" គំនុំលាក់នៅក្នុងចិត្ត "
ង៉ក់!
ម៉ូតូរបស់ រីកគី ឈប់នៅមុខរបងភូមិគ្រឹះធំស្កឹមស្កៃដែលចាំងពន្លឺពណ៌មាសយ៉ាងស្រស់ស្អាតនៅពេលរាត្រីដោយសារតែអំពូលពណ៌ទឹកក្រូចដែលប្រើនៅក្នុងផ្ទះទាំងមូល។
« ថ្ងៃនេះអរគុណលោកច្រើនណាស់ រីកគី » អារ៉ាន់ ហុចមួកសុវត្ថិភាពឲ្យគេវិញព្រមទាំងអរគុណគេចំពោះរឿងគ្រប់យ៉ាងដែលគេបានជួយនាងក្នុងថ្ងៃនេះ។
« ឆាប់ចូលទៅក្នុងផ្ទះទៅ » គេញញឹមដាក់នាងហើយដេញឲ្យនាងចូលក្នុងផ្ទះ។
«...» អារ៉ាន់ ងក់ក្បាលតបនឹងគេហើយក៏បើកទ្វាររបងផ្ទះចូលទៅខាងក្នុងបរិវេណភូមិគ្រឹះធំស្កឹមស្កៃ។ អារ៉ាន់ ញញឹមដាក់គេបន្តិច ហើយក៏ងាកក្រោយដើរសំដៅទៅផ្ទះ។
« ឈប់សិន! » រីកគី ហៅនាងឲ្យឈប់ ទើបនាងងាកមកសម្លឹងមុខគេវិញ។
« តើមានការអ្វីទៀតមែនទេ? »
« រាត្រីសួស្តី ហេអុីន » រីកគី ញញឹមអឹមអៀនដាក់នាង នេះជាលើកទីមួយហើយដែលគេមានអារម្មណ៍ថាអៀនពេលនិយាយពាក្យរាត្រីសួស្តីទៅកាន់មនុស្សស្រី។
« គឺ...ដូចគ្នា បើកម៉ូតូទៅវិញប្រយ័ត្នផង » អារ៉ាន់ ព្យាយាមធ្វើដូចគ្មានអារម្មណ៍អ្វីហើយតបទៅគេវិញទាំងទឹកមុខស្មើធម្មតា តែតាមការពិតបេះដូងរបស់នាងរីកមាឌលោតស្ទើរតែផ្ទុះចេញមកខាងក្រៅទៅហើយ។
« ហ៊ឹម...» រីកគី ងក់ក្បាលតបជាមួយនាងទាំងញញឹមជាប់ផ្ទៃមុខ ទើបនាងព្រមញញឹមដាក់គេវិញបន្តិចហើយនាងក៏ដើរចូលទៅក្នុងផ្ទះបាត់។ គេនៅឈរមើលរហូតឃើញច្បាស់ថានាងចូលទៅដល់ក្នុងផ្ទះដោយសុវត្ថិភាពហើយទើបគេឡើងម៉ូតូជិះចេញទៅ។ក្រឡេកមកមើលស្រីក្រមុំដែលញញឹមបិទមាត់មិនជិតដើរចូលផ្ទះវិញ ។
« មើលទៅដូចជាសប្បាយចិត្តណាស់ណ៎? »
សំឡេងកាចៗបែបមិនពេញចិត្តរបស់អ្នកស្រី ជីអា ធ្វើឲ្យ អារ៉ាន់ ក្រឡេកទៅមើលអ្នកដែលអង្គុយនៅលើសាឡុនពណ៌ត្នោតជាមួយទឹកមុខភ័យព្រួយវិញ ព្រោះថ្ងៃនេះនាងបានគេចមិនត្រឡប់មកផ្ទះជាមួយអង្គរក្សដែលទៅទទួលនាងនៅសាលា អ្នកស្រី ជីអា ច្បាស់ជាបារម្ភពីកូនស្រីខ្លាំងមិនខានទេ ។ អារ៉ាន់ ដឹងខុសចំពោះរឿងដែលនាងបានធ្វើឲ្យអ្នកស្រីជីអា បារម្ភពីកូនស្រី ទើប អារ៉ាន់ ឱនមុខចុះដាក់រាងចំណាស់ដែលក្រោកពីសាឡុនដើរចូលមករកនាងដោយឫកពារគួរឲ្យខ្លាចខ្លាំង ពេលនេះនាងលែងឆ្ងល់ហើយថាឫកពារគួរឲ្យខ្លាចរបស់ ហេអុីន កាលពីមុននោះបានមកពីណា តាមពិតគឺបានមកពីអ្នកម៉ាក់របស់នាងនេះហើយ។
« បើឯងនៅតែធ្វើខ្លួនផ្តេសផ្តាសបែបនេះទៀត តំណែងអ្នកស្នងមរតកសាន់ហ៊ូគ្រុបនឹងធ្លាក់ទៅលើដៃអ្នកដទៃហើយដឹងទេ? » អ្នកស្រី ជីអា ចាប់ច្របាច់ដើមដៃរបស់កូនស្រីខ្លាំងៗដូចជាខឹងជាមួយនាងមកតាំងពីយូ មិនសមជាទង្វើដែលខឹងព្រោះបារម្ភពីកូនស្រីទេ តែនេះជាការខឹងស្អប់ច្រើនជាង។
«...» អារ៉ាន់ ងើបសម្លឹងមុខរាងចំណាស់ដោយក្នុងចិត្តភ្ញាក់ផ្អើលបន្តិច ព្រោះមើលទៅអ្នកស្រី ជីអា ដូចជាមិនបានបារម្ភពី ហេអុីន ទេ តើអ្នកស្រី ជីអា មិនស្រលាញ់កូនស្រីទេឬ? ។
« ឯងយល់អ្វីដែលខ្ញុំកំពុងនិយាយដែរទេ? » អ្នកស្រី ជីអា ស្រែកគំហកដាក់នាងទាំងច្របាច់ដៃរបស់នាងខ្លាំងឡើង រហូតសាច់ដៃសខ្ចីប្រែជាក្រហមជាំ។
« ខ្ញុំយល់ហើយ » អារ៉ាន់ ឆ្លើយតបជាមួយរាងចំណាស់គួរឲ្យខ្លាចទាំងទ្រាំនឹងភាពឈឺចាប់មិនហ៊ានស្រែកថាឈឺសូម្បីមួយម៉ាត់ ព្រោះខ្លាចត្រូវអ្នកស្រី ជីអា ធ្វើបាបនាងធ្ងន់ជាងនេះ ។
« ឯងយល់ហើយមែនទេ? » អ្នកស្រី ជីអា សម្លឹងមុខនាងទាំងទឹកមុខងឿងឆ្ងល់និងសង្ស័យ ព្រោះ ហេអុីន ពីមុនមិនមែនស្តាប់បង្គាប់យ៉ាងនេះទេ។
« ចាស » អារ៉ាន់ ឱនមុខចុះឆ្លើយតបជាមួយរាងចំណាស់ទាំងភ័យខ្លាច។
អ្នកស្រី ជីអា សម្លឹងមើលកូនស្រីដោយការសង្ស័យហើយក៏ដើរថយចេញពីកូនស្រីបន្តិចវិញ។
« ប្រចាំខែនេះឯងត្រូវយកលេខមួយឲ្យបាន ដើម្បីឲ្យលោកតារបស់ឯងមានមោទនភាពលើឯងម្តងទៀត ហើយកុំទៅបង្ករឿងក្នុងសាលាទៀតឲ្យសោះ »
« ចាស » អារ៉ាន់ បន្តឆ្លើយយល់ព្រមដោយមិនប្រកែកអ្វីមួយម៉ាត់ ទើបអ្នកស្រី ជីអា កាន់តែចម្លែកក្នុងចិត្ត។
« ឆាប់ទៅមើលមេរៀនទៅ » អ្នកស្រី ជីអា រហ័សដេញកូនស្រីឲ្យឡើងទៅបន្ទប់រៀន ទាំងមានអារម្មណ៍ចម្លែកដូចជា ហេអុីន មិនមែនជា ហេអុីន នោះទេ។
« ចឹងខ្ញុំទៅបន្ទប់ហើយ » អារ៉ាន់ ឱនគោរពលាអ្នកស្រី ជីអា ហើយក៏ដើរឡើងទៅបន្ទប់ ប៉ុន្តែពេលដែលនាងកំពុងឡើងជណ្តើរនាងក៏ក្រឡេកឃើញលោកប៉ារបស់ ហេអុីន ឈរក្រេបកាហ្វេនៅមាត់ទ្វា លោក ណាមឆុល មើលឃើញសកម្មភាពមុននេះគ្រប់យ៉ាង ហេតុអ្វីមិនចូលទៅនិយាយអ្វីសោះ? បែរជានៅឈរធ្វើដូចជាមិនបានឃើញមិនបានលឺអ្វីទៅវិញ ធ្វើដូចជាមិនមែនជាមនុស្សក្នុងគ្រួសារតែមួយ។
" តើមនុស្សក្នុងគ្រួសារនេះកើតអ្វីទៅ? ហេតុអ្វីប្លែកៗគ្រប់គ្នាបែបនេះ? ជាគ្រួសារប៉ុន្តែមានអារម្មណ៍ដូចជាមិនមែនជាគ្រួសារ " អារ៉ាន់ ឈប់ជើងងាកមើលលោកប៉ាអ្នកម៉ាក់របស់ ហេអុីន ឆ្លាស់មុខគ្នា ហើយក៏មានអារម្មណ៍អាណិត ហេអុីន បន្តិច តាមពិតទៅជីវិតរបស់នាងក៏ឯកាមិនខុសពីជីវិតរបស់នាងដែរ នាងមានគ្រួសារប៉ុន្តែបែរជាគ្មានភាពកក់ក្តៅសោះ មិនខុសពីនាងដែលរស់នៅម្នាក់ឯងនោះទេ។
YOU ARE READING
♡ប្តូរកាយវង្វេងស្នេហ៍♡
Mystery / Thrillerសាលាវិទ្យាល័យ សាន់ហ៊ូ គឺជាវិទ្យាល័យលំដាប់លេខមួយក្នុងប្រទេសដែលមានតម្លៃសិក្សាថ្លៃបំផុត សិស្សដែលចូលរៀននៅសាលាមួយនេះភាគច្រើនសុទ្ធសឹងតែជាកូនអ្នកមានលំដាប់ប្រទេសឬក៏ជាសមាជិករបស់ក្រុមហ៊ុន សាន់ហ៊ូ គ្រុប ។ យូន អារ៉ាន់ ជាក្មេងកំព្រាក្រីក្រដែលមានបំណងប្រាថ្នាចង់បា...