“ ពេលវេលាគួរឲ្យស្រឡាញ់ ”
ត្របកភ្នែកស្តើងបើកឡើងម្តងបន្តិចៗក្រោយប៉ះត្រូវពន្លឺព្រះអាទិត្យដែលចាំងចូលមកក្នុងបន្ទប់មន្ទីរពេទ្យ។ អារ៉ាន់ សម្លឹងពិដានពណ៌សទាំងល្វើយខ្លាំងហើយនាងក៏ចាំថាខ្លួនឯងកំពុងគេងនៅមន្ទីរពេទ្យដោយសារតែការឈឺចាប់ចម្លែកកាលពីយប់មិញ។ រាងស្តើងចាប់ផ្តើមរើខ្លួនតែក៏ត្រូវផ្អាកព្រោះតែទម្ងន់ដែលសង្កត់ដៃលើស្តាំរបស់នាង អារ៉ាន់ រហ័សងាកទៅមើលលើដៃដែលមានអារម្មណ៍ធ្ងន់ហើយក៏បានឃើញថ្គាមល្អឥតខ្ចោះរបស់ រីកគី ដែលគេងដាក់ក្បាលនៅលើដៃរបស់នាង ។ គេនៅក្នុងសម្លៀកបំពាក់សិស្សសាលាមានន័យថាគេបានទៅសាលាហើយ នាងក្រឡេកមើលម៉ោងហើយឃើញថាម៉ោងដប់មួយព្រឹកទៅហើយ។
« អូនដឹងខ្លួនហើយ តើមានឈឺកន្លែងណាដែរទេ? » សំឡេងគ្រលរបន្លឺឡើងដោយក្តីបារម្ភទើបនាងដកភ្នែកពីនាឡិកាមកសម្លឹងមុខគេវិញ មុននឹងផ្តល់ស្នាមញញឹមស្រាលៗដល់គេ ដើម្បីកាត់បន្ថយក្តីបារម្ភរបស់គេចំពោះនាង។
« អូនមិនអីទេ ប៉ុន្តែហេតុអ្វីបងមកនៅទីនេះ? មិនទៅសាលាទេ? » នាងសម្លឹងមុខគេហើយសម្លេងឯកសណ្ឋានសាលានៅលើខ្លួនរបស់គេ។
« បងបានទៅសាលា ប៉ុន្តែបានលឺថាអូននៅមន្ទីរពេទ្យទើបបងប្រញាប់មករកអូន ពេលមកដល់អូននៅគេងនៅឡើយ ទើបបងអង្គុយរងចាំរហូតហើយភ្លេចខ្លួនក៏គេងលក់ » ។
« គួរឲ្យស្រឡាញ់ » អារ៉ាន់ ញញឹមលឹបភ្នែកពេលស្តាប់គេរៀបរាប់រឿងដែលគេប្រញាប់ប្រញាល់មករកនាង ពេលដឹងថានាងឈឺ។
« មិត្តប្រុសរបស់អូនគឺគួរឲ្យស្រលាញ់បែបនេះហើយ » រីកគី ឈោងទៅចាប់ទាញថ្ពាល់របស់ស្រីក្រមុំលេងព្រោះក្នាញ់នឹងស្នាមញញឹមរបស់នាង។ « ឃ្លានហើយឬនៅ? » គេសួរនាងបន្ត។
« ហុឹម! » នាងងក់ក្បាលហើយលើដៃអង្អែលពោះទាំងធ្វើមុខគួរឲ្យស្រលាញ់ដាក់គេ ទើបគេទ្រាំមិនបានក៏ឱនទៅថើបថ្ពាល់របស់នាងមួយខ្សឺត មុននឹងក្រោកពីកៅអី។
« ចាំបងចុះទៅទិញអាហារនៅខាងក្រោម »
« អរគុណ » នាងញញឹមអរគុណគេទាំងអឹមអៀនព្រោះគេថើបថ្ពាល់នាងមុននេះ ។
រីកគី ញញឹមតបនាងហើយក៏រហ័សចេញទៅ ព្រោះមិនចង់ឲ្យមិត្តស្រីរបស់គេគេងអត់អាហារយូ។
អារ៉ាន់ កំពុងតែគេងយកដៃទប់ថ្ពាល់ខ្លួនឯងញញឹមដូចមនុស្សឆ្កួត ទោះជានាងនិង រីកគី មានទំនាក់ទំនងជាមួយគ្នាមួយរយះពេលហើយក៏ដោយ ប៉ុន្តែនាងនៅតែមិនទាន់ទម្លាប់នឹងសកម្មភាពផ្អែមល្ហែមបែបនេះដដែល បេះដូងរបស់នាងតែងតែលោតស្ទើរផ្ទុះគ្រប់ពេលគេធ្វើបែបនេះដាក់នាង។
ក្រាក!
« រីក...! » នាងផ្អាកសំឡេងហើយទឹកមុខក៏ប្រែជាព្រួយបារម្ភពេលឃើញថាអ្នកដែលចូលមកមិនមែនជា រីកគី ប៉ុន្តែជាអ្នកស្រី ជីអា។
« ខកបំណងមែនទេដែលមិនមែនជាមិត្តប្រុសរបស់ឯង? » អ្នកស្រី ជីអា ដើរចូលមកអង្គុយកៅអីនៅក្បែរគ្រែដោយសម្លឹងមើលនាងមិនដាក់ភ្នែកជាមួយកែវភ្នែកមុតស្រួចមួយគូដែលគួរឲ្យខ្លាចរអា។
ប្រហែលដោយសារតែអ្នកស្រី ជីអា មិនបានជួយនាងនៅពេលដែលនាងឈឺស្ទើរតែស្លាប់កាលពីយប់មិញ ធ្វើឲ្យនាងមានអារម្មណ៍ភ័យខ្លាចចំពោះស្រ្តីចំណាស់នេះកាន់តែខ្លាំងឡើង គ្រាន់តែអ្នកស្រី ជីអា ចូលមកជិតនាងក៏ព្រឺឆ្អឹងខ្នងហើយញ័រទ្រូងមួយរំព្រិច ពេលនេះនាងប្រហែលអាចស្លាប់បានដោយគ្រាន់តែអ្នកស្រី ជីអា សម្លឹងមុខនាង។ អារ៉ាន់ នៅស្ងៀមព្រោះមិនដឹងតបនឹងសំណួររបស់អ្នកស្រី ជីអា បែបណា ហើយរងចាំឲ្យរាងចំណាស់ដែលអង្គុយលើកៅអីនិយាយម្តងទៀត។
« គេជាមូលហេតុដែលឯងមិនព្រមភ្ជាប់ពាក្យជាមួយ ថេហ៊ូ មែនទេ? ឯងសុខចិត្តយកតំណែងជាអ្នកស្នងមរតក សាន់ហ៊ូ គ្រុប របស់ឯងមកប្រថុយដើម្បីមនុស្សប្រុសម្នាក់? » អ្នកស្រី ជីអា សើចចំអកឲ្យនាងហើយសម្លឹងមើលនាងដូចជានាងជាមនុស្សល្ងង់បំផុតក្នុងលោក។
« ទោះមិនមានគេក៏ខ្ញុំមិនអាចរៀបការជាមួយ ថេហ៊ូ ដែរ ព្រោះខ្ញុំមិនបានស្រលាញ់ ថេហ៊ូ » នាងប្រញាប់ប្រកែក។
« ស្រលាញ់! ហិ! »
រាងចំណាស់បន្លឺសំឡេងចំអកម្តងទៀតហាក់មិនជឿលើសេចក្តីស្នេហា ប៉ុន្តែនាងអាចមើលឃើញភាពខកបំណងនិងក្តីឈឺចាប់នៅក្នុងភ្នែករបស់រាងចំណាស់យ៉ាងច្បាស់ ប្រហែលជាអ្នកស្រី ជីអា មានអតីតកាលមិនល្អជាមួយស្នេហារបស់នាង ទើបធ្វើឲ្យនាងមើលទៅគួរឲ្យសង្វេគបែបនេះពេលលឺពាក្យថាស្រលាញ់។
« ខ្ញុំគ្រាន់តែចង់រំលឹកឯងថាកុំព្យាយាមបោះបង់របស់ដែលមើលឃើញនឹងភ្នែកហើយទៅតាមចាប់របស់ដែលមើលមិនឃើញនោះអី ព្រោះចុងក្រោយឯងនឹងអាចបាត់បង់គ្រប់យ៉ាង ស្នេហា! អ្នកណាដឹងវាមានរូបរាងយ៉ាងម៉េច? អ្នកណាដឹងថាគេពិតស្រលាញ់ឯងមែន? » អ្នកស្រី ជីអា និយាយចប់ហើយក៏ក្រោកឈរឡើងយកកាបូបរបស់នាងដើរចេញដែលក៏ត្រូវផ្អាកជើងបន្តិចដោយសារតែសម្តីរបស់ អារ៉ាន់។
« មិនប្រាកដថារបស់ដែលអ្នកស្រីមិនដែលជួបនឹងមិនមាននៅលើនៅលោកនេះទេ ខ្ញុំជឿជាក់លើគេ ហើយខ្ញុំស្រលាញ់គេ » នាងនិយាយឡើងច្បាស់ៗដោយភាពជឿជាក់ តែអ្នកដែលឈរគ្រាន់តែស្តាប់ចប់ហើយក៏ដើរចេញទៅដោយមិននិយាយអ្វីមកនាងវិញឡើយ។
អ្នកស្រី ជីអា បើកទ្វាចេញទៅហើយនាងអាចក៏បានមើលឃើញរាងក្រាស់ដែលឈរនៅមាត់ទ្វាឱនកៅសិបដឺក្រេគោរពរាងចំណាស់។ រីកគី ប្រហែលជាលឺការសន្ទនារបស់នាងនិងអ្នកស្រី ជីអា មុននេះ តើគេឈឺចាប់ទេដែលដឹងថាគ្រួសាររបស់ ហេអុីន កំពុងតែប្រឆាំងនឹងរឿងរបស់គេនិងនាង?។
រីកគី កាន់ថង់អាហារចូលមកក្នុងបន្ទប់ហើយដាក់នៅលើតុមួយនៅក្បែរបង្អួច ដោយសារតែនេះជាបន្ទប់វីអាយភី ដូច្នេះក្នុងបន្ទប់មានសាឡុនមួយ រួមទាំងតុនិងកៅអីសម្រាប់មនុស្សពីរនាក់នៅក្បែរបង្អួចដែលអាចមើលឃើញទិដ្ឋភាពអគារខ្ពស់នៅជុំវិញនេះផងដែរ។
« តើចង់ញុំនៅទីនេះឬក៏នៅលើគ្រែ? » គេដើរមកក្បែរគ្រែសួរនាំនាង។
« ខ្ញុំនៅតុល្អជាង » នាងនិយាយហើយក៏ក្រោកឡើងហើយគេក៏ជួយលើកនាងផងដែរ ប៉ុន្តែនាងពិតជាភ្ញាក់ផ្អើលដែលរាងកាយរបស់នាងមិនឈឺអ្វីសោះពេលកម្រើក ។ ទោះជានាងមិនមានអារម្មណ៍ឈឺពេលគេងស្ងៀមក៏ដោយ ប៉ុន្តែនាងតែងតែខ្លាចថាវានៅតែឈឺចាប់ពេលនាងកម្រើក តែពេលនេះនាងភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះនាងមិនមានអារម្មណ៍ឈឺចាប់អ្វីទេ ក្រៅពីមានអារម្មណ៍ស្ពឹកស្រពន់បន្តិចបន្តួចព្រោះតែគេងស្ងៀមយូពេក។ នាងចុះពីលើគ្រែដោយ រីកគី នៅតែឱបចង្កេះរបស់នាងដើម្បីជួយនាង ទោះនាងប្រាប់គេថានាងមិនឈឺអ្វីទៀតក៏ដោយ ប៉ុន្តែគេនៅតែបារម្ភហើយបន្តជួយនាងរហូតដល់នាងអង្គុយនៅកៅអីទើបគេព្រមដកដៃចេញពីនាង។
« តើចងសក់សិនមុននឹងញុំទេ? »
គេសួរហើយនាងងក់ក្បាលបន្តិច ព្រោះសក់នាងទម្លាក់រញេរញៃអាចនឹងចូលអាហារពេលកំពុងញុំ។ នាងអង្គុយរងចាំព្រោះឃើញគេរត់ទៅរកកៅស៊ូចងសក់ឲ្យនាង។ ប៉ុន្មានវិនាទីក្រោយមកគេបានត្រឡប់មកវិញជាមួយកៅស៊ូចងសក់នៅក្នុងដៃ នាងឆ្ងល់ថាគេទៅរកកៅស៊ូសក់នៅក្នុងមន្ទីរពេទ្យយ៉ាងម៉េចបាន។
« បងបានសុំពីគិលានុបដ្ឋាកយិកាស្រីដែលនៅខាងក្រៅ មកចាំបងជួយចងឲ្យ » គេដើរចូលមកឈរនៅខាងក្រោយខ្នងរបស់នាងភ្លាមៗ។
« តើចេះចងដែរទេ? » នាងសួរគេដោយមិនទុកចិត្ត។
« ប្រាកដណាស់ » គេឆ្លើយយ៉ាងជឿជាក់ហើយក៏ចាប់ផ្តើមយកម្រាមដៃសិតសក់របស់នាងឲ្យរៀបរយបន្តិចនិងប្រមូលសក់ចេញពីចំហៀងមុខរបស់នាងទៅក្រោយត្រចៀកយ៉ាងស្ទាត់ជំនាញ ធ្វើឲ្យនាងភ្ញាក់ផ្អើលជាខ្លាំងក្រោយគេចងសក់ខ្ពស់ឲ្យនាងហើយក៏ដើរទៅយកកញ្ចក់មកឲ្យនាងឆ្លុះមើល។
« ស្អាតទេ? » គេកាន់កញ្ចក់ឲ្យនាងឆ្លុះមើលដោយញញឹមយ៉ាងមានមោទនភាពចំពោះខ្លួនឯង។
នាងញញឹមពេញចិត្តងក់ក្បាលតបជាមួយគេវិញព្រោះឃើញថាទង្វើរបស់គេគួរឲ្យស្រលាញ់ ប៉ុន្តែនាងក៏ឈប់ញញឹមវិញភ្លាមពេលនឹកឃើញថាគេប្រហែលជាធ្លាប់ចងសក់ឲ្យមនុស្សស្រីជាច្រើនហើយទើបមានជំនាញបែបនេះ។
« កើតអី? » រីកគី សួរភ្លាមពេលសង្កេតឃើញទឹកមុខនាងប្រែប្រួល។
« ធ្លាប់ចងសក់ឲ្យមនុស្សស្រីបែបនេះប៉ុន្មានអ្នកហើយ? » នាងបន្លឺសំឡេងច្រណែនដាក់គេ ធ្វើឲ្យគេសើចបន្តិច ទើបនាងរហ័សលើដៃទះដើមដៃមាំរបស់គេ ព្រោះគេបែរជាសើចពេលនាងកំពុងតែធ្ងន់ធ្ងរបែបនេះ។
« មានតែពីរនាក់ប៉ុណ្ណោះ ក្រៅពីនោះបងមិនដែលចងសក់ឲ្យស្រីណាទៀតទេ »
« ពីរនាក់! អូន...» អារ៉ាន់លើកដៃចង្អុលខ្លួនឯងមុននឹងសួរបន្តដោយទឹកមុខខឹងច្រណែនជាស្រេច « ហើយ តើម្នាក់ទៀតជាអ្នកណា? » នាងសម្លឹងមុខគេជំរិតសួរចម្លើយ នាងចង់ដឹងកាន់តែខ្លាំងហើយថាមនុស្សស្រីម្នាក់ទៀតនោះសំខាន់សម្រាប់គេខ្លាំងប៉ុណ្ណា ទើបគេទន់ភ្លន់ដាក់នាងបែបនេះ។
« គឺម៉ាក់របស់បង បងចូលចិត្តចងសក់ឲ្យម៉ាក់រាល់ពេលដែលគាត់ចូលផ្ទះបាយដើម្បីធ្វើអាហារ » រីកគី ញញឹមយ៉ាងក្រៀមក្រំពេលរំលឹកដល់អ្នកម៉ាក់របស់គេ។
អារ៉ាន់ ដឹងរឿងម៉ាក់របស់ រីកគី ព្រោះគេបានរៀបរាប់ប្រាប់នាងកន្លងមក គេមិនដែលចែករំលែករឿងផ្ទាល់ខ្លួនជាមួយមនុស្សស្រីដែលគេទាក់ទងពីមុនមកទេ ប៉ុន្តែចំពោះនាងគឺខុសគ្នា គេចែករំលែករឿងផ្ទាល់ខ្លួននិងអារម្មណ៍របស់គេគ្រប់យ៉ាងជាមួយនាង ហេតុនេះហើយទើបនាងជឿជាក់គេ។ ឃើញគេសោកសៅពេលរំលឹកដល់ម៉ាក់របស់គេបែបនេះ នាងក៏ក្រោកឈរហើយចូលទៅឱបលួងលោមគេ ទើបគេស្រវ៉ាឱបនាងវិញណែនដៃ ហើយរឿងបន្ទាប់ដែលនាងដឹងគឺនាងនិងគេគ្រាន់តែឈរឱបគ្នាយ៉ាងស្ងៀមស្ងាត់បែបនេះ រហូតគេមានអារម្មណ៍ប្រសើរឡើងទើបនាងនិងគេចាប់ផ្តើមញុំអាហារនៅលើតុ។
YOU ARE READING
♡ប្តូរកាយវង្វេងស្នេហ៍♡ (ចប់)
Misterio / Suspensoសាលាវិទ្យាល័យ សាន់ហ៊ូ គឺជាវិទ្យាល័យលំដាប់លេខមួយក្នុងប្រទេសដែលមានតម្លៃសិក្សាថ្លៃបំផុត សិស្សដែលចូលរៀននៅសាលាមួយនេះភាគច្រើនសុទ្ធសឹងតែជាកូនអ្នកមានលំដាប់ប្រទេសឬក៏ជាសមាជិករបស់ក្រុមហ៊ុន សាន់ហ៊ូ គ្រុប ។ យូន អារ៉ាន់ ជាក្មេងកំព្រាក្រីក្រដែលមានបំណងប្រាថ្នាចង់បា...
