ភាគ២៥" បងស្រលាញ់អូន "
រីកគី ឈប់ម៉ូតូមុខម៉ាតហើយក៏ក្រឡេកឃើញស្រីក្រមុំដែលផ្ញើរសារទៅគេ អង្គុយរងចាំគេនៅខាងក្នុងជាស្រេច នាងនៅមិនទាន់ឃើញគេនៅឡើយ ទើបគេអាចសង្កេតឃើញទឹកមុខអន្ទះសារនិងពេញដោយក្តីកង្វល់របស់នាងបានយ៉ាងច្បាស់។ មុននេះគេនៅតែខឹងនឹងនាងដែលកុហកគេហើយទៅញុំអាហារពេលល្ងាចជាមួយ ថេហ៊ូ ប៉ុន្តែពេលមកដល់ឃើញនាងក្រៀមក្រំបែបនេះ គេបែរជាលែងខឹងនឹងនាងហើយមកជាអាណិតនិងព្រួយបារម្ភពីនាងទៅវិញ ទើបគេប្រញាប់រត់ចូលទៅជួបនាង។
« រីកគី! »
នាងក្រឡេកឃើញគេហើយក៏ក្រោកពីកៅអីស្ទុះមកឱបគេណែនដៃភ្លាម ទើបគេប្រញាប់ឱបតបនាងវិញទាំងបេះដូងលោតញាប់ញ័រដោយការបារម្ភ។ គេព្យាយាមអង្អែលខ្នងនាងលួងលោមទោះមិនដឹងថាមានរឿងអ្វីកើតឡើងចំពោះនាងក៏ដោយ។
ក្រោយពីស្ងាត់អស់មួយសន្ទុះ គេក៏សម្រេចចិត្តចាប់ស្មារបស់នាងទាញនាងចេញពីគេបន្តិចដើម្បីសួរនាងពីរឿងដែលធ្វើឲ្យនាងមើលទៅសោកសៅបែបនេះ។
« តើមានរឿងអ្វី? » គេសួរដោយសំឡេងស្រទន់ហើយសម្លឹងនាងដោយកែវភ្នែកព្រួយបារម្ភ ហើយគេក៏អាចឃើញកែវភ្នែកសោកសៅរបស់នាងសម្លឹងមកគេដោយភាពទន់ភ្លន់ដូចគ្នា។
« លោកតាចង់ឲ្យខ្ញុំរៀបការជាមួយ ថេហ៊ូ »
បានលឺសម្តីរបស់នាងហើយគេក៏គាំងបន្តិច មុននឹងគេព្យាយាមគ្រប់គ្រងស្មារតីរបស់ខ្លួនឯងមកវិញ។ បែបនេះមានន័យថានាងមិនបានកុហកគេទេ នាងទៅញុំអាហារពេលល្ងាចជាមួយលោកតានិងគ្រួសារមែន ប៉ុន្តែគ្រាន់តែនោះជាការជួបជុំរបស់គ្រួសារទាំងពីរ ហេតុនេះហើយទើបនាងទៅជាមួយ ថេហ៊ូ ។
« ចុះនាងព្រមទេ? » គេទម្លាក់ដៃចុះពីស្មារបស់នាងដោយអារម្មណ៍ឈឺចាប់ ព្រោះរឿងដែលគេខ្លាចទីបំផុតនោះកំពុងតែជិតកើតឡើងហើយ។ គេពិតជាមិនចង់បាត់បង់នាងឲ្យទៅអ្នកផ្សេងទេ ពេលនេះគេកំពុងតែស្រលាញ់នាងខ្លាំងណាស់ គេចង់នៅក្បែរនាង។
« ខ្ញុំបានបដិសេធ ប៉ុន្តែខ្ញុំដឹងថាចាស់ៗនឹងមិនអនុញ្ញាតឲ្យការបដិសេធរបស់ខ្ញុំមានប្រសិទ្ធទេ » នាងឱនមុខចុះទាំងសោកសៅ ទើបគេទាញនាងមកឱបក្នុងវង្វង់ដៃម្តងទៀតកាន់តែណែនជាងមុន។
« ខ្ញុំគ្មានថ្ងៃប្រគល់នាងឲ្យគេនោះទេ » គេបន្ដឹងដៃឱបនាងកាន់តែណែនដូចខ្លាចនាងបាត់ទៅនៅវិនាទីណាមួយ។ បេះដូងរបស់លោតញាប់ដោយភាពភ័យខ្លាចរាល់វិនាទី គេមិនដឹងថាគួរតែធ្វើបែបណាទេដើម្បីអាចឲ្យនាងបន្តនៅជាមួយគេបាន ប៉ុន្តែទោះជាត្រូវប្រឆាំងនឹងមនុស្សមួយពិភពលោកនេះក៏គេមិនព្រមឲ្យនាងទៅអ្នកផ្សេងដែរ នាងជារបស់គេតែម្នាក់គត់។
YOU ARE READING
♡ប្តូរកាយវង្វេងស្នេហ៍♡
Mystery / Thrillerសាលាវិទ្យាល័យ សាន់ហ៊ូ គឺជាវិទ្យាល័យលំដាប់លេខមួយក្នុងប្រទេសដែលមានតម្លៃសិក្សាថ្លៃបំផុត សិស្សដែលចូលរៀននៅសាលាមួយនេះភាគច្រើនសុទ្ធសឹងតែជាកូនអ្នកមានលំដាប់ប្រទេសឬក៏ជាសមាជិករបស់ក្រុមហ៊ុន សាន់ហ៊ូ គ្រុប ។ យូន អារ៉ាន់ ជាក្មេងកំព្រាក្រីក្រដែលមានបំណងប្រាថ្នាចង់បា...