ប្តូរកាយវង្វេងស្នេហ៍(៤៩)

217 3 0
                                        

“ ខ្សែវាសនាច្របូកច្របល់ ”

  រាងស្តើងចាប់ផ្តើមកម្រើកខ្លួនលើគ្រែពេលមានអារម្មណ៍ថាត្រូវពន្លឺថ្ងៃចាំងខ្លាំងចូលមកក្នុងបន្ទប់ ពេលដែលនាងបើកភ្នែកឡើងពាក់កណ្តាលនាងក៏ត្រូវបិទភ្នែកវិញភ្លាមៗដោយសារតែពន្លឺថ្ងៃនៅមាត់បង្អួច។ អារ៉ាន់ ងាកមុខចេញពីបង្អួចហើយចាប់ផ្តើមបើកភ្នែកម្តងទៀត រហូតភ្នែករបស់នាងសម្របនឹងពន្លឺពេលរសៀលបាន ទើបនាងចាប់ផ្តើមងាករកមើលវត្តមានរបស់អ្នកដែលគេងនៅលើគ្រែជាមួយនាងប៉ុន្មានម៉ោងមុននេះ ប៉ុន្តែនាងក៏បានឃើញថាគ្រែទទេមានតែភួយរញេរញៃ ទើបនាងក្រោកចេញពីលើគ្រែហើយដើរទៅបើកទ្វាបន្ទប់ទឹកពិនិត្យរកមើលគេ ប៉ុន្តែនៅតែមិនបានឃើញគេដដែល ទើបនាងមានអារម្មណ៍ភ័យស្លន់ស្លោបន្តិចព្រោះខ្លាចគេនឹងទៅចោលនាង។ អារ៉ាន់ រហ័សបើកទ្វារចុះទៅខាងក្រោម តែក្រោយចុះជណ្តើរបានប៉ុន្មានកាំនាងក៏មានអារម្មណ៍ធូរស្រាលមួយរំព្រិច ពេលច្រមុះរបស់នាងចាប់បានក្លិនឈ្ងុយរបស់អាហារនិងត្រចៀករបស់នាងអាចលឺសំឡេងចេញពីផ្ទះបាយ ដោយស្នាមញញឹមពេញផ្ទៃមុខ រាងស្តើងរហ័សចុះជណ្តើរចូលទៅផ្ទះបាយយ៉ាងលឿន ហើយនៅទីនោះនាងបានឃើញខ្នងក្រាស់ពីចម្ងាយកំពុងឈរភ្លក្សម្ហូបនៅក្នុងឆ្នាំងលើចង្ក្រាន។ នាងដើរចូលទៅជិតគេយឺតៗហើយលូកដៃឱបចង្កេះគេពីខាងក្រោយដាក់ក្បាលសម្រាកនៅលើខ្នងរបស់គេដោយអារម្មណ៍សុខស្រួល ដែលធ្វើឲ្យគេឈរញញឹមចំពោះកាយវិការគួរឲ្យស្រលាញ់របស់នាង។
    « ភ្ញាក់ហើយមែនទេ? បងគិតថានឹងឡើងទៅដាស់អូនក្រោយអាហារចម្អិនរួចរាល់ »
    នាងប្រុងដកដៃចេញពីគេហើយងាកទៅមើលអាហារក្នុងឆ្នាំង ប៉ុន្តែគេចាប់ដៃនាងទុកមុននឹងនាងអាចដកដៃចេញពីគេបាន ហើយគេបង្វែរខ្លួនមកឱបនាងយ៉ាងណែនវិញ ដោយមិននិយាយអ្វីទាំងអស់ក្រៅពីឱបនាងយ៉ាងស្ងប់ស្ងាត់ ដែលជាភាពស្ងប់ស្ងាត់ពោលពេញដោយសន្តិភាពនិងសុភមង្គល រហូតរាងស្តើងនៅក្នុងដៃរបស់គេចាប់ផ្តើមនិយាយបំបែកភាពស្ងប់ស្ងាត់តែមិនបំបែកខ្លួនចេញពីគេឡើយ។
    « អញ្ចឹងតើបងបានគ្រឿងទេសមកពីណាធ្វើម្ហូប? »
    « បងបានទៅផ្សារហើយទិញគ្រឿងទេសជាច្រើន សម្រាប់ការស្នាក់នៅទីនេះរបស់ពួកយើង ហើយក៏មាននំចំណីនិងទឹកដោះគោដែរ » គេដកខ្លួនចេញពីនាងហើយទៅបើកទូទឹកកកដែលពេញដោយគ្រឿងទេសថ្មីបង្ហាញនាងដោយទឹកមុខរីករាយ។
     « ហេតុអ្វីក៏ទិញច្រើនម្លេះ? នេះមិនដូចជាពួកយើងនៅទីនេះមួយខែទេ? »
     « ពួកយើងមិនដឹងថាពេលណាអាចទៅវិញបានទេ ដូច្នេះទិញទុកបែបនេះក៏ល្អ » រីកគី បិទទូទឹកកកវិញហើយដើរទៅដួសសម្លដាក់ចាន។
     « ចាំអូនជួយ » អារ៉ាន់ ជួយជូតតុអាហារនៅខាងក្រោយខ្នងហើយយកចាននិងស្លាបព្រាមករៀបចំនៅលើតុ មុននឹង រីកគី យកអាហារពីរមុខមកដាក់នៅលើតុ។
     « អូនមិនដែលដឹងទេថាបងអាចធ្វើអាហារបាន » នាងញញឹមពេលសម្លឹងអាហារនៅលើតុ។
     « ក្រោយពីអ្នកម៉ាក់ស្លាប់ទៅ បងក៏ចាប់ផ្តើមរៀនធ្វើអាហារដោយខ្លួនឯង ព្រោះលោកប៉ាមានការងារច្រើនហើយមិនអាចធ្វើអាហារបានទេ ហើយបងមិនចូលចិត្តរស់ជាតិអាហារដែលចម្អិនដោយមេផ្ទះនោះទេ » រីកគី និយាយហើយក៏ដួលអាហារដាក់ចានរបស់ អារ៉ាន់ ជាមួយស្នាមញញឹម។
      « អរគុណ » អារ៉ាន់ ញញឹមអរគុណគេហើយក៏ដួលអាហារដែលគេចម្អិនញុំមួយម៉ាត់ ហើយនាងក៏បើកភ្នែកធំៗបង្ហាញទឹកមុខភ្ញាក់ផ្អើលដាក់គេភ្លាមៗមុននឹងលើកមេដៃឲ្យគេជាមួយស្នាមញញឹមធ្វើឲ្យគេសើចហើយឈោងដៃទៅប៉ះក្បាលរបស់នាងតិចៗយ៉ាងគួរឲ្យស្រលាញ់។
      « ហើយចុះអូនវិញ អារ៉ាន់? តើអាចចម្អិនអាហារបានទេ? »
      « ប្រាកដណាស់ ខ្ញុំអាចចម្អិនបាន ទោះរសជាតិធម្មតាជាងនេះបន្តិចក៏ដោយ »
      « ប្រាកដថាអាចញុំបានទេ? » រីកគី លេងសើចជាមួយនាង។
      « ច្បាស់ជាអាចហើយ បើមិនជឿអាហារពេលល្ងាចនេះ អូនជាអ្នកធ្វើយ៉ាងម៉េចដែរ? »
      « យល់ព្រម បងរងចាំភ្លក្សម្ហូបស្នាដៃអនាគតប្រពន្ធរបស់បង » គេញញឹមស្រស់ដាក់នាង ធ្វើឲ្យនាងថ្ពាល់ក្រហមហើយឱនមុខចុះគេចពីគេភ្លាម។
       នាងព្យាយាមលាក់បាំងថ្ពាល់ក្រហមដោយសារអៀនហើយក៏សួរគេម្តងទៀតពេលកំពុងញុំអាហារមួយម៉ាត់។
       « តើគ្រួសាររបស់បងធ្លាប់រស់នៅទីនេះពីមុនទេ? » នាងសួរដោយសម្លឹងចំភ្នែករបស់គេដែលមិនដែលដកចេញពីនាងម្តងណា។
       « នេះជាផ្ទះរបស់អ្នកម៉ាក់បង ហើយទីនេះជាស្រុកកំណើតរបស់អ្នកម៉ាក់ កាលអ្នកម៉ាក់នៅមានជីវិត លោកប៉ា អ្នកម៉ាក់និងបងតែងតែមកទីនេះរៀងរាល់មួយឆ្នាំម្តងគឺនៅថ្ងៃខួបស្លាប់របស់លោកយាយនិងលោកតា ប៉ុន្តែក្រោយពីអ្នកម៉ាក់ស្លាប់ បងនិងលោកប៉ាក៏លែងមកទីនេះទៀត រហូតមកដល់ពេលនេះ » គេឱនមុខចុះពេលមានអារម្មណ៍ថាភាពសោកសៅបក់បោកមកលើគេ។
     អារ៉ាន់ មិនបាននិយាយអ្វីឡើយ នាងគ្រាន់តែក្រោកទៅអង្គុយជិតគេហើយអង្អែលខ្នងរបស់គេលួងលោមយ៉ាងស្ងប់ស្ងាត់ ហើយគេក៏មានអារម្មណ៍ធូរស្រាលមួយរំព្រិចពេលមានអារម្មណ៍ថានាងនៅក្បែរគេ ទើបគេងើបមុខឡើងហើយញញឹមដាក់នាងវិញ។
     « មិនអីទេ ឆាប់ញុំទៅ »
     គេនិងនាងបន្តញុំអាហារដែលនៅសល់ហើយនិយាយគ្នាពីនេះពីនោះរហូតអាហារត្រូវបានបញ្ចប់ហើយអ្នកទាំងពីរក៏ជួយប្រមូលចាននិងរៀបចំតុជាមួយគ្នា ចុងក្រោយអ្នកទាំងពីរក៏បញ្ចប់នៅកន្លែងលាងចាន ដោយ អារ៉ាន់ ជាអ្នកលាងហើយគេជាអ្នកជូតចាននិងយកទៅទុកក្នុងទូដាក់ចាន។
     តុកៗ
     សំឡេងគោះទ្វានៅមុខផ្ទះធ្វើឲ្យគូស្នេហ៍ទាំងពីរក្រឡេកមើលមុខគ្នាដោយទឹកមុខភ័យព្រួយព្រោះខ្លាចប៉ូលីសតាមមកចាប់នាង។
     « ចាំបងទៅមើល » គេសម្លឹងធានានាងហើយក៏ជូតដៃនឹងកន្សែងហើយដើរទៅទ្វាផ្ទះខាងមុខ។ ដៃមាំបើកទ្វាយឺតៗដោយការប្រុងប្រយ័ត្ន ប៉ុន្តែពេលឃើញច្បាស់ថាអ្នកឈរនៅមាត់ទ្វារបស់គេជាអ្នកណាហើយគេក៏ធូរទ្រូងមួយរំព្រិច។
      « អ្នកមីង ស៊ូហុី! »
      « រីកគី! ក្មួយប្រុសសម្លាញ់ ទីបំផុតឯងព្រមមកលេងមីងហើយ » រាងចំណាស់ស្ទុះមកឱបគេដោយក្តីនឹករលឹកមួយរំព្រិចពេលបានឃើញគេហើយ។
      « អ្នកមីង! » គេព្យាយាមរើចេញព្រោះអ្នកមីងរបស់គេហក់ឱបកគេហើយទាញកគេចុះក្រោមមិនឈប់ ព្រោះរាងចំណាស់ទាបទើបត្រូវទាញគេបែបនេះដើម្បីឱប។
      « ឯងធំពេញកំលោះហើយ រីកគី » អ្នកមីង ស៊ូហ៊ី លូកដៃក្រសោបថ្ពាល់ក្មួយប្រុសដោយក្តីរលឹកពេលនាងឈរស្រួលបួលនៅពីមុខគេហើយ។
      « អ្នកមីងខានជួបគ្នាយូហើយ » រីកគី ចាប់ដៃអ្នកមីងរបស់គេហើយមើលការតុបតែងខ្លួនរបស់ស្ត្រីចំណាស់ពីក្បាលដល់ចុងជើង រហូតអ្នកមីងរបស់គេមើលតាមភ្នែកគេហើយលើកចិញ្ចើមសួរគេ។
      « មានអ្វីមែនទេ? » អ្នកមីង ស៊ូហុី ពិនិត្យមើលខ្លួនឯងហើយសួរទៅកាន់ក្មួយប្រុសដែលមើលមកនាងចម្លែក។
      « អ្នកមីងនៅតែធ្វើគ្រូទាយបោកប្រាស់គេទៀតមែនទេ? »
      ទឹង!
      « អួយ! » រីកគី ទប់ក្បាលពេលត្រូវអ្នកមីងរបស់គេលើកកណ្ដឹងបណ្ដេញវិញ្ញាណអាក្រក់ដែលកាន់នៅនឹងដៃមកវាយក្បាលរបស់គេ។
      « រីក! កើតអ្វីដែរទេ? » រាងស្តើងលេចចេញពីផ្ទះបាយរត់មករក រីកគី ដោយទឹកមុខព្រួយបារម្ភហើយរហ័សពិនិត្យមើលក្បាលរបស់គេត្រង់កន្លែងដែលគេកំពុងអង្អែល រហូតធ្វើឲ្យនាងភ្លេចពីវត្តមានរបស់អ្នកដទៃដែលនៅក្បែរនេះ។
      « នេះគឺអ្នកណា? សង្សាឯងមែនទេ? » អ្នកមីង ស៊ូហ៊ី បើកភ្នែកធំៗសួរគេដោយភាពភ្ញាក់ផ្អើល ធ្វើឲ្យ រីកគីនិងអារ៉ាន់ សម្លឹងមុខគ្នា។
      « បាទ នាងជាសង្សារបស់ខ្ញុំ អ្នកមីង »
      « អ្នកមីង! » អារ៉ាន់ ភ្ញាក់ផ្អើលពេលដឹងថាស្រ្តីចំណាស់ដែលនៅចំពោះមុខរបស់នាងគឺជាអ្នកមីងរបស់គេ ទើបនាងប្រញាប់ឱនគោរពកៅសិបដឺក្រេយ៉ាងគួរសមភ្លាម។
       « ចូលទៅនិយាយខាងក្នុងល្អជាង » រីកគី និយាយហើយចាប់ដៃ អារ៉ាន់ ងាកទៅម្ខាងដើម្បីបើកផ្លូវឲ្យរាងចំណាស់ដែលកំពុងសម្លឹងមុខគេនិងនាងមិនដាក់ភ្នែកចូលទៅអង្គុយលើសាឡុននៅក្នុងបន្ទប់ទទួលភ្ញៀវ។

♡ប្តូរកាយវង្វេងស្នេហ៍♡ (ចប់)Where stories live. Discover now