ប្តូរកាយវង្វេងស្នេហ៍(១៥)

41 4 0
                                    


ភាគ១៥

" ស្វែងយល់ពីសត្រូវជាមុន "

អារ៉ាន់ ដើរបណ្តើរគិតបណ្តើរនាងមានអារម្មណ៍ថានាងបានភ្លេចអ្វីមួយពី អេននី។ អារ៉ាន់ ព្យាយាមគិតរហូតនឹកឃើញថា អេននី នេះហើយដែលជាអ្នកថតរូបរបស់ រីកគីនិងមីនយូ នៅយប់ចុងក្រោយនោះ។
« ពិតមែនហើយ អេននី...»
ឌឹប!
អារ៉ាន់ ងាកក្រោយមកបុកនឹងដើមទ្រូងរឹងមាំដូចជញ្ជាំងថ្ម ធ្វើឲ្យនាងលើកដៃអង្អែលថ្ងាសទាំងឈឺចាប់។
« អេននី! នាងចង់ទៅរករឿង អេននី ដែលនិយាយពាក្យមិនល្អពីនាងមែនទេ? » រីកគី សួរទៅនាងដោយទឹកមុខខ្វាយខ្វល់។
« ខ្ញុំចង់ធ្វើអ្វីក៏ជារឿងរបស់ខ្ញុំ ហេតុអ្វីក៏លោកដើរតាមខ្ញុំហើយខ្វល់ពីរឿងរបស់ខ្ញុំគ្រប់រឿងបែបនេះ? » អារ៉ាន់ និយាយទាំងមួរម៉ៅដាក់គេ។
« ខ្ញុំគ្រាន់តែបារម្ភពីនាង » រីកគី ចាប់ផ្តើមសម្លឹងមុខរបស់នាងដោយក្តីបារម្ភ ធ្វើឲ្យនាងភ្លាំងប៉ុន្មានវិនាទីព្រោះតែគេ។
" អារ៉ាន់ គេមិនមែនកំពុងបារម្ភពីឯងទេ គេកំពុងតែបារម្ភពី ហេអុីន ប៉ុណ្ណោះ " អារ៉ាន់ ហៅស្មារតីខ្លួនឯងមកវិញ ។
« មិនបាច់បារម្ភទេ ខ្ញុំអាចមើលថែខ្លួនឯងបាន » អារ៉ាន់ និយាយហើយក៏ដើរចេញទៅ។
រីកគី ឈរសម្លឹងមើលនាងដើរចេញទៅទាំងកែវភ្នែកពេញដោយក្តីបារម្ភមិនប្រែ។
« តើអាចមើលថែខ្លួនឯងបានយ៉ាងម៉េចទៅ? បើគ្រាន់តែឆ្លងផ្លូវក៏មិនចេះផងនោះ » គេក្រវីក្បាលហួសចិត្តនឹងនាងដែលនិយាយថាអាចមើលថែខ្លួនឯងបាន ទាំងដែលម្សិលមិញនាងស្ទើរតែស្លាប់ដោយសារដើរឆ្លងផ្លូវ។

ថ្នាក់រៀន

ថេហ៊ូ រហ័សចូលមកអង្គុយជិតរាងស្តើងដែលចូលមកអង្គុយតុរបស់នាង។
« តើយប់មិញទៅផ្ទះដោយសុវត្ថិភាពទេ? ហេតុអ្វីមិនតបសាររបស់ខ្ញុំ? » ថេហ៊ូ ចូលមកសួរនាងដោយក្តីបារម្ភនិងអន់ចិត្តក្នុងពេលតែមួយ។
« លោកផ្ញើមកមែនទេ? សុំទោសផង ព្រោះខ្ញុំមិនបានមើល » អារ៉ាន់ រហ័សលើកទូរស័ព្ទមកមើលហើយក៏ឃើញថាគេពិតជាបានផ្ញើសារមកនាងពិតមែន ទើបនាងសុំទោសគេ។
« មិនអីទេ ប៉ុន្តែយប់នេះពួកយើងគួរតែទៅរៀននៅហាងកាហ្វេជិតផ្ទះរបស់នាងវិញ ដើម្បីមិនពិបាកនាងត្រឡប់ទៅផ្ទះផ្លូវឆ្ងាយ »
« ចាស អូ! ពិតមែនហើយ ថេហ៊ូ លោកដឹងថា អេននី រៀននៅថ្នាក់ណាទេ? »
« តើនាងគិតចង់គ្រប់គ្រងចំណុចខ្សោយរបស់ប្រធានបេកពិតមែនឬ? »
« ហេតុអ្វីលោកដឹងរឿងនេះ? » អារ៉ាន់ ភ្ញាក់់ផ្អើលជាខ្លាំង ពេល ថេហ៊ូ ក៏ដឹងរឿងដែលលោកតា សាន់ហ៊ូ ឲ្យនាងធ្វើដែរ។
« នាងភ្លេចហើយឬ? ថាលោកប៉ានិងអ្នកម៉ាក់របស់ខ្ញុំជាមនុស្សដែលលោកតានាងទុកចិត្តបំផុតហើយខ្ញុំក៏ជាគូដណ្តឹងរបស់នាង សម្រាប់រឿងលើកនេះលោកប៉ាក៏ប្រាប់ឲ្យខ្ញុំមកជួយនាងដែរ »
« តើលោកនឹងមកជួយខ្ញុំបង្រ្កាប អេននី ដែរទេ? » នាងសួរបែបនេះ ព្រោះឃើញគេជាមនុស្សល្អប្រហែលគេមិនធ្វើរឿងគំរាមគំហែងដូចជា ហេអុីន ធ្លាប់ធ្វើកន្លងមកនោះទេ។
« ខ្ញុំនឹងជួយនាង ប៉ុន្តែមិនមែនតាមវិធីហិង្សារបស់នាងពីមុនទេ » ថេហ៊ូ ពន្យល់ន័យសម្តីរបស់គេដែលនិយាយមុននេះឲ្យច្បាស់ ដើម្បីមិនឲ្យនាងយល់ច្រឡំថាគេនឹងជួយនាងធ្វើបាបសិស្សដទៃទៀតដូចដែលនាងធ្លាប់បានធ្វើកន្លងមក។
« ខ្ញុំយល់ហើយ » អារ៉ាន់ ធូរទ្រូងដែល ថេហ៊ូ មិនដូចជាមនុស្សនៅជុំវិញខ្លួន ហេអុីន ផ្សេងទៀត ព្រោះបើគេដូចអ្នកផ្សេងទៀត សុទ្ធតែកាចសាហាវនោះ នាងនឹងដកខ្លួនចេញពីគេភ្លាម។

♡ប្តូរកាយវង្វេងស្នេហ៍♡ Where stories live. Discover now