ភាគ២៩“ ជនបោកប្រាស់ ”
អារ៉ាន់ កំពុងគេងនៅលើគ្រែគិតអំពីរឿងដែល រីកគី បានសារភាពប្រាប់នាងនៅប៉ុន្មានម៉ោងមុននេះ។ និយាយតាមត្រង់ទៅអំឡុងពេលដែលនាងបានលឺថាគេបោកប្រាស់នាងពីដំបូងនោះ នាងពិតជាខឹងនឹងគេខ្លាំងណាស់ ប៉ុន្តែក្រោយពីដឹងថាអារម្មណ៍របស់គេចំពោះនាងនៅពេលនេះពិតប្រាកដនាងក៏បាត់ខឹងជាមួយគេមួយរំព្រិច ប៉ុន្តែនាងនៅតែកំពុងពិចារណាលើរឿងដែលជួយក្រុមហ៊ុនរបស់លោកប៉ាគេ ទោះគេមិនបានសុំក៏ដោយ នាងពិតជាចង់ជួយគេខ្លាំងណាស់ ប៉ុន្តែនាងខ្លាចថាការជួយក្រុមហ៊ុនរបស់គេអាចធ្វើឲ្យគេពាក់ព័ន្ធនឹង ហេអុីន កាន់តែខ្លាំងនៅពេលអនាគត បើនាងចាកចេញពីរាងកាយមួយនេះទៅនោះ គេអាចនឹងពិបាកដោយសារតែ ហេអុីន ពិតប្រាកដ ប៉ុន្តែយ៉ាងណាក៏ដោយនាងមិនអាចទុកឲ្យក្រុមហ៊ុនគេដួលរលំបានទេ នាងគួរតែជួយគេ។
អារ៉ាន់ សម្រេចចិត្តហើយក៏ព្យាយាមគេង ប៉ុន្តែនាងនៅតែគេងមិនលក់ព្រោះនាងនៅតែបារម្ភថាការសម្រេចចិត្តរបស់នាងអាចធ្វើបាប រីកគី នៅថ្ងៃអនាគត ព្រោះ ហេអុីន គឺជាអនាគតប្រធានរបស់ សាន់ហ៊ូ គ្រុប នាងអាចនឹងធ្វើបាប រីកគី កាន់តែខ្លាំងនៅពេលដែលក្រុមហ៊ុនរបស់គ្រួសារ រីកគី ស្ថិតនៅក្រោម សាន់ហ៊ូ គ្រុប។ថ្ងៃថ្មីឈានចូលមកដល់
នាងមកដល់សាលាតាមទម្លាប់ហើយក៏ប្រញាប់ដើរសំដៅទៅថ្នាក់ តែក៏បានជួបជាមួយ រីកគី នៅពាក់កណ្តាលផ្លូវ គេមើលទៅក្រៀមក្រំពេលឃើញនាងហើយក៏ព្យាយាមគេចពីនាង ប៉ុន្តែនាងក៏រហ័សដើរទៅតាមគេហើយចាប់ដៃគេទុក។ គេប្រហែលជាគិតថានាងនៅខឹងនឹងគេចំពោះរឿងដែលគេបានសារភាពចំពោះនាងនោះ។
« ហេតុអ្វីក៏ព្យាយាមគេចមុខ? » អារ៉ាន់ ងើយសម្លឹងមុខអ្នកដែលមានកម្ពស់ខ្ពស់ជាង ហើយគេក៏សម្លឹងនាងវិញដោយកែវភ្នែកមានកំហុស រួចទើបគេបង្វែរទៅមើលសិស្សផ្សេងទៀតដែលឆ្លងកាត់ ហើយក៏អូសដៃនាងគេចទៅបន្ទប់ស្ងាត់ក្បែរនោះដើម្បីនិយាយគ្នា។
គ្រឹប!
រីកគី រុញទ្វាពីក្រោយខ្នងបិទហើយមកប្រឈមមុខនឹងរាងស្តើងដែលឈរនៅចំពោះមុខរបស់គេវិញ។
« បងគិតថាអូនមិនចង់ជួបមុខបងទេ » គេនិយាយឡើងយ៉ាងសោកសៅទាំងនៅចាប់ដៃនាងណែនមិមចង់លែង ហើយភ្លាមៗនាងក៏ស្ទុះមកឱបគេណែនដៃ។
« អូននឹកបង » នាងនិយាយហើយរឹតដៃជុំវិញខ្លួនគេកាន់តែណែនធ្វើឲ្យគេឱបនាងកាន់តែណែនដូចគ្នា។
ហេតុអ្វីគេមានអារម្មណ៍ថានាងកំពុងតែជិតឃ្លាតឆ្ងាយ? នាងនិងគេទើបតែជួបគ្នាម្សិលមិញទេ ហេតុអ្វីនាងដូចនឹកគេខ្លាំងម្លេះ? ឬដោយសារតែរឿងម្សិលមិញធ្វើឲ្យនាងមានអារម្មណ៍ឃ្លាតឆ្ងាយ? ប៉ុន្តែនិយាយតាមត្រង់គេក៏នឹកនាងខ្លាំងដូចគ្នាទោះជាពួកគេជួបគ្នារាល់ថ្ងៃក៏ដោយ។ គេមានអារម្មណ៍ថានាងដូចជាកំពុងតែលាក់បាំងអ្វីម្យ៉ាងជាមួយគេ ហើយកំពុងបង្ហាញតម្រុយដល់គេតាមរយះកាយវិការរបស់នាង ព្រោះតាមធម្មតាគេជាអ្នកបង្ហាញក្តីស្រលាញ់ចំពោះនាងច្រើនជាងនាងបង្ហាញមកកាន់គេ មិនមែនថានាងមិនស្រលាញ់គេទេ ប៉ុន្តែនាងដូចជាមិនដឹងពីរបៀបបង្ហាញក្តីស្រលាញ់នោះទេ នាងមានភាពអៀនខ្មាស់ច្រើន ប៉ុន្តែលើកនេះនាងបែរជាបង្ហាញក្តីស្រលាញ់ដាក់គេមុន ទើបគេមានអារម្មណ៍ប្លែកបន្តិច តែគេពិតជាចូលចិត្តខ្លាំងណាស់ នាងកាន់តែគួរឲ្យស្រលាញ់ពេលនេះ។
« មិនខឹងទេឬ? » គេសួរខ្សឹបខ្សៀវស្ទើរតែមិនលឺព្រោះមិនប្រាកដចិត្តថានាងនៅតែខឹងនឹងគេឬអត់? តែដោយសារពេលនេះនាងនៅអឹបជាប់នឹងគេស្ទើរតែជារូបរាងកាយតែមួយទើបគេប្រាកដចិត្តថានាងអាចលឺគេបានយ៉ាងច្បាស់ ។
« អត់ទេ » នាងក្រវីក្បាលនៅលើដើមទ្រូងគេបន្តិចដើម្បីបដិសេធថានាងមិនខឹងនឹងគេឡើយ។
នាងនិងគេនៅតែបន្តឈរឱបគ្នាយ៉ាងស្ងៀមស្ងាត់ ហាក់ដូចជាម្នាក់ៗមិនដឹងថាគួរតែចាប់ផ្តើមនិយាយពីអ្វី រហូតនាងចាប់ផ្តើមនិយាយម្តងទៀត។
« រីកគី »
« ហ៊ឹម! » គេក្រហឹមតបជាមួយនាងហើយឱនសម្លឹងមុខរបស់នាងបន្តិច។
« ខ្ញុំចង់ជួយក្រុមហ៊ុនលោកប៉ារបស់បង »
រីកគី ភ្ញាក់ផ្អើលបន្តិចតែក៏មានអារម្មណ៍មិនសប្បាយចិត្តតាមមកពីក្រោយ ទោះគេចង់បានជំនួយពីនាងតាំងពីដំបូងក៏ដោយ ប៉ុន្តែគេនៅតែមានអារម្មណ៍មិនល្អព្រោះគេកំពុងទាញយកប្រយោជន៍ពីនាង។
« កុំមានអារម្មណ៍មិនល្អអី ព្រោះខ្ញុំជាចង់ជួយបងដោយខ្លួនឯង » អារ៉ាន់ សម្គាល់ឃើញភាពសោកសៅនៅលើមុខរបស់គេ ទើបនាងប្រញាប់បញ្ជាក់ឲ្យច្បាស់។
« អរគុណ ហេអុីន » គេរឹតដៃឱបនាងកាន់តែណែន។
« ប៉ុន្តែខ្ញុំមិនទាន់ដឹងថាវានឹងទៅជាយ៉ាងណាទេ ទាល់តែខ្ញុំបានទៅនិយាយជាមួយលោកតាសិន »
« មិនអីទេ ទោះលទ្ធផលយ៉ាងណាក៏បងទទួលយកដែរ » គេក្រសោបមុខនាងហើយឱនថើបថ្ងាស់នាងជាមួយស្នាមញញឹមស្រាលពេញដោយក្តីស្រលាញ់។
ក្រាក!
ភ្លាមៗទ្វានៅខាងក្រោយខ្នងបានបើកឡើងធ្វើឲ្យ អារ៉ាន់និងរីកគី ដកខ្លួនចេញពីគ្នាបន្តិចហើយក្រឡេកទៅរកវត្តមានអ្នកដែលចូលមកដោយកំហឹងនោះ។
« រីកគី ឯង! »
ឌឹប!
ថេហ៊ូ ស្ទុះចូលមកដាល់មុខ រីកគី មួយដៃ ធ្វើឲ្យអ្នកដែលត្រូវមួយកណ្ដាប់ដៃដួលទៅម្ខាង។
« រីកគី! » អារ៉ាន់ រហ័សរត់ទៅមើលអ្នកដែលអង្គុយជូតឈាមចេញពីមាត់នៅលើឥដ្ឋដោយក្តីបារម្ភ។
« តើនេះសម្រាប់អ្វី? » រីកគី ក្រោកឈរឡើងវិញស្រែកសួរអ្នកដែលដាល់គេទាំងគ្មានហេតុផល។
« សម្រាប់ឯងដែលបោកប្រាស់គូដណ្ដឹងរបស់យើងនោះអី » ថេហ៊ូ ស្រែកតប រីកគី វិញទាំងនៅក្តាប់ដៃណែន។
« ថេហ៊ូ! »
អារ៉ាន់ ស្រែកបញ្ឈប់គេ តែគេមិនស្តាប់ហើយចូលមកចាប់កអាវរបស់ រីកគី ម្តងទៀត ប៉ុន្តែលើកនេះ រីកគី មិនបណ្ដោយឲ្យគេដាល់បានទៀតទេ។ រីកគី ក្តាប់ដៃហើយចាប់ផ្តើមដាល់មុខរបស់ ថេហ៊ូ វិញ ហើយពួកគេក៏ចាប់ផ្តើមដាល់គ្នាទៅវិញទៅមកដោយលែងស្តាប់អ្វីទាំងអស់។
« ឈប់! ខ្ញុំប្រាប់ឲ្យឈប់ណា » អារ៉ាន់ ព្យាយាមស្រែកបញ្ឈប់ពួកគេខ្លាំងៗតែពួកគេនៅតែមិនព្រមឈប់ដាល់គ្នាទាំងគ្មានហេតុផលទៀត។
“ តើមានរឿងអីនឹង? ”
“ ថេហ៊ូនិងរីកគី វាយគ្នាព្រោះ ហេអុីន មែនទេ? ”
សិស្សជាច្រើនរត់មកមើលពួកគេតាមបង្អួចនិងទ្វាខាងមុខហើយនាងមិនដឹងថាគួរបញ្ឈប់ពួកគេយ៉ាងណាទេ ពេលនេះពួកគេកំពុងតែឡើងជិះលើគ្នាទៅវិញទៅមកហើយដាល់មុខគ្នាម្តងម្នាក់រហូតម្នាក់ៗមានស្នាមបែកមាត់ បែកចិញ្ចើមពេញមុខ។
« ឈប់! » អារ៉ាន់ រត់ទៅចាប់ដៃរបស់ ថេហ៊ូ ដែលកំពុងនៅពីលើ រីកគី ហើយកំពុងចង់ដាល់ រីកគី ម្តងទៀតបន្ទាប់ពី រីកគី នៅពីលើគេហើយដាល់គេជាច្រើនដៃមុននេះ។
« អនុញ្ញាតឲ្យខ្ញុំសម្លាប់មនុស្សបោកប្រាស់ម្នាក់នេះ ហេអុីន! » គេស្រែកខ្លាំងៗទាំងកែវភ្នែកពេញដោយកំហឹងសម្លឹងទៅអ្នកខាងក្រោមមិនដាក់ភ្នែក។
« គេមិនបានបោកប្រាស់ទេ » អារ៉ាន់ និយាយស្ទើរតែខ្សឹបហើយក៏ព្យាយាមទាញដៃគេឲ្យគេក្រោកចេញពី រីកគី ប៉ុន្តែគេនៅតែមិនព្រមតាមនាង។ នាងពិតជាឈឺចាប់ពេលដឹងថាខ្លួនឯងជាដើមហេតុធ្វើឲ្យពួកគេស្ទើរតែសម្លាប់គ្នា។
« ហេអុីន គេបោកប្រាស់នាង គេចូលមកជិតនាងព្រោះតែ...»
« ខ្ញុំដឹង ថេហ៊ូ! » អារ៉ាន់ កាត់គេ ព្រោះនាងដឹងថាគេចង់និយាយពីអ្វីហើយនាងមិនអាចឲ្យគេនិយាយរឿងរបស់ រីកគី នៅពីមុខសិស្សជាច្រើនទេ ។
ថេហ៊ូ ងាកមកសម្លឹងមុខនាងដោយមិនគួរឲ្យជឿហើយគេកំពុងសុំការបញ្ជាក់ពីនាង។
« ពិតទេ? »
« ខ្ញុំដឹងអស់ហើយ ថេ...»
ថេហ៊ូ ស្ទុះចេញពី រីកគី ដោយទឹកមុខខកបំណងហើយនាងក៏ប្រញាប់ចូលទៅជួយលើក រីកគី ដោយមិនខ្វល់ពីទឹកមុខរបស់គេ ព្រោះនាងប្រញាប់ទៅពិនិត្យមើល រីកគី ។ មុខរបស់គេពេញដោយស្នាមរបួសធ្វើឲ្យបេះដូងរបស់នាងប្រេះបែក នាងពិតជាសុំទោសដែលជាដើមហេតុធ្វើឲ្យគេឈឺបែបនេះ។
« សុំ...» នាងចង់និយាយថាសុំទោសគេ ប៉ុន្តែគេចាប់ដៃនាងហើយហាមនាងមិនឲ្យនិយាយសុំទោសគេ។
« មិនមែនជាកំហុសរបស់អូនទេ »
គេចាប់ដៃនាងណែនហើយទាញនាងឲ្យមកឈរជិតគេដូចថាក្លាយ ថេហ៊ូ ដណ្តើមយកនាងទៅ ហើយពេលនេះនាងក៏បានឃើញទឹកមុខរបស់ ថេហ៊ូ ម្តងទៀត គេមើលមកនាងដោយភាពខកបំណងនិងខឹងខ្លាំង ហើយនាងយល់ពីអារម្មណ៍របស់គេនៅពេលនេះ នាងមិនខឹងនឹងគេទេ ព្រោះគេធ្វើទៅព្រោះចង់ការពារនាងដូចគ្នា ប៉ុន្តែយ៉ាងណាគេគួរតែនិយាយហេតុផលមុននឹងដាល់ រីកគី ដែរ គេមិនគួរប្រើអារម្មណ៍ដោះស្រាយបញ្ហាបែបនេះទេ។
« តើមានរឿងអីកើតឡើងនៅទីនេះ? » លោកគ្រូពិន័យប្រជៀតសិស្សនៅមាត់ទ្វាចូលមកហើយស្រែកសួរពួកយើងខ្លាំង ប៉ុន្តែពួកយើងមិនបាននិយាយអ្វីទាំងអស់។ ថេហ៊ូនិងរីកគី គ្រាន់តែមើលមុខគ្នាដោយភាពខឹងស្អប់ហើយក៏ដើរទៅការិយាល័យលោកគ្រូដោយខ្លួនឯង ទើបលោកគ្រូប្រញាប់ស្រែកដេញសិស្សផ្សេងទៀតឲ្យបំបែកគ្នាទៅថ្នាក់រៀងខ្លួន។ ពេលដែលសិស្សផ្សេងទៀតចេញទៅអស់ លោកគ្រូ ពិន័យក៏បន្ទន់ឥរិយាបថបន្តិច។
« តើមានរឿងអ្វីកើតឡើង? ហើយចង់ឲ្យខ្ញុំដោះស្រាយបែបណា? »
នាងពិតជាមិនដែលដឹងទេថាលោកគ្រូពិន័យតែគួរឲ្យខ្លាចដូចខ្លាកំណាចតាមពិតជាកូនឆ្មារបស់ ហេអុីន សោះ តែមិនមានអ្វីប្លែកច្រើនទេ ព្រោះនាងហាក់ដូចជាទម្លាប់នឹងការផ្លាស់ប្តូរបែបនេះហើយតាំងពីនាងនៅក្នុងរាងកាយរបស់ ហេអុីន។
« ដោះស្រាយតាមពិន័យសាលាទៅ » នាងនិយាយហើយក៏ឱនរើសកាតាបដែលធ្លាក់នៅលើឥដ្ឋមកស្ពាយហើយដើរចេញទៅយ៉ាងលឿន។
![](https://img.wattpad.com/cover/376183787-288-k596443.jpg)
YOU ARE READING
♡ប្តូរកាយវង្វេងស្នេហ៍♡ (ចប់)
Mystery / Thrillerសាលាវិទ្យាល័យ សាន់ហ៊ូ គឺជាវិទ្យាល័យលំដាប់លេខមួយក្នុងប្រទេសដែលមានតម្លៃសិក្សាថ្លៃបំផុត សិស្សដែលចូលរៀននៅសាលាមួយនេះភាគច្រើនសុទ្ធសឹងតែជាកូនអ្នកមានលំដាប់ប្រទេសឬក៏ជាសមាជិករបស់ក្រុមហ៊ុន សាន់ហ៊ូ គ្រុប ។ យូន អារ៉ាន់ ជាក្មេងកំព្រាក្រីក្រដែលមានបំណងប្រាថ្នាចង់បា...