ភាគ១៩" ទីបំផុតបញ្ហាត្រូវបានដោះស្រាយ "
ក្រោយពីយំអស់មួយសន្ទុះធំធ្វើឲ្យចិត្តភ័យខ្លាចរបស់ អារ៉ាន់ ត្រឡប់មកប្រក្រតីវិញដោយសារតែបានជំនួសលួងលោមពី រីកគី។ គេបានបញ្ជាក់យ៉ាងច្បាស់ថាគេមិនអីទេ ហើយនាងក៏មិនចាំបាច់បន្ទោសខ្លួនឯងដែរព្រោះអ្វីដែលគេធ្វើគឺជាការសម្រេចចិត្តរបស់គេដោយខ្លួនឯង។ អារ៉ាន់ ដកខ្លួនចេញពីក្នុងវង្វង់ដៃមាំវិញដោយទទួលយកក្រដាសជូតទឹកភ្នែកពីដៃមាំដែលហុចមកឲ្យនាង។
« អរគុណ » នាងយកក្រដាសមកជូតទឹកភ្នែកទាំងមិនហ៊ានសម្លឹងមុខរបស់គេចំ ព្រោះនាងទើបតែដឹងថាមុននេះនាងបង្ហាញច្បាស់ពេកអំពីការព្រួយបារម្ភខ្លាំងដែលនាងមានចំពោះគេ។
«...» រីកគី សម្លឹងមុខចំហៀងពេញដោយមន្តស្នេហ៍របស់នាងហើយលួចញញឹមចេញមកតិចៗមិនឲ្យរំខាននាងឡើយ។
អារ៉ាន់ ងាកមកសម្លឹងមីក្នុងកំប៉ុងចំពោះមុខវិញក៏ឃើញថាមីត្រជាក់អស់ទៅហើយ ទើបនាងបង្ហាញទឹកមុខស្តាយស្រណោះចេញមក។
« មីត្រជាក់អស់ហើយ ចាំខ្ញុំទៅយកមួយទៀតឲ្យនាង » រីកគី សង្កេតឃើញទឹកមុខសោកស្តាយរបស់នាងហើយក៏រហ័សក្រោកទៅយកមីមួយកំប៉ុងទៀតឆុងមកឲ្យនាង។ប៉ុន្មាននាទីក្រោយមក
រីកគី ដាក់កំប៉ុងមីក្តៅៗនៅពីមុខនាង ហើយថែមទាំងបើកទឹកដោះគោចាក់ដាក់កែវទឹកកកដាក់លើតុនៅក្បែរកំប៉ុងមីដែលនៅពីមុខនាងទៀតផង។
« ឆាប់ញុំទៅ កុំឲ្យត្រជាក់អស់ទៀត » រីកគី ញញឹមយ៉ាងស្រទន់ដាក់នាង ទើបនាងងើបមកញញឹមតបគេបន្តិចវិញ។
« អរគុណសម្រាប់គ្រប់យ៉ាងនៅថ្ងៃនេះ រីកគី » អារ៉ាន់ អរគុណគេខណៈពេលដៃកំពុងកូមីក្នុងកំប៉ុងហើយនាងក៏ឆ្លៀតងាកមកញញឹមដាក់គេយ៉ាងស្មោះត្រង់។
រីកគី ញញឹមតបនាងវិញ មុននឹងយកកាតាបមកបើកយកឯកសារដែលបានយកមកពីការិយាល័យរបស់ប្រធានក្លឹបប្រគល់ឲ្យស្រីក្រមុំដែលកំពុងញុំមីពេញៗមាត់។
« ទាំងនេះជាអ្វីដែលខ្ញុំយកបានមក វាគ្រប់គ្រាន់ដើម្បីអាចបិទក្លឹបមួយនេះបាន »
« អរគុណ » អារ៉ាន់ ទទួលយកឯកសារទាំងអស់ពីដៃរបស់គេហើយញញឹមអរគុណគេម្តងទៀត។
« នៅមានវីដេអូប្រើអំពើហិង្សារបស់ អេននី ទៀត ខ្ញុំនឹងផ្ញើរឲ្យនាងតាមអាយជី ឆាប់ឲ្យឈ្មោះអាយជីថ្មីរបស់នាងមក » រីកគី ហុចទូរស័ព្ទគេទៅឲ្យនាងចុចវាយឈ្មោះរបស់នាង។
« មិនមែនលោកចង់បានអាយជីរបស់ខ្ញុំដើម្បីឆាតញ៉ែខ្ញុំទេដឹង? » អារ៉ាន់ និយាយលេងសើចស្របពេលដៃកំពុងចុចវាយឈ្មោះអាខោនអាយជីថ្មីរបស់នាងឲ្យ រីកគី។ ចាប់តាំងពីនាងនៅក្នុងរូបរាងកាយរបស់ ហេអុីន មក នាងបានបង្កើតអាខោនអាយជីថ្មីមួយទៀត ដោយអាខោនអាយជីថ្មីរបស់នាងមិនមានសិស្សមកពីសាលាសាន់ហ៊ូចុចតាមដានច្រើននោះទេ ហើយនាងក៏ដាក់ជាអាខោនឯកជនផងដែរ ព្រោះនាងមិនចង់ទទួលបានការរំខានពីសិស្សទាំងអស់នោះ។
« ចាប់តាំងពីនាងទើបតែយំព្រោះតែបារម្ភពីខ្ញុំមុននេះ ខ្ញុំគិតថានាងទេដែលចង់បានអាយជីរបស់ខ្ញុំនោះ » រីកគី វាយបកទៅនាងវិញភ្លាមៗដោយភាពជឿជាក់លើខ្លួនឯងធ្វើឲ្យនាងងាកមកសម្លក់គេបន្តិច ។
« លោកនៅតែជឿជាក់ដូចដើម » អារ៉ាន់ សើចតិចៗពេលសម្លឹងឃើញ រីកគី លេងសើចដោយលើកដៃអង្អែលមុខគេបង្ហាញពីភាពសង្ហារបស់គេដាក់នាង។
« នាងសើចហើយ » គេញញឹមយ៉ាងស្រទន់សម្លឹងមុខដែលពេញដោយស្នាមញញឹមនិងសំណើចរបស់នាងយ៉ាងមានក្តីសុខ។
«...» អារ៉ាន់ ហុចទូរស័ព្ទមកឲ្យគេវិញដោយស្នាមញញឹមមុននឹងបន្តញុំមីបន្តទៀត។
« ខ្ញុំនឹងជូននាងទៅផ្ទះ » រីកគី ដាក់សំណើរភ្លាមអំឡុងពេលដែលនាងជិតបញ្ចប់មីនិងទឹកដោះគោនៅពីមុខរបស់នាង។
« ហ៊ឹម...» អារ៉ាន់ ក្រហឹមយល់ព្រមដោយមិនស្ទាក់ស្ទើរព្រោះយប់ជ្រៅណាស់ទៅហើយ នាងនឹងពិបាករកតាក់ស៊ីជិះត្រឡប់ទៅវិញ ហើយនាងក៏មិនចង់ខលទៅរំខានដំណេករបស់អ្នកបើកឡានផ្ទាល់ខ្លួនរបស់ ហេអុីន ដែរ។
![](https://img.wattpad.com/cover/376183787-288-k596443.jpg)
YOU ARE READING
♡ប្តូរកាយវង្វេងស្នេហ៍♡ (ចប់)
Misteri / Thrillerសាលាវិទ្យាល័យ សាន់ហ៊ូ គឺជាវិទ្យាល័យលំដាប់លេខមួយក្នុងប្រទេសដែលមានតម្លៃសិក្សាថ្លៃបំផុត សិស្សដែលចូលរៀននៅសាលាមួយនេះភាគច្រើនសុទ្ធសឹងតែជាកូនអ្នកមានលំដាប់ប្រទេសឬក៏ជាសមាជិករបស់ក្រុមហ៊ុន សាន់ហ៊ូ គ្រុប ។ យូន អារ៉ាន់ ជាក្មេងកំព្រាក្រីក្រដែលមានបំណងប្រាថ្នាចង់បា...