ប្តូរកាយវង្វេងស្នេហ៍(២៧)

27 3 0
                                    


ភាគ២៧

" បំផ្លាញ់ក្លឹបសិក្សាពិសេស "

បន្ទប់សិល្បៈ

អារ៉ាន់ បើកទ្វាបន្ទប់សិល្បៈហើយចូលទៅខាងក្នុងយ៉ាងលឿន ព្រោះជាម៉ោងអាហារថ្ងៃត្រង់នាងដឹងច្បាស់ថាបន្ទប់សិល្បៈទំនេរគ្មានសិស្សផ្សេងនៅឡើយ ក្រៅពី ឆេមី ដែលអង្គុយឱបលើកៅអីឈើបែរមុខមកមាត់ទ្វារងចាំនាងជាស្រេច។
« ខ្ញុំគិតថាឯងនឹងមិនមកទេ » ឆេមី ក្រោកឈរឡើងញោចមាត់ញញឹមបង្កប់ដោយល្បិចកលដាក់នាង។
« ហេតុអ្វីក៏ខ្ញុំមិនមកបើឯងជាមនុស្សតែម្នាក់ដែលប្រាប់ខ្ញុំពីរឿងក្លឹបសិក្សាពិសេសបាននោះ? » អារ៉ាន់ តបជាមួយ ឆេមី ហើយដើរចូលទៅកាន់តែជិតនាងដើម្បីអាចនិយាយគ្នាបានស្រួល។
« ព្រោះឯងជាមនុស្សដែលដឹងពីក្លឹបសិក្សាពិសេសនោះច្បាស់ជាងគេបំផុត ហេអុីន »
« ខ្ញុំ? » អារ៉ាន់ លើកដៃចង្អុលខ្លួនឯងហើយក៏នឹកឃើញពីសម្តីរបស់បងប្រុស មីនយូ និយាយអំឡុងពេលធ្វើបាបនាងកាលពីលើកមុន។
" កុហក! មុនពេលប្អូនរបស់ខ្ញុំបាត់ខ្លួនមួយថ្ងៃ នាងជាអ្នកបញ្ចូលមនុស្សមករុករើក្នុងផ្ទះរបស់យើង ព្រោះតែនាងខ្លាចរឿងអាក្រក់ក្នុងក្លឹបសិក្សាពិសេសរបស់នាងបែកធ្លាយ ទើបនាងធ្វើបាបប្អូនស្រីរបស់ខ្ញុំ បើនាងមិននាំប្អូនស្រីរបស់ខ្ញុំមកឲ្យខ្ញុំវិញទេ ខ្ញុំនឹងសម្លាប់នាងមិនខានទេ "
ក្លឹបសិក្សាពិសេសរបស់នាង? អាចទេដែលថា ហេអុីន ជាអ្នកបង្កើតក្លឹបសិក្សាពិសេសមួយនោះឡើយ ក្នុងគោលបំណងមិនល្អអ្វីមួយ ព្រោះនាងធ្លាប់លឺការសន្ទនារបស់ មីនយូនិងហេអុីន ពីមុនមក ដូចជា មីនយូ ចង់ប្តឹងទៅក្រសួងអប់រំពាក់ពីក្លឹបសិក្សាពិសេសនោះ។
« ប៉ុន្តែពេលនេះខ្ញុំបាត់បង់ការចងចាំហើយ ខ្ញុំចាំមិនបានទេ » អារ៉ាន់ ដកខ្លួនចេញពីការគិតហើយតបទៅកាន់ ឆេមី វិញ។
« ដូច្នេះហេតុអ្វីបានជាឯងស្រាប់តែចង់ដឹងពីក្លឹបសិក្សាពិសេសនោះ? » ឆេមី នៅតែសម្លឹងមើលនាងដោយកែវភ្នែកសង្កេតខ្លាំង។
« គឺឯងក៏បានឃើញដែរថាមិត្តរបស់ខ្ញុំកំពុងតែត្រូវធ្វើបាបដោយសារតែក្លឹបសិក្សាពិសេសនោះ ក្នុងនាមខ្ញុំជាអ្នកដែលមានអំណាចនៅក្នុងសាលានេះខ្ញុំចង់លុបបំបាត់ក្លឹបសិក្សាមួយនោះ » អារ៉ាន់ កំពុងតែព្យាយាមទាមទារយកទំនុកចិត្តពី ឆេមី ព្រោះបើតាមនាងសង្កេត ឆេមី ច្បាស់ជាមនុស្សម្នាក់ដែលប្រឆាំងនឹងក្លឹបសិក្សាមួយនោះដែរ។
« នាងមិនអាចធ្វើបានទេ » ឆេមី ទម្លាក់ដៃដែលឱបជាប់ជាយូចុះដូចជាកំពុងតែអស់សង្ឃឹមជាមួយនាង។
« ហេតុអ្វី? » អារ៉ាន់ សួរ។
« ព្រោះនាងជាអ្នកបង្កើតក្លឹបមួយនោះឡើង » ឆេមី និយាយហើយក៏ប្រុងដើរចេញពីបន្ទប់សិល្បៈមុននឹងលឺអ្នកខាងក្រោយនិយាយម្តងទៀត។
« ខ្ញុំអាចបង្កើតវាឡើងមកបាន ខ្ញុំក៏អាចបំផ្លាញ់វាចោលវិញបានដែរ » អារ៉ាន់ ស្រែកឡើងដោយការតាំងចិត្តយ៉ាងមុឺងម៉ាត់ ធ្វើឲ្យ ឆេមី ឈប់ជើងហើយងាកមករកនាងវិញ។
« ទោះបីជាត្រូវបំផ្លាញ់ខ្លួនឯងចឹងមែនទេ? »
ឆេមី សួរបកមកវិញធ្វើឲ្យនាងភ្ញាក់ផ្អើល ទោះបីជានាងដឹងច្បាស់ហើយថា ហេអុីន បានធ្វើរឿងមិនល្អនៅក្នុងក្លឹបសិក្សាមួយនោះ ប៉ុន្តែដោយសារតែពេលនេះនាងនៅក្នុងរាងកាយរបស់ ហេអុីន ទើបនាងហាក់មិនទាន់ត្រៀមខ្លួនសម្រាប់ការបំផ្លាញ់នេះទេ ប៉ុន្តែទោះយ៉ាងណាក៏ដោយនាងត្រូវតែធ្វើវា។
« គ្រាន់តែប្រាប់ខ្ញុំពីអ្វីដែលនាងដឹងទាក់ទងនឹងក្លឹបសិក្សាពិសេសនោះ »
ឆេមី សម្លឹងមុខនាងប៉ុន្មានវិនាទីដូចជាកំពុងតែពិចារណាថាគួរទុកចិត្តនាងឬអត់ ប៉ុន្តែចុង ឆេមី ក៏ជ្រើសរើសទុកចិត្តនាង។
« ខ្ញុំនឹងប្រាប់អ្វីដែលខ្ញុំដឹង ក្លឹបសិក្សាពិសេសនោះមានសមាជិកសំខាន់ៗទាំងអស់ប្រាំនាក់និងសមាជិកទូទៅជាច្រើននាក់ទៀត ក្លឹបសិក្សានោះជាកន្លែងដែលចែកចាយវិញ្ញាសារប្រឡងជារៀងរាល់ខែ »
« នាងមានន័យថាវិញ្ញាសារប្រឡងជារៀងរាល់ខែត្រូវបានបែកធ្លាយជាមុននៅក្នុងក្លឹបសិក្សាពិសេសចឹងមែនទេ? តើអាចទៅរួចយ៉ាងម៉េចទៅ? »
« នោះជារឿងងាយស្រួលទេ ដរាបណាក្លឹបនោះជារបស់ឯង ហេអុីន »
« ខ្ញុំជាអ្នកចែកចាយវិញ្ញាសារចឹងមែនទេ? ដូច្នេះចំណាត់កំពូលកន្លងមក...» អារ៉ាន់ មិនទាន់បានបញ្ចប់ប្រយោគផង ឆេមី ក៏ជួយបញ្ចប់ឲ្យនាង។
« គឺជាការរៀបចំ ចំណាត់ថ្នាក់ត្រូវបានរៀបចំដោយប្រធានក្លឹបសិក្សា ហេអុីន ប្រធានក្លឹបទទួលបានវិញ្ញាសានិងចម្លើយមួយរយភាគរយ ចំណែកអ្នកបន្ទាប់ទទួលបាន កៅសិបប្រាំភាគរយ ខណៈពេលដែល ហាន់ស៊ូ ដាអេ និងយេរីន ទទួលបានវិញ្ញាសានិងចម្លើយប៉ែតសិបភាគរយ ហើយសិស្សជាសមាជិកដទៃទៀតទទួលបានតែ ហុកសិបទៅចិតសិបភាគរយប៉ុណ្ណោះ សិស្សដែលមានសិទ្ធិចូលរួមក្នុងក្លឹបសិក្សាពិសេសភាគច្រើនជាកូនរបស់អ្នកដែលធ្វើការនៅ សាន់ហ៊ូ គ្រុប ហើយពួកគេត្រូវធានាថានឹងបានចូលរៀននៅសកលវិទ្យាល័យជាតិ សេអ៊ូល គ្រប់ៗគ្នា »
« ឈប់សិន ឯងនិយាយថាសមាជិកសំខាន់មានប្រាំនាក់ ខ្ញុំ ហាន់ស៊ូ ដាអេ និង យេរីន តែបួននាក់ទេ ហើយតើអ្នកណាម្នាក់ទៀត? » អារ៉ាន់ សួរដោយសង្ស័យនឹងអន្ទះសារចង់ដឹង។
« ខ្ញុំក៏មិនដឹងថាជាអ្នកណាដែរ ដឹងតែថាគេជាអនុប្រធានក្លឹបសិក្សាពិសេស ហើយពេលនេះប្រហែលជាគេដែលជាអ្នកវាយធ្វើបាប ដាអេ ព្រោះតែមិនឲ្យនាងនិយាយរឿងក្លឹបពិសេសប្រាប់ឯង » ឆេមី និយាយតដោយទឹកមុខពេញដោយក្តីព្រួយបារម្ភខ្លាំង ដូចជាមានអ្វីផ្សេងទៀតដែលនាងសង្ស័យលើអនុប្រធានក្លឹបដែលមិនស្គាល់ម្នាក់នោះ។
« តើគេមិនត្រឹមតែវាយធ្វើបាប ដាអេ ទេឬ? » អារ៉ាន់ សួរដោយចង់ដឹងចង់ឃើញ។
« នៅចាំសិស្សដែលបាត់ខ្លួនឈ្មោះថា មីនយូ បានទេ? »
អារ៉ាន់ ប្រញាប់ងក់ក្បាលតបជាមួយ ឆេមី វិញ បញ្ជាក់ថានាងនៅចាំបាន។
« ខ្ញុំគិតថានាងត្រូវអនុប្រធានក្លឹបសិក្សាពិសេសនោះជាអ្នកចាប់ទៅ គេប្រហែលជាកំពុងលាក់នាងនៅកន្លែងណាមួយឬក៏...» ឆេមី ផ្អាកព្រោះនាងមិនចង់គិតទៅរកផ្លូវអវិជ្ជមាននោះទេ នាងមិនអាចគិតថាមនុស្សម្នាក់នោះសម្លាប់មិត្តរបស់នាងដើម្បីបំបិទមាត់នោះទេ។
« បើនាងដឹងគ្រប់យ៉ាងហើយហេតុអ្វីមិនប្តឹងទៅក្រសួងអប់រំឬក៏ប៉ូលីស? »
« ខ្ញុំគ្មានភស្តុតាងទេ » ឆេមី និយាយហើយដើរចូលមកជិតនាងម្តងទៀត មុននឹងនិយាយត។
« ខ្ញុំបាននិយាយគ្រប់យ៉ាងអស់ហើយ ពេលនេះតើនាងចង់បន្តបំផ្លាញ់ក្លឹបសិក្សាពិសេសទៀតទេ? »
ឆេមី បញ្ចេញស្នាមញញឹមចំអកឲ្យនាង ពេលគិតថានាងមិនអាចជ្រើសរើសបំផ្លាញ់ខ្លួនឯងបាននោះទេ ប៉ុន្តែចម្លើយរបស់នាងបានធ្វើឲ្យ ឆេមី គាំង។
« ខ្ញុំនឹងបំផ្លាញ់ក្លឹបសិក្សាមួយនោះ ហើយប្រឈរមុខនឹងច្បាប់ »
ឆេមី គាំងមួយសន្ទុះដូចជាមិនជឿការសម្រេចចិត្តឆ្កួតៗរបស់នាង។ ឆេមី ប្រហែលជាកំពុងតែគិតថានាងជាមនុស្សឆ្កួតនៅពេលនេះ ព្រោះគ្មាននរណាម្នាក់ដែលជ្រើសរើសបំផ្លាញ់ខ្លួនឯងបែបនេះទេ តែតាមការពិតនាងមិនមែនកំពុងបំផ្លាញ់ខ្លួនឯងទេ ប៉ុន្តែនាងកំពុងតែបំផ្លាញ់ ហេអុីន អ្នកដែលបានសម្លាប់នាង។ ព្រោះតែ ហេអុីន ទើបតែខលមកលេខផ្ទះលោកតាសាន់ហ៊ូ កាលពីយប់មិញ មានន័យថានាងជិតប្រគល់រាងកាយមួយឲ្យទៅ ហេអុីន វិញហើយ ដូច្នេះមុននឹងនាងចាកចេញពីរាងកាយមួយនេះ នាងត្រូវបើកបង្ហាញរឿងអាក្រក់ទាំងអស់ដែល ហេអុីន បានធ្វើទៅកាន់ពិភពលោកមួយនេះ។
« នាងឆ្កួតហើយ ហេអុីន! » ឆេមី បញ្ចេញសំឡេងមិនគួរឲ្យជឿជាក់ហើយប្រុងដើរចេញម្តងទៀត ប៉ុនែ្តក៏ត្រូវ អារ៉ាន់ ចាប់ដៃនាងទុក ធ្វើឲ្យនាងងាកមកសម្លឹងមុខអ្នកដែលបញ្ចេញកែវភ្នែកអង្វរករដាក់នាងវិញ ធ្វើឲ្យនាងកាន់តែច្របូកច្របល់នឹងមិនយល់ពី ហេអុីន នៅពេលនេះ។
« ជួយខ្ញុំបំផ្លាញ់ក្លឹបសិក្សា សូមជួយខ្ញុំបំផ្លាញ់ខ្លួនឯង ឆេមី » អារ៉ាន់ និយាយដោយកែវភ្នែកអង្វរករសង្ឃឹមថា ឆេមី នឹងព្រមជួយនាងបំផ្លាញ់ ហេអុីន ជាមួយគ្នា។
« តើខ្ញុំអាចជឿជាក់បានយ៉ាងម៉េច? »
« គ្រាន់តែប្រាប់ខ្ញុំនូវអ្វីដែលត្រូវធ្វើនៅពេលនេះហើយខ្ញុំនឹងធ្វើតាមនាង ពេលនោះនាងនឹងដឹងថាខ្ញុំមិនបានបោកប្រាស់ឬលេងល្បិចជាមួយនាងទេ ខ្ញុំពិតជាចង់បំផ្លាញ់ខ្លួនឯងពិតមែន » អារ៉ាន់ ព្យាយាមបញ្ចុះបញ្ចូល ឆេមី ។
« ខ្ញុំនឹងគិតមើល » ឆេមី និយាយហើយក៏ដកដៃចេញពីក្នុងការក្តាប់របស់នាងហើយក៏ដើរចេញទៅ។

♡ប្តូរកាយវង្វេងស្នេហ៍♡ Where stories live. Discover now