ប្តូរកាយវង្វេងស្នេហ៍(៣៧)

207 4 0
                                        

“ ភាពឈឺចាប់ដោយសារការក្បត់ ”

   « រីកគី! »
   គេស្ទុះក្រោកពីកៅអីយ៉ាងគំរោះគំរើយពេលបានឃើញនាងឈរនៅមាត់ទ្វាហើយ។
   « ដោយសារតែបែបនេះទើបអូនមិនព្រមទទួលយកការសុំទោសពីបង អូនក្បត់បង? » រីកគី បោះជំហានចូលទៅជិតនាង ហើយសួរនាងដោយសំឡេងខកចិត្តនិងឈឺចាប់។ វត្តមានរបស់នាងធ្លាប់តែផ្តល់ការលួងលោមដល់គេកន្លងមក ពេលនេះក្លាយជាកន្លែងធ្វើទារុណកម្មបេះដូងរបស់គេទៅវិញ លើកទីមួយដែលគេទទួលបានអារម្មណ៍ដែលមនុស្សដែលខ្លួនឯងស្រលាញ់ក្បត់ហើយវាពិតជាមិនដូចជាអារម្មណ៍ដែលគេធ្លាប់ក្បត់អ្នកដទៃនោះទេ ។
    « សុំទោស រីកគី »
    អារ៉ាន់ ឱនមុខចុះដោយកំហុស ធ្វើឲ្យ រីកគី កាន់តែខកចិត្តព្រោះគេរំពឹងថានាងនឹងប្រកែកតវ៉ាហើយប្រាប់គេថានាងមានហេតុផលចាំបាច់ដើម្បីធ្វើបែបនេះ ប៉ុន្តែនាងមិននិយាយអ្វីក្រៅពីទទួលយកកំហុសទាំងអស់នេះ ទើបធ្វើឲ្យគេខឹងខ្លាំងឡើង។ រីកគី លើកដៃជ្រោងសក់ខ្លួនឯងរហូតរញេរញៃ គេដើរទៅវិញទៅមកពីមុខអ្នកដែលឈរឱនមុខចុះដោយព្យាយាមទប់ទឹកដំណក់ទឹកដែលចង់ស្រក់ចុះពីកែវភ្នែករបស់គេ បេះដូងរបស់គេកំពុងផុយស្រួយហើយប្រេះបែកចេញពីគ្នារាល់ពេលគេងាកមកសម្លឹងមុខរបស់នាង។
     « ហេតុអ្វី ហេអុីន? ហេតុអ្វី? ក្រែងសន្យាថានឹងតស៊ូទៅជាមួយគ្នាមែនទេ? ក្រែងថានឹងនៅជាមួយគ្នាដល់ទីបញ្ចប់មែនទេ? អូនច្បាស់ជាមានហេតុផលដែលធ្វើបែបនេះ អូនមិនបានក្បត់បងទេមែនទេ? អូននៅតែជាហេអុីនដែលបងធ្លាប់ស្គាល់មែនទេ? » គេក្តាប់សក់ខ្លួនឯងទាញតិចៗដើម្បីបញ្ជាក់ថារឿងដែលកំពុងកើតឡើងជាការពិតមិនមែនជាសុបិន្តអាក្រក់នោះទេ។ គេឈរនៅចំពោះមុខនាងរងចាំស្តាប់ចម្លើយរបស់នាងទាំងឈឺចាប់ ប៉ុន្តែនាងបានត្រឹមតែឱនមុខចុះដោះខ្សែដៃគូជាមួយគេចេញទៅវិញ ទង្វើរតូចមួយនេះកំពុងតែបំផ្លាញ់ក្តីសង្ឃឹមចុងក្រោយរបស់គេយ៉ាងព្រៃផ្សៃ។ នៅពេលដែលនាងងើបមុខទទេគ្មានអារម្មណ៍អ្វីឡើងមកប្រឈមមុខជាមួយគេហើយចាប់ដៃគេឡើងមក រួចដាក់ខ្សែដៃរបស់នាងនៅលើបាតដៃរបស់គេ គេមិនអាចធ្វើអ្វីបានក្រៅពីស្រែកយំនៅក្នុងចិត្ត រាល់វិនាទីដែលគេសម្លឹងឃើញខ្សែដៃនៅលើបាតដៃរបស់គេ អនុស្សាវរីយ៍នៅពេលដែលគេបានចំណាយជាមួយនាងមួយថ្ងៃមួយយប់ដើរលេងជាមួយគ្នាក៏លេចឡើងនៅចំពោះមុខរបស់គេ។ ស្នាមញញឹម សំឡេងសើចនិងអារម្មណ៍កក់ក្តៅមានសុវត្ថិភាពពីរូបភាពអនុស្សាវរីយ៍ទាំងប៉ុន្មានកំពុងតែប្រែជាព្យុះបក់បោកមកលើគេធ្វើឲ្យគេស្ទើរតែដួលរលំទៅលើដី ហើយលុតជង្គង់អង្វរនាងមិនឲ្យចាកចេញពីគេ ប៉ុន្តែគេមិនអាចធ្វើបែបនោះបានទេ គេមិនអាចហាមឃាត់នាងនោះទេ គេគួរតែគោរពតាមការសម្រេចចិត្តរបស់នាង គេគួរតែអនុញ្ញាតឲ្យនាងមានសុភមង្គលជាមួយអ្នកដទៃ។
     « សុំទោស រីកគី ប៉ុន្តែរវាងពួកយើងពិតជាមិនអាចទៅរួចនោះទេ ខ្ញុំមិនអាចបោះបង់ចោលគ្រប់យ៉ាងដើម្បីតែលោកបានទេ ខ្ញុំចង់ធ្វើជាអ្នកស្នងមរតករបស់ សាន់ហ៊ូ គ្រុប ខ្ញុំចង់ធ្វើឲ្យលោកតាមានមោទនភាព ប៉ុន្តែកុំបារម្ភពីក្រុមហ៊ុនលោកប៉ារបស់លោកអី ព្រោះខ្ញុំនឹងជួយក្រុមហ៊ុនលោកផាក ដើម្បីតបស្នងនឹងទង្វើររបស់ខ្ញុំនៅពេលនេះ » អារ៉ាន់ និយាយតបហើយក៏រហ័សដើរចេញទៅយ៉ាងលឿន។
      រីកគី ឈរកកមួយកន្លែង ជើងរបស់គេចាក់ឬសជាប់នឹងកម្រាលឥដ្ឋទោះចិត្តរបស់គេស្រែកឲ្យគេរត់ទៅតាមនាងហើយឱបនាងទុកក៏ដោយ ប៉ុន្តែពាក្យសម្តីរបស់នាងទាំងប៉ុន្មានមុននេះកំពុងតែធ្វើឲ្យសាច់ដុំមួយតួខ្លួនរបស់គេលែងដំណើរការ លើកលែងតែសាច់ដុំដែលនៅដើមទ្រូងខាងឆ្វេងប៉ុណ្ណោះដែលនៅដំណើរការហើយជាការដំណើរការដល់លំបាកនិងឈឺចាប់បំផុត។
     ប្រូស!
     គេដួលលុតជង្គង់នៅលើកម្រាលឥដ្ឋ ក្តាប់ខ្សែដៃគូស្នេហ៍ដែលនាងដោះឲ្យគេក្នុងដៃណែនរហូតបន្ដោងលើខ្សែដៃចាក់បាតដៃរបស់គេយ៉ាងឈឺចាប់។
     « ហេតុអ្វី? ហេតុអី្វទៅ? » គេស្រែកទាំងឈឺចាប់ហើយយកដៃដែលក្តាប់ខ្សែដៃមកវាយដើមទ្រូងដែលកំពុងឈឺចាប់ខ្លាំងៗរហូតគេព្រមចុះចាញ់នឹងភាពឈឺចាប់ហើយបណ្ដោយឲ្យខ្លួនឯងយំយ៉ាងទន់ខ្សោយ។ នាងជាមនុស្សដំបូងដែលធ្វើឲ្យគេស្គាល់ស្នេហាពិតប្រាកដ នាងជាអ្នកធ្វើឲ្យគេស្គាល់នៃការលួងលោមនិងសុភមង្គលពិតប្រាកដ នាងជាមនុស្សស្រីដំបូងដែលបានឃើញផ្នែកទន់ខ្សោយរបស់គេ នាងជាមនុស្សដំបូងដែលគេហ៊ាននិយាយរឿងអ្នកម៉ាក់របស់គេនិងការឈឺចាប់ទាំងប៉ុន្មានពីអតីតកាលរបស់គេប្រាប់នាង គេស្រលាញ់នាង គេលះបង់គ្រប់យ៉ាងដើម្បីនាង ហើយនាងជាអ្នកដែលគេតែងតែស្រម៉ៃថានឹងនៅក្នុងជីវិតរបស់គេនៅពេលអនាគត ប៉ុន្តែពេលនេះនាងក៏ចាកចេញពីគេជាមួយនឹងការក្បត់យ៉ាងអាក្រក់ គេឈឺចាប់ ខឹងសម្បារ ខកបំណងហើយក៏សោកស្តាយក្នុងពេលតែមួយ គេមិនចង់បាត់បង់នាងនោះទេ។ នាងជាហេតុផលដែលគេចង់ធ្វើមនុស្សល្អ បើគ្មាននាងក្នុងជីវិតរបស់គេទៀតទេ គេនឹងត្រឡប់ទៅធ្វើខ្លួនជាមនុស្សអាក្រក់ដូចពីមុនវិញ ហើយគេមិនដឹងថាគេនឹងបំភ្លេចនាងដោយរបៀបណានោះទេ ហើយគេក៏មិនដឹងថានឹងធ្វើយ៉ាងណាដើម្បីឲ្យការឈឺចាប់នាពេលនេះបាត់ទៅដូចគ្នា។

♡ប្តូរកាយវង្វេងស្នេហ៍♡ (ចប់)Where stories live. Discover now