ប្តូរកាយវង្វេងស្នេហ៍(៤៥)

221 4 0
                                        


  “ បកអាក្រាតការពិត ”

  សំឡេងកែងស្បែកជើងកូនក្រមុំបន្លឺឡើងជាបន្តបន្ទាប់កាត់ច្រកសណ្ឋាគារស្ងាត់ជ្រងំ ពីមួយជំហានទៅមួយជំហានមានអារម្មណ៍ធ្ងន់ដូចជាទម្ងន់ផែនដីទាំងមូលកំពុងសង្កត់លើនាង។ ភាពអន្ទះសារនិងភាពភ័យខ្លាចបន្តធ្វើទារុណកម្មនាងរៀងរាល់វិនាទី រហូតនាងឈប់ជើងនៅមុខបន្ទប់០៥។ អារ៉ាន់ សម្លឹងមើលលេខសម្គាល់បន្ទប់ផ្ទៀងផ្ទាត់ម្តងទៀត មុននឹងចាប់ផ្តើមលើកដៃដែលញ័រញាក់ចាប់បើកទ្វាយឺតៗជាមួយចង្វាក់ដង្ហើមញាប់ពេញដោយភាពភ័យខ្លាចរបស់នាង។
   « មកដល់ហើយ? »
   ទ្វាបើកចំហរឡើង នាងត្រូវបានស្វាគមន៍ដោយសំឡេងធ្លាប់ស្គាល់របស់អ្នកដែលអង្គុយលើកៅអីពីមុខកុំព្យូរទ័រនឹងឧបករណ៍ជំនួយមួយចំនួនដល់ការចាក់ផ្សាយនៅប៉ុន្មាននាទីខាងមុខនេះ។ អារ៉ាន់ សម្លឹងអ្នកដែលញញឹមញញែមដោយភាពសប្បាយចិត្តដាក់នាងហើយក៏ដកភ្នែកទៅសម្លឹងគ្រប់យ៉ាងនៅលើតុវិញ ពេលបានឃើញយូអេសប៊ីមួយនៅលើតុ អារ៉ាន់ ក៏ស្ទុះចូលយ៉ាងលឿនឆក់យក យូអេសប៊ី មកកាន់នៅក្នុងដៃ ធ្វើឲ្យ ឆេមី ស្ទុះក្រោកឈរឡើងដោយទឹកមុខខឹងសម្បារ។
   « ឆាប់ឲ្យមកវិញ ហេអុីន » ឆេមី ព្យាយាមនិយាយជាមួយស្រីក្រមុំដែលឈរនៅចំពោះមុខតាមសម្រួល។
    « ទុកពេលឲ្យខ្ញុំមួយថ្ងៃទៀត » សំឡេងនាងបន្លឺឡើងស្ទើរតែខ្សឹបខណៈម្រាមដៃរបស់នាងប្រែជាស្លេកដោយការក្តាប់យូអេសប៊ីណែនដៃ។
     « ខ្ញុំមិនល្ងង់ទេ ហេអុីន! »
     ផាំង!
     ឆេមី ទះផ្ទៃតុមួយទំហឹងបង្កសំឡេងខ្លាំងៗបន្លាចឲ្យស្រីក្រមុំដែលព្យាយាមប្លន់យូអេសប៊ីចាប់ផ្តើមភ័យញ័រខ្លួន។
     « តែមួយថ្ងៃទៀតប៉ុណ្ណោះ សូម ឆេមី...» នាងខ្សឹបខ្សៀវអង្វរអ្នកចំពោះមុខដោយភាពអស់សង្ឃឹម។
     « មួយថ្ងៃទៀតឯងនឹងក្លាយជាអ្នកស្នងមរតក សាន់ហ៊ូ គ្រុបជាផ្លូវការ មួយថ្ងៃទៀតឯងនឹងអង្គុយលើច្បាប់និងអ្នកមានអំណាចទាំងអស់ មួយថ្ងៃទៀតឯងនឹងប្រើមនុស្សមកគំរាមគំហែងខ្ញុំនិងលោកគ្រូ មីនយ៉ុង។ ហេអុីន ខ្ញុំមិនអាចទុកឲ្យឯងធំធាត់ឡើងមួយថ្ងៃទៀតទេ ព្រោះឯងនឹងលេបត្របាក់ពួកយើង »
     « អត់ទេ ខ្ញុំសន្យាថាថ្ងៃស្អែកខ្ញុំនឹងមិនរារាំងការបញ្ចេញភស្តុតាងទាំងអស់នេះទៀតទេ »
     « ពីដំបូងក៏ឯងសន្យាបែបនេះដែរ ប៉ុន្តែមើលពេលនេះទៅ ឯងកំពុងតែព្យាយាមរារាំងខ្ញុំមិនឲ្យបកអាក្រាតឯង ហើយថ្ងៃស្អែកឯងក៏នៅតែធ្វើបែបនេះដែរ ពិតណាស់គ្មានអ្នកណាដែលឆ្កួតទៅបកអាក្រាតខ្លួនឯងនោះទេ ខ្ញុំមិនជឿឯងតាំងពីដំបូងហើយពេលនេះការគិតរបស់ខ្ញុំពិតជាមិនខុសមែន »
     « ឆេមី...» អារ៉ាន់ ប្រុងពន្យល់ ឆេមី ឲ្យយល់ពីនាង ប៉ុន្តែ ឆេមី បាននិយាយកាត់នាង។
     « យូអេសប៊ី នៅក្នុងដៃរបស់ឯងក្លែងក្លាយទេ ព្រោះពួកយើងមិនទុកចិត្តឯង យើងដឹងហើយថាឯងច្បាស់ជារារាំងរឿងនេះ ទើបខ្ញុំបញ្ឆោតឲ្យឯងមកទីនេះ ហេអុីន »
     « មានន័យថាម៉េច? » អារ៉ាន់ បើកដៃដែលក្តាប់មើល យូអេសប៊ី ដែលនៅលើបាតដៃរបស់នាងដោយតក់ស្លុត។
     « លោកគ្រូ មីនយ៉ុង កំពុងតែនៅបន្ទប់ចាក់ផ្សាយពិតប្រាកដនាពេលនេះ មួយនាទីទៀតគ្រប់យ៉ាងនឹងលោតនៅលើអេក្រង់ធំនោះ » ឆេមី ចុចបើកកុំព្យូទ័រនៅលើតុបង្ហាញរូបភាពនៅក្នុងកម្មវិធី។ វេទិការបានរៀបចំជាស្រេចហើយផ្ទាំងអិលអ៊ីឌីនៅខាងក្រោយកំពុងតែលោតលេខរាប់ថយក្រោយដើម្បីចាក់ផ្សាយវីដេអូកិត្តិយសរបស់ក្រុមហ៊ុនសាន់ហ៊ូគ្រុប ហើយភ្ញៀវដែលចូលរួមកំពុងកាន់កែវស្រាឈរនៅពីមុខវេទិការងចាំវីដេអូរបស់ក្រុមហ៊ុនសាន់ហ៊ូគ្រុបដោយទឹកមុខសប្បាយរីករាយ។
      « មិនបានទេ! » អារ៉ាន់ ស្រែកឡើងយ៉ាងអន្ទះសារហើយចាប់ផ្តើមឈានជើងទៅមាត់ទ្វាដើម្បីចេញទៅរារាំងអ្វីដែលប្រុងនឹងកើតឡើងនៅកន្លះនាទីទៀតនេះ។
      « ឈប់! ហេអុីន ឯងមិនអាចទៅបានទេ » ឆេមី ស្ទុះមកចាប់បោចសក់របស់នាងពីខាងក្រោយបង្ខំទាញនាងឲ្យចូលទៅកណ្តាលបន្ទប់មុខតុកុំព្យូរទ័រវិញ ប៉ុន្តែ អារ៉ាន់ ព្យាយាមតស៊ូចេញពីដៃរបស់នាង ទើបពួកនាងចាប់ផ្តើមប្រតាយប្រតប់គ្នាទៅវិញទៅមក។
      ប្រាវ!
      សម្ភារៈមួយចំនួននៅលើតុធ្លាក់មកលើឥដ្ឋរាយប៉ាយពេញលើកម្រាលឥដ្ឋពេលរាងស្តើងត្រូវ ឆេមី រុញមួយទំហឹងទៅបុកនឹងតុនោះ។ អារ៉ាន់ ប្រញាប់ក្រោកឈរត្រង់ខ្លួនឡើងវិញហើយត្រៀមខ្លួនរត់ចេញម្តងទៀត ប៉ុន្តែក៏ត្រូវ ឆេមី ចូលមកជិតនាងយ៉ាងលឿនហើយទះកំផ្លៀងនាងមួយដៃយ៉ាងខ្លាំងធ្វើឲ្យនាងងាកមុខទៅម្ខាងហើយអណ្តាតរបស់នាងក៏ចាប់បានរសជាតិឈាមនៅលើបបូរមាត់ភ្លាម។
      « ឈប់ទៅ! ឯងចាញ់ហើយ ហេអុីន! » ឆេមី ស្រែកបញ្ឈប់នាងដោយកំហឹងនិងភាពខឹងស្អប់នៅក្នុងភ្នែករបស់នាង។
       អារ៉ាន់ ងើបមុខឡើងបានប្រឈរមុខនឹងកែវភ្នែកក្រហមដោយកំហឹងរបស់ ឆេមី ។ នាងដឹងថា ឆេមី ខឹងស្ទើរតែឆ្កួតព្រោះតែនាង ប៉ុន្តែដឹងទេថាពេលនេះនាងក៏ខឹងខ្លាំងដូចគ្នា នាងកំពុងតែឆ្កួតព្រោះតែកំហឹងនៅពេលនេះដែរ។
       “ តើមានរឿងអ្វីនឹង? ”
       “ អំពើពុយរលួយនៅក្នុងសាលា ការធ្វើបាបសម្លុតមិត្តរួមថ្នាក់និងសម្លាប់មិត្តរួមថ្នាក់មែនទេ? ”
       ” វិញ្ញាសាប្រឡងរាល់ខែត្រូវបានចែកចាយជាមុនរៀងរាល់ខែចឹងមែនទេ? នោះជារឿងអយុត្តិធម៍សម្រាប់សិស្សផ្សេងទៀត ”
        អារ៉ាន់ ងាកទៅសម្លឹងអេក្រង់កុំព្យូរទ័រដែលបើកបង្ហាញពីវីដេអូនៅក្នុងក្លឹបសិក្សាពិសេសនិងរូបភាពភស្តុតាងមួយចំនួនទៀត ហើយនាងអាចឃើញទឹកមុខតក់ស្លុតរបស់លោកតា សាន់ហ៊ូនិងគ្រប់គ្នានៅទីនោះយ៉ាងច្បាស់ទោះជាកាំមេរ៉ាថតចេញទៅពីក្នុងចំណោមភ្ញៀវក៏ដោយ។
       « រងចាំមើលវីដេអូចុងក្រោយរបស់យើង ហេអុីន » ឆេមី ដើរចូលមកកៀក ក អ្នកដែលឈរកកមួយកន្លែងទាំងភ្នែកសម្លឹងទៅអេក្រង់នៅពីមុខមិនដាក់ភ្នែក ហើយប៉ុន្មានវិនាទីក្រោយមកវិញវីដេអូចុងក្រោយក៏លោតនៅលើអិលអ៊ីឌីក្នុងកម្មវិធី បង្ហាញបុរសចំណាស់វ័យសែសិបឆ្នាំម្នាក់អង្គុយលើកៅអីមួយនៅក្នុងបន្ទប់ដែលមានពន្លឺល្មមដូចជាបន្ទប់សួរចម្លើយនៅប៉ុស្តិ៍ប៉ូលីសហើយបុរសនោះស្លៀកសម្លៀកបំពាក់អ្នកទោស។
       “ ខ្ញុំជាអ្នកបើកឡានផ្ទាល់របស់អ្នកនាង គីម ហេអុីន នៅយប់កើតហេតុនោះ ខ្ញុំត្រូវបានប្រាប់ឲ្យចុះពីលើឡានហើយចាំនៅហាងកាហ្វេមួយកន្លែង ដោយអ្នកនាង គីម ហេអុីន បានយកសោឡានហើយបើកចេញទៅដោយខ្លួនឯង ក្រោយមកក៏មានករណីគ្រោះថ្នាក់ចរាចរណ៍ដែលបណ្ដាញឲ្យមានមនុស្សស្លាប់កើតឡើង មួយថ្ងៃក្រោយមកមនុស្សម្នាក់ដែលអះអាងថាជាភ្នាក់ងាររបស់សាន់ហ៊ូគ្រុបបានយកលុយមួយចំនួនធំមកឲ្យគ្រួសាររបស់ខ្ញុំ ហើយប្រាប់ឲ្យខ្ញុំទៅទទួលទោសជំនួសអ្នកនាង គីម ហេអុីន បើខ្ញុំធ្វើតាម គ្រួសាររបស់ខ្ញុំនឹងទទួលបានការឧបត្ថម្ភពី សាន់ហ៊ូ គ្រុប ពួកគេនឹងទទួលខុសត្រូវលើការចំណាយសំខាន់ៗគ្រប់យ៉ាងរបស់គ្រួសាររបស់ខ្ញុំ ព្រោះតែកូនប្រុសរបស់ខ្ញុំត្រូវចូលសកលវិទ្យាល័យ ហើយម្តាយរបស់ខ្ញុំត្រូវការព្យាបាលជំងឺ ទើបខ្ញុំយល់ព្រមទទួលទោសកំហុសជំនួសអ្នកនាង គីម ហេអុីន ”
      វីដេអូបានចប់ហើយភាពច្របូកច្របល់នៅក្នុងកម្មវិធីកំពុងតែកើនឡើងយ៉ាងខ្លាំង អ្នកសារព័ត៌មានកំពុងសម្រុកទៅរកគ្រួសារលោកតា សាន់ហ៊ូ ហើយសូម្បីតែ ថេហ៊ូនិងប៉ាម៉ាក់របស់គេក៏ត្រូវចោមរោមផងដែរ។
      អារ៉ាន់ ដកភ្នែកពីអេក្រង់ហើយលើកដៃជ្រោងសក់ក្បាលដោយភាពតានតឹង បើពេលនេះនាងមិននៅក្នុងរាងកាយរបស់ ហេអុីន គ្រប់យ៉ាងច្បាស់ជាល្អ ប៉ុន្តែពេលនេះនាងនៅក្នុងរាងកាយមួយនេះនៅឡើយ ហើយទោសកំហុសដែល ហេអុីន បានធ្វើកន្លងមកកំពុងទម្លាក់សង្កត់មកលើនាងដូចជាភ្នំមួយ។
      « ប៉ូលីសនឹងមកដល់ទីនេះឆាប់ៗ ត្រៀមខ្លួនប្រឈរមុខនឹងគ្រប់យ៉ាងហើយឬនៅ? » ឆេមី ញោចមាត់ញញឹមចំអកឲ្យនាង តែនាងបានត្រឹមដកដង្ហើមធំយ៉ាងស្ងប់ស្ងាត់។
      « ឯងកំពុងសងសឹកខុសពេលវេលា ឆេមី » អារ៉ាន់ និយាយឡើងយ៉ាងស្ងប់ស្ងាត់ហើយឈានជើងយឺតៗចូលទៅជិត ឆេមី ដោយកាយវិការគំរាមគំហែងធ្វើឲ្យ ឆេមី ឈានថយក្រោយតាមជំហាននាង។
      « ឯងចង់ធ្វើអី? » ឆេមី នៅតែញញឹមចំអកដោយមិនកោតខ្លាចដដែល ខណៈដែលខ្លួនរបស់នាងកំពុងញ័របន្តិចដោយការសម្លឹងគំរាមគំហែងរបស់អ្នកនៅចំពោះមុខ។
      « ខ្ញុំមិនមែន ហេអុីន ទេ ខ្ញុំគ្រាន់តែអ្នកដទៃដែលនៅក្នុងរូបរាងរបស់ ហេអុីន ប៉ុណ្ណោះ ខ្ញុំកំពុងតែជួយឯងកម្ចាត់ ហេអុីន ប៉ុន្តែឯងបែរជាមិនជឿជាក់ខ្ញុំ ហើយមិនសូម្បីតែទុកពេលឲ្យខ្ញុំដើម្បីនាំ ហេអុីន ពិតប្រាកដមកទីនេះទទួលទោសរបស់នាង ខ្ញុំមានអារម្មណ៍ថាត្រូវក្បត់ ឆេមី »
      ឆេមី ចាប់ផ្តើមច្របូកច្របល់ពេលដំណើរការពាក្យសម្តីរបស់អ្នកនៅចំពោះមុខ នាងមិនយល់ពីអ្វីដែល ហេអុីន កំពុងនិយាយនៅពេលនេះទេ ហើយមុនពេលនាងអាចនិយាយអ្វីបាន នាងក៏ត្រូវ ហេអុីន ច្រានមួយទំហឹងទៅបុកនឹងតុ ហើយ ហេអុីន ក៏រត់ចេញពីបន្ទប់បានសម្រេចដោយសារតែនាងក្រោកមិនរួចដោយសារអារម្មណ៍ឈឺចាប់នៅលើពោះដែលត្រូវបុកនឹងជ្រុងតុ។

♡ប្តូរកាយវង្វេងស្នេហ៍♡ (ចប់)Where stories live. Discover now