ភាគ២២
" ស្នាមថើបដំបូង "
ស្រ្តីចំណាស់ដែលជាអ្នកមើលថែផ្ទះលំហែជាប់មាត់សមុទ្រឈរនៅមាត់ទ្វារងចាំវត្តមានរបស់កំលោះក្រមុំដែលដើរចូលមកក្នុងផ្ទះព្រមជាអ្នកបើកឡាន។
« សូមស្វាគមន៍អ្នកនាង ខ្ញុំបានរៀបចំបន្ទប់និងសម្លៀកបំពាក់សម្រាប់អ្នកនាងនិងមិត្តរួចហើយ តើអ្នកនាងត្រូវការញុំអាហារឬក៏ចង់ងូតទឹកក្តៅដែរទេ? » រាងចំណាស់សួរយ៉ាងគួរសម។
« អរគុណណាស់ ប៉ុន្តែខ្ញុំញុំអាហារមករួចហើយ អ្នកមីងអាចទៅសម្រាកបាន » អារ៉ាន់ និយាយទាំងក្រែងចិត្តស្រ្តីចំណាស់ ព្រោះនាងមិនទាន់ទម្លាប់នឹងជីវិតដែលមានអ្នកចាំបម្រើឆ្វេងស្តាំរបស់ ហេអុីន នេះនៅឡើយ។
« ចាស បើអ្នកនាងត្រូវការអ្វីអាចខលហៅខ្ញុំបានគ្រប់ពេល » រាងចំណាស់និយាយទាំងលើកដៃបង្ហាញទូរស័ព្ទលើតុក្បែរនោះដល់នាង។
« ចាស » អារ៉ាន់ ឆ្លើយយ៉ាងគួរសមហើយឱនក្បាលចុះបន្តិចពេលរាងចំណាស់ដើរកាត់។
កាយវិការគោរពចាស់ទុំទោះបីជាស្រ្តីចំណាស់ម្នាក់នោះជាអ្នកបម្រើក៏ដោយ ធ្វើឲ្យ រីកគី លួចសរសើរនាងនៅក្នុងចិត្តមិនឈប់។
" នាងខុសពីមុនឆ្ងាយណាស់ ហេអុីន " រីកគី ឈរភ្លឹកសម្លឹងមុខនាងមិនដាក់ភ្នែក កាន់តែសង្កេតគេកាន់តែឃើញថានាងប្លែកដូចជាមនុស្សពីរនាក់ផ្សេងគ្នា ហើយគេស្រលាញ់ចូលចិត្ត ហេអុីន នៅពេលនេះ គេសង្ឃឹមនាងនឹងបែបនេះរហូតតទៅ។
« ពួកយើងគួរតែចូលគេងទេ? » អារ៉ាន់ សួរទៅអ្នកដែលភ្លឹកសម្លឹងមុខនាងមិនដាក់ភ្នែកទាំងមានអារម្មណ៍ក្តៅថ្ពាល់ភាយ ពេលត្រូវគេសម្លឹងមិនដាក់ភ្នែកបែបនេះ។
« ហ៊ឹម! » រីកគី ងក់ក្បាលហើយអ្នកទាំងពីរក៏បំបែកគ្នាទៅបន្ទប់រៀងខ្លួន។
ក្រាក!
អារ៉ាន់ បើកទ្វារបន្ទប់ចូលទៅខាងក្នុងបានឃើញសម្លៀកបំពាក់គេងយប់បត់យ៉ាងស្អាតដាក់នៅលើគ្រែព្រមជាមួយកន្សែង មិនបង្អង់យូនាងក៏ចាប់យកសម្លៀកបំពាក់ហើយនិងកន្សែងចូលទៅក្នុងបន្ទប់ទឹកដើម្បីងូតទឹកលាងសម្អាតខ្លួននិងបានចូលគេង។
ប៉ុន្នាននាទីក្រោយមក អារ៉ាន់ ចេញពីបន្ទប់ទឹកមកវិញជាមួយអាវយឺតសាច់ក្រណាត់ទន់និងខោក្រណាត់ទន់ជើងវែង ដោយអស់កម្លាំងនាងក៏ដាក់ខ្លួននៅលើគ្រែគេងយ៉ាងលឿន ប៉ុន្តែកន្លែងទៅអស់មួយសន្ទុះធំនាងនៅតែគេងមិនលក់ ចិត្តនាងចេះតែរសាត់ទៅឆ្ងាយគិតរឿងជាច្រើនមិនឈប់ឈរ នាងព្រួយបារម្ភកាន់តែខ្លាំងចំពោះជីវិតដែលពឹងផ្អែកលើរាងកាយរបស់អ្នកដទៃនេះ នាងខ្លាចនាងនឹងមិនមានថ្ងៃស្អែកទៀត ពេលដែលនាងលែងនៅក្នុងរូបកាយមួយនេះ តើទំនាក់ទំនងរវាង រីកគីនិងហេអុីន ពិតប្រាកដនឹងទៅជាយ៉ាងណា? តើ រីកគី នឹងឈឺចាប់ទេបើនៅសុខៗ ហេអុីន ស្រាប់តែប្រែប្រួល?។
« អ្ហើយ! » អារ៉ាន់ ក្រោកអង្គុយទាញខ្លួនឯងចេញពីគំនិតច្របូកច្របល់ហើយសម្លឹងទៅទ្វាបន្ទប់ ប្រហែលជានៅខាងក្រៅអាចជួយឲ្យនាងបានធូរស្រាលខ្លះ។ គិតហើយនាងក៏ចុះពីលើគ្រែទាញអាវដៃវែងមកពាក់ពីលើអាវយឺតហើយក៏ដើរចេញទៅខាងក្រៅបន្ទប់។
បេះដូងរបស់នាងប្រែជាកក់ក្តៅពេលក្រឡេកឃើញផែនខ្នងក្រាស់ធ្លាប់ស្គាល់កំពុងអង្គុយនៅយ៉ខាងក្រោយផ្ទះលំហែតែម្នាក់ឯង។ មិនបង្អង់យូ នាងក៏ដើរចេញទៅយ៉ខាងក្រៅទម្លាក់ខ្លួនអង្គុយក្បែរអ្នកដែលចោលភ្នែកសម្លឹងទៅព្រះច័ន្ទនិងផ្កាយដែលកំពុងបណ្តែលខ្លួនលើអាកាសនៅលើផ្ទៃសមុទ្រ។ ស្រមោលព្រះច័ន្ទបង្ហាញលើផ្ទៃទឹកបញ្ចេញខ្លួនស្រពិចស្រពិលដូចជាភាពមិនច្បាស់លាស់របស់ខ្លួននាងនៅពេលនេះ ។
« គេងមិនលក់មែនទេ? » រីកគី បន្លឺសំឡេងឡើងក្បែរនាង។
« ហ៊ឹម...លោកក៏គេងមិនលក់ដែរមែនទេ? »
« ហ៊ឹម » រីកគី ក្រហឹមតបមកវិញ ហើយភាពស្ងប់ស្ងាត់ក៏រុំព័ន្ធរាងកាយពួកគេទាំងពីរម្តងទៀត។ តាមពិតនៅពេលនេះគេកំពុងគិតដល់គោលបំណងដំបូងដែលគេចូលមកក្បែរនាង ក្រោយចំណាយពេលជាមួយគ្នាកាន់តែច្រើនហើយបានឃើញចំណុចល្អៗរបស់នាងដែលមិនធ្លាប់ឃើញពីមុនកាន់តែច្រើន ធ្វើឲ្យគេចាប់ផ្តើមស្អប់ខ្លួនឯង គេមិនដឹងថាគេគួរតែបន្តផែនការរបស់គេបន្តទៀតឬអត់ទេ ព្រោះគេមិនចង់យកទំនាក់ទំនងដ៏ស្មោះត្រង់នេះមកធ្វើជាផលប្រយោជន៍សម្រាប់អាជីវកម្មរបស់លោកប៉ាគេទេ ពេលនេះគ្រប់យ៉ាងដែលគេបានធ្វើចំពោះនាងគឺចេញពីចិត្តពិត ប៉ុន្តែបើនាងដឹងពីមូលហេតុពីដំបូងដែលគេមកក្បែរនាង នាងច្បាស់ជាខឹងមិនខាន គេពិតជាមិនដឹងថាគួរធ្វើយ៉ាងណាទេ គេចង់ជួយលោកប៉ានិងក្រុមហ៊ុន ប៉ុន្តែមិនចង់បំផ្លាញ់ទំនាក់ទំនងរវាងគេនិងនាងនោះទេ។
« នៅទីនេះអាចមើលឃើញផ្កាយនៅលើមាឃច្រើនជាងនៅទីក្រុង ស្រស់ស្អាតណាស់ »
សំឡេងរបស់នាងបានបំបែកភាពស្ងប់ស្ងាត់រវាងពួកគេ ហើយក៏ទាញគេឲ្យចេញពីគំនិតស្មុគស្មាញមកវិញ។ រីកគី ងាកទៅសម្លឹងមុខនាងជាមួយកែវភ្នែកស្រទន់ ឃើញថាស្រីក្រមុំកំពុងអង្គុយញញឹមលើកទូរស័ព្ទថតរូបផ្កាយនិងព្រះច័ន្ទនៅលើមាឃដោយការខំប្រឹងប្រែងព្រោះកាំមេរ៉ាទូរស័ព្ទមិនអាចចាប់បានរូបភាពដែលនៅឆ្ងាយដល់ថ្នាក់នោះបានទេ។
« នាងស្រស់ស្អាតជាង » គេនិយាយចេញមកទាំងមិនដឹងខ្លួន បបូរមាត់របស់គេគ្រាន់បង្ហើបឡើងដោយឯកឯងហើយបញ្ចេញពាក្យដែលមាននៅក្នុងចិត្តរបស់គេនៅពេលនេះចេញមកខាងក្រៅ។
« អា៎! » អារ៉ាន់ ងាកមកបើកភ្នែកធំៗសម្លឹងមុខរបស់គេ ដូចជាចង់ឲ្យគេបញ្ជាក់ម្តងទៀត។
« គ្មានអ្វីទេ » រីកគី គ្រាន់តែដកភ្នែកចេញពីនាងហើយទៅចោលភ្នែកសម្លឹងទិដ្ឋភាពនៅចំពោះមុខបន្ត ទាំងមានអារម្មណ៍ថាបេះដូងរបស់គេកំពុងលោតញាប់នៅក្នុងទ្រូង។
« រីកគី! »
សំឡេងហៅឈ្មោះគេដោយស្រទន់ខុសធម្មតារបស់នាងកាន់តែធ្វើឲ្យបេះដូងរបស់គេលោតឡើងទ្វេដង គេងាកទៅសម្លឹងទម្រង់មុខចំហៀងរបស់នាងហើយឃើញថានាងកំពុងដកដង្ហើមធំ ដូចជាមានរឿងដែលកំពុងលាក់ទុកនៅក្នុងចិត្តហើយមិនដឹងថាគួរនិយាយជាមួយគេឬអត់?។
« មានរឿងអ្វី? គ្រាន់តែនិយាយចេញមក ខ្ញុំនៅទីនេះចាំស្តាប់នាងជានិច្ច » គេនៅតែផ្តោតលើទម្រង់ចំហៀងដល់ស្រស់ស្អាតរបស់នាងដដែល នេះជាហេតុផលដែលគេនិយាយថានាងស្អាតជាងផ្កាយនៅលើមាឃនោះ ព្រោះនាងបានទាក់ទាញភ្នែកគេឲ្យសម្លឹងនាងច្រើនជាងផ្កាយលើមាឃនោះ នាងគឺជាទិដ្ឋភាពដែលគេចង់មើលអស់មួយជីវិតដោយគ្មានការធុញទ្រាន់។
« លោកធ្លាប់និយាយថាស្រលាញ់ខ្ញុំ តើពិតដែរទេ? » អារ៉ាន់ ងាកមកសម្លឹងមុខរបស់គេបន្តិច ហើយក៏ត្រឡប់ទៅសម្លឹងទិដ្ឋភាពនៅចំពោះមុខដូចដើមវិញ។
រីកគី ស្ងាត់ដប់វិនាទីហាក់កំពុងតែគិតរកពាក្យតបតជាមួយនាងវិញ។ ពាក្យដែលគេនិយាយពីមុនអាចមិនពិត ប៉ុន្តែអារម្មណ៍របស់គេពេលនេះគឺពិតប្រាកដណាស់។
« បាទ គឺជាការពិត » គេឆ្លើយតបទាំងនៅសម្លឹងមុខនាងមិនដាក់ភ្នែករហូតនាងព្រមងាកមកសម្លឹងមុខរបស់គេវិញ។
« ព្រោះតែរូបរាងស្រស់ស្អាតរបស់ខ្ញុំឬក៏អត្តចរិតរបស់ខ្ញុំ » អារ៉ាន់ សម្លឹងមុខគេមិនដាក់ភ្នែកដោយចិត្តភ័យព្រួយនឹងចម្លើយរបស់គេជាខ្លាំង នាងកំពុងតែចង់ដឹងថាតើមនុស្សដែលគេស្រលាញ់ជានាងឬក៏ ហេអុីន?។
រីកគី ទម្លាក់ដៃម្ខាងច្រត់លើកម្រាលត្រជាក់ហើយឱនចូលមកជិតនាង។
« ខ្ញុំគ្រាន់តែស្រលាញ់នាងនៅពេលនេះ » គេមិនអាចជ្រើសរើសមួយពីនាងបានទេ គេគ្រាន់តែដឹងថាពេលនេះគេស្រលាញ់គ្រប់យ៉ាងអំពីនាង។
« ខ្ញុំចង់...»
មាត់របស់នាងត្រូវបានបំបិទដោយបបូរមាត់ក្រាស់របស់គេ ធ្វើឲ្យនាងត្រូវបើកភ្នែកធំៗទាំងភ្ញាក់ផ្អើល បេះដូងរបស់នាងចាប់ផ្តើមលោតកាន់តែខុសចង្វាក់ នៅពេលដែលបបូរមាត់របស់គេចាប់ផ្តើមរំកិលថ្នមៗលើបបូរមាត់របស់នាង នាងមិនអាចជួយខ្លួនឯងចេញពីការថើបលួងលោមរបស់គេបាននោះទេ នាងបាត់បង់ម្ចាស់ការលើខ្លួនឯងទាំងស្រុង រហូតបិទភ្នែកហើយចាប់ផ្តើមតបតជាមួយការថើបរបស់គេវិញទាំងគ្មានជំនាញ។ នាងចាប់ផ្តើមភ្លេចម្តងទៀតថាខ្លួនឯងជាអ្នកណា ហើយអ្វីទៅជាចម្លើយដែលនាងកំពុងតែចង់បានពីគេ នាងបែរជាភ្លេចអស់រឿងសំខាន់ហើយបណ្តោយខ្លួនឲ្យទៅតាមការថើបដ៏ជ្រាលជ្រៅរបស់គេ ប៉ុន្តែនាងមានអារម្មណ៍ដឹងថាគេកំពុងតែបង្ហាញចម្លើយដែលនាងចង់ដឹងបំផុតជាមួយការថើបមួយនេះ ហើយនាងក៏មានអារម្មណ៍ជឿជាក់គេទាំងគ្មានហេតុផល។
ក្រាក!
សំឡេងបើកទ្វាខាងមុខ ធ្វើឲ្យនាងនិងគេប្រញាប់ដកខ្លួនចេញពីគ្នា ទាំងមិនហ៊ានសម្លឹងមុខគ្នា។ អារ៉ាន់ រហ័សក្រោកឈរទាំងមុខក្រហមព្យាយាមគេចពីការសម្លឹងរបស់គេ។
« ប្រហែលជាអ៊ំស្រីមានការអ្វីហើយ? ខ្ញុំទៅមើលសិន » អារ៉ាន់ និយាយទាំងឈរបែរខ្នងដាក់អ្នកដែលអង្គុយនៅលើកម្រាលត្រជាក់ហើយក៏ប្រញាប់ចូលទៅក្នុងផ្ទះលំហែវិញយ៉ាងលឿន។
អារ៉ាន់ ដើរចូលមកក្នុងផ្ទះបានឃើញអ៊ំស្រីយកនំចំណីមួយចំនួនមកដាក់នៅទូទឹកកក។
« ខ្ញុំខ្លាចថាអ្នកនាងនឹងឃ្លានពេលយប់ ដូច្នេះទើបយកទឹកនិងនំខ្លះមក » អ៊ំស្រីចំណាស់និយាយជាមួយស្នាមញញឹមដាក់នាង។
« ចាស អរគុណណាស់ ប៉ុន្តែអ៊ំគួរតែសម្រាក ព្រោះយប់ជ្រៅណាស់ហើយ » អារ៉ាន់ និយាយហើយឱនគោរពមនុស្សចាស់ស្របពេលស្រ្តីចំណាស់ឱនគោរពនាងហើយចេញទៅវិញ។
« ចង់មើលភាគយន្តជាមួយគ្នាទេ? »
សំឡេងគ្រលរបន្លឺឡើងនៅខាងក្រោយធ្វើឲ្យ អារ៉ាន់ ភ្ញាក់ព្រើតងាកទៅរកគេ។
« ពុទ្ធោ! លោកកំពុងបំភ័យខ្ញុំហើយដឹងទេ? » អារ៉ាន់ ដាក់ដៃលើទ្រូងដកដង្ហើមញាប់ដោយការភិតភ័យផងនិងបេះដូងដែលលោតញាប់ព្រោះពេលដែលនាងថើបជាមួយគេមុននេះផង តាមពិតទៅនាងកំពុងយកភាពភិតភ័យមកបិទបាំងការខ្មាស់អៀននៅលើមុខរបស់នាង ជាពិសេសពេលសម្លឹងឃើញបបូរមាត់របស់គេ នាងចេះតែមានអារម្មណ៍ថាថ្ពាល់របស់នាងឡើងកម្តៅមិនឈប់ ហេតុអ្វីអារម្មណ៍របស់នាងនៅតែដិតដាននឹងការថើបមុននេះ? ឬព្រោះតែជាស្នាមថើបដំបូងរបស់នាង?។
« នៅទីនេះមានភាគយន្តច្រើនណាស់បើមិនមើលគឺស្តាយខ្លាំងណាស់ » រីកគី កំពុងឈរនៅតុមួយរើសភាគយន្តដែលមាននៅក្នុងថតតុ ហើយបញ្ចេញសំឡេងសោកស្តាយដើម្បីធ្វើឲ្យស្រីក្រមុំនៅខាងក្រោយខ្នងព្រមមើលជាមួយគេនៅយប់នេះ។
« បើលោកចង់មើលមិនអីទេ ខ្ញុំនឹងកំដរ » អារ៉ាន់ និយាយហើយក៏ដើរទៅទម្លាក់ខ្លួនលើសាឡុនត្រៀមខ្លួនមើលរឿងជាមួយគេ។
YOU ARE READING
♡ប្តូរកាយវង្វេងស្នេហ៍♡ (ចប់)
Mystery / Thrillerសាលាវិទ្យាល័យ សាន់ហ៊ូ គឺជាវិទ្យាល័យលំដាប់លេខមួយក្នុងប្រទេសដែលមានតម្លៃសិក្សាថ្លៃបំផុត សិស្សដែលចូលរៀននៅសាលាមួយនេះភាគច្រើនសុទ្ធសឹងតែជាកូនអ្នកមានលំដាប់ប្រទេសឬក៏ជាសមាជិករបស់ក្រុមហ៊ុន សាន់ហ៊ូ គ្រុប ។ យូន អារ៉ាន់ ជាក្មេងកំព្រាក្រីក្រដែលមានបំណងប្រាថ្នាចង់បា...
