“ រត់គេចខ្លួន ”
រាងស្តើងរុំនៅក្រោមក្រណាត់អាវក្រៅរបស់អតីតមិត្តប្រុស អង្គុយផ្ទាល់លើកម្រាលថ្មនៅក្បែរច្រាំងទន្លេក្រោមពន្លឺស្រអាប់នៃអំពូលភ្លើងតាមចិញ្ចើមផ្លូវ ស្របពេលកែវភ្នែកសោកសៅទាំងគូកំពុងសម្លឹងកាត់ស្រមោលព្រះច័ន្ទដែលអណ្តែតនៅលើផ្ទៃទឹកទន្លេទៅកាន់ពន្លឺភ្លើងទីក្រុងនៅត្រើយម្ខាងទៀតដោយមានអារម្មណ៍ដូចជានាងកំពុងតែឃ្លាតឆ្ងាយពីពិភពលោក មានអារម្មណ៍ដូចជានាងកំពុងតែត្រូវពិភពលោកបោះបង់ចោលឲ្យនៅកន្លែងងងឹតមួយនេះតែម្នាក់ឯង។
« ឃ្លានដែរទេ? »
សំឡេងគ្រលរដែលដាក់ខ្លួនអង្គុយផ្ទាល់លើថ្មនៅក្បែរនាងទាក់ទាញភ្នែករបស់នាងឲ្យងាកទៅរកគេវិញ។ ទោះជាកំពុងឈឺចាប់ព្រោះពិភពលោកកំពុងបោះបង់នាងចោលក៏ដោយ ប៉ុន្តែនាងមានអារម្មណ៍សប្បាយចិត្តវិញភ្លាមដែលដឹងថានាងមានគេនៅក្បែរនាងនៅពេលនេះ។
« ខ្ញុំមិនបានញុំអ្វីមកតាំងពីថ្ងៃ » នាងតបជាមួយគេវិញទាំងប្រើភ្នែកស្រទន់តាមសម្លឹងមើលគ្រប់កាយវិការរបស់គេតាំងពីពេលដែលគេយកក្រដាសមករុំកំប៉ុងមីដែលក្តៅហើយគេធ្វើប្រាកដថាកម្តៅពីកំប៉ុងមីនឹងត្រូវទប់ស្កាត់ដោយក្រដាសដែលគេយកមករុំហើយ ទើបគេប្រគល់មកឲ្យនាងកាន់។
« ខ្ញុំបានបន្ថែមពងមាន់នៅក្នុងនេះពីរគ្រាប់ផងដែរ ធានាថានឹងឆ្ងាញ់ប្រាកដណាស់ » រីកគី ញញឹមដាក់នាង ពេលមើលនាងយកកំប៉ុងមីពីដៃគេទៅហើយចាប់ផ្តើមដួសផ្លុំញុំភ្លាម មុននឹងបញ្ចេញសំឡេងកោតសរសើរហើយលើកមេដៃឲ្យគេទាំងបើកភ្នែកធំៗហាក់ភ្ញាក់ផ្អើលនឹងរសជាតិល្អរបស់មីដែលគេយកមក។
« ខ្ញុំបានប្រាប់ហើយវានឹងឆ្ងាញ់ »
« ហាមាត់! » នាងងាកមកជិតគេហើយដួសមីឡើងផ្លុំឲ្យត្រជាក់រួចលើកមកជិតមាត់របស់គេ រួចប្រាប់ឲ្យគេហាមាត់ ទើបគេញញឹមហើយហាមាត់ឲ្យនាងបញ្ចុកគេ។
« រសជាតិល្អពិតមែន ខ្ញុំគួរទៅយកមួយកំប៉ុងទៀតទេ? » រីកគី ទំពាមីក្នុងមាត់បណ្តើរនិយាយទៅកាន់អ្នកដែលកំពុងញុំមីនៅក្បែរគេបណ្តើរ។
« ញុំមួយនេះជាមួយគ្នាឲ្យអស់សិនទៅ » អារ៉ាន់ តបទាំងនៅញុំពងមាន់ពេញមាត់ដែលធ្វើឲ្យ រីកគី ញញឹមដូចឆ្កួតព្រោះឃើញថាគួរឲ្យស្រលាញ់។
« ខ្ញុំបានទិញទឹកដោះគោនិងនំមួយចំនួនមកដែរ មានគីមប៉ាបត្រីកោណផងដែរ បើញុំជាមួយមីរឹតតែឆ្ងាញ់ »
« យកមក ញុំជាមួយគ្នាទៅ » អារ៉ាន់ រំកិលថយក្រោយបន្តិចដើម្បីឲ្យពួកគេមានចន្លោះដាក់របស់ញុំនៅកណ្តាល ហើយអ្នកទាំងពីរក៏ចាប់ផ្តើមញុំនិងនិយាយគ្នាលេងដោយទុករឿងរញេរញៃដែលកើតឡើងក្នុងថ្ងៃនេះចោល។
ក្រោយពីញុំអាហាររួចរាល់ រីកគី ក៏យកសំរាមទៅបោះចោល ខណៈរាងស្តើងនៅអង្គុយរុំខ្លួនជាមួយអាវរបស់ រីកគី នៅកន្លែងដដែល ប៉ុន្តែនាងហាក់មានអារម្មណ៍ស្ងប់សុខជាងមុនបន្តិច ក្រោយព្យាយាមបំភ្លេចរឿងដែលកើតឡើងទាំងអស់ចោលហើយគ្រាន់តែរីករាយនឹងពេលវេលនៅពេលនេះ រហូតដល់សំឡេងព័ត៌មានពីអេក្រង់នៅលើជញ្ជាំងអគារក្បែរនោះបន្លឺសំឡេងឡើងបំបែកពេលវេលាសន្តិភាពបន្តិចបន្តួចរបស់នាង។
“ ប្រធានការិយាល័យច្បាប់របស់ក្រុមហ៊ុនសាន់ហ៊ូគ្រុប បានចេញមុខបកស្រាយចំពោះរឿងអាស្រូវដែលបង្កឡើងដោយ គីម ហេអុីន ដែលគ្រប់គ្នាស្គាល់ថាជាអ្នកស្នងមរតករបស់ សាន់ហ៊ូ គ្រុប នាពេលអនាគត នៅប៉ុន្មាននាទីមុននេះក្នុងសិន្និសីទកាសែតរបស់ក្រុមហ៊ុន សាន់ហ៊ូ គ្រុបផ្ទាល់ ដោយចំណុចទីមួយ លោកបានធ្វើការសុំទោសចំពោះជនរងគ្រោះទាំងអស់នៅក្នុងរឿងមួយនេះ ហើយលោកនិងគ្រួសារពិតសោកស្តាយចំពោះការថ្វីប្រហែសដែលបង្កឲ្យមានរឿងអាក្រក់ទាំងអស់នេះកើតឡើង ហើយលោកក៏បានបញ្ជាក់ផងដែរថាក្នុងពេលនេះនាយកសាលានិងគណកម្មការប្រឆាំងអំពើហិង្សានិងអំពើពុយរលួយកំពុងតែធ្វើការយ៉ាងមុឺងម៉ាត់ដើម្បីចាប់អ្នកដែលពាក់នឹងរឿងមួយនេះទាំងអស់ ហើយលោកបានបញ្ជាក់ថាលោកនិងគ្រួសារពិតជាមិនបានដឹងរឿងដែល ហេអុីន បានធ្វើនោះទេ ។ ចំណុចទីពីរ លោកបានបញ្ជាក់ថាគ្រួសាររបស់លោកនិងសាន់ហ៊ូគ្រុបទាំងមូលនឹងចូលរួមសហការណ៍ជាមួយផ្លូវច្បាប់ដើម្បីដោះស្រាយរឿងមួយនេះ ហើយនឹងធានាថានឹងជួយចាប់អ្នកប្រព្រឹត្តបទល្មើសឲ្យមកទទួលទោសតាមផ្លូវច្បាប់។ ចំណុចទីបី លោកបានបញ្ជាក់ថាគ្រួសាររបស់លោកក៏ជាជនរងគ្រោះម្នាក់របស់ ហេអុីន ដែរ លោក ណាមឆុល ប្រធានការិយាល័យច្បាប់បានបង្ហាញឯកសារពាក់នឹងលទ្ធផលពិនិត្យ DNA ដែលបញ្ជាក់ថា ហេអុីន មិនមែនជាកូនស្រីរបស់ពួកគេទេ ហើយអះអាងថាពួកគេក៏ត្រូវ ហេអុីន បោកនិងក្លែងបន្លំកុហកថាជាកូនស្រីរបស់គេផងដែរ ហើយចំណុចចុងក្រោយលោកបានប្រកាសដំណឹងល្អមួយរបស់សាន់ហ៊ូគឺថាលោកនិងគ្រួសារបានរកឃើញកូនស្រីបង្កើតរបស់ខ្លួនវិញហើយ ដោយក្មេងស្រីនោះក៏ជាជនរងគ្រោះម្នាក់ដែលស្ទើរតែស្លាប់ដោយសារតែ ហេអុីន ផងដែរ ហើយក្មេងស្រីម្នាក់នោះគឺ យូន អារ៉ាន់ ដែលពេលនេះមានឈ្មោះជាផ្លូវការថា គីម អារ៉ាន់ ”
អារ៉ាន់ ឈរមើលព័ត៌មានដែលនៅលើអេក្រង់ជាប់អគារក្បែរនោះដោយទឹកមុខតក់ស្លុត នាងមិននឹកស្មានថារឿងដែល ហេអុីន បានប្រាប់នាងមុននេះជារឿងពិតនោះទេ មិនត្រឹមតែប៉ុណ្ណោះ ហេអុីន ថែមទាំងប្រើប្រាស់រាងកាយរបស់នាងចូលទៅក្នុងគ្រួសារ សាន់ហ៊ូ នៅពេលនេះទៀតផង នាងពិតជារៀបចំផែនការបានយ៉ាងល្អហើយមានគម្រោងរស់នៅក្នុងរាងកាយរបស់នាងអស់មួយជីវិតទៀតផង។
« អារ៉ាន់! » រីកគី បានឃើញព័ត៌មានហើយទើបប្រញាប់រត់មករកនាងដោយក្តីបារម្ភ។
« ពេលនេះតើខ្ញុំគួរធ្វើយ៉ាងម៉េចទៅ? ខ្ញុំទៅជួបពួកគេហើយអះអាងថាខ្ញុំទើបជា អារ៉ាន់ តើល្អទេ? » អារ៉ាន់ លើដៃជ្រោងសក់ដោយអារម្មណ៍ច្របូកច្របល់ហើយនាងមានអារម្មណ៍ថាខ្លួនឯងដើរមកដល់ផ្លូវទាល់មិនដឹងថាគួរធ្វើយ៉ាងណាបន្តទៀតទេ។
« មិនអាចធ្វើបែបនោះបានទេ ព្រោះ ហេអុីន នឹងចាប់នាងប្រគល់ឲ្យទៅប៉ូលីសមុនពេលដែលនាងអាចធ្វើឲ្យគ្រប់គ្នាជឿបានមិនខានទេ » រីកគី ចាប់ដៃនាងហើយព្យាយាមធ្វើឲ្យនាងស្ងប់អារម្មណ៍។
« ខ្ញុំដឹង ហើយគ្រប់គ្នានឹងគិតថាខ្ញុំឆ្កួតបើខ្ញុំនិយាយបែបនោះ » អារ៉ាន់ សើចចំអកឲ្យរឿងឆ្កួតៗដែលកើតឡើងចំពោះនាងនៅក្នុងពេលនេះ។
« តោះរកកន្លែងលាក់ខ្លួនពីប៉ូលីសជាមុនសិន ហើយចាំរកវិធីដោះស្រាយម្តងទៀត » រីកគី អង្អែលដៃនាងដែលគេកំពុងចាប់ថ្នមៗដើម្បីលួងលោមនាង កែវភ្នែកដែលគេសម្លឹងមកនាងមានភាពទន់ភ្លន់និងក្តីអាណិតអាសូរ។
« ខ្ញុំមិនដឹងថាខ្ញុំគួរតែរត់គេចទៅកន្លែងណានោះទេ » នាងក្រវីក្បាលចុះចាញ់ព្រោះពេលនេះនាងពិតជាគ្មានកន្លែងដែលត្រូវទៅនោះទេ នាងវង្វេងផ្ទះ វង្វេងគ្រួសារហើយក៏កំពុងតែវង្វេងខ្លួនឯងផងដែរ។
« កុំបារម្ភ ខ្ញុំអាចនាំនាងទៅកន្លែងមួយបាន » រីកគី ញញឹមដាក់នាង ផ្តល់ទំនុកចិត្តដល់នាង ទើបនាងជឿជាក់លើគេ។
« អរគុណ រីកគី ហ៊ឹក! អរគុណដែលតែងតែនៅទីនេះជាមួយខ្ញុំ ហ៊ឺ! » នាងស្ទុះឱបគេណែនដៃហើយយំខ្លាំងៗដោយអារម្មណ៍ពិសេសដែលមិនអាចពណ៌នាបាន។ មិនថានាងជួបរឿងអាក្រក់ប៉ុណ្ណាទេ ឲ្យតែគេនៅក្បែរនាង នាងនឹងតស៊ូក្រោកឡើងវិញមិនព្រមចុះចាញ់ឡើយព្រោះគេជាកម្លាំងចិត្តដែលធ្វើឲ្យនាងចង់តស៊ូបន្តទៀត។
YOU ARE READING
♡ប្តូរកាយវង្វេងស្នេហ៍♡ (ចប់)
Mystery / Thrillerសាលាវិទ្យាល័យ សាន់ហ៊ូ គឺជាវិទ្យាល័យលំដាប់លេខមួយក្នុងប្រទេសដែលមានតម្លៃសិក្សាថ្លៃបំផុត សិស្សដែលចូលរៀននៅសាលាមួយនេះភាគច្រើនសុទ្ធសឹងតែជាកូនអ្នកមានលំដាប់ប្រទេសឬក៏ជាសមាជិករបស់ក្រុមហ៊ុន សាន់ហ៊ូ គ្រុប ។ យូន អារ៉ាន់ ជាក្មេងកំព្រាក្រីក្រដែលមានបំណងប្រាថ្នាចង់បា...
