ប្តូរកាយវង្វេងស្នេហ៍(៣៩)

233 4 0
                                        

  “ ភាពភ្ញាក់ផ្អើល ”

   រីកគី ចុះជណ្តើរពីជាន់ខាងលើមកវិញដោយទឹកមុខក្រៀមក្រំ ហេតុអ្វីគេគ្មានឱកាសសូម្បីតែធ្វើជាមិត្តនឹងនាង? តើនាងស្អប់គេខ្លាំងណាស់មែនទេ? តាមពិតគេគ្រាន់តែមិនអាចកាត់ចិត្តពីនាងបាន ទើបគេចង់ធ្វើជាមិត្តជាមួយនាងហើយលួចសង្ឃឹមថានឹងអាចយកនាងមកជិតខ្លួនគេម្តងទៀត ប៉ុន្តែមើលទៅគេពិតជាគ្មានឱកាសនោះទេ នាងពិតជាមិនផ្តល់ឱកាសឲ្យគេទៀតនោះទេ។ អំឡុងពេលដើរកាត់សាលទទេ រីកគី ក្រឡេកឃើញសិស្សស្រីម្នាក់កំពុងដើរតាមលោកគ្រូបន្ទុកថ្នាក់ទៅកាន់ការិយាល័យគ្រូបង្រៀន រូបរាងសិស្សស្រីម្នាក់នោះពិតជាធ្លាប់ស្គាល់។ គេតាមមើលរហូតនាងងាកមុខមកហើយគេក៏បានឃើញថានាងជាអ្នកណា ធ្វើឲ្យគេតក់ស្លុតដូចបានឃើញខ្មោច។
   « យូន អារ៉ាន់! » គេលាន់មាត់ឡើងទាំងតក់ស្លុតហើយស្ទើរតែមិនជឿថាគេបានឃើញនាងម្តងទៀត ក្រែងនាងស្លាប់ហើយមែនទេ? តើសិស្សស្រីម្នាក់នេះជា យូន អារ៉ាន់ ពិតប្រាកដដែរទេ? ឬគ្រាន់តែគេស្រមើស្រម៉ៃឃើញអ្នកផ្សេងថាជានាងទេ?។ រីកគី បន្តសម្លឹងខ្នងសិស្សស្រីដែលដើរចេញទៅរហូតមើលលែងឃើញ ទើបគេសម្រេចចិត្តដើរត្រឡប់ទៅថ្នាក់វិញទាំងចិត្តនៅតែគិតមុខរបស់សិស្សស្រីដែលគេបានឃើញមុននេះមិនឈប់។

    អារ៉ាន់ កំពុងកត់ចំណាំមេរៀនមួយចំនួននៅលើសៀវភៅ ខណៈពេលដែលលោកគ្រូបន្ទុកថ្នាក់ស្រាប់តែចូលមកព្រមជាមួយសិស្សម្នាក់ ធ្វើសិស្សក្នុងថ្នាក់ចាប់ផ្តើមភ្ញាក់ផ្អើលឡើង។
   « យូន អារ៉ាន់! នាងមិនទាន់ស្លាប់ទេឬ? »
   សំឡេងតក់ស្លុតរបស់ ដាអេ ធ្វើឲ្យ អារ៉ាន់ រហ័សងើបមុខឡើងរកមើលអ្នកដែលនៅចំពោះមុខទាំងបេះដូងលោតស្ទើរចេញមកខាងក្រៅ។ អ្វីដែលនាងបានឃើញធ្វើឲ្យនាងភ្ញាក់ផ្អើលស្ទើរតែធ្លាក់ពីកន្លែងអង្គុយ ព្រោះនាងកំពុងតែសម្លឹងមុខរបស់ខ្លួនឯង ដូចជានាងកំពុងអង្គុយមុខកញ្ចក់ ហើយភ្លាមៗខួរក្បាលរបស់នាងចាប់យកតម្រុយហើយផ្តល់ចម្លើយពីមនុស្សម្នាក់នេះឲ្យនាងភ្លាម។
    « គីម ហេអុីន » អារ៉ាន់ លាន់មាត់ឡើងខ្សឹបៗសម្លឹងអ្នកដែលឈរនៅពីមុខក្ដាខៀវជាមួយលោកគ្រូបន្ទុកថ្នាក់ ហើយភ្លាមៗនាងក៏ទទួលបានស្នាមញញឹមអាក្រក់ពីអ្នកនៅចំពោះមុខមកវិញ ហើយនេះជាលើកទីមួយដែលនាងភ័យខ្លាចចំពោះស្នាមញញឹមរបស់ខ្លួនឯង។
    « ខានជួបគ្នាយូហើយមិត្តរួមថ្នាក់ទាំងអស់គ្នា ហើយខ្ញុំគិតថាខ្ញុំមិនចាំបាច់ណែនាំខ្លួនម្តងទៀតទេ ព្រោះខ្ញុំប្រាកដថាអ្នកទាំងអស់គ្នាមិនទាន់ភ្លេចខ្ញុំនោះទេ »
    ហេអុីន សើចតិចៗ ប៉ុន្តែសំណើចរបស់នាងបង្កប់នូវអ្វីម្យ៉ាងដែលគួរឲ្យខ្លាចរអា។ អារ៉ាន់ មានអារម្មណ៍ថាដូចជាកំពុងអង្គុយមើលកំណែថ្មីរបស់ខ្លួនឯង ព្រោះទោះជានេះជារូបរាងកាយរបស់នាង តែសកម្មភាពនិងពាក្យសម្តីខុសពីគ្នាទាំងស្រុង។
    « អ្នកទាំងអស់គ្នាប្រហែលជាកំពុងងឿងឆ្ងល់ហើយថាហេតុអ្វីខ្ញុំនៅមានជីវិត? គឺតាមពិតទៅទាំងអស់នេះជាការយល់ច្រឡំរបស់ប៉ូលីស ខ្ញុំមិនបានស្លាប់ទេ អ្នកដែលស្លាប់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍គឺជា ចូ មីនយូ ទៅវិញទេ »
     “ ថាម៉េច? តាមពិតអ្នកដែលស្លាប់គឺ ចូ មីនយូ ”
     “ ចឹងទើបនាងបាត់ខ្លួនដោយគ្មានតម្រុយ ”
     “ តើពិភពលោកនេះមានរឿងអ្វីទៅខ្ញុំវិលអស់ហើយ? ”
    សិស្សក្នុងថ្នាក់នាំគ្នាខ្សឹបខ្សៀវរអ៊ូរទាំដោយភាពភ្ញាក់ផ្អើលនិងមិនគួរឲ្យជឿពេញថ្នាក់ លើកលែងតែ អារ៉ាន់ ដែលនៅស្ងៀមកំពុងតែដំណើរការនឹងព័ត៌មានទាំងអស់ដែលនាងទទួលបាននៅពេលនេះ អញ្ជឹងមានន័យថានាងមិនទាន់ស្លាប់ទេ នាងត្រេកអរដែលនាងនៅរស់ ប៉ុន្តែនាងពិតជាសោកស្តាយចំពោះការស្លាប់របស់ មីនយូ ខ្លាំងណាស់ លោកគ្រូ មីនយ៉ុងនិងឆេមី ច្បាស់ជាខូចចិត្តខ្លាំងណាស់នៅពេលដែលដឹងដំណឹងមួយនេះ ។ អារ៉ាន់ រហ័សដកភ្នែកពីអ្នកនៅចំពោះមុខហើយងាកទៅសម្លឹងតុរបស់ ឆេមី តែមិនបានឃើញ ឆេមី នៅក្នុងថ្នាក់នោះទេ នាងគិតថា ឆេមី បានដឹងដំណឹងនេះមុនពួកគេទាំងអស់នៅទីនេះ ហើយប្រហែលជាកំពុងតែសម្ងំយំនៅកន្លែងណាមួយនាពេលនេះ។

♡ប្តូរកាយវង្វេងស្នេហ៍♡ (ចប់)Where stories live. Discover now