ភាគ១៧
" ការសហការណ៍ "
អារ៉ាន់ បានណាត់ ថេហ៊ូ ឡើងមកលើដំបូលអគារដែលនាងនិងរីកគី តែងតែជួបគ្នា ដើម្បីនិយាយពីគម្រោងរបស់ពួកគេយប់នេះ។
ក្រាក!
ថេហ៊ូ បើកទ្វារឡើងមកលើដំបូលបានឃើញគូដណ្ដឹងរបស់គេឈររងចាំគេជាមួយ រីកគី ហើយ ក៏មានអារម្មណ៍មិនពេញចិត្តជាខ្លាំង ប៉ុន្តែគេក៏ជ្រើសរើសលាក់ទុកនៅក្នុងចិត្តព្រោះមិនចង់ឃ្លាតឆ្ងាយពីនាង។
« ខ្ញុំមិនដឹងទេថា រីកគី នឹងចូលរួមជាមួយពួកយើងដែរ » ថេហ៊ូ និយាយស្របពេលដើរចូលទៅរកកំលោះក្រមុំទាំងពីរ។
« យើងត្រូវការជំនួយពី រីកគី » អារ៉ាន់ និយាយឡើងដោយក្រែងចិត្ត ថេហ៊ូ។ ទោះជា ថេហ៊ូ មិនបាននិយាយអ្វី ប៉ុន្តែនាងដឹងថាការដែលនាងឲ្យ រីកគី ចូលមកជួយក្នុងរឿងសំខាន់ទាក់ទងនឹង សាន់ហ៊ូ គ្រុបបែបនេះធ្វើឲ្យគេមានអារម្មណ៍មិនល្អទេ។
« ចាប់ផ្តើមនិយាយពីគម្រោងការយប់នេះរបស់យើងវិញទៅ » រីកគី បង្វែរអារម្មណ៍របស់អ្នកទាំងពីរឲ្យមកមើលគម្រោងរបស់គេវិញ។
« តើនេះជាអ្វី? » អារ៉ាន់ ចង្អុលក្រដាសដែល រីកគី យកចេញមកពីកាតាប សួរដោយងឿងឆ្ងល់។
« ជាប្លង់ក្លឹបរបស់លោកប៉ា អេននី ដែលខ្ញុំបានឲ្យ ជុនវ៉ុន ជួយគូសចេញមក...ជាធម្មតា អេននី តែងតែនាំមិត្តរបស់នាងទៅអង្គុយនៅតុក្នុងបន្ទប់ជាន់ទីពីរនេះ ជាកន្លែងដែលមានភាពឯកជននិងអាចមើលឃើញបរិវេណសប្បាយរបស់មនុស្សនៅខាងក្រោយបានយ៉ាងច្បាស់ ខណៈពេលជញ្ជាំងកញ្ចក់នេះមិនអាចធ្វើឲ្យអ្នកនៅខាងក្រោមមើលទៅឃើញទិដ្ឋភាពក្នុងបន្ទប់វីអាយភីនោះទេ ខ្ញុំធ្លាប់ទៅបន្ទប់នោះពីមុនម្តង ទោះចំណាយពេលក្នុងនោះមិនដល់ដប់នាទីប៉ុន្តែខ្ញុំដឹងថាក្នុងនោះគ្មានកាមេរ៉ាសុវត្ថិភាពទេ ដូច្នេះបើយើងចង់បានវីដេអូប្រើអំពើហិង្សារបស់ អេននី លើសិស្សដទៃយើងត្រូវតែលួចបង្កប់កាមេរ៉ានៅទីនេះ »
« តើអ្នកណានឹងចូលទៅបង្កប់កាំមេរ៉ានៅទីនោះបាន? ជាបន្ទប់វីអាយភីរបស់កូនម្ចាស់ក្លឹបច្បាស់ជាមិនងាយចូលទៅបានទេ? » ថេហ៊ូ សួរទៅកាន់ រីកគី ទើបឃើញថា រីកគីនិងហេអុីន សម្លឹងមុខគ្នាដូចជាពួកគេបានគិតរួចហើយថាអ្នកណានឹងចូលទៅបង្កប់កាំមេរ៉ាក្នុងបន្ទប់នោះបាន។
« រីកគី នឹងទៅទីនេះជាមួយ អេននី យប់នេះ ហើយគេនឹងចេញមកវិញបន្ទាប់ពីលួចដាក់កាំមេរ៉ារួច » អារ៉ាន់ និយាយឡើងពេល រីកគី ញាក់ភ្នែកដាក់នាង។
« ហើយចុះខ្ញុំនិងនាងវិញ? តើពួកយើងគួរធ្វើតួនាទីអ្វី? » ថេហ៊ូ សួរបន្តព្រោះរឿងដែលចាត់ការលោកប៉ាអេននីនេះប្រហែលមិនមែនត្រឹមតែយកភស្តុតាងពីរឿងដែលអេននីធ្វើបាបសិស្សដទៃទេ ប្រហែលជានៅមានច្រើនជាងនេះ ទើប ហេអុីន ហៅគេឲ្យមកទីនេះខណះពេលរឿងសំខាន់លួចដាក់កាំមេរ៉ានៅបន្ទប់វីអាយភីក្នុងក្លឹបមាន រីកគី ធ្វើហើយនោះ។
« ខ្ញុំបានរកឃើញថាក្លឹបរបស់លោកប៉ា អេននី នោះមិនបាននៅក្រោមការគ្រប់គ្រងរបស់ សាន់ហ៊ូ គ្រុបទេ ក្លឹបនោះជាអាជីវកម្មដាច់ដោយឡែករបស់លោកប៉ារបស់ អេននី ម្យ៉ាងទៀត ជុនវ៉ុននិងរីកគី បាននិយាយថាពួកគេធ្លាប់ត្រូវបុគ្គលិកបញ្ចុះបញ្ចូលពួកគេឲ្យសាកល្បងថ្នាំញៀន ដូច្នេះតួនាទីរបស់ពួកយើងទាំងពីរគឺរកភស្តុតាងទាក់ទងនឹងថ្នាំខុសច្បាប់នៅក្នុងក្លឹបនោះ » អារ៉ាន់ លើកដៃទះស្មារបស់ ថេហ៊ូ សម្លឹងមុខគេយ៉ាងមុឺងម៉ាត់។
« ពួកយើងនឹងទៅក្លឹបនៅម៉ោងប៉ុន្មាន? » ថេហ៊ូ សួរបន្ត។
« ម៉ោងប្រាំបីយប់ ខ្ញុំនឹងទៅជាមួយ អេននី » រីកគី បន្ត។
« បើសម្រេចបែបនេះហើយ ឥឡូវយើងមកចាប់ដៃសហការណ៍គ្នាមួយទៅ »
អារ៉ាន់ លាដៃដាក់នៅចន្លោះកណ្តាលពួកគេទាំងបីនាក់ មិនបង្អង់យូប្រុសៗទាំងពីរប្រញាប់ប្រជែងគ្នាចាប់ដៃនាងឲ្យបានមុន ប៉ុន្តែ ថេហ៊ូ នៅតែយឺតមួយជំហានទើបបណ្តោយឲ្យ រីកគី ចាប់លើដៃរបស់ ហេអុីន បានមុន ទើបគេបានត្រឹមដាក់ដៃលើខ្នងដៃរបស់ រីកគី ជំនួយវិញ។
YOU ARE READING
♡ប្តូរកាយវង្វេងស្នេហ៍♡ (ចប់)
Mystery / Thrillerសាលាវិទ្យាល័យ សាន់ហ៊ូ គឺជាវិទ្យាល័យលំដាប់លេខមួយក្នុងប្រទេសដែលមានតម្លៃសិក្សាថ្លៃបំផុត សិស្សដែលចូលរៀននៅសាលាមួយនេះភាគច្រើនសុទ្ធសឹងតែជាកូនអ្នកមានលំដាប់ប្រទេសឬក៏ជាសមាជិករបស់ក្រុមហ៊ុន សាន់ហ៊ូ គ្រុប ។ យូន អារ៉ាន់ ជាក្មេងកំព្រាក្រីក្រដែលមានបំណងប្រាថ្នាចង់បា...
