិត្តទៅទៀតនោះ លោកនាយកជាអ្នកដែលផ្តល់វិញ្ញាសារទាំងអស់ឲ្យគេយកទៅឲ្យក្លឹបសិក្សាពិសេស សូម្បីតែអ្នកម៉ាក់របស់គេក៏គាំទ្រគេសម្រាប់រឿងនេះដែរ ពិតជាមិនគួរឲ្យជឿទេ ហើយពេលនេះមិនដឹងថា អារ៉ាន់ យ៉ាងម៉េចហើយទេ ខ្ញុំពិតជាបារម្ភណាស់ » រីកគី លើកដៃបិទមុខដោយអារម្មណ៍តប់ប្រមល់ ទើបលោកផាកលើកដៃទះស្មាគេតិចៗជាការលួងលោម។
« នាងច្បាស់ជាមិនកើតអ្វីទេ » អ្នកមីង ស៊ូហ៊ី ដើរត្រឡប់មកពីបន្ទប់អ្នកស្រី ជីអា វិញ និយាយឡើងដោយភាពជឿជាក់កាត់បន្ថយភាពបារម្ភរបស់ រីកគី។
« ហេតុអ្វីអ្នកមីងដូចជាប្រាកដចិត្តម្លេះ? » រីកគី សួរដោយចង់ដឹងឲ្យកាន់តែច្បាស់ ពីមូលហេតុដែលធ្វើឲ្យអ្នកមីងរបស់គេប្រាកដចិត្តយ៉ាងនេះថា អារ៉ាន់ មានសុវត្ថិភាពនៅក្នុងដៃពីរនាក់នោះ។
« ព្រោះរាងកាយនិងវិញ្ញាណរបស់ ហេអុីននិងអារ៉ាន់ មានការទាក់ទងគ្នា ហើយបើមនុស្សម្នាក់ក្នុងចំណោមពួកនាងរងរបួសមនុស្សម្នាក់ទៀតក៏ទទួលបានអារម្មណ៍ឈឺចាប់ដូចគ្នា ដូច្នេះខ្ញុំគិតថា ហេអុីន នៅមិនទាន់ធ្វើអ្វីធ្ងន់ធ្ងរដល់ អារ៉ាន់ នោះទេ មិនមែនទាល់តែនាងត្រៀមខ្លួនជាស្រេចដើម្បីទទួលបានអារម្មណ៍ឈឺចាប់ដូចគ្នានឹង អារ៉ាន់ »
« ទោះយ៉ាងនេះក៏ដោយ ខ្ញុំនៅតែបារម្ភ ព្រោះ មនុស្សដូចជា ហេអុីន នាងហ៊ានលះបង់តម្លៃគ្រប់យ៉ាងដើម្បីទទួលបានអ្វីដែលនាងចង់បាន ហើយប្រហែលនាងក៏ហ៊ានសម្លាប់ អារ៉ាន់ ហើយទទួលយកភាពឈឺចាប់លើរាងកាយទាំងអស់នោះ ដើម្បីទទួលបានគ្រប់យ៉ាងនៅទីបំផុត » រីកគី ស្គាល់ ហេអុីន ច្បាស់ណាស់ដូច្នេះគេនៅតែបារម្ភចំពោះសុវត្ថិភាពរបស់ អារ៉ាន់ ដដែល ប៉ុន្តែគេសង្ឃឹមថា ហេអុីន នឹងត្រូវចំណាយពេលយូដើម្បីសម្រេចចិត្តធ្វើរឿងដែលផ្តល់ការឈឺចាប់បែបនេះដល់នាង។
« ខ្ញុំសង្ឃឹមថានាងនឹងមិនធ្វើបែបនោះឆាប់ៗនេះទេ » អ្នកមីង ស៊ូហ៊ី ព្យាយាមលួងលោមក្មួយប្រុស។
« ប៉ាកំពុងតែបន្ថែមមនុស្សឲ្យស៊ើបរកពួកគេហើយកុំបារម្ភពេកអី ហើយទៅសម្រាកសិនទៅ បើបានដំណឹងអីប៉ានឹងដាស់ឯង » លោកផាក ទះស្មាកូនប្រុសជាការធានាដែលពេញដោយទំនុកចិត្ត ទើប រីកគី ងក់ក្បាលយល់ព្រមព្រោះយប់មិញគេក៏មិនបានគេងដូចគ្នានឹងអ្នកស្រី ជីអា ហើយបើកគេបន្តមិនគេងទៀត ប្រហែលជាគេងគ្មានកម្លាំងដើម្បីទៅជួយ អារ៉ាន់ នៅពេលរកឃើញទីតាំងដែលនាងត្រូវចាប់ទៅនោះទេ។
YOU ARE READING
♡ប្តូរកាយវង្វេងស្នេហ៍♡ (ចប់)
Misterio / Suspensoសាលាវិទ្យាល័យ សាន់ហ៊ូ គឺជាវិទ្យាល័យលំដាប់លេខមួយក្នុងប្រទេសដែលមានតម្លៃសិក្សាថ្លៃបំផុត សិស្សដែលចូលរៀននៅសាលាមួយនេះភាគច្រើនសុទ្ធសឹងតែជាកូនអ្នកមានលំដាប់ប្រទេសឬក៏ជាសមាជិករបស់ក្រុមហ៊ុន សាន់ហ៊ូ គ្រុប ។ យូន អារ៉ាន់ ជាក្មេងកំព្រាក្រីក្រដែលមានបំណងប្រាថ្នាចង់បា...
